Friday, February 27, 2026
Homeសន្ដិសុខសង្គមសន្តិសុខសង្គមយាយជរា៨២ឆ្នាំ ភ្លើងឆេះផ្ទះ

យាយជរា៨២ឆ្នាំ ភ្លើងឆេះផ្ទះ

ភ្នំពេញ ៖ ស្ត្រីវ័យជរាម្នាក់ កំពុងសម្រាន្តលក់នៅក្នុងផ្ទះ ស្រាប់តែកើតមានហេតុការណ៍អគ្គិភ័យឆាបឆេះផ្ទះយ៉ាងសន្ធោ សន្ធៅផ្អើលដល់ប្រជាពលរដ្ឋ ស្ទុះទៅជួយសង្គ្រោះចេញមកក្រៅទាន់ពេល ខណៈដែលផ្ទះទាំងមូល ត្រូវក្លាយជាចំណីភ្លើងហ្មត់។

ហេតុការណ៍គ្រោះអគ្គិភ័យនេះ បានកើតឡើង កាលពីវេលាម៉ោង ៧និង១៩នាទីយប់ ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៦ នៅត្រង់ចំណុចផ្ទះលេខ៨៩ ផ្លូវលំ ភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ។

ផ្ទះដែលរងការឆាបឆេះ មានទំហំ ៧ម៉ែត្រ គុណនឹង ៩ម៉ែត្រ សង់អំពីឈើលើថ្មក្រោម មានម្ចាស់ឈ្មោះ សួន យ៉ាន ភេទស្រី អាយុ៨២ឆ្នាំ មុខរបរនៅផ្ទះ (ចាស់ជរា) ស្នាក់នៅផ្ទះកើតហេតុខាងេលី។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុ ផ្ទះខាងលើ មានមនុស្សចាស់ស្នាក់នៅខាងក្រោម ចំណែកខាងលើ មានក្មួយប្រុសម្នាក់ មានសតិមិនល្អ ស្នាក់នៅ។ លុះពេលកើតហេតុ មិនដឹងថាមានរឿងអ្វីនោះទេ ស្រាប់តែឮសំឡេងផ្ទុះ ហើយក៏មានអណ្តាតភ្លើងឆេះសន្ធោសន្ធៅតែម្តង ទើបផ្អើលពលរដ្ឋរស់នៅក្បែរនោះ នាំគ្នាពន្លត់ និងជួយសង្គ្រោះស្ត្រីជរាជាម្ចាស់ផ្ទះ ចេញមកក្រៅ ហើយអ្នកខ្លះទៀតបានរាយ ការណ៍ជូនអាជ្ញាធរ និងសមត្ថកិច្ច ចេញរថយន្តពន្លត់អគ្គិភ័យ ចុះជួយអន្តរាគមន៍ភ្លាមៗ។

លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យនគរបាលបង្ការពន្លត់ អគ្គិភ័យនិងសង្គ្រោះ បានបញ្ជាក់ប្រាប់ថា  ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានណែនាំដល់កម្លាំងជំនាញការិយាល័យនគរបាលបង្ការ ពន្លត់អគ្គិភ័យនិងសង្គ្រោះ ត្រូវធ្វើការយកចិត្តទុកដាក់ខ្ពស់នៅក្នុងប្រតិបត្តិការជួយសង្គ្រោះប្រជា ពលរដ្ឋឱ្យបានទាន់ពេលវេលា លោកបានដឹកនាំបញ្ជាផ្ទាល់ ដល់កងកម្លាំងសមត្ថកិច្ចជំនាញ ឱ្យចេញជួយអន្តរាគមន៍បាញ់ទឹកពន្លត់ឱ្យទាន់ពេលវេលា។

លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន បានឱ្យដឹងថា នៅក្នុងប្រតិបត្តិការខាងលើនេះ កម្លាំងសមត្ថកិច្ចជំនាញ បានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យ ចំនួន៨គ្រឿង ក្នុងនោះរថយន្តពន្លត់អគ្គិភ័យរបស់ការិយាល័យរាជធានីភ្នំពេញ ចំនួន៦គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន៤ឡាន ស្មើនឹង ២៤ម៉ែត្រគូប រថយន្តពន្លត់អគ្គិភ័យរបស់ក្រុមហ៊ុនស្រាបៀរកម្ពុជា ចំនួន១គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ១ឡាន ស្មើនឹង ៦ម៉ែត្រគូប និងរថយន្តសង្គ្រោះមន្ទីរពេទ្យបង្អែកដង្កោ ចំនួន១គ្រឿង។

ចំពោះសំណង់រងគ្រោះ ជាប្រភេទផ្ទះឈើលើ ថ្មក្រោម ទំហំ ៧ម៉ែត្រ គុណនឹង ៩ម៉ែត្រ ឆេះខូចខាតរួមមាន កង្ហារ ពូក ទូដាក់ខោអាវ គ្រែ តុ រួមទាំងសម្ភារៈមួយចំនួនទៀត។ ករណីខាងលើនេះ ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញបានគ្រប់គ្រងទាំងស្រុង នៅម៉ោង៨យប់ ថ្ងៃដដែល។

លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យ បានបញ្ជាក់ថា ចំពោះហេតុការណ៍គ្រោះអគ្គិភ័យនេះ កម្លាំងសមត្ថកិច្ចជំនាញបានធ្វើការស្រាវជ្រាវរកឃើញថា បណ្តាលមកពីការឆ្លងចរន្តអគ្គិសនី បង្កជាអគ្គិភ័យ។ ករណីខាងលើនេះ មិនបានបណ្តាលឱ្យមានអ្នកណារងរបួសឡើយ៕

RELATED ARTICLES