Saturday, February 28, 2026
Homeសន្ដិសុខសង្គមសន្តិសុខសង្គមថៃឈ្លានពានដុតព្រៃឈើខ្មែរ អ្នកឃ្លាំមើលថា អាក្រក់មិនចាញ់សៀម សម័យលង្វែក

ថៃឈ្លានពានដុតព្រៃឈើខ្មែរ អ្នកឃ្លាំមើលថា អាក្រក់មិនចាញ់សៀម សម័យលង្វែក

ភ្នំពេញ ៖ ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា លោក ម៉ែន ណាត បានលើកឡើងថា ប្រវត្តិសាស្រ្តសម័យលង្វែក មិនអាចបំភ្លេចបានទេ ដែលព្រោះតែមហិច្ឆតាចង់បានទឹកដីខ្មែរ ហើយច្បាំងមិនឈ្នះកងទ័ពខ្មែរ ទើបកងទ័ពសៀម បានប្រើល្បិចទុច្ចរិត បាចប្រាក់ដួង ចូលគុម្ពឫស្សី ដែលជារបងការពារដ៏រឹងមាំនៃបន្ទាយលង្វែក បណ្ដា លឲ្យប្រជាជនខ្មែរ នាសម័យនោះ នាំគ្នាទៅឆ្ការព្រៃឫស្សី ដើម្បីយកប្រាក់ដួង បណ្តាលឲ្យសៀម វ៉ៃបែកបន្ទាយលង្វែក ។ ដោយឡែកមកដល់សម័យបច្ចុប្បន្ននេះ ថៃ ក៏នៅតែមានគំនិតអាក្រក់មិនចាញ់សៀម នៅសម័យលង្វែក ដោយក្រោយបង្កសង្រ្គាមឈ្លានពានកម្ពុជា ២លើក រយៈពេល២១ថ្ងៃ កាលពីខែកក្កដា និងខែធ្នូ ឆ្នាំ២០២៥ ក្រៅពីបានឈ្លានពានកាន់កាប់ទឹកដីខ្មែរ នៅព្រំដែនជាច្រើនតំបន់ ក្រោយមានបទឈប់បាញ់ សៀម បានបែកគំនិតឈ្លានពាន ដុតបំផ្លាញព្រៃឈើខ្មែរ និងបំផ្លិចបំផ្លាញទ្រព្យសម្បត្តិពលរដ្ឋខ្មែរ យ៉ាងឃោរឃៅ អមនុស្សធម៌ ។

លោក ម៉ែន ណាត បានសរសេរនៅក្នុងគណនី និងទំព័របណ្ដាញសង្គម ហ្វេសប៊ុក របស់លោកថា “សៀម បែកគំនិតឈ្លានពាន ប្រើវិធីដុតបំផ្លាញព្រៃឈើខ្មែរ រាលដាលដល់ផ្ទះសម្បែងពលរដ្ឋខ្មែរ។ គំនិតនេះ គឺអាក្រក់មិនចាញ់ជំនាន់ប្រាក់ដួង ក្នុងសម័យលង្វែក ទេ។ សូមឈ្វេងយល់! តើកម្ពុជា មានរថយន្តពន្លត់អគ្គិភ័យ គ្រប់ គ្រាន់ឬទេ?“ ។

 បន្ថែមលើសំណេរតាមបណ្ដាញសង្គម ខាងលើនេះ លោក ម៉ែន ណាត បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៦ ថា ក្នុងការពង្រីកការឈ្លានពានកម្ពុជា នៅតាមព្រំដែន ថៃ ឬសៀម ពិតជាបែកគំនិតច្រើនណាស់ ដូចជាបែកគំនិតតាមរយៈការដុតបំផ្លាញព្រៃឈើធម្មជាតិ បំផ្លាញផ្លែឈើ ដំណាំរបស់ប្រជាពលរដ្ឋ ជីកប្រឡាយ ការដាក់បន្លាលួស ការធ្វើសំណង់រឹងដទៃៗទៀត ការបំផ្លិចបំផ្លាញផ្ទះប្រជាពលរដ្ឋ ទីអារាម និងបំផ្លិចបំផ្លាញប៉ុស្តិ៍យោធាខ្មែរ ជាដើម ។ ដូច្នេះប្រឈមនឹងការបែកគំនិតអាក្រក់របស់សៀម នេះ រាជរដ្ឋាភិបាលកម្ពុជា ត្រូវគិតគូរឲ្យមែនទែន ត្រូវតែរកមធ្យោបាយទប់ទល់ ហើយឆ្លើយតបឲ្យបានទាន់ពេលវេលា ជាពិសេស ត្រូវធ្វើការតវ៉ាការទូតលើឆាកអន្តរជាតិ ឲ្យខ្លាំងក្លា ហើយទីបំផុត ត្រូវតែប្រមូលឯកសារ ប្ដឹងទៅតុលាការយុត្តិ ធម៌អន្តរជាតិ និងតុលាការឧក្រិដ្ឋកម្មអន្តរជាតិ ឲ្យបានឆាប់ ព្រោះមានតែតុលាការទេ ដែលអាចធានានូវយុត្តិធម៌ជូនកម្ពុជា និងអាចការពារខ្សែបន្ទាត់ព្រំដែនដែលបន្សល់ទុកពីសម័យបុរាណបាន ។

