Thursday, March 12, 2026
Homeសន្ដិសុខសង្គមសន្តិសុខសង្គម៦ថ្នេរ ១៩៨ដុល្លារ ពេទ្យចាប់បង់លុយ

៦ថ្នេរ ១៩៨ដុល្លារ ពេទ្យចាប់បង់លុយ

ភ្នំពេញ ៖ ស្ត្រីចំណាស់ម្នាក់ បានរងរបួស មុតដៃ ត្រូវបានកូនៗបញ្ជូនមកកាន់គ្លីនិកឯកជនមួយកន្លែង ម្តុំបឹងកក់ ដើម្បីឱ្យគ្រូពេទ្យជួយព្យាបាល ដេររបួស លុះក្រោយពីគ្រូពេទ្យ ដេរមុខរបួស ៦ថ្នេរ គិតលុយ ស្រាប់តែអស់ដល់ទៅ ១៩៨ដុល្លារ ធ្វើឱ្យក្រុមគ្រួសារអ្នកជំងឺ គ្មានលទ្ធភាពបង់ សុំបញ្ចុះតម្លៃ តែមិនត្រូវរ៉ូវគ្នា ចុងក្រោយភាគីអ្នក ជំងឺ មានលុយត្រឹម ៥០ដុល្លារ តែខាងគ្លីនិក មិនព្រមទទួលយក ក៏កើតជាជម្លោះប្រតាយប្រតប់ ដោយអ្នកគ្រូ ពេទ្យ បានចាប់អូសកូនស្រីអ្នកជំងឺ ចូលក្នុងបន្ទប់ រួចដកហូតយកទូរស័ព្ទ និងថ្នាំពេទ្យទុក ទាមទារឲ្យបង់លុយថ្លៃព្យាបាល។

ហេតុការណ៍នេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលារសៀលថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៦ នៅចំណុច មន្ទីរពហុព្យាបាល ឥន្ទ្រទេវី មានទីតាំងស្ថិតនៅម្តុំបឹងកក់ ស្ថិតក្នុងខណ្ឌទួលគោក។

យោងតាមវីដេអូ ដែលបង្ហោះចែកចាយពេញបណ្តាញសង្គម ដោយសាច់ញាតិអ្នកជំងឺ នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៦ បានបង្ហាញពីសកម្មភាពអ្នកគ្រូពេទ្យម្នាក់ ស្ថិតក្នុងឯកសណ្ឋានពេទ្យ (ឈុតពណ៌ស) បានកើតមានទំនាស់ពាក្យសម្តីនិងឈានដល់ការប្រតាយប្រតប់គ្នាជាមួយស្ត្រីម្នាក់ ដោយដើមហេតុផ្តើមចេញពីថ្លៃព្យាបាលរបួស (ដេរមុខរបួស ៦ថ្នេរ) តម្លៃសរុប ១៩៨ដុល្លារ ត្រូវក្រុមគ្រួសារអ្នកជំងឺ អះអាងថា ថ្លៃពេក គ្មានលុយបង់។

តាមសម្តីស្ត្រីជាកូនស្រីអ្នកជំងឺ បានរៀបរាប់ប្រាប់ថា មុនពេលកើតហេតុ ម្តាយរបស់នាង បានមុតដៃខាងស្តាំ និងត្រូវបានពួកនាងជាកូន ដឹកបញ្ជូនមកកាន់មន្ទីរពហុព្យាបាល ឥន្ទ្រទេវី ដើម្បីឱ្យគ្រូពេទ្យជួយព្យាបាល ដេរ មុខរបួស។ លុះពេលមកដល់ គ្រូពេទ្យបានលាងរបួស រួចដេរ ចំនួន៦ថ្នេរ ដោយពេលដេរនោះ គ្រូពេទ្យបានចាក់ថ្នាំស្ពឹក និងព្យួរសេរ៉ូម បំបាត់ការឈឺចាប់ផងដែរ។ លុះក្រោយមក ម្តាយរបស់នាងអន់ឈឺ ក៏ទារត្រឡប់ទៅផ្ទះវិញ ទើបនាងបានឱ្យគ្រូពេទ្យ គិតលុយ ដើម្បីរៀបចំចេញពីពេទ្យ។

