ខេត្តតាកែវ ៖ លោកទ្រី ឆាយ នាយកវិទ្យាល័យ ជាស៊ីមតាកែវ ត្រូវបានរដ្ឋមន្ត្រីក្រសួងអប់រំ យុវជននិងកីឡា សម្រេចផ្លាស់ប្តូរដោយបង្ខំ ឱ្យទៅបម្រើការងារនៅមន្ទីរអប់រំ យុវជននិងកីឡាខេត្តតាកែវ បន្ទាប់ពីក្រសួងអប់រំ បានរកឃើញថា លោកទ្រី ឆាយ នាយកវិទ្យាល័យជាស៊ីមតាកែវ មានកំហុសឆ្គងលើការគ្រប់គ្រងថវិកាសាលា (ស៊ីដាច់លុយ ៣៤លានរៀល)។

រដ្ឋមន្ត្រីក្រសួងអប់រំ បានសម្រេចថា ទី១-ធ្វើការផ្លាស់ដោយបង្ខំលោក ទ្រី ឆាយ នាយកវិទ្យាល័យ ជាស៊ីម តាកែវ ឱ្យទៅបម្រើការងារនៅអង្គភាពក្រោមឱវាទមន្ទីរអប់រំ យុវជននិងកីឡាខេត្តតាកែវ។
ទី២-បង្កើតគណៈកម្មការគ្រប់គ្រងបណ្តោះអាសន្នវិទ្យាល័យ ជាស៊ីមតាកែវ ដែលដឹកនាំដោយថ្នាក់ដឹកនាំមន្ទីរអប់រំ យុវជននិងកីឡាខេត្តតាកែវ ដើម្បីធានានិរន្តរភាពនិងប្រសិទ្ធភាពការងារ រហូតដល់មានការជ្រើសរើស នាយក ឬនាយិកាថ្មី។
ទី៣-លោក ទ្រី ឆាយ និងអ្នកពាក់ព័ន្ធ ត្រូវបង្វែរសាច់ប្រាក់ ចំនួន ៣៤ ១១២ ៦០០រៀល ចូលថវិកាសាលាលោកឡោ វីរិទ្ធ ប្រធានមន្ទីរអប់រំ យុវជននិងកីឡាខេត្តតាកែវ បានឱ្យដឹងថា ពិតជាមានការផ្លាស់ប្តូនាយកវិទ្យាល័យ ជាស៊ីមតាកែវ ពិតប្រាកដមែន ហើយករណីនេះ គឺយោងទៅតាមលិខិតរបស់ក្រសួងអប់រំ និងមានការពិភាក្សាជាមួយអភិបាលខេត្ត និងអភិបាលរងខេត្ត ទទួល បន្ទុក ដោយសម្រួលភារកិច្ចលោក ទ្រី ឆាយ ឱ្យមកបម្រើការងារនៅមន្ទីរអប់រំ។

លោកប្រធានមន្ទីរអប់រំយុវជននឹងកីឡាខេត្ត បានបញ្ជាក់ថា ចំពោះការផ្លាស់ប្តូលោកនាយកវិទ្យាល័យ ជាស៊ីម តាកែវ គឺពាក់ព័ន្ធទៅនឹងនីតិវិធីនៃការប្រើប្រាស់ថវិការរបស់សាលា៕