ភ្នំពេញ ៖ យោងតាមរបាយការណ៍របស់ក្រសួងមហាផ្ទៃ បានប្រកាសឱ្យដឹង កាលពីព្រឹកថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៦ថា រយៈពេលពេញ ១ខែកុម្ភៈ មានគ្រោះអគ្គិភ័យ បានកើតឡើងជិត១០០ករណី នៅទូទាំងប្រទេស។
ក្នុងរយៈពេល ១ខែ គិតចាប់ពីថ្ងៃទី១ រហូតដល់ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៦ នៅទូទាំងប្រទេស មានគ្រោះអគ្គិភ័យកើតឡើង ចំនួន ៩៧ករណី ។

តាមរបាយការណ៍ក្រសួងមហាផ្ទៃ គ្រោះអគ្គិភ័យទាំងនោះ បានបណ្តាលឱ្យឆេះផ្ទះសម្បែងប្រជាពលរដ្ឋ ៨៣ខ្នង តូប ១ខ្នង ឃ្លាំង ១០ខ្នង កុដិ ៨ខ្នង វិហារ ១ខ្នង បន្ទប់ ៤បន្ទប់ និងអគារស្នាក់នៅ ១ខ្នង។

ជាមួយគ្នានេះ គ្រោះកាចនេះ ក៏បណ្តាលឱ្យឆេះអាហារដ្ឋាន ១ខ្នង ព្រៃ ៦កន្លែង រោង ១ខ្នង រោងចិញ្ចឹមសត្វ ១កន្លែង រោងចម្ការ ១កន្លែង ប្រអប់ភ្លើង ១កន្លែង ដេប៉ូលក់ឈើ ១កន្លែង គំនរកង់ឡាន ១កន្លែង គំនរអេតចាយ ១កន្លែង គំនរទុយោទឹក ១កន្លែង ឡសម្ងួតធ្យូង ១កន្លែង រោងចក្រ ១ខ្នង រថយន្ត ៣គ្រឿង ព្រមទាំងសម្ភារប្រើប្រាស់មួយចំនួនទៀត ។

គួរបញ្ជាក់ថា ករណីអគ្គិភ័យទាំងនោះ កើតឡើងនៅក្នុងមូលដ្ឋានជាអាទិ៍ រាជធានីភ្នំពេញ ខេត្តកណ្តាល កំពង់ ស្ពឺ កំពត តាកែវ ស្វាយរៀង កំពង់ធំ កំពង់ចាម កំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង ក្រចេះ ស្ទឹងត្រែង ព្រៃវែង ត្បូងឃ្មុំ ព្រះវិហារ ព្រះសីហនុ កោះកុង សៀមរាប រតនគិរី និងខេត្តបន្ទាយមានជ័យ៕