ភ្នំពេញ ៖ លោកពេជ្រ សង្វារវង្ស ហៅតាសក់សភ្នំត្បែង ប្តីថ្មីរបស់តារាចម្រៀង មាស សុខសោភា ត្រូវបានបុរសម្នាក់ ទម្លាយថា បានខ្ចីលុយពីប្អូនរបស់ខ្លួន ជាអ្នកលក់ដូរនៅមុខអង្គរវត្ត ចំនួន៧៥០០ដុល្លារ អស់រយៈពេល ៥ឆ្នាំមកហើយ មិនព្រមសង ទូរស័ព្ទក៏មិនលើក ឆាតក៏មិនខ្ចីតប ហើយបានរត់គេចទៅភ្នំត្បែង បាត់។

នៅព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦ ម្ចាស់គណនីបណ្តាញសង្គម ហ្វេសប៊ុក ឈ្មោះ «Sereyvattanak Burey Meyseangheng» បានទម្លាយរឿងប្តីថ្មីរបស់មាស សុខសោភា ជំពាក់បំណុល 7500$ មិនសងនេះ ដោយផុសក្នុងគណនីហ្វេសប៊ុក របស់ខ្លួន និងត្រូវបានគេចែករំលែកតៗគ្នាព្រោងព្រាត ធ្វើឲ្យមានការភ្ញាក់ផ្អើល។
ម្ចាស់គណនីបណ្តាញសង្គម ហ្វេសប៊ុក ខាងលើ បានអះអាងថា ប្តីថ្មីរបស់តារាចម្រៀង មាស សុខសោភា គឺលោកពេជ្រ សង្វារវង្ស ហៅតាសក់សភ្នំត្បែង បានខ្ចីលុយពីប្អូនរបស់គាត់ ជាអ្នកលក់ដូរនៅមុខអង្គរវត្ត ចំនួន៧៥០០ដុល្លារ ៥ឆ្នាំហើយ មិនសង ទូរស័ព្ទក៏មិនលើក ឆាតក៏មិនតប ហើយពេលនេះ បោកតារាចម្រៀងមាស សុខសោភា បានទាំងអស់ហើយ ក៏នៅតែមិនព្រមសងទៀត។

ម្ចាស់គណនីហ្វេសប៊ុក ខាងលើ បានបង្ហោះរូបភាពតារាចម្រៀង មាស សុខសោភា និងលោកពេជ្រ សង្វារវង្ស ហៅតាសក់សភ្នំត្បែង ជាមួយសំណេរថា “អ្នកដែលមិនពាក់ព័ន្ធ សូមអែបខាង យើងលេងអាកំបុត ឱ្យវាក្រាប ម្តង លែងឱ្យព្រហើនចេញមកទៀត! លុយមាន មិនសងទេ សួរពេលណា ថាអត់មានរហូត កាលឯងខ្ចី គឺឯងអង្វរ ដៃតែម្ខាង លើកសុំអង្វរ ដល់ពេលមានលុយ រត់គេចទៅភ្នំត្បែង។ វាមិនមែនជំពាក់លុយយើងផ្ទាល់ទេ តែវាជំពាក់លុយប្អូនយើង ដែលលក់នៅមុខអង្គរវត្ត លុយចំនួន 7500$ វាខ្ចី ៥ឆ្នាំហើយ ខលទៅក៏លែងលើក ឆាតទៅក៏មិនឆ្លើយតប តែអីឡូវបែរជាបោកកាភា បានទាំងអស់ហ្មង ក៏នៅតែមិនព្រមសងទៀត អាកំបុត ឥសីក្លែងភេទ អាចក្រាវុទ្ធ។ និយាយឱ្យហើយ អ្នកមិនពាក់ព័ន្ធ ហាមចូលខម្មិនលូកមាត់ ព្រោះយើងសំដៅលើតែអាកំបុត ប៉ុណ្ណោះ កាភា មិនមានបញ្ហាអីជាមួយយើងទេ តែរូបទាំងអស់នេះវាពាក់ព័ន្ធនឹងអាកំបុត ទើបយើងផុសទៅ…”។
គួរបញ្ជាក់ថា កាលពីពេលថ្មីៗកន្លងទៅ ស្រីស្អាតម្នាក់ ដែលអះអាងថា ជាប្រពន្ធតាសក់សភ្នំត្បែង និងថែមទាំងបានទួញយំទាមទារឱ្យមាស សុខសោភា សងប្តីមកផងនោះ បានអះអាងថា ខ្លួនធ្លាប់ធ្វើបុណ្យជាមួយលោកឪ (តាសក់សភ្នំត្បែង) ដោយគ្មានស្តាយស្រណោះនូវទ្រព្យសម្បត្តិ សូម្បីតែចិញ្ចៀនពេជ្រ ខ្សែកពេជ្រ ក្រវិលពេជ្រ ក៏យកទៅលក់ ដើម្បីយកជាបច្ច័យទៅឱ្យលោកឪដែរ តែពេលដែលខ្លួនអស់ប្រយោជន៍ គេបឺតជញ្ជក់ឈាម បឺតលុយអស់ ក៏ចាប់ផ្តើមរៀបគម្រោងទាត់ចេញពីក្រុម រហូតចោទថា ជាមនុស្សបែកធម៌ ឬមានបិសាចក្នុងខ្លួនទៅវិញ។

ជុំវិញការលើកឡើងរបស់ស្រីស្អាត និងបុរសខាងលើ នៅមិនទាន់ឃើញមានប្រតិកម្ម បកស្រាយឆ្លើយតបពីលោកពេជ្រ សង្វារវង្ស ហៅលោកតាសក់សភ្នំត្បែង ប្តីថ្មីរបស់តារាចម្រៀង មាស សុខសោភា នៅឡើយ គិតត្រឹមល្ងាចថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៦៕ ដារិទ្ធ