Wednesday, February 25, 2026
Homeតារាខ្មែរប៉ែន ចំរ៉ុង ក្លាយជាថៅកែកុន

ប៉ែន ចំរ៉ុង ក្លាយជាថៅកែកុន

ភ្នំពេញ ៖ ក្នុងវ័យ៤៤ឆ្នាំ តារាសម្ដែងប្រឡូកសិល្បៈ ២២ឆ្នាំ (២០០២) ទើបតែបានសម្រេចក្ដីស្រមៃធំរបស់ខ្លួន នៅដើមឆ្នាំ២០២៦ នេះ តាមរយៈការវិវឌ្ឍខ្លួនពីតារាសម្ដែង ពិធីករលើឆាកម្នាក់ ក្លាយជាផលិតករប្រតិបត្តិ (executive producer) ភាពយន្ដរបស់ 4 U media រឿង «ភូមិគ្រឹះម្លិះ» បញ្ចាំងនៅតាមរោងភាពយន្ដ នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៦ ។ យ៉ាងណា គេមិនធ្លាប់ឮថា លោកចំរ៉ុង ធ្លាប់បានរៀនពីជំនាញផលិតភាពយន្ដនេះ ពីខាងណាខ្លះទេ ប៉ុន្ដែការធ្វើការងារថតភាពយន្ដនេះ ដដែលៗ ជាង២ទសវត្សមកនេះ វាជាការសន្សំនូវបទពិសោធន៍បន្ដិចម្ដងៗ រហូតលោកបានដឹងច្បាស់ពីការផលិតភាពយន្ដ ហើយពេលនេះ ទោះក្លាយជាថៅកែ ប៉ុន្ដែរឿងទី១ ដែលលោកចេញផលិត ក៏លោកសម្ដែងខ្លួនឯង ជាតួឯកផងដែរ ទើបអ្នកលេងបណ្ដាញសង្គមខ្លះ សា ទរចំពោះលោកចំរ៉ុង ក្នុងការបោះជំហានថ្មីក្នុងវិស័យសិល្បៈ តែខ្លះទៀតថា លោកធ្វើថៅកែផង ធ្វើតួឯកខ្លួនឯងផង ហាក់ដូចជាមិនបែងចែកពីតួនាទីឲ្យច្បាស់សោះ ។

 តាមប្រភពថា នៅក្នុងលិខិតអញ្ជើញ លោកប៉ែន ចំរ៉ុង បានហៅតារារួមអាជីព និងអ្នកពាក់ព័ន្ធក្នុងវិស័យភាពយន្ដ សឹងតែទាំងអស់ ឲ្យចូលរួមទស្សនានិងវាយតម្លៃពីស្នាដៃវណ្ណកម្មដំបូងរបស់ខ្លួន ក្នុងនោះមានដូចជា តារាល្បីៗ ថៅកែផលិតកម្ម អ្នកដឹកនាំភាពយន្ដ និង MV ជាដើម ។ ប៉ុន្ដែលោកចំរ៉ុង មិនបានហៅថៅកែផលិតកម្ម មហាហង្ស លោកអ៊ិន សុភិន ដែលជាអតីតឪក្មេក ឲ្យចូលរួមឡើយ ដែលនេះបញ្ជាក់ថា លោកនិងលោកសុភិន គ្មានថ្ងៃណាអាចវិលទៅរកការរាប់អានគ្នាវិញបានទេ ក្រោយពីលោកបានចែកផ្លូវពីអ្នកនាង ភិន សុដាលីស កូនថៅកែរូបនេះ តាំងពីឆ្នាំ២០១៦ ទាំងចម្រូងចម្រាស ហើយ១០ឆ្នាំមកនេះ អតីតប្រពន្ធលោក អ្នកនាងសុដាលីស នៅតែប្រកាន់ជំហរមិនឲ្យលោកចំរ៉ុង បានជួបមុខកូនស្រីនាង ឈ្មោះKatherina ជាដាច់ខាត ។

ក្រៅពីប៉ែន ចំរ៉ុង តារាដែលវិវឌ្ឍខ្លួនក្លាយទៅជាថៅកែផលិតកម្ម មានដូចជា អ្នកនាង បូនីតា ដាដេណា, ព្រំ រដ្ឋា, មាស សុខសោភា, សាវិន ហ្វីលីព, សុវណ្ណ មករា, ហ៊ុយ យ៉ាឡេង និងខាន់ ជេមស៍ ជាដើម ។ សម្រាប់លោកចំរ៉ុង មុនក្លាយជាផលិតករ លោកធ្លាប់ល្បីតាមរយៈការសម្ដែងភាពយន្ដ និង MV ជាច្រើន តែរឿងដែលគេស្គាល់លោកច្បាស់ជាងគេ កាលពីឆ្នាំ២០១២ «នាយឡប់ ជំពប់ស្នេហ៍» រហូតគេនៅហៅលោកថា នាយឡប់ រហូតមកដល់សព្វថ្ងៃទៀតផង ។

អ្នកជំនាញលិល្បៈបានលើកឡើងថា ការវិវឌ្ឍខ្លួនរបស់លោកចំរ៉ុង ក្លាយជាផលិតករនាពេលនេះ តារាល្បីៗ របស់បរទេស ក៏ធ្វើដូច្នេះដែរ ពោលគឺសម្ដែងៗរឿង ក្លាយជាថៅកែកុន ។ ប៉ុន្ដែតាមព័ត៌មានថា លោកចំរ៉ុង មិនមែនធ្វើថៅកែ តែម្នាក់ឯងទេ គឺលោកចាប់ដៃជាមួយមិត្តភក្ដិនិងអ្នកជំនាញសិល្បៈជិតស្និទ្ធលោក មួយចំនួនទៀត ដើម្បីសម្រេចបានស្នាដៃដំបូងរបស់ខ្លួន ហើយទុនមួយផ្នែកធំរបស់លោក គឺការសម្ដែងជាតួអង្គសំខាន់នៅក្នុងរឿងនោះតែម្ដង ។

គួរបញ្ជាក់ថា ប៉ែន ចំរ៉ុង បានរៀបការភរិយាថ្មី អ្នកនាងហ៊ុន ម៉ាណេ កាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៩ ដែលចំណងស្នេហាជាង៦ឆ្នាំ ទទួលបានកូនស្រី ពីរនាក់។ តារារួមអាជីពភាគច្រើន ជឿជាក់លើស្នាដៃរបស់លោកចំរ៉ុង ថាបទពិសោធន៍ដែលលោកមានទាំងប៉ុន្មាន ក្នុងវិស័យភាពយន្ដ នឹងយកមកបញ្ចេញឲ្យអស់នៅផលិតកម្មខ្លួនឯងជាមិនខាន ខណៈដែលលោកចំរ៉ុង ជោគជ័យភាគច្រើនលើរឿងបែបកំប្លែង និងលេងជាតួបែបឡប់ៗ ហេតុនេះរឿងដែលលោកផ្ដោតវាយលុកទីផ្សារមុនគេនោះ ច្បាស់ជាសំដៅដល់រឿងបែបកំប្លែង ៕

RELATED ARTICLES