Homeតារាខ្មែរសួស វីសា ភ័យបុកពោះ

សួស វីសា ភ័យបុកពោះ

ភ្នំពេញ ៖ នៅទីបំផុត សួស វីសា បានវិលមកឆាកតន្រ្ដី សាជាថ្មី កាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៦ ក្រោយនាងផ្អាកច្រៀងរាំ ជិត២ឆ្នាំ តែដោយខានកាន់ក្បាលមីក្រូយូរពេក វីសា បានសារភាពថា នាងមានអារម្មណ៍ភ័យ ព្រោះតែមិនដឹងថា ត្រូវច្រៀងបទអី ហេតុនេះហើយបានជានាងបើកដៃឲ្យ Fan ទាំងឡាយ អាចខម្មិនសំណូមពរបទចម្រៀងនាងបាន ហើយនាងនឹងយកបទណាដែលមតិភាគច្រើនចង់ស្ដាប់ ឡើងច្រៀង។ ប៉ុន្ដែវីសា មានលក្ខខណ្ឌមួយ ទៅអ្នកគាំទ្ររបស់ខ្លួន គឺបើនាងឡើងឆាកទៅ មើលឃើញនាងនៅតែមានព្រលឹង គឺហាមបង្អាប់ នាង ព្រោះមុនឡើងឆាកនេះ នាងបានប្រឹងសម្រកទម្ងន់ នៅសល់ ៥៥គ.ក្រប៉ុណ្ណោះ តែគីឡូនាង កាលមិនទាន់មានប្ដីនិងកូន គឺត្រឹមតែ ៤៩-៥០គ.ក្រ ។ វីសា ថារូបរាងនាងមានការប្រែប្រួល ក្រោយមានប្ដីនិងកូន ហាក់បែកសាច់ជាងមុន បើទោះជាស្រកទម្ងន់ជាងនេះទៀតក្ដី ។ វីសា បានព្រមានដែរថា ប្រសិនបើនៅតែមានអ្នកបង្អាប់នាង នោះនាងអាចប្រឈមនឹងកើតជំងឺបាក់ទឹកចិត្ត (depression) ។ នេះជាការថ្លែងរបស់វីសា មុននាងឡើងឆាកតន្រ្ដី តែមួយថ្ងៃប៉ុណ្ណោះ ។

 គួរបញ្ជាក់ថា សួស វីសា ស្ទើរតែបោះបង់អាជីពចម្រៀងម្ដងទៅហើយ ដោយកាលពីខែកុម្ភៈ ឆ្នាំ២០២៦ ដោយនាងលើកហេតុផលថា មានបញ្ហាប្រឈម៣ ចំពោះអាជីពខ្លួន ដែលមិនអាចឲ្យនាងប្រជែងទីផ្សារចម្រៀង តទៅទៀតបាន គឺ ទី១-លែងស្អាត ២-ចាស់ ៣-អស់កម្លាំងចិត្ត។ ប៉ុន្ដែជាង៤ខែ វីសា បានសម្ងំហាត់ប្រាណ សម្រកទម្ងន់ឡើងវិញ ហើយធ្វើឲ្យនាងផ្លាស់ប្ដូរគំនិត ហ៊ានជាន់ឆាកតន្រ្ដី សាជាថ្មី ទាំងភ័យបុកពោះ ។ ប៉ន្តែគេសង្កតឃើញថា ការច្រៀងបទចាស់ល្បីៗរបស់ខ្លួនឡើងវិញ ដូចជាបទ «ទោះបងចិត្តអាក្រក់ ក៏អូនស្រលាញ់», «គេមិនស្រលាញ់យើងទេ» និងបទ «កុំជឿមនុស្សស្រវឹង»  គឺសំឡេងរបស់វីសា នៅតែមិនប្រែប្រួល ឬធ្លាក់ចុះឡើយ  ទោះពេលចេញពីព្យាបាលរលាកបំពង់ក កាលពីឆ្នាំ២០២៣ នាងត្រូវពេទ្យផ្ដាំហើយផ្ដាំទៀតថា ដាច់ខាត ហាមប្រើប្រាស់សំឡេង បើមិនចង់ឲ្យជំងឺនេះ ធ្ងន់លើសដើម ឬអាចឈានទៅខូចសំឡេងទាំងស្រុងក្ដី ។

