Friday, February 13, 2026
Homeសន្ដិសុខសង្គមសន្តិសុខសង្គមកាត់ស្មៅប៉ះដុំថ្ម ភ្លើងឆេះចម្ការ ខូចខាតតាង៉ែន ៣៥០ដើម

កាត់ស្មៅប៉ះដុំថ្ម ភ្លើងឆេះចម្ការ ខូចខាតតាង៉ែន ៣៥០ដើម

ខេត្តបាត់ដំបង ៖ បុរសម្នាក់ ជាអ្នកមើលការខុសត្រូវចម្ការតាង៉ែន បានប្រើម៉ាស៊ីនកាត់ស្មៅក្នុងចម្ការ គាប់ជួនផ្លែដែកកាត់ស្មៅ បានប៉ះជាមួយនឹងដុំថ្ម ធ្វើឱ្យកើតជាផ្កាភ្លើង ឆេះស្មៅងាប់ៗ និងរាលដាលពេញចម្ការ ធ្វើឱ្យខូច ខាតដំណាំតាង៉ែន ប្រមាណជាង ៣៥០ដើម ផ្អើលដល់កម្លាំងសមត្ថកិច្ច បញ្ជូនរថយន្តពន្លត់អគ្គិភ័យ ចុះជួយអន្តរាគមន៍បាញ់ទឹកទប់ស្កាត់ភ្លាមៗ។

 ករណីអគ្គិភ័យនេះ បានកើតឡើង កាលពីរសៀលថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៦ នៅចំណុចម្ការតាង៉ែន ១កន្លែង ស្ថិតក្នុងភូមិបឹងអម្ពិល ឃុំស្តៅ ស្រុករតនមណ្ឌល។

ដីចម្ការតាង៉ែនកើតហេតុ មានទំហំ៣ហិកតារ មើលការខុសត្រូវដោយឈ្មោះរឿន វណ្ណារ៉ា ភេទប្រុស អាយុ៤០ឆ្នាំ រស់នៅភូមិកើតហេតុខាងលើ។ អគ្គិភ័យ បានឆេះរាលដាលពេញដីចម្ការ ដែលអ្នកមើលការខុសត្រូវ មិនអាចគ្រប់គ្រងបាន រហូតសុំជំនួយរថយន្តពន្លត់អគ្គិភ័យរបស់អធិការស្រុករតនមណ្ឌល ដើម្បីអន្តរាគមន៍ជួយបាញ់ ទឹកពន្លត់។

តាមសម្តីអ្នកមើលចម្ការខាងលើ បានរៀបរាប់ប្រាប់សមត្ថកិច្ចថា មុនពេលកើតហេតុ គាត់បានយកម៉ាស៊ីនកាត់ស្មៅ បំពាក់ជាប់ត្រាក់ទ័រ រួចបើកកាត់ស្មៅក្នុងចម្ការ។ ពេលនោះផ្លែម៉ាស៊ីនកាត់ស្មៅ (ផ្លែដែក) បានប៉ះជាមួយដុំថ្ម បង្កជាផ្កាភ្លើង ឆេះស្មៅងាប់ៗ រួចរាលដាលយ៉ាងសន្ធោសន្ធៅភ្លាមៗតែម្តង។ ហើយភ្លាមនោះ គាត់បានព្យា យាមពន្លត់ភ្លើងដែរ តែទប់ទល់មិនឈ្នះ ក៏ទាក់ទងសុំជំនួយពីសមត្ថកិច្ចតែម្តង។

បន្ទាប់ពីទទួលបានព័ត៌មានខាងលើ សមត្ថកិច្ចបានចុះអន្តរាគនមន៍ និងបញ្ជូនរថយន្តពន្លត់អគ្គិភ័យ ចំនួន២ គ្រឿង ចុះបាញ់ទឹកពន្លត់ភ្លាមៗ។ យ៉ាងណា អគ្គិភ័យនេះ បានឆេះរាលដាលស្មៅពាសពេញក្នុងចម្ការ ធ្វើឱ្យខូចខាតដំណាំតាង៉ែន អស់ប្រមាណ៣៥០ដើម។ ប៉ុន្តែអគ្គិភ័យនោះ មិនបានឆេះរាលដាលឆ្លងទៅកាន់ដីចម្ការក្បែរខាងទេ ដោយសារតែរថយន្តពន្លត់អគ្គិភ័យរបស់សមត្ថកិច្ច ជួយបាញ់ទឹកពន្លត់ និងបាញ់ទប់ស្កាត់បានទាន់ពេល៕

RELATED ARTICLES