
ភ្នំពេញ ៖ បន្ទាប់ពីរាជរដ្ឋាភិបាល រៀបចំកំណត់ស័ក្តិមន្ត្រីនគរបាលជាតិ ដោយអគ្គស្នងការ ត្រឹមផ្កាយ៤ ស្នងការរាជធានី-ខេត្ត ត្រឹមផ្កាយ១ អធិការស្រុក ខណ្ឌ ស័ក្តិត្រឹម ៤កន្លះ មេប៉ុស្តិ៍ឃុំ-សង្កាត់ ស័ក្តិត្រឹម ៣នោះ អ្នកនយោបាយ និងអ្នកឃ្លាំមើលការអភិវឌ្ឍន៍សង្គម បានបង្ហាញការសាទរ និងជំរុញឲ្យចាប់ផ្ដើមធ្វើប្រកបដោយតម្លាភាព គ្មានអំពើពុករលួយ បក្ខពួកនិយម មានអភិបាលកិច្ចល្អ កាត់បន្ថយអតិផរណាស័ក្ដិ។
ប្រធានគណបក្សជំនាន់ថ្មី លោក មាជ សុវណ្ណារ៉ា បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦ ថា បញ្ហាកែទម្រង់កងកម្លាំងប្រដាប់អាវុធ មាននគរបាល ទាហាន ប៉េអឹម ត្រូវតែធ្វើឲ្យសមស្រប សមរម្យទៅនឹងតួនាទីនិងបុណ្យស័ក្ដិ អាចទទួលយកបាន កុំឲ្យមានអតិផរណាស័ក្ដិ ព្រោះយើងដឹងហើយថា កាលណាគ្មានអភិបាលកិច្ចល្អ ទៅនឹងកាតព្វកិច្ចការងារ វាធ្វើឲ្យអតិផរណាស័ក្ដិ ដែលវាកើតចេញពីអំពើពុករលួយ និងមិនមានសមត្ថភាពនៃចំណេះជំនាញរបស់ខ្លួន ។ ដូច្នេះក្នុងការប្ដេជ្ញាចិត្តទៅតាមសេនាធិការនៃរាជរដ្ឋាភិបាល មិនថាក្រសួងមហាផ្ទៃ ដែលគ្រប់គ្រងប៉ូលិស នគរបាល មិនថាក្រសួងការពារជាតិ ដែលគ្រប់គ្រងកងទ័ព កងរាជអាវុធហត្ថ គួរតែចាប់ផ្ដើមធ្វើទៅ ព្រោះយើងជាប្រទេសតូចមួយ កុំឲ្យក្បាលធំ ខ្លួនតូច ។
លោក មាជ សុវណ្ណារ៉ា បានមានប្រសាសន៍ថា “ខ្ញុំថា ការកែទម្រង់ឋានន្តរស័ក្តិ យើងឃើញហើយ តាំងពីសៀវភៅស របស់រដ្ឋាភិបាល មិនថាការកែទម្រង់ស័ក្ដិផ្នែកទាហាន ក៏ដូចជានគរបាល កាលពីឆ្នាំ១៩៩៥ ១៩៩៦ យើងឃើញថា តួនាទីនិងបុណ្យស័ក្ដិ វាសមរម្យ និងអាចទទួលយកបាន ព្រោះយើងដឹងហើយថា កាលណាបើអតិផរណាស័ក្ដិ ទៅនឹងសមត្ថភាពនៃចំណេះជំនាញ ហើយគ្មានអភិបាលកិច្ចល្អ ទៅនឹងកិច្ចការងារ កាតព្វកិច្ចទេ អាហ្នឹងហើយដែលធ្វើឲ្យអតិផរណាស័ក្ដិហ្នឹង វាចេញពីអំពើពុករលួយ វាអត់មានសមត្ថភាពនៃចំណេះជំនាញរបស់ខ្លួន ។ អ៊ីចឹងហើយយើងឃើញថា សូម្បីតែប៉ូលិសចរាចរណ៍ ដែលធ្វើចរាចរណ៍ឲ្យប្រជាពលរដ្ឋ វាអត់មានឃើញកូនកូនប៉ូលិស យ៉ាងហោចណាស់ក៏ស័ក្ដិពីរ ស័ក្តិបី ស័ក្តិបួន ស័ក្ដិបួនកន្លះអី ទៅឈរធ្វើចរាចរណ៍ ហើយមេទ័ពអីហ្នឹង មិនដឹងថាធ្វើមេទ័ព ឬក៏មេប៉ូលិសហ្នឹងបានទៅរៀនសូត្រមានបទពិសោធន៍ ចំណេះជំនាញការងារក្នុងរយៈពេលប៉ុន្មានឆ្នាំទេ គឺថា ឃើញការប្រជុំហ្នឹងពាក់ផ្កាយព្រោងព្រាត ដូចថាវាមានតែនាយទាហាន វាអត់មានពលទាហាន កូនទាហាន កូនប៉ូលិសអី“ ។

