ខេត្តស្ទឹងត្រែង ៖ ស្ត្រីម្នាក់ បានអះអាងប្រាប់ប្តីរបស់ខ្លួនថា ត្រូវចោរចូលមកភ្ជង់ប្លន់លុយនិងមាស ដែលខំសន្សំ អស់គ្មានសល់ ធ្វើឱ្យបុរសជាប្តី បានយករឿងមួយនេះទៅបង្ហោះពេញបណ្តាញសង្គម បង្ហាញនូវការអាក់អន់ស្រពន់ចិត្តចំពោះសន្តិសុខ សុវត្ថិភាពក្នុងភូមិ-ឃុំ ពិសេសខេត្តស្ទឹងត្រែង ដែលខ្លួនកំពុងរស់នៅ។ លុះកម្លាំងជំ នាញអាវុធហត្ថ ចុះធ្វើការស្រាវជ្រាវ ក៏បែកធ្លាយរឿងថា តាមពិតស្ត្រីជាប្រពន្ធ បានលួចលាក់ផ្ញើលុយនិងមាសទាំងនោះ ទៅជួយបងស្រីមេម៉ាយ និងផ្ញើទៅព្យាបាលឪពុកម្តាយ នៅមន្ទីរពេទ្យប្រទេសវៀតណាម តែខ្លាចប្តីដឹង ក៏ប្រឌិតថា មានចោរប្លន់។

ករណីខាងលើ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៦ កន្លងទៅ ដោយមានគណនីហ្វេសប៊ុក ឈ្មោះ Bong Leang ដែលបានបង្ហោះសារថា “លោកចោរ ចូលប្លន់ដល់ក្នុងបន្ទប់ ជំរិតយកលុយ ដោយអាវុធកាំភ្លើងខ្លី មួយដើម អស់លុយពីផ្ទះ សឹងតែមិនមានលុយមួយរៀលនៅនឹងខ្លួនទេ មិនទាន់បានបីថ្ងៃផង ឥឡូវកូនឈឺ ចូលពេទ្យទៀត។ ខេត្តស្ទឹងត្រែង ឥឡូវចាប់ផ្តើមមានចោរប្លន់ហើយ សូមបងប្អូនអាជីវករលក់ដូរនានា សូមមានការប្រុងប្រយ័ត្នទាំងអស់គ្នា លុយពិបាករកណាស់ វាមកប្លន់យើង តែបួនដប់នាទី មួយ ភ្លែត គឺអស់ហើយ សូមប្រុងប្រយ័ត្ន អ្នកខេត្តស្ទឹងត្រែង យើង”។
ក្រោយការស្រាវជ្រាវយ៉ាងដិតដល់ ពីមន្ត្រីកងរាជអាវុធហត្ថ ស្ត្រីជាភរិយា ឈ្មោះហាក់ គឹមមួយ អាយុ២៥ឆ្នាំ បានសារភាពថា ខ្លួនពិតជាបានរៀបចំប្រឌិតសាច់រឿងនេះឡើង ដើម្បីភូតកុហកស្វាមី។ ទ្រព្យសម្បត្តិដែលនាងប្រាប់ប្តីថា បាត់បង់ រួមមាន ៖ មាស ១តម្លឹង ៣ជី គ្រឿងអលង្ការ ប្លាទីន តម្លៃប្រមាណ ៣លានរៀល និងលុយ ចំនួន៧លានរៀល។ មាសនិងលុយទាំងនោះ ខ្លួនបានយកទៅជួយបងស្រីបង្កើត ដែលជាស្ត្រីមេម៉ាយកូន៤នាក់ ដើម្បីបើកមុខរបរ និងផ្ញើទៅព្យាបាលឪពុកម្តាយ នៅពេទ្យប្រទេសវៀតណាម ដែលមានជំងឺចាស់ជរា។ ដោយសារខ្លាចប្តីស្តីបន្ទោស ទើបសម្រេចចិត្តបង្កើតរឿងចោរប្លន់នេះឡើងតែម្តង។
ជាគោលការណ៍ច្បាប់ មាត្រា ៥២៤ ៖ ការប្តឹងភូតកុហកដល់អាជ្ញាធរមានសមត្ថកិច្ច ឬអាជ្ញាធរតុលាការ នាំឱ្យមានការស៊ើបអង្កេតឥតប្រយោជន៍ ទោសកំហុស ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារ ពី ១ខែ ដល់៦ខែ និងពិន័យជាប្រាក់ ពី ១សែនរៀល ដល់១លានរៀល។
ទោះជាយ៉ាងណា ដោយមានការយោគយល់និងសន្តោប្រណីពីលោក សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែង លោកកែវ សុធា ព្រះរាជអាជ្ញា អមសាលាដំបូងខេត្ត លោកឧត្តមសេនីយ៍ត្រី សេង សុភាព មេបញ្ជាការកងរាជ អាវុធហត្ថខេត្ត អាជ្ញាធរបានសម្រេចមិនកសាងសំណុំរឿងបញ្ជូនទៅតុលាការឡើយ ដោយយល់ឃើញថា គាត់ធ្វើឡើងដោយខ្វះការពិចារណា និងមានបញ្ហាជីវភាពគ្រួសារ ហេតុនេះសមត្ថកិច្ចគ្រាន់តែធ្វើការអប់រំណែនាំ និងឱ្យធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាពបែបនេះតទៅទៀត។

