Saturday, February 28, 2026
Homeសន្ដិសុខសង្គមសន្តិសុខសង្គមខឹងឪបញ្ចាំម៉ូតូ មិនឱ្យជិះ កូនទាញកាំបិត ដេញកាប់

ខឹងឪបញ្ចាំម៉ូតូ មិនឱ្យជិះ កូនទាញកាំបិត ដេញកាប់

ខេត្តតាកែវ ៖ យុវជនម្នាក់ តែងប្រើប្រាស់ថ្នាំញៀន ជាប្រចាំ និងតែងជិះម៉ូតូដើរលេងប៉ោឡែ ជារៀងរាល់ថ្ងៃ ទើបឪពុកខ្លាចកូនប្រុសយកម៉ូតូទៅលក់ ឬបញ្ចាំ ទិញថ្នាំញៀនជក់ ក៏សម្រេចចិត្តយកម៉ូតូទៅដាក់បញ្ចាំ លុះកូនប្រុសរំអុកឱ្យឪពុកទៅលោះម៉ូតូមកវិញ មិនបានតាមបំណង ក៏ខឹងសម្បា ទាញកាំបិតដេញកាប់ឪពុក រត់ពេញភូមិ រហូតដល់បុរសជាឪពុកទ្រាំលែងបាន ក៏ប្តឹងសមត្ថកិច្ចចាប់វាយខ្នោះកូនប្រុសកំណាច យកទៅចាត់ការតាមច្បាប់។

ករណីអំពើហិង្សាក្នុងគ្រួសារនេះ បានកើតឡើង កាលពីរីសៀលថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៦ នៅចំណុចភូមិស្រែគ្រួ ឃុំជាងទង ស្រុកត្រាំកក់។

កូនប្រុសកំណាចដែលដេញកាប់ឪពុក ត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះខុន ដូច ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរមិនពិតប្រាកដ (មានសារធាតុញៀន)។ ចំណែកជនរងគ្រោះ ជាឪពុក មានឈ្មោះម៉ុម បេ អាយុ៥០ឆ្នាំ មុខរបរកសិករ។ ឪពុកកូនអ្នកទាំងពីរ មានលំនៅក្នុងភូមិស្រែគ្រួ ឃុំជាងទង ស្រុកត្រាំកក់។

តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា កាលពីរសៀលថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៦ កម្លាំងសមត្ថកិច្ចស្រុកត្រាំកក់ បានធ្វើការឃាត់ខ្លួនយុវជនម្នាក់ ពាក់ពន្ធករណីអំពើហិង្សាក្នុងគ្រួសារ គំរាមកំហែងថានឹងសម្លាប់ ដោយយកកាំបិតក្រងុក ដេញកាប់ឪពុកបង្កើតខ្លួនឯង រត់ពេញភូមិ មូលហេតុខឹងឪពុកយកម៉ូតូទៅបញ្ចាំ។

ប្រភពដដែល បន្តថា មុនពេលកើតហេតុ ជនសង្ស័យឈ្មោះខុន ដូច បានរំអុកឪពុក ឱ្យទៅលោះម៉ូតូរបស់ខ្លួន ដែលឪពុកដាក់បញ្ចាំនោះ យកមកវិញ ប៉ុន្តែឪពុកមិនព្រមធ្វើតាមគំនិតកូនទេ ព្រោះដឹងច្បាស់ថា កាលណាមានម៉ូតូឱ្យជិះ ពិតមានបញ្ហាកាន់តែធំ។ ដោយសារតែខឹងឪពុកមិនព្រមទៅលោះម៉ូតូមកវិញ ស្រាប់តែកូនប្រុសកំ ណាច បានផ្ទុះកំហឹង ទាញកាំបិតដេញកាប់ឪពុកបង្កើត ធ្វើឱ្យបុរសជាឪពុក ភ័យ រត់គេចពេញភូមិ។

ក្រោយកើតហេតុ ដោយទ្រាំនឹងទង្វើរបស់កូនប្រុសកំណាចរូបនេះតទៅទៀតលែងបាន ទើបបុរសរងគ្រោះជាឪពុក បានសម្រេចដាក់ពាក្យបណ្តឹងឱ្យសមត្ថកិច្ចជួយអន្តរាគមន៍។

បន្ទាប់ពីទទួលបានពាក្យបណ្តឹងរបស់ជនរងគ្រោះ និងមានបទបញ្ជាពីលោកឧត្តមសេនីយ៍ទោស្នងការនគរបាលខេត្តតាកែវ ព្រមទាំងមានការសម្របសម្រួលពីស្ថាប័នអយ្យការអមសាលាដំបូង កម្លាំងសមត្ថកិច្ចបានចុះអន្តរា គមន៍ធ្វើការឃាត់ខ្លួនជនសង្ស័យជាកូនប្រុសខាងលើ ព្រមទាំងដកហូតបានវត្ថុតាង កាំបិតក្រងុក ១ដើម នាំយកមកសាកសួរ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យខាងលើ បានឆ្លើយសារភាពថា ខ្លួនពិតជាបានកាន់កាំបិតដេញកាប់ឪពុកបង្កើតប្រាកដមែន មូលហេតុព្រោះតែខឹងឪពុក យកម៉ូតូទៅបញ្ចាំ មិនឱ្យខ្លួនជិះ ហើយមិនព្រមទៅលោះម៉ូតូ យកមកវិញ។

ជនសង្ស័យខាងលើ រួមនិងវត្ថុតាង ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញ រៀបចំកសាងសំណុំរឿង បញ្ជូនទៅចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES