Wednesday, March 4, 2026
Homeតារាខ្មែរទេព បូព្រឹក្ស ប្ដីចេញមុខការពារ

ទេព បូព្រឹក្ស ប្ដីចេញមុខការពារ

ភ្នំពេញ ៖ វីដេអូខ្លីមួយ ត្រូវបានចែកចាយ (Share) ព្រោងព្រាត នៅលើបណ្ដាញសង្គមនៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៦ ដែលបង្ហាញពីតារាចម្រៀង ទេព បូព្រឹក្ស ហៅស្រីនិច្ច ឡើងឆាកតន្រ្ដីមួយច្រៀងរ៉េប បទ «វីរនារី» ហើយមានអ្នករាំរបាំនៅលើឆាកនោះ ធ្វើឲ្យមានការរិះគន់ថា ស្រីនិច្ច យកអ្នករបាំ ទៅធ្វើជាអ្នករាំជំនួយ (backup dancers ) ដើម្បីឲ្យទាក់ទាញ ដោយមិនបែងចែកឲ្យច្បាស់ថា របាំមួយនេះ មិនអាចយកមកលេងសើច ឬរាំអមចម្រៀងរ៉េប បានឡើយ …។

ក្រោយមានការរិះគន់សកម្មភាពនាង ស្រីនិច្ច ហាក់បាក់ទឹកចិត្ត ក៏សួរទៅប្ដីនាង លោកងួន ចាន់ដេវីត ថា «ងូន ចាន់ដេវីត  តើខ្ញុំគួរតែឈប់ត្រឹមនេះ ត្រូវទេបង?»។

ទេព បូព្រឹក្ស ក៏បានឆ្លើយតបទៅអ្នកមិនពេញចិត្តខ្លួន ចំពោះការច្រៀងរ៉េប មានអ្នករាំរបាំលើឆាកនោះថា «បើកន្លែងហ្នឹងមិនត្រូវការខ្ញុំ ខ្ញុំដើរចេញ ខ្ញុំដឹងថា គ្មានខ្ញុំ ក៏មិនអីដែរ គ្រាន់តែបេះដូងនេះ អារម្មណ៍និងការដឹងគុណ តែងតែប្រាប់ថា យើងជាខ្មែរ វប្បធម៌របស់យើង បើយើងមិនធ្វើ អាហ្នឹងរឿងយើង តើយើងសុខចិត្តឈរមើលដែរអី? ខ្ញុំនៅតែនិយាយដដែល ហ៊ានស្បថជាមួយខ្ញុំទេ»។

ក្រោយឃើញប្រពន្ធកំពុងខូចចិត្តបែបនេះ លោកងួន ចាន់ដេវីត បានចេញមុខការពារភរិយាភ្លាមតែម្ដង ដោយអះអាងថា លោកនិងភរិយា មិនជាអ្នករកស៊ីនឹងវប្បធម៌ឡើយ និងថាបទ «វីរនារី» និង «ទេវរាជ» មិនមែនទើបតែកើតម្សិលមិញទេ គឺកាន់ឆ្នាំហើយ ។

