Saturday, April 25, 2026
Homeព័ត៌មានជាតិច្បាប់កាតព្វកិច្ចយោធា  គណៈរដ្ឋមន្ត្រីអនុម័ត នឹងដាក់ឲ្យអនុវត្តជាការប្រញាប់

ច្បាប់កាតព្វកិច្ចយោធា  គណៈរដ្ឋមន្ត្រីអនុម័ត នឹងដាក់ឲ្យអនុវត្តជាការប្រញាប់

ភ្នំពេញ ៖ សេចក្តីព្រាងច្បាប់កាតព្វកិច្ចយោធា ត្រូវបានគណៈរដ្ឋមន្រ្តីអនុម័ត នឹងដាក់ឲ្យអនុវត្តជាការប្រញាប់ ។ ច្បាប់កាតព្វកិច្ចយោធា មានតាំងពីឆ្នាំ២០០៦ តែពុំទាន់គ្របដណ្ដប់គ្រប់ជ្រុងជ្រោយក្នុងពេលបច្ចុប្បន្ននិងអនាគត ដែលតម្រូវឱ្យមានការរៀបចំច្បាប់នេះជាថ្មី។ សេចក្តីព្រាងច្បាប់នេះ មានវិសាលភាពអនុវត្តចំពោះប្រជាពលរដ្ឋខ្មែរ គ្រប់រូប មានអាយុចាប់ពី ១៨ ដល់ ២៥ ឆ្នាំ ដែលត្រូវបំពេញកាតព្វកិច្ចយោធា តាមការកំណត់នៃច្បាប់។ ដោយឡែក ការបំពេញកាតព្វកិច្ចយោធារបស់ប្រជាពលរដ្ឋខ្មែរ ជាស្ត្រី ត្រូវផ្អែកតាមគោលការណ៍ស្ម័គ្រចិត្ត ។

សូមបញ្ជាក់ថា នៅទីស្តីការនាយករដ្ឋមន្ត្រី (វិមានសន្តិភាព) កាលពីព្រឹកថ្ងៃព្រហស្បតិ៍ ៧កើត ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦ មានកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ក្រោមអធិបតីដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្ដេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដោយបានដឹកនាំប្រជុំ ពិភាក្សា ឆ្លងនិងអនុម័តរបៀបវារៈសំខាន់ៗ ចំនួន៥ រួមមាន ៖ ១. សេចក្ដីព្រាងច្បាប់ស្ដីពីកាតព្វកិច្ចយោធា, ២. សេចក្ដីព្រាងច្បាប់ក្របខ័ណ្ឌហិរញ្ញវត្ថុសាធារណៈ រយៈពេលមធ្យម ឆ្នាំ២០២៧-២០២៩, ៣. សេចក្ដីព្រាងកម្មវិធីវិនិយោគសាធារណៈ ៣ឆ្នាំរំកិល ២០២៥-២០២៩, ៤. សេចក្ដីព្រាងគោលនយោបាយជាតិស្ដីពីសកម្មភាពមីន ឆ្នាំ២០២៦-២០៣៦, ៥. របាយការណ៍វឌ្ឍនភាពស្ដីពីការអនុវត្តវិធានាការអន្តរាគមន៍ជួយអតីតពលករដែលវិលត្រ ឡប់ពីប្រទេសថៃ និង៦. បញ្ហាផ្សេងៗ ។ ក្នុងនោះ សេចក្តីព្រាងច្បាប់ស្ដីពីកាតព្វកិច្ចយោធា ត្រូវបានអនុម័ត ហើយនឹងដាក់ឲ្យអនុវត្តជាការប្រញាប់ ។

  យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នៃទីស្ដីការគណៈរដ្ឋមន្រ្តី ចុះថ្ងៃព្រហស្បតិ៍ ៧កើត ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦ បានបញ្ជាក់ថា សេចក្តីព្រាងច្បាប់ស្ដីពីកាតព្វកិច្ចយោធា មាន ៨ជំពូក និង ២០មាត្រា ត្រូវបានរៀបចំឡើងក្នុងគោលបំណងដើម្បីអនុវត្តមាត្រា៤៩ថ្មី នៃរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា។ សេចក្តីព្រាងច្បាប់នេះ កំណត់អំពីវិធាននៃការអនុវត្តកាតព្វកិច្ចយោធា ដើម្បីរួមចំណែកកសាងប្រទេសជាតិ និងការពារមាតុភូមិ ដែលជាកាតព្វកិច្ចចាំបាច់និងជាកិត្តិយសដ៏ឧត្តុង្គឧត្តមរបស់ប្រជាពលរដ្ឋខ្មែរ និងជាមូលដ្ឋានគ្រឹះនៃប្រភពកសាងកម្លាំងសម្រាប់វិស័យការពារជាតិ និងការអភិវឌ្ឍកាយសម្បទា ព្រមទាំងការបណ្តុះស្មារតីស្នេហាជាតិ ការអប់រំផ្នត់គំនិតនិងវិន័យ ដែលជាតម្រូវការរបស់ប្រទេសជាតិ។ ទន្ទឹមនេះ សេចក្តីព្រាងច្បាប់នេះ មានវិសាលភាពអនុវត្តចំពោះប្រជា ពលរដ្ឋខ្មែរ គ្រប់រូប មានអាយុចាប់ពី ១៨ (ដប់ប្រាំបី) ឆ្នាំ ដល់២៥ (ម្ភៃប្រាំ) ឆ្នាំ ដែលត្រូវបំពេញកាតព្វកិច្ចយោ ធា តាមការកំណត់នៃច្បាប់នេះ។ ដោយឡែក ការបំពេញកាតព្វកិច្ចយោធារបស់ប្រជាពលរដ្ឋខ្មែរ ជាស្ត្រី ត្រូវផ្អែកតាមគោលការណ៍ស្ម័គ្រចិត្ត។ ច្បាប់នេះ ត្រូវបានប្រកាសជាការប្រញាប់។

 អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា រំលឹកថា កន្លងមក ព្រះរាជាណាចក្រកម្ពុជា មានច្បាប់ស្តីពីកាតព្វកិច្ចយោធា ដែលត្រូវបានប្រកាសឱ្យប្រើដោយព្រះរាជក្រម លេខ នស/រកម/១២០៦/០៣០ ចុះថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០០៦ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធផ្សេងទៀត។ ប៉ុន្តែច្បាប់ស្តីពីកាតព្វកិច្ចយោធា ឆ្នាំ២០០៦ ពុំទាន់គ្របដណ្ដប់គ្រប់ជ្រុងជ្រោយក្នុងពេលបច្ចុប្បន្ននិងអនាគត ដែលតម្រូវឱ្យមានការរៀបចំច្បាប់នេះជាថ្មី។ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បន្តនិរន្តរភាពគោលការណ៍គ្រឹះរបស់សម្តេចហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភា។ កងយោធពលខេមរភូមិន្ទ បាននិងកំពុងអនុវត្តភារកិច្ចការពារជាតិ ចូលរួមក្នុងការអភិវឌ្ឍសង្គម និងជួយសង្គ្រោះគ្រប់រូបភាព និងអនុវត្តរាល់បទបញ្ជារបស់រាជរដ្ឋាភិបាល ទាន់ពេលវេលា និងមានប្រសិទ្ធភាព។

 ជាការចាប់អារម្មណ៍នឹងច្បាប់កាតព្វកិច្ចយោធា ដែលគណៈរដ្ឋមន្រ្តីអនុម័ត និងដាក់ឲ្យអនុវត្តជាការប្រញាប់នេះ លោកបណ្ឌិត មាស នី អ្នកវិភាគនយោបាយ និងជាអ្នកស្រាវជ្រាវសង្គមដើម្បីអភិវឌ្ឍន៍ បានលើកឡើងថា ពេលនេះ ជាពេលចាំបាច់ដែលកម្ពុជា ត្រូវការអនុវត្តច្បាប់កាតព្វកិច្ចយោធា ឬបរិចារកិច្ចយោធា ពីព្រោះនៅប្រទេសសន្តិភាព ក៏មានកាតព្វកិច្ចនេះដែរ ដើម្បីយ៉ាងហោចណាស់មានជំនាញប្រយុទ្ធជាមូលដ្ឋាន។ ម្យ៉ាងទៀត តាម ការអង្កេតរបស់លោក ខណៈដែលកម្ពុជា មានភាពចាំបាច់សម្រាប់កាតព្វកិច្ចយោធានេះ កម្ពុជា មានបញ្ហាប្រ ឈមមួយចំនួន ដូចជា កត្តាសេដ្ឋកិច្ច ជាដើម ។ ជាពិសេស បានឮការរិះគន់ពីសាធារណមតិថា មានអំពើពុករលួយក្នុងជួរកងទ័ពផងដែរ ទោះបីជាលោកមិនដែលបានធ្វើការស្រាវជ្រាវថា វាមានកម្រិតប៉ុនណា? ដូច្នេះលោកស្នើឲ្យរាជរដ្ឋាភិបាល ពិនិត្យមើលលើកងទ័ពដែលមានស្រាប់ និងពិនិត្យមើលលើការសង្ស័យរឿងពុករលួយ កុំឲ្យមានឈ្មោះទាហានច្រើន ប៉ុន្តែពេលទៅច្បាំង មានចំនួនខុសពីតួលេខលើបញ្ជី (ទាហានខ្មោច)។

