ភ្នំពេញ ៖ យុវតី ២នាក់បងប្អូនបង្កើត ដែលក្លាយខ្លួនជាឃាតករវ័យក្មេង ក្រោយរួមគំនិតគ្នា ចាក់សម្លាប់ជីដូនបង្កើត ព្រោះតែចងគំនុំនឹងជីដូនដែលស្តីបន្ទោស ហាមឃាត់ មិនឱ្យមានសង្សារក្នុងវ័យសិក្សា រួមនិងជនសង្ស័ យប៉ុនប៉ងឃាតកម្ម លួច និងបង្កហិង្សា សរុបចំនួន៣៥នាក់ ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការនគរបាលរាជធានីភ្នំពេញ និងនគរបាលព្រហ្មទណ្ឌ នៃអធិការដ្ឋានខណ្ឌ ចំនួន៥នាក់ នាំយកទៅបង្ហាញមុខជាសាធារណៈ នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៦ មុននឹងបញ្ជូនទៅតុលាការ ចាត់ការបន្តតាមនីតិវិធី។

លោកវរសេនីយ៍ឯក ម៉ម សាវន នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានឱ្យដឹងថា ដោយអនុវត្តតាមបទបញ្ជាពីលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងដឹកនាំដោយលោកឧត្តសេនីយ៍ត្រី ប៊ុត សត្យា ស្នងការរងទទួលផែនការងារ នគរបាលព្រហ្មទណ្ឌ និងបញ្ជាដោយផ្ទាល់ពីលោកឧត្តសេនីយ៍ទោ លី ប៊ុនអេង ស្នងការរងទទួលការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល កម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ និងកម្លាំងនគរបាលព្រហ្មទណ្ឌ នៅតាមបណ្តាខណ្ឌចំនួន៥ បានធ្វើការសហការស្រាវជ្រាវហើយឈានបង្ក្រាបបានបទល្មើស ជាបន្តបន្ទាប់ ចំនួន១០ករណី ចាប់ពីថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៦ ដល់ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៦ ដោយឃាត់ជនសង្ស័យ ចំនួន ៣៥នាក់ (ស្រី ២នាក់) ហើយបានយកមកបង្ហាញមុខរួមគ្នា នៅពេលនេះ។

តាមរបាយការណ៍នៃការបង្ក្រាបបទល្មើសរបស់ នគរបាលព្រហ្មទណ្ឌនៃស្នងការនគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា ជនសង្ស័យដែលត្រូវបានបង្ហាញមុខ នាពេលនេះ រួមមាន ករណីឃាតកម្ម ១ករណី ឃាត់ខ្លួនបានជនសង្ស័យ២នាក់ ជាចៅស្រីដែលប្រើកាំបិតចាក់សម្លាប់ ជីដូនបង្កើត អាយុ៦៤ឆ្នាំ នៅក្នុងមូលដ្ឋានខណ្ឌច្បារអំពៅ។ ករណីប៉ុនប៉ងឃាតកម្ម ចំនួន២ករណី ឃាត់ខ្លួនបានជនសង្ស័យ ចំនួន២នាក់ (មានសារធាតុញៀន)។ ករណីលួច ចំនួន៥ករណី ឃាត់ខ្លួនបានជនសង្ស័យ ចំនួន៧នាក់ (មានសារធាតុញៀន)។ ករណីហិង្សាដោយចេតនា ចំនួន ២ករណី ឃាត់ខ្លួនជនសង្ស័យ ចំនួន២៤នាក់ ដែលជាក្រុមក្មេងទំនើង មានក្រុមធីម តូបចែ (TJ) ក្រុមធីម កាបស្អុយ (KS)។

