Friday, February 27, 2026
Homeតារាខ្មែររ៉េត ស៊ូហ្សាណា ដៃគូប្រកាសស្នេហ៍

រ៉េត ស៊ូហ្សាណា ដៃគូប្រកាសស្នេហ៍

ភ្នំពេញ ៖ នៅលើឆាកតន្ត្រី កាលពីពេលថ្មីៗនេះ ស្រីស្រស់ រ៉េត ស៊ូហ្សាណា និងលោកយូហៃ ចាប់ដៃគ្នា តែអ្វីដែលគួរឲ្យចាប់អារម្មណ៍ យូហៃ និយាយលេងបន្លំមែន ប្រាប់ទៅ Fan ថា ហ្សាណា ជាសង្សារលោក និងថែមទាំងឆ្លើយតបសំណួរទៅអ្នកគាំទ្រខ្លួនថា លោកស្រលាញ់នាងទៀតផង…។ ចំណែកស្រីស្អាត ស៊ូហ្សាណា គ្មានប្រតិកម្មអ្វីទាំងអស់ចំពោះដៃគូថ្មីរបស់ខ្លួន ប៉ុន្ដែនាងតែងតែបង្ហាញការស្និទ្ធស្នាលជាមួយបុរសខ្ពស់ស្រឡះរូបនេះ ដោយយល់ចិត្ត ទាំងក្នុងនិងក្រៅឆាក ពោលគឺមិនផ្អើលៗដូចជាមួយពេលប៉ះដៃគូប្រុសផ្សេងឡើយ ។

 រ៉េត ស៊ូហ្សាណា បានចេញពីហង្សមាស ចូលផលិតកម្មបារមី ជាង១ឆ្នាំហើយ ដែលតាមពិតទៅ Fan ចង់ឲ្យនាងចាប់ដៃជាមួយតារារ៉េប ម៉ាន់ វណ្ណដា ដើម្បីធ្វើឲ្យទីផ្សារចម្រៀងមានការប្រែប្រួល ប៉ុន្ដែថៅកែ បែរជារុញឲ្យនាងធ្វើជាដៃគូលោកយូហៃ ទៅវិញ។ យ៉ាងណាសម្រាប់ដៃគូទី៤ របស់ស្រីស្រស់រូបនេះ ពិតជាធ្វើឲ្យគេភ្ញាក់ផ្អើល ព្រោះលោកអាចឆក់បានបេះដូងហ្សាណា ឲ្យទុកចិត្តលោកបាន ត្រឹមរយៈពេលខ្លី ព្រោះកន្លងមក នាងមិនដែលស្និទ្ធបុរសណាខ្លាំងក្រៅពីកូនឧកញ៉ា ព្រាប សុវត្ថិ គឺសុវតិ្ថ មុនីនាគ ឡើយ តែពេលពួកគេលែងស្និទ្ធគ្នាដូចមុន តាំងពីឆ្នាំ២០២២ ហើយពេលនេះមុនីនាគ កំពុងច្រៀងនៅផលិតកម្មមួយ និងរស់នៅអាមេរិក នោះមក គឺមានតែយូហៃ នេះហើយ ដែលតារាធ្មេញច្រពើសរូបនេះ ទុកចិត្តជាងគេបំផុត ខណៈម្ដាយនាងដែលតែងតែដើរតាមកូនស្រីតាមឆាកនានា និងឈរក្បែរហ្សាណា ពេលនិយាយជាមួយតារាប្រុសនោះ លោកស្រីក៏មិន តឹងតែងជាមួយយូហៃ ឡើយ ពោលគឺទុកចិត្តលោកដូចមុនីនាគ ដែរ។

អ្នកគាំទ្រមួយចំនួន ចង់ឃើញហ្សាណា និងយូហៃ ក្លាយជាដៃគូស្នេហាមែនទែន ប៉ុន្ដែរឿងដ៏រសើបនេះ បែរជាត្រូវភាគីខាងស្រី នៅស្ងៀមទៅវិញ បើទោះជាខាងប្រុស និយាយត្រង់ៗថា «ស្រលាញ់» តែម្ខាងទៅហើយក្ដី ។