ងួន ចាន់ដេវីត ថ្លែងថា «មានទុក្ខរួមទុក្ខ បានសុខ ចាក់រុកជាន់ពន្លិច ទេព បូព្រឹក្ស វប្បធម៌ទូលជាប់ក្បាល សូមមេត្តាកុំជាន់ក្បាល មើលស្រាលបេះដូងដ៏បរិសុទ្ធយើងខ្ញុំ កុំឲ្យយើងខ្ញុំឈឺចាប់ កុំសម្លាប់ភក្តីភាពដ៏ស្មោះស្ម័គ្ររបស់យើងខ្ញុំ ចំពោះការចង់ទ្រទ្រង់ ឱបក្រសោបដោយមនោសញ្ចេតនាស្នេហាដួងព្រលឹងជាតិ។  ចូរចងចាំ : យើងខ្ញុំមិនរកស៊ីនឹងវប្បធម៌ទេ យើងខ្ញុំគឺមានតែការចែករំលែក ឱបក្រសោប លើកទូលដោយសមត្ថភាព និងលទ្ធភាពជាក់ស្តែងដែលជាឱកាសអាចបង្ហាញនិងរក្សាបាន។ ចាប់ពីពេលនេះទៅ យើងខ្ញុំសូមជូនភារៈនេះ ដល់អ្នកដែលរួមគ្នាចាក់រុក ឆ្កឹះឆ្កៀល ចង់បំផ្លាញយើងខ្ញុំ សូមអ្នកធ្វើភារកិច្ចរបស់អ្នក ឲ្យបានប្រសើរជាងការចាក់រុករបស់អ្នកផងចុះ « វីរនារី និងទេវរាជ» មិនមែនទើបតែកើតការសម្តែងពីម្សិលមិញទេ គឺសម្តែងចូលជាកាន់ឆ្នាំហើយ ទាំងនៅក្នុងឆាកជាតិ និងអន្តរជាតិ ក្បួនខ្នាតត្រូវបានឆ្លង និងពិនិត្យយ៉ាងដិតដល់ ទាំងការផលិត MV និងការសម្តែងលើឆាក ទាំងមាន Sponsorនិងអត់Sponsor.សូមបញ្ជាក់ឲ្យច្បាស់ ច្រណែន មិនពេញចិត្ត ជាន់ចុះ តែសូមកុំឲ្យព្រោះតែលុយ ធ្វើឲ្យខ្វាក់ កុំព្រោះតែលុយ ធ្វើឲ្យបាត់បង់ផលប្រយោជន៍ធំ និងផលប្រយោជន៍រួម សូមកុំព្រោះតែមិនបានផលលាភចូលហោប៉ៅខ្លួន ទើបបណ្តាលចិត្តឲ្យខំចាក់រុក ឆ្កឹះឆ្កៀលបំផ្លាញកាត់ផ្លូវនូវដំណើរមួយនេះ។ ខ្ញុំនឹងឲ្យបំណងប្រាថ្នារបស់អ្នកដែលចង់ពុះបំបែកបេះដូងភរិយាខ្ញុំ ដែលយកព្រលឹង ព្រមទាំងអាជីព មកផ្សារភ្ជាប់ជាមួយនឹងការងារសហសម័យមួយនេះ ជោគជ័យ នៅពេលដែលអ្នកបំផ្លាញខ្ញុំជោគ ជ័យ អ្នកក៏ត្រូវហ៊ានទទួលលទ្ធផលដែលកើតឡើងនៅពេលដែលលើផ្លូវដ៏កម្សត់មួយនេះ លែងមានដានជើងយើងខ្ញុំ»។

ចំណែក ពេជ្រ សូលីកា ដែលជាមិត្តសម្លាញ់របស់ទេព បូព្រឹក្ស បានផ្ដល់កម្លាំងចិត្តឲ្យស្រីនិច្ច ដែរថា «ធ្លាប់ធ្វើម៉េច នៅបន្ដចឹងទៅ ទេព បូព្រឹក្ស អ្នកចាំតែខុស ហើយអ្នកគ្មានលទ្ធភាពធ្វើ គ្នាចាំតែមើល» ។          

គួរបញ្ជាក់ថា ទេព បូព្រឹក្ស បានវិវឌ្ឍខ្លួនពីតារាចម្រៀងធម្មតា មកជាចេះច្រៀងចង្វាក់រ៉េប ក្រោយការបង្ហាត់បង្រៀនពីស្វាមីនាង លោកងួន ចាន់ដេវីត ហៅជី-ដេវីត ដែលអាចនិយាយបានថា អាជីពចម្រៀងនាង នៅលើប្ដីជាអ្នកកំណត់ ។ ស្រីនិច្ច -ដេវីត បានសាងស្នេហា ១០ឆ្នាំហើយតែទើបរៀបការ កាលពីថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៥ ខណៈកាលពីថ្ងៃទី១៦ ខែកុម្ភៈ នាងទើបធ្វើខួបកំណើតឲ្យកូនប្រុស ទេព បញ្ចារាប ហៅ Albert គម្រប់អាយុ៣ឆ្នាំ ។ មិនត្រឹមតែចេះតាមការពារប្រពន្ធ ពេលមានគេរិះគន់នៅលើបណ្ដាញសង្គមទេ តែស្រីនិច្ច ធ្លាប់ប្រាប់អ្នកកាសែត ថាតាំងពីនាងមានកូន១ ស្វាមីចេះថ្នាក់ថ្នមកាន់តែខ្លាំង លើសគ្រាផ្ដើមស្នេហ៍ដំបូងទៅទៀត ៕

RELATED ARTICLES