  លោក ម៉ែន ណាត បានមានប្រសាសន៍ថា “ជុំវិញសកម្មភាពដែលយោធាថៃ ពង្រីកការឈ្លានពាននៅតាមព្រំដែននេះ យើងឃើញថា ថៃ បែកគំនិតច្រើនណាស់ បែកគំនិតតាមរយៈការដុតបំផ្លាញព្រៃឈើធម្មជាតិ បែកគំនិតបំផ្លាញផ្លែឈើ ដំណាំរបស់ប្រជាពលរដ្ឋ ហើយនិងពង្រីកការឈ្លានពានតាមរយៈការជីកប្រឡាយ ការដាក់បន្លាលួស ការធ្វើសំណង់រឹងដទៃៗទៀត រួមទាំងការបំផ្លិចបំផ្លាញផ្ទះប្រជាពលរដ្ឋ រួមទាំងការបំផ្លិចបំផ្លាញទីអារាម និងបំផ្លិចបំផ្លាញប៉ុស្តិ៍យោធាខ្មែរ អីជាដើម អាហ្នឹងហើយការបែកគំនិត ។ ការបែកគំនិតធ្ងន់ធ្ងរ ដែលយើងលើកអំពីរឿងការដុតបំផ្លាញព្រៃឈើនេះ យើងនឹកឃើញដល់សម័យលង្វែក ព្រោះសម័យលង្វែកហ្នឹង សៀម ប្រើវិធីសាស្រ្តបាចប្រាក់ដួង ក្នុងព្រៃឬស្សី ដើម្បីវ៉ៃបំបែកបន្ទាយលង្វែក ហើយដុត ឥឡូវហ្នឹង គឺថៃ ដុតព្រៃហ្នឹង គឺឆេះរាលដាលរហូតដល់ផ្ទះប្រជាពលរដ្ឋខ្មែរ ហើយថ្មីៗនេះ ទាហានខ្មែរម្នាក់ស្លាប់ ដោយសារអារឿងទៅពន្លត់ភ្លើងព្រៃហ្នឹង មិនដឹងថា វាមានបញ្ហាអី ក៏ស្លាប់ទៅ ។ អ៊ីចឹងអាហ្នឹងគឺអំពើឃោរឃៅណាស់ ការដុតព្រៃ បង្កការឆេះរាដាលហ្នឹង អាហ្នឹងជាឧក្រិដ្ឋកម្មហើយមែនទែន អាហ្នឹងជាឧក្រិដ្ឋកម្មបំផ្លាញធនធានធម្មជាតិ ។ ម៉្លោះហើយយើងបារម្ភថា តើកម្ពុជា ធ្វើម៉េចទប់ស្កាត់ក្នុងរឿងហ្នឹង? ហើយខ្ញុំសរសេរថា បងប្អូនយល់យ៉ាងម៉េចហ្នឹង? ហើយតើរដ្ឋាភិបាលកម្ពុជាហ្នឹង មានឡានទឹកគ្រប់គ្រាន់ ដើម្បីទៅពន្លត់អគ្គិភ័យទេ? តើកម្ពុជា មានយន្តហោះដើម្បីទៅពន្លត់អគ្គិភ័យពីលើមេឃមកទេ? អាហ្នឹងវាអ៊ីចឹង ។ បើកម្ពុជា គ្មាន អាហ្នឹងជាបញ្ហា បើខាងថៃ គេមាន ចំណែកខាងកម្ពុជា បើគ្មានយន្តហោះពន្លត់អគ្គិភ័យ គឺអាហ្នឹងគឺជាកម្សោយរបស់កម្ពុជា ។ ដោយសារអី? ដោយសារកម្ពុជា ហ្នឹង វាសប្បាយនឹងអំពើពុករលួយ កិបកេងផលប្រយោជន៍ជាតិខ្លាំងណាស់ កន្លងទៅហ្នឹង ហើយដល់ពេលប្រទេសជួបប្រទះនូវសង្រ្គាមរាំងជល់ជាមួយសៀម យើងស្អីក៏គ្មាន គឺមានការខ្វះខាតគ្រប់ច្រក ល្ហកទាំងអស់ ទាំងសម្ភារៈយោធា ទាំងជីវភាពយោធា ទាំងសព្វាវុធ គឺខ្វះខាតសម្បើមណាស់“ ។

