Thursday, March 12, 2026
Homeសន្ដិសុខសង្គមសន្តិសុខសង្គមចាប់ក្មេងទំនើង ១៥នាក់ ដើរលេងដាច់យប់ មិនចូលផ្ទះ

ចាប់ក្មេងទំនើង ១៥នាក់ ដើរលេងដាច់យប់ មិនចូលផ្ទះ

ខេត្តកំពង់ស្ពឺ ៖ ក្មេងទំនើងចំនួន ៣ក្រុម ដែលដើរលេងដាច់យប់ មិនចូលផ្ទះ និងបង្កអសន្តិសុខក្នុងមូលដ្ឋាន ត្រូវបានកម្លាំងសមត្ថកិច្ចស្រុកបសេដ្ឋ ចុះបង្ក្រាប ឃាត់ខ្លួន សរុបចំនួន១៥នាក់ ដកហូតម៉ូតូ ចំនួន៩គ្រឿង។ប្រតិបត្តិការបង្ក្រាបក្រុមក្មេងទំនើងដើរលេងដាច់យប់នេះ បានធ្វើឡើង កាលពីវេលាម៉ោង២រំលងអធ្រាត្រ ឈានចូលថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៦ នៅក្នុងមូលដ្ឋានស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ។

តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា ដោយអនុវត្តតាមបញ្ជាដឹកនាំពីលោកឧត្តមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្តកំពង់ស្ពឺ កម្លាំងអធិការដ្ឋាននគរបាលស្រុកបសេដ្ឋ លោកវរសេនីយ៍ឯក ចន សុភីត អធិការនគរបាលស្រុក បានបញ្ជាឱ្យកម្លាំងចុះធ្វើការល្បាត និងបង្ក្រាបក្រុមក្មេងទំនើង ដើរលេងដាច់យប់ បង្កអសន្តិសុខក្នុងមូលដ្ឋាន។ ជាក់ស្តែងនៅវេលាម៉ោង ២រំលងអធ្រាត្រ ឈានចូលថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៦ សមត្ថកិច្ចស្រុកបសេដ្ឋ បានសហការជាមួយបណ្តាប៉ុស្តិ៍ ធ្វើការឃាត់ក្រុមក្មេងទំនើង បានចំនួន១៥នាក់ រួមជាមួយម៉ូតូ ៩គ្រឿង បញ្ជូនមកអធិការដ្ឋាននគរបាលស្រុកបសេដ្ឋ។

ក្រុមក្មេងទំនើងទី១- ត្រូវបានបង្ក្រាបនៅចំណុចផ្លូវ៤១ គីឡូម៉ែត្រលេខ៤៤-៤៥ ស្ថិតក្នុងភូមិព្រៃឃ្លេ ឃុំពោធិ៍ ម្រាល ស្រុកបសេដ្ឋ  ដោយឃាត់ខ្លួន ចំនួន៤នាក់ រួមមាន ទី១-ឈ្មោះរី វីរៈ ភេទប្រុស អាយុ២១ឆ្នាំ នៅភូមិសាឡាំ ឃុំពោធិ៍ម្រាល ស្រុកបសេដ្ឋ (ម្ចាស់ម៉ូតូម៉ាកហុងដា ឌ្រីម សេ១២៥ ពណ៌ខ្មៅ ឆ្នាំ២០២៤ ពាក់ស្លាកលេខ កំពង់ស្ពឺ 1Y-3033)។ ទី២-ឈ្មោះស៊ន រិន ភេទប្រុស អាយុ២០ឆ្នាំ នៅភូមិពងទឹក ឃុំស្រែចែង ស្រុកជុំគិរី ខេត្តកំពត (ម្ចាស់ម៉ូតូម៉ាកហុងដា ឌ្រីម សេ១២៥ ពណ៌ខ្មៅ ឆ្នាំ២០២១ ពាក់ស្លាកលេខ កំពត 1X-0761)។ ទី៣-ឈ្មោះ លុន វឌ្ឍនា ភេទប្រុស អាយុ២០ឆ្នាំ នៅភូមិត្រពាំងគ្រញូង ឃុំត្រពាំងគ្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ (ម្ចាស់ម៉ូតូម៉ាកហុងដា ឌ្រីម សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ តាកែវ 1AC-5254)។ និងទី៤-ឈ្មោះស៊ន វែង ភេទប្រុស អាយុ២៤ឆ្នាំ នៅភូមិព្រៃជ័រ ឃុំខ្វាវ ស្រុកសំរោង ខេត្តតាកែវ (ម្ចាស់ម៉ូតូម៉ាក Winner-X ពណ៌ស ស៊េរីឆ្នាំ២០២២ ពាក់ស្លាកលេខ ភ្នំពេញ 1LT-2020)។