របាយការណ៍ខាងលើ បានបញ្ជាក់ថា នៅក្នុងនោះខណ្ឌច្បារអំពៅ សមត្ថកិច្ចបង្ក្រាបបាន ៤ករណី ឃាត់ខ្លួន ៦នាក់ (ស្រី ២នាក់) ខណ្ឌមានជ័យ បង្ក្រាបបាន ចំនួន២ករណី ឃាត់ខ្លួនជនសង្ស័យ ២នាក់ ខណ្ឌដង្កោ បង្ក្រាបបាន ១ករណី ឃាត់ខ្លួនជនសង្ស័យ ២នាក់ ខណ្ឌចម្ការមន បង្ក្រាបបាន ១ករណី ឃាត់ខ្លួនជនសង្ស័យ ១នាក់ ខណ្ឌពោធិ៍សែនជ័យ បង្ក្រាបបាន ១ករណី ឃាត់ខ្លួនជនសង្ស័យ ៩នាក់ ជាក្រុមក្មេងទំនើង និងនគរបាលការិ យាល័យព្រហ្មទណ្ឌកម្រិតស្រាល បង្ក្រាបបាន ១ករណី ឃាត់ខ្លួនបានជនសង្ស័យ ចំនួន១៥នាក់។
បន្ទាប់ពីបង្ហាញមុខ ជនសង្ស័យ ទាំង៣៥នាក់ ត្រូវបានសមត្ថកិច្ចជំនាញ រៀបចំកសាងសំណុំរឿង បញ្ជូនទៅ កាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី។

គួរបញ្ជាក់ថា ចៅស្រី ២នាក់បងប្អូន ដែលជាឃាតករចាក់សម្លាប់ជីដូនបង្កើត ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍ច្បារអំពៅទី២ ចាប់ខ្លួន បន្ទាប់ពីធ្វើសកម្មភាពចាក់សម្លាប់យាយ នៅថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៦ នៅចំណុចផ្ទះលេខ ៣អា តាមបណ្តោយផ្លូវលេខ ៦២០ ភូមិកណ្តាល សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ដោយខឹងហាមឃាត់ មិនឱ្យមានស្នេហា (សង្សារ) ក្នុងវ័យសិក្សា។
ចៅស្រីដែលជាឃាតករវ័យក្មេងទាំង២នាក់ ទី១-ឈ្មោះ សេង ច័ន្ទបូណ៌មី អាយុ១៩ឆ្នាំ និងទី២- ឈ្មោះ សេង ហេងសានីកា អាយុ១៨ឆ្នាំ។ ចំណែកស្ត្រីរងគ្រោះ ជាជីដូន មានឈ្មោះ ទី គង់ អាយុ៦៤ឆ្នាំ មុខរបរលក់ដូរ។ ជីដូន និងចៅស្រីទាំង២នាក់ ស្នាក់នៅផ្ទះកើតហេតុខាងលើជាមួយគ្នា។

