ភ្នំពេញ ៖ បុរសម្នាក់ វក់នឹងល្បែងអនឡាញ រហូតដល់ចាញ់អស់លុយពីខ្លួន បានយកម៉ូតូ ទៅបញ្ចាំ ដើម្បីស្រង់ដើម (សេះដាច់ យកសេះតាម) តែចុងក្រោយ អស់ទាំងម៉ូតូទៀត ក៏បែកគំនិតរត់ទៅបោកក្បាលខ្លួនឯង ឱ្យពក រួចប្រឌិតថាមានចោរវាយប្លន់ម៉ូតូ បង្កឱ្យមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ច ចុះស្រាវជ្រាវ ធ្លាយថា យកម៉ូតូទៅបញ្ចាំ លេងល្បែងចាញ់អស់ អត់ហ៊ានចូលផ្ទះ ក៏ប្រឌិតរឿងថាចោរវាយប្លន់។

ហេតុការណ៍នេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង ១០និង៣០នាទីយប់ ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៦ នៅម្តុំកន្លែងលក់ទឹកត្នោតជូរ តាមបណ្តោយផ្លូវលំ ស្ថិតក្នុងភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ។
នៅអំឡុងពេលកើតហេតុភ្លាមៗ បុរសខាងលើ បានទួញយំរៀបរាប់ប្រាប់អ្នកសារព័ត៌មានថា មុនកើតហេតុ ខ្លួនបានជិះម៉ូតូ ១គ្រឿង ម៉ាកហុងដា ឌ្រីម សេ១២៥ ពណ៌ខ្មៅ កាំខ្មៅ ស៊េរីឆ្នាំ២០២១ ពាក់ស្លាកលេខ 1A-7527 (ជាម៉ូតូរបស់ពូ) ធ្វើដំណើរតាមបណ្តោយផ្លូវលំ ខាងលើ ស្រាប់តែមកដល់ចំណុចកើតហេតុ មានជនសង្ស័យ ចំ នួន២នាក់ បានជិះម៉ូតូ ១គ្រឿង ម៉ាកហុងដា ឌ្រីម សេ១២៥ មិនមានស្លាកលេខ បានមកពីក្រោយ រួចយកឈើជ្រុង វាយខ្លួន ចំក្បាល ចំនួន១ដំបង បណ្តាលឱ្យដួលផ្កាប់មុខ ហើយភ្លាមនោះ ពេលដែលខ្លួនប្រុងនឹងក្រោក ឡើង ស្រាប់តែជនសង្ស័យបានចុះមកវាយខ្លួនថែម ១ដំបងទៀត បណ្តាលឱ្យពកក្បាលតែម្តង រួចហើយជន សង្ស័យបានប្លន់ម៉ូតូ ១គ្រឿង (ជាម៉ូតូដែលខ្លួនខ្ចីពូជិះ) និងទូរស័ព្ទ ១គ្រឿង ម៉ាក iPhone 14 Pro Max រួច គេចខ្លួនបាត់ភ្លាមៗ។

បុរសខាងលើ បានបន្តថា នៅពេលកើតហេតុភ្លាមៗ ខ្លួនបានក្រឡេកឃើញមានកង់បី ១គ្រឿង ឈប់នៅក្បែរនោះ ហើយមិនដឹងថា ម្ចាស់កង់បី កំពុងធ្វើអីគ្នាក្នុងនោះទេ (ងងឹតៗ) ទើបប្រឹងវារទៅតោងកង់បី និងស្រែកសុំឱ្យគេជួយ តែម្ចាស់កង់បី មិនព្រមជួយ រួចក៏បើកកង់បី ចេញទៅបាត់ទៀត ហើយបើម្ចាស់កង់បី ព្រមជួយ ច្បាស់ជាតាមទាន់ជនសង្ស័យមិនខាន។
ក្រោយកើតហេតុ បងប្រុសរបស់បុរសខាងលើ បានមកដល់ និងបានសួរនាំប្អូនប្រុស ២-៣ម៉ាត់ រួចក៏វាយប្អូនប្រុស ថែម១ដៃទៀត ធ្វើឱ្យបុរសខាងលើ កាន់តែទួញយំឡាំប៉ាកាន់តែខ្លាំង ថាតូចចិត្ត ព្រោះចោរវ៉ៃប្លន់ម៉ូតូនិងទូរស័ព្ទហើយ បែរជាបងប្រុស វ៉ៃថែមទៀត។
យ៉ាងណា បន្ទាប់ពីមានការភ្ញាក់ផ្អើល កម្លាំងសមត្ថកិច្ច បានចុះមកដល់ និងនាំបុរសដែលអះអាងថា ត្រូវចោរ ប្លន់ម៉ូតូនោះ ទៅប៉ុស្តិ៍ ដើម្បីធ្វើការសាកសួរ។
រហូតដល់ព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៦ សមត្ថកិច្ច បានអញ្ជើញបុរសខាងលើ មកសាកសួរបន្ថែម ទើបដឹងថា បុរសនេះ ចាញ់ល្បែង យកម៉ូតូទៅបញ្ចាំលេងចាញ់អស់ ក៏ប្រឌិតរឿង កុហកថា ចោរប្លន់ម៉ូតូទៅវិញ។
បុរសរូបនេះ បានរៀបរាប់ប្រាប់សមត្ថកិច្ចថា ដោយសារតែងប់ងុលនឹងល្បែងស៊ីសងអនឡាញ រហូតអស់លុយពីខ្លួន ទើបខ្លួនបានទៅខ្ចីម៉ូតូហុងដា ឌ្រីម របស់ពូ ១គ្រឿង ដោយប្រាប់ថា ទៅរកទិញអីហូបបន្តិច លុះបានម៉ូតូហើយ ខ្លួនបានយកម៉ូតូនោះ ទៅបញ្ចាំ បានលុយ ៦៤០ដុល្លារ យកមកចាក់ល្បែងស៊ីសងទៀត រហូតចាញ់អស់លុយពីខ្លួន មិនដឹងដោះស្រាយជាមួយម្ចាស់ម៉ូតូយ៉ាងម៉េច ក៏កុហកថា ត្រូវចោរវាយប្លន់តែម្តង។

បុរសខាងលើ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ៕