ភ្នំពេញៈលោកគួច ខេវិន បានបង្ហាញអារម្មណ៍ទើសចិត្ត តឹងណែនទ្រូង ចំពោះសកម្មភាពរបស់កូនបំណុលខ្លះជំពាក់លុយ មិនព្រមសង បែជាមានលុយទៅជូលមេធាវីប្ដឹងម្ចាស់លុយទៅវិញ ដែលទង្វើបែបនេះលោកគិតថាជាយុគសម័យបែកស្លុយ បាត់សតិ ព្រោះលោកយល់ថាបើមិនទាន់សងទាន់ពេល ក៍មិនគួរយកលុយបំណុលគេ ទៅជួលមេធាវីប្ដឹងគេវិញឡើយ ។


លោកគួច ខេវិន ផលិករជាន់ខ្ពស់ល្បីល្បាញឈ្មោះ
លោកគួច ខេវិន ថ្លែងសារនៅលើបណ្ដាញសង្គមហ្វេសបុកនៅថ្ងៃទី១៨ ខែមេសា ថា«Wow! មិនព្រមដោះស្រាយសងលុយអោយគេហើយនៅប្តឹងគេទៀត! សាហាវណាស់មនុស្សសម័យនេះ! អត់លុយសងគេតែមានលុយទៅជួលមេធាវី ប្តឹងម្ចាស់លុយវិញhahaha,យុគសម័យ បែកស្លុយ មនុស្សស្គាល់មុខតែមិនអាចទុកចិត្ត មិនអាចទុកជាកល្យាណមិត្តបានឡើយ ពេលក្រអង្វរលួងលោមប្រលោមឱ្យយើងទន់ចិត្តអាណិតអាសូរ សុខចិត្តបេះពីមាត់ពង្រាត់ពី ក ប្រម៉ែប្រមូលលុយកាក់ ឱ្យខ្ចីឱ្យបុល ។ លុះតែដល់វាមានវាបាន មិនត្រឹមតែមិនសងមិនឱ្យសគុណដល់ម្ចាស់បំណុល តែបែរជាយកលុយខ្ចីឯងទៅជួលមេធាវី ប្តឹងឯងឡើងតុលាការទៀត ? ឱ! មនុស្ស អើយមនុស្ស ?បែកស្លុយ ពុលនឹងស្អី?បានជាបាត់ សតិអស់រលីងយ៉ាងចឹង? ធ្លាប់លូនធ្លាប់ក្រាបធ្លាប់អង្វរសុំខ្ចី ចង់ឱ្យម្ចាស់លុយទៅលូនក្រាបសំពះអង្វរទារលុយមកវិញឬ? បើមិនសងទាន់ពេល ក៏មិនគួរយកលុយបំណុលគេទៅជួលមេធាវីប្តឹងគេវិញឡើយ ។ ខ្ញុំក៏មានអ្នកជំពាក់លុយកាក់ ព្រោះកម្ចីដោយក្តីអាណិត តែខ្ញុំរំពឹងថាអំពើល្អរបស់ខ្ញុំនឹងត្រូវបានតបឆ្លើយដោយអំពើសុច្ចរិត ត្រឡប់មកវិញ !»។