លោក ម៉ែន ណាត បានមានប្រសាសន៍បន្តថា “អ៊ីចឹងហើយដែលធ្វើឲ្យយើងវាគ្រោះថ្នាក់ខ្លាំង នៅពេលដែលជួបប្រទះនូវសង្រ្គាមកន្លងទៅហ្នឹង ហើយបច្ចុប្បន្ននេះរដ្ឋាភិបាលកម្ពុជា ត្រូវគិតគូរឲ្យមែនទែន តើគ្រប់មធ្យោ បាយដែលថៃ បែកគំនិតធ្វើនេះ ធ្វើនោះ ដើម្បីឈ្លានពានហ្នឹង? ត្រូវតែរកមធ្យោបាយទប់ ហើយត្រូវតែឆ្លើយតប ។ ក្រសួងការបរទេស ហើយនិងក្រសួងការពារជាតិហ្នឹង ត្រូវធ្វើការឆ្លើយតបឲ្យបានទាន់ពេលវេលា ដើម្បីទប់ ស្កាត់សកម្មភាពហ្នឹង ។ ក្រសួងការបរទេស ទទួលខុសត្រូវធ្វើការងារកំណត់ទូត និងការតវ៉ាជាមួយនឹងរដ្ឋា ភិបាលថៃ ។ ឯក្រសួងការពារជាតិ ត្រូវតែការពារខ្លួន ប្រើសិទ្ធិស្របច្បាប់ តាមច្បាប់អន្តរជាតិ ការពារខ្លួន ទប់ ស្កាត់អំពើឈ្លានពានគឃ្លើនណាមួយពីសំណាក់ថៃ មកលើកម្ពុជា ។ ប៉ុន្តែនិយាយពីរឿងហ្នឹង ជាបញ្ហាចោទ គឺសព្វថ្ងៃហ្នឹង សៀម ធ្វើសកម្មភាពតាមទំនើងចិត្ត ធ្វើការឈ្លានពានតាំងពីដែនគោក រហូតដល់ដែនសមុទ្រ ហើយភាគីកម្ពុជា យើងហាក់ដូចជាមិនទាន់មានចំណាត់ការអីទេ ។ ក្រសួងការពារជាតិហ្នឹង មិនឲ្យពួកទាហានជួរមុខ ធ្វើការងារតបតអីទេ សុខចិត្តឈរមើលគេពង្រីកការឈ្លានពាន ឈរមើលគេដាក់បន្លាលួស ឈរមើលគេដាក់កុងតឺន័រ ឈរមើលគេធ្វើសំណង់រឹងនៅក្នុងទឹកដីខ្មែរ អាហ្នឹងវាជារឿងអកុសលមួយ ។ ដូច្នេះកម្ពុជា ពិចារណាឡើងវិញ លើរឿងទាំងអស់ហ្នឹង ហើយត្រូវចាត់វិធានការឆ្លើយតបឲ្យបានទាន់ពេលវេលា រួមទាំងការតវ៉ាការទូតលើឆាកអន្តរជាតិ ឲ្យខ្លាំងក្លា ហើយទីបំផុត គឺត្រូវតែប្រមូលឯកសារ ប្ដឹងឲ្យបានឆាប់ ទៅតុលាការយុត្តិធម៌អន្តរជាតិ និងតុលាការឧក្រិដ្ឋកម្មអន្តរជាតិ ។ មានតែតុលាការទេ ដែលអាចធានានូវយុត្តិធម៌ជូនកម្ពុជា បាន ហើយអាចការពារខ្សែបន្ទាត់ព្រំដែនដែលបន្សល់ទុកពីសម័យបុរាណបាន“ ។