 គួរបញ្ជាក់ថា រ៉េត ស៊ូហ្សាណា អាយុ២៦ឆ្នាំ ប្រឡូកសិល្បៈ ជិត១០ឆ្នាំ និងមិនធ្លាប់មានរឿងអាស្រូវស្នេហាទេ ហើយអំឡុងច្រៀងនៅហង្សមាស ៨ឆ្នាំ នាងធ្លាប់ចាប់ដៃគូជាមួយលោកដួង វីរៈសិទ្ធ, សុវត្ថិ មុនីនាគ និងលីម តិចម៉េង ។ តារាមានត្រេមុខដូចកូនកាត់ជប៉ុន រូបនេះ ទោះជាមិនសូវមានបទល្បីៗដូចមុន  ប៉ុន្ដែនាងរីករាយជាមួយផលិតកម្មថ្មី ព្រោះថៅកែស្រី លោកស្រី ឡូរ៉ា ម៉ម បានផ្ដល់សិទ្ធិពិសេសឲ្យនាង ដូចជា អាចនិពន្ធចម្រៀង Melody និងទំនុកច្រៀង រួមទាំងដឹកនាំសម្ដែង (Director) MV ដោយខ្លួនឯង ទើបបទចម្រៀងដែលនាងសរសេរចេញមក ភាគច្រើនជាភាសារអង់គ្លេស ព្រោះកន្លងមក គេសង្កេតឃើញថា ពេលនាងច្រៀងបទបរទេស ទទួលបានការចាប់អារម្មណ៍ច្រើនជាងបទខ្មែរ។

មជ្ឈដ្ឋានមហាជន កត់សម្គាល់ថា រ៉េត ស៊ូហ្សាណា អាចនឹងលេចធ្លោជាងនេះថែមទៀត ប្រសិនបើនាងចេញបទថ្មី ជាមួយវណ្ណដា បន្ថែមពីលើយូហៃ ព្រោះគិតត្រឹមឆ្នាំ២០២៦ វណ្ណដា នៅតែជាតារារ៉េប នាំមុខគេ របស់ផលិតកម្មមួយនេះ។ អ្វីដែលគួរឲ្យកត់សម្គាល់ គេនឹងបានឃើញច្បាស់ពីសម្ថភាពរបស់ហ្សាណា ថាតើពេលនាងច្រៀងរ៉េប អាចនឹងល្បីថែមទៀត ឬក៍មិនអាចទៅរួច ?

 ប្រភពថា រ៉េត ស៊ូហ្សាណា ត្រូវបានថៅកែផលិតកម្ម កំណត់ឲ្យចេញបទចម្រៀង យ៉ាងទៀងទាត់ ដើម្បីរក្សាលំនឹងទីផ្សារចម្រៀងរបស់នាង ក្រោយនាងចេញបទ «Lost», «Better Off  », «ស្រ្ដីសេរី», «Come Back Home» ចាប់ដៃជាមួយយូហៃ និងបទទើបចេញ «Me &U» កាលពីពេលថ្មីៗនេះ។ អតីតតារាហង្សមាស រូបនេះ តាំងពីជ្រកនៅទ្រនំថ្មី នាងធ្លាប់ចេញទៅច្រៀងសម្ដែងនៅអាមេរិក និងបារាំង ផងដែរ ប៉ុន្ដែតាមឆាកតន្រ្ដីធំៗក្នុងស្រុក នាងមិនសូវចេញមុខច្រើន ដូចអំឡុងច្រៀងនៅហង្សមាស ឡើយ គឺទើបតែនៅទិវានៃក្ដីស្រលាញ់ (Valentine’s Day)១៤ កុម្ភៈ ឆ្នាំ២០២៦ ដែលនាងចាប់ដៃច្រៀងនៅកោះពេជ្រ ជាមួយលោកយូហៃ  ។ ប៉ុន្ដែហ្សាណា នៅតែស្ថិតក្នុងចំណោមតារាវ័យក្មេង ដែលមានទ្រព្យច្រើន ព្រោះគេប្រមាណថា នាងមានលុយផ្ទាល់ខ្លួន មិនក្រោមកន្លះលានដុល្លារឡើយ ក្នុងនោះគិតតែលើផ្ទះ ២ល្វែង  រថយន្ដទំនើប Jeep Rubicon និងហាងសម្លៀកបំពាក់ ជាដើម ៕

RELATED ARTICLES