លោកបណ្ឌិត គិន ភា ប្រធានវិទ្យាទំនាក់ទំនងអន្តរជាតិនៃកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើងថា ច្បាប់ស្តីពីកាតព្វកិច្ចយោធា ត្រូវបានរៀបចំឡើងវិញ បន្ទាប់ពីច្បាប់នេះ ចូលជាធរមានកាលពី ២០ឆ្នាំមុន ប៉ុន្តែមិនត្រូវបានអនុវត្ត។ នៅប្រទេសភាគច្រើន ជាពិសេស ប្រទេសមហាអំណាច ប្រទេសដែលមានសន្តិភាពពេញលេញ និងមានសេដ្ឋកិច្ចរីកចម្រើន ការបំពេញកាតព្វកិច្ចយោធា ជាលក្ខខណ្ឌចាំបាច់សម្រាប់ពលរដ្ឋគ្រប់រូប។ ដើម្បីឱ្យច្បាប់ស្តីពីកាតព្វកិច្ចយោធា ក៏ដូចជាច្បាប់ផ្សេងៗទៀត អាចអនុវត្តបានពេញលេញ មានប្រសិទ្ធភាព និងសម្រេចគោលបំណងនៃច្បាប់ ការអនុវត្ត ត្រូវតែធ្វើឡើងដោយស្មើភាព តម្លាភាព សុក្រឹតភាព យុត្តិធម៌ និងទូទៅ ដោយគ្មានតំបន់ហាមឃាត់ គ្មានការលើកលែង និងគ្មានការសម្របសម្រួល។ កាលពីសម័យកំណែនយោធា ដែលលោកមានបងប្រុសម្នាក់ ជាយោធា និងបានស្លាប់ក្នុងសមរភូមិដែរ មានពាក្យនិយាយលេងបែប អនាមិកថា «កូនអ្នកក្រ ធ្វើទាហាន កូនអ្នកមាន ធ្វើនគរបាល កូនកម្មាភិបាល ទៅរៀននៅបរទេស តែជួន កាលគេក៏មានឈ្មោះជាទាហានដែរ» ។

 គួររម្លឹកថា ក្នុងពិធីអបអរខួបទី៣២ ទិវាកងរាជអាវុធហត្ថ កាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេច ហ៊ុន ម៉ាណែត បានប្រកាសថា ចាប់ពីឆ្នាំ២០២៦ តទៅ កម្ពុជា នឹងចាប់អនុវត្តច្បាប់កាតព្វកិច្ចយោធា ដែលនឹងជួយដល់ការបង្កើនបរិមាណ និងប្រសិទ្ធភាពកងទ័ពនៅកម្ពុជា។ កាលណោះ សម្ដេចនាយករដ្ឋមន្ត្រី បានណែនាំឱ្យធ្វើវិសោធនកម្មច្បាប់ ឱ្យបន្ថែមរយៈពេលបំពេញកាតព្វកិច្ច ដល់២ឆ្នាំ។ សម្ដេច បានចាត់ទុកថា ច្បាប់ស្ដីពីកាតព្វកិច្ចយោធា គឺជាផ្នែកមួយនៃការកសាងកម្លាំងទ័ពនៅកម្ពុជា ដែលនឹងជួយឱ្យមានយោធិនគ្រប់គ្រាន់សម្រាប់បំពេញការងារ និងជួយកសាងកម្លាំងធនធានដែលមានវិន័យ ចូលក្នុងសង្គមផងដែរ ។ លើសពីនេះ ជួយឱ្យកម្ពុជា បង្កើនទាំងបរិមាណ ទាំងប្រសិទ្ធភាពក្នុងជួរកងទ័ព ហើយធ្វើឱ្យកម្ពុជា មិនខ្វះកូនទាហាន នៅថ្ងៃអនាគត។ មួយវិញទៀត ប្រសិនជាមានសភាពការណ៍ចាំបាច់ កម្ពុជា ក៏មានកងទ័ពដែលមាន ការហ្វឹកហ្វឺនរួចជាស្រេច ហើយជាលក្ខខណ្ឌសមស្របមួយដែរ ក្រោយពេលបំពេញកាតព្វកិច្ចយោធា  អ្នកដែលមិនចង់ចូលធ្វើជាយោធាអាជីព អាចចូលទៅប្រឡូកក្នុងសង្គម ដោយមានការអប់រំបណ្ដុះបណ្ដាល និងមានវិន័យល្អ ៕ កុលបុត្រ

RELATED ARTICLES