ស្ត្រីជាកូនស្រីអ្នកជំងឺ បានបន្តថា បន្តិចក្រោយមក គ្រូពេទ្យបានយកបុង (វិក្កយបត្រ) មកប្រគល់ឱ្យនាង ស្រាប់តែគ្រាន់តែឃើញតម្លៃសរុប ១៩៨ដុល្លារ ធ្វើឱ្យនាងហួសចិត្តយ៉ាងខ្លាំង ព្រោះគ្រាន់តែដេរមុខរបួស ៦ថ្នេរ អស់ថ្លៃ ១៩៨ដុល្លារ។ លុះនាងសួរនាំថា “ម៉េចក៏ថ្លៃម៉្លេះ?” គ្រូពេទ្យ ពន្យល់ប្រាប់ថា ថ្លៃសេវាកម្មពេទ្យ ១០ដុល្លារ ថ្លៃដេរ បូកជាមួយថ្លៃថ្នាំបំបាត់ការឈឺចាប់ និងថ្នាំស្ពឹក អស់១៣៥ដុល្លារ ថ្លៃសេរ៉ូម ចំនួន២ប្លោក (តូច១ ធំ១) អស់៤៨ដុល្លារ និងថ្លៃលាងរបួស សម្លាប់មេរោគ អស់៥ដុល្លារទៀត សរុប ១៩៨ដុល្លារ។ បន្ទាប់មក នាងបានព្យា យាមសុំឱ្យគ្រូពេទ្យ ជួយបញ្ចុះតម្លៃ ដោយនិយាយថា “សូមបងចុះបន្តិចទៅ ព្រោះខ្ញុំអត់លុយទេ ទើបមកពីពេទ្យ ទិញថ្នាំ អស់ជាង ៧០ម៉ឺនហើយ…” ឮបែបនេះ គ្រូពេទ្យបានចុះតម្លៃឱ្យ ១០ភាគរយ នៅសល់ ១៨៤ដុល្លារ ទើបនាងក៏ប្រាប់ថា “នៅតែថ្លៃដដែលហ្នឹង ព្រោះខ្ញុំអត់លុយទេ អស់លុយហើយ“។ ពេលនោះ គ្រូពេទ្យប្រាប់ថា ចុះឱ្យ ១០ភាគរយទៀត នៅសល់ ១៧១ដុល្លារ តែដោយសារនាងគ្មានលទ្ធភាពបង់ ទើបព្យាយាមចរចារតម្លៃ តែមិនត្រូវគ្នា ដោយគ្រូពេទ្យ មិនព្រមចុះតម្លៃឱ្យទៀតទេ។

កូនស្រីអ្នកជំងឺ បានឱ្យដឹងបន្តថា ដោយសារតែនាងគ្មានលុយបង់ឱ្យពេទ្យ ទើបគ្រូពេទ្យបានឃាត់ មិនឱ្យម្តាយនាងចេញឡើយ ដោយទុកឱ្យគាត់អង្គុយហាលថ្ងៃ ទាំងមិនទាន់បានហូបបាយនៅឡើយ។ ចំណែកនាង ដោយឃើញម្តាយកំពុងមានរបួស ហេវហត់អស់កម្លាំង មិនអាចទ្រាំទ្របាន ក៏និយាយជាមួយគ្រូពេទ្យ ដោយសុំឱ្យម្តាយត្រឡប់ទៅផ្ទះមុន ទុកឱ្យនាងជាកូន នៅដោះស្រាយជាមួយ តែគ្រូពេទ្យមិនព្រមឱ្យចេញឡើយ ដោយប្រាប់ថា “អត់ទាន់គិតលុយ អត់ទាន់ឱ្យចេញបានទេ!”។ លុះមួយសន្ទុះក្រោយមក ទើបគ្រូពេទ្យនោះ បានទាក់ ទងទៅមេរបស់គាត់ (អ្នកគ្រូពេទ្យដែលចាប់អូសនាង និងដកហូតយកទូរស័ព្ទ និងថ្នាំពេទ្យនាងទុក) ឱ្យចុះមកដោះស្រាយជាមួយនាងបន្តទៀត។ ពេលអ្នកគ្រូពេទ្យរូបនោះ មកដល់ នាងក៏ប្រាប់ថា នាងអត់មានលុយទេ ស្រាប់តែអ្នកគ្រូពេទ្យ បាននិយាយថា “បើអត់លុយ ម៉េចមិនទៅពេទ្យរដ្ឋ?” ធ្វើឱ្យនាងអស់ពាក្យនឹងតបត ក៏សុំបង់ថ្លៃត្រឹម ២០ម៉ឺនរៀល ស្មើនឹង ៥០ដុល្លារ តែអ្នកគ្រូពេទ្យរូបនោះ មិនព្រមទទួលយកដាច់ខាត រួចក៏កើតមានទំនាស់ពាក្យសម្តី និងទាញទូរស័ព្ទដៃ ថតទៅវិញទៅមក រៀងខ្លួន ស្រាប់តែអ្នកគ្រូពេទ្យ បានស្ទុះមកចាប់យកទូរស័ព្ទរបស់នាង រួចព្យាយាមប្រតាយប្រតប់ អូសនាងចូលទៅក្នុងពេទ្យ ហើយដកហូតយកកញ្ចប់ថ្នាំពេទ្យ ដែលនាងទិញពីក្រៅមក តម្លៃប្រមាណ ៧០ម៉ឺនរៀល យកទៅទុកបាត់ សូម្បីតែលុយចំនួន ២០ម៉ឺនរៀល ដែលនាងសុំបង់ ក៏ត្រូវអ្នកគ្រូពេទ្យ ដកយកអស់ដែរ ហើយទោះជាពួកនាងព្យាយាមសុំយកទូរស័ព្ទនិងថង់ថ្នាំពេទ្យ មកវិញ ក៏គ្រូពេទ្យមិនព្រមប្រគល់ឱ្យវិញឡើយ ដោយអះអាងថា នៅពេលទូទាត់ថ្លៃពេទ្យរួច នឹងប្រគល់ឱ្យវិញ។

ជុំវិញករណីខាងលើនេះ “នគរធំ” មិនអាចទាក់ទងសុំការបំភ្លឺពីភាគីតំណាងមន្ទីរពហុព្យាបាល ឥន្ទ្រទេវី បានទេ កាលពីម្សិលមិញ។ យ៉ាងណា យើងរង់ទទួលចាំការបកស្រាយបំភ្លឺពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់៕

RELATED ARTICLES