ក្រុមក្មេងទំនើងទី២- ត្រូវបានបង្ក្រាបនៅចំណុចផ្លូវលំក្រួសក្រហម ស្ថិតក្នុងភូមិព្រៃឃ្លេ ឃុំពោធិ៍ម្រាល ស្រុកប សេដ្ឋ ដោយឃាត់ខ្លួន ចំនួន៨នាក់ រួមមាន ទី១-ឈ្មោះសាន ហ៊ី ភេទប្រុស អាយុ១៧ឆ្នាំ នៅភូមិពករុន ឃុំពោធិ៍ម្រាល ស្រុកបសេដ្ឋ (ម្ចាស់ម៉ូតូម៉ាកស៊ុយស៊ូគី និច ឆ្នាំ២០២៦ ពាក់ស្លាកលេខ កំពង់ស្ពឺ 1AB-0632)។ ទី២-ឈ្មោះហ៊ឹម ចំរើន ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិបឹងសង្កែ ឃុំកក់ ស្រុកបសេដ្ឋ (ម្ចាស់ម៉ូតូម៉ាកហុងដា ឌ្រីម សេ១២៥ ពណ៌ក្រហម ឆ្នាំ២០០៨ គ្មានស្លាកលេខ)។ ទី៣-ឈ្មោះនាង ស ភេទប្រុស អាយុ១៧ឆ្នាំ នៅភូមិព្រៃខ្លុង ឃុំពោធិ៍ចំរើន ស្រុកបសេដ្ឋ (ម្ចាស់ម៉ូតូម៉ាកហុងដា ឌ្រីម សេ១២៥ ពណ៌ខ្មៅ ឆ្នាំ២០២២ ពាក់ស្លាកលេខ កំពង់ស្ពឺ 1U-1070)។ ទី៤-ឈ្មោះលាង លីហ៊ួរ ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិពោធិ៍ម្រាល ឃុំពោធិ៍ម្រាល ស្រុកបសេដ្ឋ (ម្ចាស់ម៉ូតូម៉ាកស៊ុយស៊ូគី និច ពណ៌ស លាយត្រួយចេក ឆ្នាំ២០២៦ ពាក់ស្លាកលេខ ភ្នំពេញ 1ME 2840)។ ទី៥-ឈ្មោះថាន់ និត ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិពោធិ៍ម្រាល ឃុំពោធិម្រាល ស្រុកបសេដ្ឋ។ ទី៦-ឈ្មោះភិន ឆិត ភេទប្រុស អាយុ១៥ឆ្នាំ រស់នៅភូមិព្រៃត្បែង ស្រុកបសេដ្ឋ។ ទី៧-ឈ្មោះឡាំង មករា ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅ ភូមិបឹងសង្កែ ឃុំបសេដ្ឋ ស្រុកបសេដ្ឋ និងទី៨-ឈ្មោះអឿន បញ្ញា ភេទប្រុស អាយុ១៦ឆ្នាំ រស់នៅភូមិបឹងសង្កែ ឃុំបសេដ្ឋ ស្រុកបសេដ្ឋ។

ដោយឡែក ក្រុមក្មេងទំនើងទី៣- ត្រូវបានបង្ក្រាបនៅចំណុចលើផ្លូវ៤១ គីឡូម៉ែត្រលេខ៤២-៤៣ ស្ថិតក្នុងភូមិស្តុក ឃុំបសេដ្ឋ ស្រុកបសេដ្ឋ ដោយឃាត់ខ្លួន ចំនួន៣នាក់ រួមមាន ទី១-ឈ្មោះប៊ុត ពិសី ភេទប្រុស អាយុ២៥ឆ្នាំ នៅភូមិទួលខ្ជាយ ឃុំបសេដ្ឋ ស្រុកបសេដ្ឋ (ម្ចាស់ម៉ូតូម៉ាកហុងដា ឌ្រីម សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1FL-0745)។ ទី២-ឈ្មោះកន ប៊ុនថៃ ភេទប្រុស អាយុ២១ឆ្នាំ រស់នៅភូមិតាប្រាជ្ញ ឃុំបសេដ្ឋ ស្រុកបសេដ្ឋ និងទី៣-ឈ្មោះជន សុខវិ ភេទប្រុស អាយុ១៨ឆ្នាំ នៅភូមិតាប្រាជ្ញ ឃុំបសេដ្ឋ ស្រុកបសេដ្ឋ។

យោងតាមលទ្ធផលសាកសួរ ក្រុមក្មេងទំនើងទាំងនេះ នាំគ្នាដើរមិនចូលផ្ទះ និងមានបក្ខពួកនាំផឹកស៊ី គេចសាលានិងផ្ទះ ប៉ុន្តែមិនទាន់មានសកម្មភាពណាមួយបង្កឡើងពាក់ព័ន្ធបទល្មើសព្រហ្មទណ្ឌនៅឡើយទេ។

ដោយបានការអនុញ្ញាតពីគណៈបញ្ជាការឯកភាពស្រុក និងបទបញ្ជាលោកឧត្តមសេនីយ៍ទោ ស្នងការនគរបាលខេត្ត ឱ្យអនុវត្តវិធានការចំពោះក្មេងទំនើង ទាំង៣ក្រុម ចំនួន១៥នាក់នេះ ត្រូវបានធ្វើកិច្ចសន្យាអប់រំ ករណីនៅតែបន្តសកម្មភាពបែបនេះ ជាលើកទី២ និងមានចំណាត់ការ អញ្ជើញអាណាព្យាបាលក្មេងទាំងអស់ មកទទួលយកការអប់រំនិងធ្វើកិច្ចសន្យា ទទួលយកកូន ទៅគ្រប់គ្រងនិងប្រដៅអប់រំឱ្យចូលរៀន ដោយសហការជាមួយលោកគ្រូ អ្នកគ្រូ គណៈគ្រប់គ្រងសាលា ឱ្យបានហ្មត់ចត់៕

RELATED ARTICLES