Wednesday, March 11, 2026
Homeសន្ដិសុខសង្គមសន្តិសុខសង្គមចេញពីគុក លួចម៉ូតូបាន៣ថ្ងៃ ជាប់ខ្នោះ

ចេញពីគុក លួចម៉ូតូបាន៣ថ្ងៃ ជាប់ខ្នោះ

ខេត្តកណ្តាលៈ ជនសង្ស័យម្នាក់ ធ្លាប់មានប្រវត្តិជាប់ពន្ធនាគាររយៈពេល២ឆ្នាំកន្លះ ពាក់ព័ន្ធករណីគ្រឿងញៀន លុះចេញមកវិញ បែរជាលួចម៉ូតូអ្នកភូមិបានសម្រេច រួចព្យាយាមរត់គេចខ្លួនអស់រយៈពេល៣ថ្ងៃ ក៏ត្រូវបានសមត្ថកិច្ចជំនាញ ស្រាវជ្រាវឃាត់ខ្លួននាំយកមកចាត់ ការតាមច្បាប់។

ករណីលួចម៉ូតូខាងលើ បានកើតឡើង កាលពីវេលាម៉ោង៤និង៥០នាទីរសៀល ថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៦ នៅចំណុចភូមិឬស្សីស្រុក ឃុំខ្ពប ស្រុកស្អាង ខេត្តកណ្តាល។ លុះមកដល់ថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៦ ក៏ត្រូវសមត្ថកិច្ចស្រាវជ្រាវឃាត់ខ្លួនបាន។

ជនសង្ស័យដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះខុន សុខា ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរមិនពិតប្រាកដ មានលំនៅ ភូមិឬស្សីស្រុក ឃុំខ្ពប ស្រុកស្អាង ខេត្តកណ្តាល។ ជននេះមានប្រវត្តិធ្លាប់ជាប់ ពន្ធនាគារខេត្តកណ្តាលរយៈពេល ២ឆ្នាំ ៦ខែ ពីបទជួញដូរ រក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន។ ចំណែកម៉ូតូដែលជនសង្ស័យលួចយកទៅម៉ាក គុបជ្រុង ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 1A-៧២១៣ ជាកម្មសិទ្ធិរបស់ស្ត្រីរងគ្រោះឈ្មោះហ៊ត គាវ អាយុ៧០ឆ្នាំ មុខរបរលក់ដូរ មានលំនៅភូមិឬស្សីស្រុក ឃុំខ្ពប ស្រុកស្អាង ខេត្តកណ្តាល។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា ដោយផ្ទះរបស់ជនរងគ្រោះទុកចោលមិនមានអ្នកស្នាក់នៅ យូរៗទើបម្ចាស់ផ្ទះមកលេងម្តងម្កាល ហើយទុកម៉ូតូ និងរបស់របរផ្សេងៗនៅក្នុងផ្ទះនោះរួចចាក់សោរទ្វារបងពីក្រៅ។ គាប់ជួននៅវេលាថ្ងៃកើតហេតុ ជនសង្ស័យបានធ្វើសកម្មភាព លួចចូលតាមទ្វារបងខាងក្រោយផ្ទះ ហើយឡើងតាមចន្លោះដំបូលបង្គន់ ចូលដល់ក្នុងផ្ទះ រួចបានលួចយកម៉ូតូ ចេញតាម ទ្វារក្រោយផ្ទះបាត់ទៅ។

លុះនៅវេលាម៉ោង១១និង២០នាទីព្រឹក ថ្ងៃទី៨ ខែមីនា ឆ្នាំ ២០២៦ ប្អូនប្រុសរបស់ជនរងគ្រោះបានមកស្ងោសៀង ទើបដឹងថាបាត់ម៉ូតូ រួចក៏ទូរស័ព្ទទៅប្រាប់ជនរងគ្រោះឱ្យទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលខ្ពបជួយអន្តរាគមន៍។

ក្រោយទទួលបានពាក្យបណ្តឹងភ្លាម កម្លាំងប៉ុស្តិ៍នគរបាលខ្ពប បានចុះទៅស្រាវជ្រាវរហូតកំណត់មុខ សញ្ញាបាន និងឈានទៅឃាត់ខ្លួន ជនសង្ស័យ យកមកប៉ុស្តិ៍ដើម្បីធ្វើការសាកសួរ និងរៀបចំកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕

RELATED ARTICLES