ក្រោយរឿងរ៉ាវបានលាតត្រដាងការពិត នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៦ បុរសជាប្តី បានបង្ហោះសំណេរតាម គណនីបណ្តាញសង្គម ថា “ខ្ញុំបាទជាម្ចាស់អាខោនហ្វេសប៊ុក ឈ្មោះ Bong Leang បានបង្ហោះរូបភាព ហើយសរសេរខ្លឹមសារដែលមានដូចខាងក្រោមថា មានករណីប្លន់ផ្ទះគ្រួសាររបស់ខ្ញុំបាទ គឺជារឿងមិនពិតទេ តាមពិតគឺជារឿងភរិយារបស់ខ្ញុំបាទ ប្រឌិតឡើងមកទេ ទាំងខ្ញុំបាទពុំបានដឹង ក៏ចេះតែបង្ហោះ ធ្វើឱ្យមានរឿងភាន់ច្រឡំ។ ចុងក្រោយក៏សូមអភ័យទោសដល់ប្រជាពលរដ្ឋនៅក្នុងខេត្តស្ទឹងត្រែង ទាំងអស់ សូមមេត្តាយោគយល់អធ្យាស្រ័យ ដែលខ្ញុំបាទចេះតែបង្ហោះ។ ជាចុងក្រោយ ក៏សូមអភ័យទោសដល់លោកពូអភិបាលខេត្តស្ទឹងត្រែង និង បងៗកងរាជអាវុធហត្ថ ក៏ដូចជាប្រជាពលរដ្ឋក្នុងខេត្តស្ទឹងត្រែង កុំយល់ច្រលំទៀត…”។
នៅថ្ងៃដដែលនោះដែរ លោកសរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែង បានចែករំលែកនូវការបង្ហោះរបស់បុរសខាងលើ ភ្ជាប់ជាមួយសំណេរថា “ប្អូនមានដឹងថា ការប្រឌិតរឿងបែបនេះឡើង ប៉ះពាល់កម្រិតណា ដល់ការខិតខំប្រឹងប្រែង និងកិត្តិយសប្រជាជនខេត្តស្ទឹងត្រែង យើងទេ។ នេះចេះការស្រាវជ្រាវរបស់សមត្ថកិច្ចជំនាញយើងរកឃើញ បើរកមិនឃើញទេ ខេត្តយើងនឹងជាប់ឈ្មោះមិនល្អពីអសន្តិសុខសង្គម ជាក់ជាមិនខាន។ កោតតែភរិយា ប្អូន ចេះនឹកឃើញធ្វើទៅរួច…”។

ជាមួយនេះ អង្គភាពកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋ កុំប្រឌិតរឿងរ៉ាវក្លែងក្លាយ ដែលបង្កឱ្យមានការភ័យខ្លាចក្នុងសង្គម។ ប្រសិនបើមានបទល្មើសពិតប្រាកដ សូមរាយការណ៍មកសមត្ថកិច្ចភ្លាមៗ ដើម្បីចាត់វិធានការតាមច្បាប់៕