 គួររំលឹកថា តាមឯកសារប្រវត្តិសាស្រ្ត សម័យលង្វែក គឺជាសម័យក្រោយពីរជ្ជកាលព្រះបាទពញាយ៉ាត។ ប្រទេសកម្ពុជា កើតមានចម្បាំងជាច្រើនលើកជាច្រើនសានៅក្នុងសម័យនោះ។ រាជធានី ត្រូវបានផ្លាស់ប្តូរជាច្រើនកន្លែងវិលចុះវិលឡើងពីក្រុងអង្គរ ទួលបាសាន ស្ថិតនៅក្នុងខេត្តកំពង់ចាម, ចតុមុខ នៅរាជធានីភ្នំពេញ និងលង្វែកនៅខេត្តកំពង់ឆ្នាំង ។ បន្ទាយលង្វែក គឺជាទីតាំងប្រវត្តិសាស្រ្តខ្មែរ ដែលស្ថិតនៅក្នុងស្រុកកំពង់ត្រ ឡាច ខេត្តកំពង់ឆ្នាំង និងជាកន្លែងយុទ្ធសាស្រ្តមួយ មានទន្លេ បឹង និងព្រែក តែក្រោយមក នៅឆ្នាំ១៥៩៣ បន្ទា យនេះ ត្រូវបានសៀម វាយបំបែក យកទៅជាចំណុះរបស់ខ្លួន ដែលរឿងនេះត្រូវបានកើតឡើងនៅក្នុងរជ្ជកាលព្រះបាទសត្ថាទី១ ។ សម័យលង្វែក គឺជាសម័យមួយ ដែលមានចម្បាំងជាច្រើនជាងគេ នៅក្នុងចំណោមសម័យផ្សេងៗទាំងអស់ ព្រមទាំងមានការឈ្លានពានពីសំណាក់សៀម មកលើប្រទេសកម្ពុជា ថែមទៀតផងដែរ ។ នៅក្នុងសម័យលង្វែក មានស្តេចចំនួន៥អង្គ ដែលបានគ្រប់គ្រងសោយរាជ្យ។ ទី១ គឺស្តេចកន (១៥១២-១៥២៥) ទី២ គឺអង្គចន្ទទី១ ឬពញាចន្ទ (១៥១៦-១៥៦៦) ទី៣ បរមរាជាទី៤ (១៥៦៦-១៥៧៦) ទី៤ គឺព្រះបាទសត្ថាទី១ ឬបរមរាជា (១៥៧៦-១៥៨៦) និងទី៥ ព្រះជ័យជេដ្ឋាទី១ (១៥៨៦-១៥៩៤)។

នៅឆ្នាំ ១៥៨៨ សៀមបានលើកទ័ពចូលទន្ទ្រានខ្មែរ យ៉ាងកំរោល ហើយបានវាយយកបន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ រហូតដល់ស្រុកបរិបូណ៌ ព្រមទាំងហ៊ុមព័ទ្ធបន្ទាយលង្វែក ទៀតផង។ ពួកវាព័ទ្ធបន្ទាយលង្វែក អស់ រយៈពេល៣ខែ‌ តែត្រូវបាក់ទ័ពរត់ខ្ចាត់ខ្ចាយទៅវិញ ដោយសារខ្វះស្បៀង និងកើតជំងឺឆ្លង។ មុនទៅវិញ សៀម បានប្រើល្បិចបាចប្រាក់ដួង ជាច្រើន ចូលក្នុងគុម្ពឫស្សី ដែលជារបងការពារបន្ទាយលង្វ‌ែ‌ក។ សៀម យកប្រាក់ដួង ចំនួន ៥០០០ដួង‌ ច្របល់នឹងគ្រាប់សំណ ច្រកក្នុងកាំភ្លើ‌ងធំ‌តូ‌ច‌ បាញ់ចេញអស់វេលា៣ថ្ងៃ។ ប្រជារាស្ត្រខ្មែរ នាំគ្នាកាប់ឆ្ការគុម្ពឫស្សី ដើម្បីយកប្រាក់ដួង ទាល់តែរេចរឹលគុម្ពឫស្សីអស់។ នៅឆ្នាំ១៥៩៤ ដោយដឹងថាគុម្ពឫស្សី រេចរឹលអស់ហើយ សៀម បានលើកទ័ពមកម្ដងទៀត ហើយនៅទីបំផុត បន្ទាយលង្វែក ត្រូវសៀម វាយបែក យក បាន ។ ពួកសៀម បានប្រមូលរតនភណ្ឌ អស់ពីបន្ទាយលង្វែក រួមជាមួយព្រះគោ ព្រះកែវ ទ្រព្យសម្បត្តិ‌ក្បួនខ្នាត និងឯកសារផ្សេងៗជាច្រើន យកទៅស្រុកសៀម ។ ក្រោយពីបែកបន្ទាយលង្វែក ប្រទេសកម្ពុជាអស់ ឫទ្ធានុភាព ហើយធ្លាក់ទៅជារដ្ឋទន់ខ្សោយមួយ នៅតំបន់អាស៊ីអាគ្នេយ៍។ ខ្មែរ បានបាត់បង់កេតនភណ្ឌជាតិ ក្បួនច្បាប់ អ្នកប្រាជ្ញ បណ្ឌិត ហើយវប្បធម៌ខ្មែរ ក៏ត្រូវសៀម ឆក់ប្លន់យកទៅប្រទេសវា ស្ទើរតែអស់រលីង។ ប្រទេសជាតិ ធ្លាក់ទៅក្នុងភាពអនាធិបតេយ្យ ហើយគ្រោះទុរភិក្ស បានចូលមកយាយីប្រជារាស្ត្រខ្មែរ ពេញផ្ទៃប្រទេស…។

