ខេត្តឧត្តរមានជ័យ ៖ ផ្ទះ ចំនួន៣ខ្នង ត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ នៅវេលាទៀបភ្លឺ បណ្តាលឱ្យរងការខូចខាតអស់ទាំងស្រុង និងបណ្តាលឱ្យស្ត្រីម្នាក់ ត្រូវភ្លើងឆេះស្លាប់យ៉ាងអាណោចអាធ័ម។

ហេតុការណ៍គ្រោះអគ្គិភ័យខាងលើ បានកើតឡើង កាលពីវេលាម៉ោង៤និង៣០នាទីទៀបភ្លឺ ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៦ នៅចំណុច ភូមិអូរចិញ្ចៀន ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។
សមត្ថកិច្ចមូលដ្ឋាន បានឱ្យដឹងថា ករណីអគ្គិភ័យឆាបឆេះផ្ទះនេះ បណ្តាលមកពីការឆ្លងចរន្តអគ្គិសនី (ទុស្សេខ្សែភ្លើង) បង្កជាអណ្តាតភ្លើង បណ្តាលឱ្យខូចខាតផ្ទះ ចំនួន៣ខ្នង និងបណ្តាលឱ្យស្លាប់មនុស្ស ចំនួន១នាក់ ឈ្មោះកាវ ស៊ូហេង ភេទ ស្រី អាយុ៤៥ឆ្នាំ។

ផ្ទះ ទាំង៣ខ្នង ដែលរងការឆាបឆេះខាងលើ រួមមាន ៖ ផ្ទះទី១- ទំហំ ១៦ម៉ែត្រ គុណនឹង ៨០ម៉ែត្រ សង់ពីថ្មប្រក់ក្បឿង មានម្ចាស់ឈ្មោះ កាវ លីឃុន ភេទប្រុស អាយុ៧២ឆ្នាំ ប្រពន្ធឈ្មោះគីម ញ៉រ អាយុ៧០ឆ្នាំ ឆេះខូចខាតអស់ទាំងស្រុង រួមនឹងសម្ភារប្រើប្រាស់ចំនួន។ ផ្ទះទី២- ទំហំ ៧ម៉ែត្រ គុណនឹង ៨០ម៉ែត្រ សង់ពីឈើលើថ្មក្រោម ដំបូលប្រក់ក្បឿង លាយស័ង្កសី មានម្ចាស់ ឈ្មោះសុន ចាន់កា ភេទប្រុស អាយុ៣៥ឆ្នាំ ប្រពន្ធឈ្មោះហ៊ួ គឹមហ័រ អាយុ២៨ឆ្នាំ ឆេះខូចខាតទាំងស្រុង និងសម្ភារប្រើប្រាស់មួយចំនួនធំ។ ផ្ទះទី៣- ទំហំ ៨ម៉ែត្រ គុណនឹង ៨០ម៉ែត្រ សង់ពីឈើលើថ្មក្រោម ដំបូលប្រក់ក្បឿង លាយស័ង្កសី មានម្ចាស់ឈ្មោះ យន់ សារឹម ភេទ ប្រុស អាយុ៥៥ឆ្នាំ ប្រពន្ធឈ្មោះញ៉ែម ណារស់ អាយុ៤៨ឆ្នាំ។

យោងតាមរបាយការណ៍របស់សមត្ថកិច្ចជំនាញ បានអះអាងថា មូលហេតុ បណ្តាលមកពីឆ្លងចរន្តអគ្គិសនី ទុសេខ្សែភ្លើង ក្នុងផ្ទះទី១។

បន្ទាប់ពីកើតមានករណីអគ្គិភ័យខាងលើ ដោយមានការដឹកនាំពីផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្តឧត្តរមានជ័យ បានដឹកនាំកម្លាំងនិងចេញរថយន្តពន្លត់អគ្គិភ័យ សុរបចំនួន ៤គ្រឿង ចុះទៅកាន់កន្លែងកើតហេតុភ្លាមៗ ជួយអន្តរាគមន៍បាញ់ទឹកពន្លត់ ដោយប្រើប្រាស់ទឹកអស់ ចំនួន១៨ឡាន និងរ៉ឺម៉កដឹកទឹក ចំនួន៥គ្រឿង បានពន្លត់រលត់ទាំងស្រុង នៅវេលាម៉ោង ៧និង៤០នាទីព្រឹក ថ្ងៃដដែល៕