 ប្រភពថា ប្រសិនបើសួស វីសា ពិតជាចង់ស្ដារមុខមាត់ឡើងវិញមែន ២ឆ្នាំ ទើបឡើងឆាកម្ដង នឹងមិនអាចធ្វើឲ្យនាងវាយលុកទីផ្សារចម្រៀងបានវិញឡើយ ។ ប៉ុន្ដែរឿងសំខាន់ដែលនាងត្រូវធ្វើ នាពេលនេះ គឺការចេញបទថ្មីៗឡើងវិញ ទើបអាចធ្វើឲ្យ Fan ងាកមកចាប់អារម្មណ៍នាងម្ដងទៀត ព្រោះបើច្រៀងបទចាស់ៗ ទាំងស្រុង យវវ័យមិនសូវចាប់អារម្មណ៍ទេ  ។

 មានការកត់សម្គាល់ដែរថា ទោះជាសួស វីសា លែងសូវមានភាពជឿរជាក់លើអាជីពចម្រៀងរបស់ខ្លួន ប៉ុន្ដែតារាល្បីៗមួយចំនួនទៀត មានមានស្វាមីនិងកូនហើយ បទចម្រៀងរបស់ពួក គេក៏លែងសូវខ្លាំងដូចកាលនៅលីវ ដូចតែនាងដែរ តែមានតែវីសា ម្នាក់ប៉ុណ្ណោះ ដែលចង់បញ្ចប់អាជីពកណ្ដាលទី ព្រោះតែបាក់ទឹកចិត្ត និងពិបាកប្រឈមនៅពេលដែលនាងត្រូវគេបង្អាប់ថា មិនចេះថែខ្លួន បណ្ដោយឲ្យធាត់ មិនសមជាតារា។ ឥឡូវវីសា ចង់ជម្នះពាក្យBully ទាំងនោះ តាមរយៈការតាំងចិត្តត្រូវតែសម្រកទម្ងន់ ជាបន្ទាន់ តែនាងថា ដោយសារតែខែនេះ ចំរដូវធ្លាក់ភ្លៀង ហេតុនេះនាងមិនអាចចេញច្រៀងឆាកធំៗបានទេ ជាក់ស្តែងដូចជាកាលពីថ្ងៃទី២៥ ខែមិថុនា នាងឡើងបានតែឆាកនៅ Studio ទូរទស្សន៍ហង្សមាស ប៉ុណ្ណោះ ។

 សូមរំលឹកថា សួស វីសា ប៊ិះតែមិនអាចរក្សាចំណងស្នេហាជាមួយលោក ប៊ុនថុល ប៊ុនថង ហៅថមមី ព្រោះតែកាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៦ នាងបានចេញសារដ៏គួរឲ្យភ្ញាក់ផ្អើលថា ខ្លួនកំពុងតែត្រៀមខ្លួនក្លាយជាមេម៉ាយ តែភ្លាមៗនោះ ក្រុមគ្រួសារទាំងសងខាងបានចេញមកអន្ដរាគមន៍សម្រុះសម្រួលឲ្យពួកគេត្រូវរ៉ូវគ្នាឡើងវិញ ធ្វើឲ្យចំណងស្នេហា វិលមករកភាពផ្អែមល្ហែមម្ដងទៀត និងថ្មីៗនេះ នាងទើបបន្ថែមមុខរបរថ្មី ពីលើ Online នោះគឺបើកហ្គារ៉ាស់ទិញ-លក់ឡាន ។ គេជឿថា វីសា នឹងមិនប្រញាប់ពពោះកូនទី៣ ទេ ព្រោះនាងចង់ល្បីថែមទៀត ដោយគ្រោងអុកឡុកឆាកតន្រ្ដី មួយប្រាវឡើងវិញ នៅខែវិច្ឆិកា ខាងមុខនេះ ខណៈចំណងស្នេហាជាមួយលោក ថមមី ជិត៧ឆ្នាំ ពួកគេទទួលបានចំណងដៃ កូនពីរនាក់ គឺកូនស្រីទី១ ឈ្មោះ ថង សាម៉ូលីណា ហៅ Jenny អាយុជាង៥ឆ្នាំ និងកូនប្រុសទី២ ឈ្មោះ ថង សាតារាពិសិដ្ឋ ហៅ Johnny អាយុជាង១ឆ្នាំ ៕

RELATED ARTICLES