ប្រវត្តិសាស្រ្តសម័យលង្វែក បានធ្វើឲ្យអ្នកសិក្សាប្រវត្តិសាស្រ្ត និស្សិត បណ្ឌិត បញ្ញវន្ត និងអ្នកជាតិនិយម ចងចាំ និងឈឺចាប់មិនអាចបំភ្លេចបានទេ ហើយនៅតាមឃ្លាំមើល និងសង្កេតឃើញថា តាំងពីសម័យលង្វែក មកដល់សម័យព្រះរាជាណាចក្រកម្ពុជាទី២ នេះ ថៃ មិនបានបោះបង់គំនិតទុច្ចរិត លោភលន់ ក្នុងការចង់បានទឹកដីកម្ពុជា នោះទេ គឺនៅរកវិធីធ្វើសង្រ្គាម ដើម្បីដណ្ដើមទឹកដីកម្ពូជា ។ ជាក់ស្ដែង ចូលដល់ឆ្នាំ២០២៥ ខណៈដែលវិទ្យាសាស្រ្ត និងសម័យបច្ចេកវិទ្យាកំពុងតែរីកចម្រើន ហើយពិភពលោករួមគ្នាលើកកម្ពស់សន្តិភាព ថៃ បានបន្តរករឿង ដោយការធ្វើសង្រ្គាមឈ្លានពានមកលើកកម្ពុជា ចំនួន២លើក គឺលើកទី១ មានរយៈពេល៥ថ្ងៃ ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៨ ខែកក្កដា និងលើកទី២ មានរយៈពេល ២១ថ្ងៃ ពីថ្ងៃទី៧ ដល់ថ្ងៃទី២៧ ខែធ្នូ ។ ក្រោយសង្រ្គាមលើកទី២ បានបញ្ចប់ តាមរយៈកិច្ចព្រមព្រៀងបទឈប់បាញ់ រវាងគណៈកម្មាធិការព្រំដែនទូទៅ GBC ដែលចុះហត្ថ លេខាដោយប្រមុខដោយការពារជាតិ នៃប្រទេសទាំងពីរ នៅខេត្តឈុនបុរី ប្រទេសថៃ កាលពីថ្ងៃទី២៧ ខែ តុលា ឆ្នាំ២០២៥ យោធាថៃ មិនបានគោរពកិច្ចព្រមព្រៀង បទឈប់បាញ់នោះទេ គឺបានឈ្លានពានកាន់កាប់លើទឹកដីកម្ពុជា ចំនួន១៤តំបន់ ។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសនិងសហប្រតិ បត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា ចេញផ្សាយកាលពីខែមករា ឆ្នាំ២០២៦ ហើយមកដល់ចុងខែកុម្ភៈ ឆ្នាំ២០២៦ នេះ មានប្រភពព៌ត៌មានជាច្រើនអះអាងថា ថៃ កំពុងពង្រីកការឈ្លានពានលើទឹកដីកម្ពុជា និងធ្វើសកម្មភាពថ្មីៗ ដូចជា បន្តសាងសង់ហេដ្ឋារចនាសម្ព័ន្ធ ដាក់កុងតឺន័រ រាយលួសបន្លា ព័ទ្ធយកទឹកដីខ្មែរ នៅក្នុងតំបន់ព្រំដែនខេត្តព្រះវិហារ ឧត្ដរមានជ័យ បន្ទាយមានជ័យ និងពោធិ៍សាត់ ជាដើម ។

