Wednesday, June 3, 2026
Homeសន្ដិសុខសង្គមសន្តិសុខសង្គមថ្ងៃធ្វើសំណង់ យប់លួចម៉ូតូ ជាប់ខ្នោះ១៣

ថ្ងៃធ្វើសំណង់ យប់លួចម៉ូតូ ជាប់ខ្នោះ១៣

ខេត្តកោះកុង ៖ ជនសង្ស័យ ១ក្រុមធំ ជាមុខសញ្ញាគាស់ផ្ទះ លួចម៉ូតូរបស់ពលរដ្ឋ នៅក្នុងស្រុកមណ្ឌលសីមា ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញ នៃកងរាជអាវុធហត្ថខេត្តកោះកុង ចុះស្រាវជ្រាវបង្ក្រាប និងឈានដល់ការឃាត់ខ្លួន សុរបចំនួន១៣នាក់ យកមកចាត់ការតាមច្បាប់។

លោកវរសេនីយ៍ឯក នួន វុត្ថា មេបញ្ជាការរងទទួលជំនាញស្រាវជ្រាវនិងបង្ក្រាបបទល្មើល នៃកងរាជអា វុធហត្ថខេត្តកោះកុង បានឱ្យដឹងកាលពីថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៦ ថា អនុវត្តតាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់លោកឧត្តមសេនីយ៍ត្រី តាំង ឈុនស្រេង មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងបន្ទាប់ពីមានពាក្យបណ្តឹងពីជនរងគ្រោះ កាលពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៦ កម្លាំងជំនាញរបស់លោក សហការជាមួយកម្លាំងមូលដ្ឋានក្រុង ស្រុក និងស្នាក់ការសន្តិសុខពាក់ព័ន្ធ បានចុះស្រាវជ្រាវបង្ក្រាបមុខសញ្ញាគាស់ផ្ទះ លួចម៉ូតូ ក្នុងនោះឃាត់ខ្លួនមុខសញ្ញា ជាប់ពាក់ព័ន្ធ ចំនួន១៣នាក់ (ប្រុស) នៅចំណុចផ្ទះជួល ស្ថិតនៅភូមិចាំយាម ឃុំប៉ាកខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង។

លោកវរសេនីយ៍ឯក នួន វុត្ថា បន្តថា ក្រុមជនសង្ស័យ ទាំង១៣នាក់នេះ ក្រោយធ្វើសកម្មភាពលួចគាស់ផ្ទះពលរដ្ឋ នៅស្រុកមណ្ឌលសីមា លួចម៉ូតូបានហើយ ពួកគេបានយកម៉ូតូទាំងនោះលក់បន្តទៅគ្នីគ្នានៅឃុំព្រែកខ្សាច់ ស្រុកគិរីសាគរ ស្រុកកោះកុង និងនៅក្រុងខេមរភូមិន្ទ។

ជនសង្ស័យទាំង១៣នាក់ ដែលត្រូវបានឃាត់ខ្លួន រួមមាន ទី១-ឈ្មោះសុខ បារាំង ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរកម្មករសំណង់ មានស្រុកកំណើតនៅភូមិចាំយាម ឃុំប៉ាកខ្លង ស្រុកមណ្ឌលសីមា។ ទី២-ឈ្មោះនាក់ សារ៉ន  ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរកម្មករសំណង់ មានលំនៅ ភូមិចាំយាម ឃុំប៉ាកខ្លង ស្រុកមណ្ឌលសីមា។ ទី៣-ឈ្មោះសុខ សេងលៀង ហៅយួន ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរមិនពិតប្រាកដ មានស្រុកកំណើតនៅប្រទេសវៀតណាម បច្ចុប្បន្នស្នាក់នៅបន្ទប់ជួល ស្ថិតនៅភូមិ៣ សង្កាត់សាច់មានជ័យ ក្រុងខេមរភូមិន្ទ។ ទី៤-ឈ្មោះថាន ធា ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរកម្មករសំណង់ មានលំនៅ ភូមិនាងកុក ឃុំប៉ាកខ្លង ស្រុកមណ្ឌលសីមា។ ទី៥-ឈ្មោះចិន វីតា ហៅដា ភេទប្រុស អាយុ៣៩ឆ្នាំ មុខរបរកម្មករសំណង់ មានលំនៅ ភូមិព្រែកខ្សាច់ ឃុំព្រែកខ្សាច់ ស្រុកគិរីសាគរ។ ទី៦-ឈ្មោះជា សារ័ត្ន ភេទប្រុស អាយុ២១ឆ្នាំ មុខរបរជាងភ្លើង មានលំនៅ ភូមិចាំយាម ឃុំប៉ាកខ្លង ស្រុកមណ្ឌលសីមា។ ទី៧-ឈ្មោះមុំ ណារិទ្ធ ភេទប្រុស អាយុ២៥ឆ្នាំ នៅក្នុងបន្ទុកគ្រួសារ មានលំនៅ ភូមិ២ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ។ ទី៨-ឈ្មោះគឹម ឆេងឡាយ ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរមិនពិតប្រា កដ ស្នាក់នៅបន្ទប់ ជួលស្ថិតនៅភូមិ៣ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ។ ទី៩-ឈ្មោះវណ្ណ សីហា ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួល ស្ថិតនៅភូមិ៣ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរ ភូមិន្ទ។ ទី១០-ឈ្មោះញាណ ណារិទ្ធ ហៅសូ ភេទប្រុស អាយុ២២ឆ្នាំ មុខរបរមិនពិតប្រាកដ មានលំនៅ ភូមិ១ សង្កាត់ស្មាច់មានជ័យ។ ទី១១-ឈ្មោះ មើន រ៉ា ភេទប្រុស អាយុ ២៩ ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិ ៣ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ។ ទី១២-ឈ្មោះវង្ស សំណាង ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរលក់ម៉ូតូ មានលំនៅ ភូមិនាងកុក ឃុំប៉ាកខ្លង ស្រុកមណ្ឌលសីមា និងទី១៣-ឈ្មោះម៉ាន់ ម៉ន ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅរោងកម្មករ ស្ថិតនៅភូមិចាំយាម ឃុំប៉ាកខ្លង ស្រុកមណ្ឌលសីមា។

ចំពោះវត្ថុតាងចាប់យក រួមមាន ម៉ូតូ សរុបចំនួន៧គ្រឿង ទូរស័ព្ទដៃសរុបចំនួន១១គ្រឿង ដាវកែច្នៃ ចំនួន១ដើម កាំបិត ចំនួន១ដើម កាបូបចំនួន៣ កាបូបដាក់ខោអាវ ចំនួន២ កាបូបស្ពាយចំនួន១ ថ្នាំញៀន ចំនួន៦កញ្ចប់តូច ទម្ងន់ ១,១៧ក្រាម និងឧបករណ៍សម្រាប់ប្រើប្រាស់គ្រឿងញៀន មួយចំនួន។

ជនសង្ស័យទាំង១៣នាក់ខាងលើ រួមទាំងវត្ថុតាង ត្រូវបានកម្លាំងជំនាញអនុវត្តតាមនីតិវិធី៕

RELATED ARTICLES