តាមប្រភពសមត្ថកិច្ចបានឱ្យដឹងថា កោលពីអំឡុំងខែមករា ឆ្នាំ២០២៦ ស្ត្រីរងគ្រោះឈ្មោះ ទី គង់ ដែលជាជីដូន បានស្តីបន្ទោសចៅស្រីបង្កើត ឈ្មោះសេង ហេងសានីកា ភេទស្រី អាយុ១៨ឆ្នាំ មិនឱ្យមានទំនាក់ទំនងស្នេហា ជាមួយសង្សារ និងបានស្តីបន្ទោសចៅស្រីបង្កើត ឈ្មោះសេង ច័ន្ទបូណ៌មី ភេទស្រី អាយុ១៩ឆ្នាំ មិនឱ្យជក់បារីអឡិតត្រូនិក និងស្រលាញ់មនុស្សស្រីដូចគ្នា។ បន្ទាប់ស្តីបន្ទោសចៅស្រីទាំង ២នាក់ ហើយក៏មានទំនាស់ពាក្យសម្តីរវាងចៅនិងយាយ ជាច្រើនលើក រហូតធ្វើឱ្យចៅស្រី ទាំង២នាក់ មានចិត្តខឹង គុំកួនជាមួយស្ត្រីរងគ្រោះ ជាជីដូន រហូតមក។ លុះមកដល់វេលាម៉ោង៥ល្ងាច ថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៦ យុវតីសង្ស័យទាំង២នាក់បងប្អូន បានរៀបចំគម្រោងសម្លាប់ជីដូនចោលតែម្តង ដោយជនសង្ស័យ ឈ្មោះសេង ច័ន្ទបូណ៌មី បានយកកូនកាំបិតចុងស្រួច ដងពណ៌ខ្មៅ១ លាក់ទុកក្នុងបន្ទប់ដាក់សម្ភារៈ (ជាន់ទី៣) ស្ថិតនៅផ្ទះលេខ៣ ផ្លូវ៦២០ ភូមិកណ្តាល សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ។ រហូតដល់ម៉ោង ១០និង២០នាទី យប់ថ្ងៃដដែល ជនសង្ស័យឈ្មោះសេង ច័ន្ទបូណ៌មី បានឡើងទៅក្នុងបន្ទប់ដាក់សម្ភារៈ (ជាន់ទី៣) មុន រួចជនសង្ស័យឈ្មោះ សេង ហេងសានីកា បាននាំជនរងគ្រោះ ឡើងតាមក្រោយ ដោយនិយាយកុហកថា “អាម៉ី ឡើងទៅជក់បារីអេឡិចត្រូនិក នៅជាន់លើ”។
ប្រភពដដែល បន្តថា ពេលឡើងទៅដល់ ស្ត្រីរងគ្រោះឃើញចៅស្រីឈ្មោះសេង ច័ន្ទបូណ៌មី ដៃកាន់កូនកាំបិត ក៏ប្រតាយប្រតប់គ្នាដណ្តើមយកកូនកាំបិត តែយកមិនបាន រួចហើយស្ត្រីរងគ្រោះ ជាជីដូន បានដើរចេញ ស្រា ប់តែជនសង្ស័យឈ្មោះ សេង ច័ន្ទបូណ៌មី យកកូនកាំបិតចាក់ជនរងគ្រោះ ពីក្រោយ ចំខ្នង ១កាំបិត បណ្តាលឱ្យស្លាប់ ហើយជនសង្ស័យទាំង២នាក់ នាំគ្នាយកក្រមានិងកន្សែង ជូតសម្អាតឈាម រួចនាំគ្នាចុះមកក្រោម យកកូនកាំបិត ទុកក្រោមជណ្តើរ។ រហូតដល់ម៉ោង ១០និង៤៤នាទី ថ្ងៃដដែល ឈ្មោះសេង ហេងសុវណ្ណគង្គា អាយុ២១ឆ្នាំ ត្រូវជាចៅប្រុសរបស់ជនរងគ្រោះ ត្រឡប់មកផ្ទះវិញ ពុំឃើញជីដូន ក៏ដើររក ឃើញជីដូនដេកលើកម្រា លការ៉ូ ក្នុងបន្ទប់ដាក់សម្ភារៈ ជាន់ទី៣ ដោយមានស្នាមប្រឡាក់ឈាម ជាប់ខ្នង ក៏នាំគ្នាបញ្ជូនជីដូន ទៅសង្គ្រោះនៅមន្ទីរពេទ្យមិត្តភាព-ខ្មែរសូវៀត (ពែទ្យរុស្ស៉ី) តែគ្រូពេទ្យប្រាប់ថា ជនរងគ្រោះបានស្លាប់ហើយ។

ប្រភពខាងលើ បន្តទៀតថា លុះដល់វេលាម៉ោង ១១ព្រឹក ថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៦ ក្រុមគ្រួសារស្ត្រីរងគ្រោះ បានមករាយការណ៍ប្តឹងសមត្ថកិច្ចប៉ុស្តិ៍ច្បារអំពៅ២ ភ្លាមនោះ សមត្ថកិច្ចបានចុះសាកសួរ ស្រាវជ្រាវ រហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យ ទាំង២នាក់ និងដកហូតវត្ថុតាង កូនកាំបិតចុងស្រួច ដងខ្មៅ១ បញ្ជូនមកអធិការ ដ្ឋាននគរបាលខណ្ឌច្បារអំពៅ ធ្វើការសាកសួរ និងចាត់ការបន្ត តាមនីតិវិធី៕