អ្វីគួរឲ្យភ្ញាក់ផ្អើល ប្រភពពីយោធាខ្មែរ ដែលប្រចាំការនៅតំបន់ប្រាសាទតាមាន់ធំ បានអះអាងថា មានទាហានខ្មែរម្នាក់ បានស្លាប់ក្នុងឧបទ្ទវហេតុភ្លើងឆេះព្រៃ នៅតំបន់ប្រាសាទតាមាន់ធំ ក្នុងស្រុកបន្ទាយអម្ពិល ខេត្តឧត្តរ មានជ័យ។ ទាហានខ្មែរ ដែលត្រូវភ្លើងឆេះស្លាប់នោះ គឺលោក រៀម ឃឿន ជាទាហានប្រចាំការនៅតំបន់ប្រា សាទតាមាន់ធំ ដែលបានបាត់ខ្លួន កាលពីថ្ងៃទី២០ ខែកុម្ភៈ បន្ទាប់ពីលោកបានទទួលភារកិច្ចឱ្យទៅពន្លត់ភ្លើងឆេះព្រៃ នៅតំបន់នោះ ។

ប្រភពមួយ អះអាងថា សាកសពរបស់លោក រៀម ឃឿន ត្រូវគេរកឃើញនៅខាងត្បូងប្រាសាទតាក្របី នៅព្រឹកថ្ងៃទី២១ ខែកុម្ភៈ ក្នុងសភាពឆេះខ្លោចស្បែក និងសាច់ក្លាយជាធ្យូង។ ទាហានខ្មែរ ដែលឈរជើងក្នុងអង្គ ភាពជាមួយគ្នា បានដាក់ការសន្និដ្ឋានថា ករណីនេះ បង្កឡើងដោយភ្លើងឆេះព្រៃ ត្រូវខ្យល់បក់និងឆេះកាត់ផ្លូវ ធ្វើឱ្យលោក រៀម ឃឿន មិនអាចដកថយបាន ទើបបណ្ដាលឱ្យឆេះស្លាប់។

  លោក ម៉ែន ណាត បញ្ជាក់ថា រូបភាពភ្លើងឆេះព្រៃ នៅតំបន់តាមាន់ធំ ដែលបណ្ដាលឲ្យកងទ័ពជួរកម្ពុជា ម្នាក់ស្លាប់នេះ បង្ហាញថា ទាហានថៃ ដែលកំពុងឈរជើងនៅតំបន់នេះ ជាអ្នកដុតបំផ្លាញ  ទើបលោកហ៊ានអះអាងថា សកម្មភាពរបស់ទាហានថៃ ក្នុងដែនអធិបតេយ្យរបស់កម្ពុជា គឺជាពង្រីកការឈ្លានពានក្នុងដែនអធិបតេយ្យកម្ពុជា និងជាការបំពានច្បាប់អន្តរជាតិ យ៉ាងធ្ងន់ធ្ងរ ។

 ទោះបីជាយ៉ាងណា ប្រភពផ្សេងមួយទៀត អះអាងថា នៅក្នុងរដូវប្រាំង ឆ្នាំនេះ មានហេតុការណ៍ភ្លើងឆេះព្រៃ ជាច្រើនទីតាំង ក្នុងតំបន់តាមបណ្ដោយព្រំដែន ដូចជា នៅតំបន់ជាំតែ មុំបី ចុងបូក ប្រាសាទតាមាន់ធំ ប្រាសាទខ្នារ តំបន់អូរស្មាច់ និងនៅតំបន់ថ្មដា ជាដើម ដែលទាហានថៃ ជាអ្នកប្រព្រឹត្ត តែបែរជាចោទប្រកាន់មកលើទាហានខ្មែរ ថាមានចេតនាដុតព្រៃ ដើម្បីរំខានទាហានថៃ រហូតដល់ថ្នាក់ព្រមានពីការផ្ទុះសង្គ្រាមលើកទីបីទៀតផង។ ប៉ុន្តែទោះបីជាយ៉ាងណា កម្ពុជា នៅតែរក្សាជំហរស្រឡាញ់សន្តិភាព គោរពបទឈប់បាញ់ និងដោះ ស្រាយបញ្ហាដោយសន្តិវិធី តាមផ្លូវការទូត និងច្បាប់អន្តរជាតិ ៕ កុលបុត្រ

RELATED ARTICLES