លោកស្រីសៅ នាង ដែលមានហ្វេសបុកឈ្មោះNeang SK និងស្វាមី
គួរបញ្ជាក់ថាប្រតិកម្មរបស់លោកគួច ខេវិន នាពេលនេះកើតមានក្រោយពីតារាចម្រៀងនិងសម្ដែងកញ្ញាញឹម ចាន់ថន នៅថ្ងៃទី១៨ ខែមេសា បានបញ្ចេញសារនៅលើហ្វេសបុករបស់ខ្លួនដោយបង្ហោះជូនដំណឹងទៅលោកស្រីសៅ នាង ដែលមានហ្វេសបុកឈ្មោះNeang SK តាមរយៈមេធាវីរបស់ខ្លួនដែលកម្មវត្ថុឲ្យលោកស្រីធ្វើការលុបរាល់ការបង្ហោះសំណេរ និងរូបភាពពាក់ព័ន្ធកូនក្ដី(ញឹម ចាន់ថន )ឲ្យបាន២៤ម៉ោង។ខ្លឹមសារលិខិតមេធាវីរបស់ញឹម ចាន់ថន នោះបញ្ជាក់ដែរថាអញ្ជើញលោកស្រីសៅ នាង មកដោះស្រាយបញ្ហាដោយសន្ដិវិធីនៅការិយាល័យក្រុមហ៊ុនមេធាវី ហនុមាន និងសហការី ក្នុងករណីដែលលោកស្រីមានបំណងនិងឆន្ទៈចូលរួមពិភាក្សា ដោះស្រាយបញ្ហាដែលពាក់ព័ន្ធនឹងលោកស្រី បានធ្វើការគំរាមគំហែងហែកកេរ្ដិ៍ គំរាមគំហែង ថានឹងធ្វើឲ្យខូចខាតដែលភ្ជាប់នូវបញ្ហាអ្វីមួយនិងធ្វើការបង្ហោះសារ សំណេរ និងរូបភាពក្នុងគណនេយ្យហ្វេសបុករបស់លោកស្រី ក្នុងចេតនាបរិហារកេរ្ដិ៍ ជេរប្រមាថ និងញោះញង់ឲ្យមានការើសអើងមកលើលោកស្រីញឹម ចាន់ថន កាលពីថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៦ វេលាម៉ោង១៤ និង៣០នាទីតរសៀល បើមិនដូច្នេះទេកូនក្ដីយើងខ្ញុំនឹងចាត់វិធានការតាមផ្លូវច្បាប់ …។



កញ្ញាញឹម ចាន់ថន និងលិខិតមេធាវីរបស់នាងជូនដំណឹងទៅលោកស្រីសៅ នាង ដែលមានហ្វេសបុកឈ្មោះNeang SK
ហ្វេសបុកឈ្មោះphen pheak Sothearith ខម្មិនថា«បងអើយដោះស្រាយឲ្យគាត់ទៅចប់ហើយ ពេលទៅយកលុយគាត់Neang Sk គាត់យោគយល់ច្រើនរហូតដល់២ឆ្នាំ ចឹងគេយោគយល់ហើយសងគេចប់រឿងហើយ ហើយគាត់ក៍ធ្លាប់ល្អជាមួយបងដែរ មិនគួរណាប្រើវិធីនេះបកសងគុណគេទេ »។
ហ្វេសបុកឈ្មោះកញ្ញាយ៉េ យ៉េ ខម្មិនថា«បងអាចធ្វើបាន តែបងបានដឹងអត់ថា រយៈពេល២ឆ្នាំនេះគាត់យោគយល់បងច្រើនណាស់ ព្រោះមិនចង់មានរឿងមិនល្អជាមួយគ្នាអែង តែបងបានដឹងខ្លួនអត់ ហើយបងគិតថាបងធ្វើនឹងត្រូវទេបង ខ្ញុំនាមខ្ញុំជាមនុស្សរាប់អានទាំងសងខាង »។
ហ្វេសបុកឈ្មោះMony Monita ខម្មិនថា«ក្នុងលិខិតមេធាវីនេះគឺសុំឲ្យលុបកាផុស មិនមែនជាពាក្យបណ្ដឹងទេ ក្នុងគោលបំណងដោះស្រាយគ្នាដោយសន្ដិវិធី ឈ្នះៗទាំងអស់គ្នា ម្ចាស់បំណុលក៍បានលុយ ឯភាគីកូនបំណុលក៍នៅមានកំលាំងចិត្ត និងកិត្តិយសដើម្បីដោះស្រាយសងលុយដែរ។បើនៅតែផុសគឺខាតទាំងសងខាង »។
ហ្វេសបុកឈ្មោះម៉ៃ សុគន្ធ បានសរសេរសារប្រយោលថា«ថ្មីចែស ២០២៦ កូនបំណុលប្ដឹងម្ចាស់លុយថាយកការប្រាក់៥% »។
នៅលើសារដែលបែកធ្លាយលើបណ្ដាញសង្គមនោះលោកស្រីNeang SK បានបង្ហោះដែរថា«សន្យាខ្យល់ មិនមែនលុយតិចទេ គួរគិតម្ចាស់លុយគេផង រាប់ឆ្នាំហើយ »។


ប្រភពថាញឹម ចាន់ថន បានខ្ចីលុយពីលោកស្រីសៅ នាង ដែលមានហ្វេសបុកឈ្មោះNEANG SK សរុបទាំងអស់ចំនួន៦០០០ដុល្លារ ដោយលោកស្រីនាង ទទួលបានការប្រាក់ក្នុង១ខែ៩០ដុល្លារ (១,៥% នៃ៦០០០ដុល្លារ) ។ចំណែកញឹម ចាន់ថន សុំពន្យាពេលសងលុយនោះរហូតដល់ថ្ងៃចូលឆ្នាំខ្មែររួច ប៉ុន្ដែលោកស្រីនាង ថានោះគ្រាន់តែជាការសន្យាខ្យល់។ញឹម ចាន់ថន បានបញ្ចេញសារនៅលើហ្វេសបុកដែរថានាងក៍ជាអ្នករងគ្រោះម្នាក់ដែរ ជួយគេនាំទុក្ខដាក់ខ្លួន កំហុសនាងទទួល ព្រោះនាងធានាឲ្យគេ តែពេលគេរត់នាងទទួលខុសត្រូវ ខូចកិត្កតិយសដែលរឿងនេះនាងថាជាការចងចាំក្នុងជីវិត ។ប៉ុន្ដែនាងថាមិនរត់គេចវែសទៅណាទេ គឺប្រឈមមុខគ្រប់យ៉ាង និងបញ្ហាដែលកើតមានឡើង ។តែទាក់ទងការលើកឡើងរបស់ញឹម ចាន់ថន នេះដែរលោកស្រីនាង សួទៅចាន់ថន វិញថា«តើបងធានាឲ្យអ្នកណាបងស្រីញឹម ចាន់ថន បងគិតមើលថាចិត្តខ្ញុំយ៉ាងណា?ពេលបងយកទៅស្រួលណាស់ ចឹងគួរឲ្យមកវិញស្រួលផង»។




សូមរំលឹកថាលោកស្រីសៅ នាង ដែលមានហ្វេសបុកឈ្មោះNeang SK អំឡុងផ្ទុះសង្រ្គាមយោធាថៃឈ្លានពានព្រំដែនខ្មែរគេឃើញលោកស្រីនិងអ្នកផលិតកម្មវិធីសិល្បៈជាន់ខ្ពស់ល្បីឈ្មោះលោកគួច ខេវិន និងសិល្បករល្បីៗបង្កើតមូលនិធិ«ស្មារតីជាតិខ្មែរតែមួយ» គៀងគរសប្បុរសជនទាំងនៅទីក្រុងភ្នំពេញ និងតាមបណ្ដារខេត្តមួយចំនួនដើម្បីទ្រទ្រង់ឧបត្ថម្ភជូនវីរៈកងទ័ពខ្មែរ និងជួយផ្គត់ផ្គង់ដល់ជនភៀសសឹកដោយការឈ្លានពានរបស់ចោរសៀមជាលើកទី២ ហើយក្រុមការងារបានសរេសើរលោកស្រីថាជាអ្នកស្រលាញ់អ្នកសិល្បករគ្រប់គ្រប់ៗគ្នាហើយថវិការដែលប្រមូលបានសម្រាប់តែផ្គត់ផ្គង់លើមូលនិធិទាំងស្រុង ដោយការចំណាយលើការធ្វើតំណើរ ហូបចុក និងការស្នាក់នៅលោកស្រីចេញលុយផ្ទាល់ខ្លួនទាំងអស់។ចំណែកញឹម ចាន់ថន វិញកន្លងមកក៍មិនធ្លាប់មានរឿងអាស្រូវជំពាក់លុយគេមិនសងដែរ គឺទើបតែពេលនេះផ្ទុះរឿងផ្អើលនិងវែកញែកពេញបណ្ដាញសង្គមព្រោះតែនាង ឲ្យមេធាវីចាត់ការម្ចាស់បំណុលតាមផ្លូវច្បាប់ បើលោកស្រីនាង មិនព្រមលុបសំណេរ ឬសារពាក់ព័ន្ធបញ្ហាខាងលើទៅវិញ ៕