លោក មាជ សុវណ្ណារ៉ា បានមានប្រសាសន៍បន្តថា “អ៊ីចឹងខ្ញុំឃើញថា បញ្ហាកែទម្រង់កងកម្លាំងប្រដាប់អាវុធ មាននគរបាល ទាហាន ប៉េអឹមអីហ្នឹង គឺថាត្រូវតែធ្វើឲ្យវាសមស្របទៅនឹងប្រទេស ។ យើងមើលមហាអំណាចសហរដ្ឋអាមេរិក គឺឋានន្តរស័ក្តិគេ គេកាន់ទៅដល់ពិភពលោក ប៉ុន្តែផ្កាយបួនគេហ្នឹងមានតែប្រមាណប្រាំទ្វីប ប្រចាំទ្វីបនីមួយៗ ហើយនិងនាយសេនាធិការចម្រុះ កាន់កងទ័ពជើងទឹក ជើងគោក ជើងអាកាសហ្នឹង គឺផ្កាយប្រំ ហើយទម្រាំបានផ្កាយមួយៗហ្នឹង មិនងាយស្រួលទេ គឺថាគេមានបទពិសោធន៍ធ្វើជាមេបញ្ជាការហ្នឹង បួនដប់ម្ភៃឆ្នាំ ហើយអាយុកាលហ្នឹងទៅតាមហ្នឹង។ ប៉ុន្តែសម្រាប់កម្ពុជា យើងឃើញហើយ បក្ខពួក គ្រួសារនិយម អ្នកតស៊ូអាយុដល់ហាហុកចិត ពាក់ស័ក្ដិត្រឹមបីបួនប្រាំ ហើយនៅសមរភូមិ ទាំងនគរបាល ទាំងទាហាន។ ចំណែកឯក្មេងៗ កូនអស់លោកអ្នកធំហ្នឹង បន្តពូជ បន្ដចៅ ពីឱ មកកូន កូនមកតា យើងឃើញហើយ អាយុគ្រាប់មិនទាន់ដល់សាមផង សាមក្រាស់អី សុទ្ធតែផ្កាយបី ផ្កាយពីរ ផ្កាយមួយ ហើយយ៉ាងតូចបំផុត ក្មេងៗហ្នឹងទៅ ស័ក្ដិប្រាំ ផ្កាយមួយ។ ប៉ុន្តែយើងមើលពីសម័យសង្គមរាស្ត្រនិយម សម័យសេនាប្រមុខ លន់ នល់ សាធារណរដ្ឋ យើងឃើញហើយ មេទាហាន ទម្រាំបានផ្កាយមួយ មានឡានអាហ្ស៊ីបអាដឺជិះ មានតៃកុងឡាន មានអង្គរក្សការពារទៅទៀត ហើយយើងនេះ ពេលខ្លះស័ក្ដិ៥ខ្លះ ស័ក្ដិបួនខ្លះ ជិះម៉ូតូឌុប ជិះអីពាក់ផ្កាយ វាមើលទៅ។ ទីមួយ គឺថាវាហាក់បីដូចជាគ្មានសណ្ដាប់ធ្នាប់ គ្មានការគោរព និងឲ្យគុណតម្លៃនៃការតស៊ូ ទៅនឹងចំណេះជំនាញនៃស័ក្ដិ ដែលជាស័ក្ដិ គួរឲ្យគោរព គួរឲ្យអី អ៊ីចឹងវាទៅជាអតិផរណានៃស័ក្ដិ“ ។
លោក មាជ សុវណ្ណារ៉ា បានមានប្រសាសន៍បន្តទៀតថា “អាហ្នឹងហើយដែលធ្វើការកែទម្រង់របស់រដ្ឋាភិបាល ក្នុងការប្ដេជ្ញាចិត្តទៅតាមសេនាធិការនៃរាជរដ្ឋាភិបាល មិនថាក្រសួងមហាផ្ទៃ ដែលគ្រប់គ្រងប៉ូលិស នគរបាលហ្នឹង ហើយមិនថាក្រសួងការពារជាតិ ដែលគ្រប់គ្រងកងទ័ព ជាមួយនឹងកងរាជអាវុធហត្ថ អីជាដើម ខ្ញុំថាជាការចាប់ផ្ដើមទៅ ព្រោះយើងជាប្រទេសតូចមួយទេ កុំឲ្យក្បាលធំ ខ្លួនតូច ។ អ៊ីចឹងយុទ្ធសាស្ត្ររបស់រដ្ឋាភិបាលលោកហ៊ុន ម៉ាណែត ហ្នឹង គឺទៅជាខ្លួនធំ ក្បាលតូចវិញ វាប្រសើរជាងកាត់មួក តម្រូវក្បាល យើងត្រូវតម្រូវមួក យ៉ាងម៉េចឲ្យត្រូវនឹងក្បាល កុំឲ្យកាត់ក្បាល តម្រូវមួក ។ អានេះជាការមើលឃើញរបស់ខ្ញុំ ដែលត្រូវតែកំណែទម្រង់ដោយឆន្ទៈ ដោយមិនយោគយល់ គោរពច្បាប់ មានវិន័យ ហើយគ្មានបក្ខពួក គ្រួសារនិយម ប្រព្រឹត្តអំពើពុករលួយ ឡើងបុណ្យស័ក្ដិតាមការការសូក តាមខ្សែ បក្ខពួក គ្រួសារនិយម អាហ្នឹងហើយដែលធ្វើឲ្យប្រទេសអន់ថយ គ្មានសេចក្ដីថ្លៃថ្នូរ ប្រទេសមើលទៅកម្លាំងប្រដាប់អាវុធ ជាកម្លាំងប្រដាប់អាវុធរបស់បក្ខពួក គ្រួសារនិយម ពោរពេញទៅដោយពុករលួយ កម្លាំងប្រដាប់អាវុធរបស់បក្សនយោបាយ មិនមែនជាកម្លាំងប្រដាប់អាវុធរបស់ប្រជាពលរដ្ឋ របស់ជាតិ មានសេចក្ដីថ្លៃថ្នូរ ឈរនៅក្នុងជំហរអព្យាក្រឹត ឯករាជ្យ ។ អាហ្នឹងហើយជាបញ្ហាដែលត្រូវដោះស្រាយបំផុត“ ។

ដោយឡែក លោកម៉ែន ណាត ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦ ថា លោកសូមចូលរួមត្រេកអរជាមួយនឹងរដ្ឋាភិបាល ដែលចាប់ផ្ដើមធ្វើកំណែទម្រង់ស្ថាប័ន លើវិស័យសមត្ថកិច្ចនគរបាល វិស័យការពារជាតិ និងវិស័យផ្សេងៗទៀតដែលពាក់ព័ន្ធ ដែលនេះជាការភ្ញាក់រលឹកល្អ ក្នុងស្ថានភាពកម្ពុជាយើងកំពុងតែរងនូវវិបត្តិជាច្រើន រួមមានទាំងវិបត្តិសង្រ្គាមសៀមឈ្លានពានកម្ពុជា ផង ។ ដូច្នេះគួរតែចាប់ផ្ដើមធ្វើទៅ ហើយត្រូវកាត់បន្ថយជាអតិបរមានូវអំពើបក្ខពួកនិយម និងអំពើពុករលួយក្នុងស្ថាប័ន ព្រោះរឿងអំពើពុករលួយដុះស្លែ និងអំពើបក្ខពួកនិយមនេះ វានាំឲ្យអន្តរាយដល់រដ្ឋាភិបាល ទៅថ្ងៃក្រោយ ។
លោកម៉ែន ណាត បានមានប្រសាសន៍ថា “ខ្ញុំឃើញលោកនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា គាត់ប្រកាសអំពីគោលនយោបាយកំណែទម្រង់ឋានន្តរស័ក្ដិកងទ័ព ហើយនិងកំណែទម្រង់ស្ថាប័នមួយចំនួន។ ខ្ញុំគិតថា ជាការភ្ញាក់រលឹកល្អ ចាប់ផ្ដើមធ្វើកំណែទម្រង់ទៅ ក្នុងស្ថានភាពកម្ពុជាយើង កំពុងតែរងនូវវិបត្តិជាច្រើន រួមមានទាំងវិបត្តិសង្រ្គាមសៀមឈ្លានពានកម្ពុជា ផង ហើយការធ្វើកំណែទម្រង់ មិនមែនយើងធ្វើមួយថ្ងៃ ពីរថ្ងៃចប់ទេ តែវាទាល់តែរដ្ឋាភិបាលកម្ពុជា ហ្នឹង មានស្មារតី ជំនួបប្រជុំជែកកជាមួយថ្នាក់ដឹកនាំនៃគណៈរដ្ឋមន្ត្រីហ្នឹងទៅ ហើយរកមធ្យោបាយធ្វើម៉េចពង្រឹងវិស័យស្ថាប័នជាតិ ទាំងផ្នែកការពារជាតិវិស័យនគរបាលជាតិអីហ្នឹង ហើយការកំណត់ឋានន្តរស័ក្ដិហ្នឹង ផ្កាយ៤ហ្នឹង វាជានីតិវិធីផ្លូវច្បាប់ហើយ ហើយអ្នកដែលមានផ្កាយខ្ពស់បំផុតផ្កាយប្រាំ អាហ្នឹងទាល់តែឋាន:នាយករដ្ឋមន្រ្តី ឬក៏ពួកឧត្តមសេនីយ៍ដែលមានឋានៈផ្កាយបួន ហើយគាត់ទទួលមរណភាពទៅ គេអាចដំឡើងផ្កាយមួយទៀត ដើម្បីលើកផ្ដល់កិត្តិយស អាហ្នឹងអ៊ីចឹង“ ។
លោកម៉ែន ណាត បានមានប្រសាសន៍បន្តថា “អ៊ីចឹងនៅក្នុងរឿងនេះ ខ្ញុំមិនមានយោបល់អីច្រើនទេ គ្រាន់តែថា ចូលរួមត្រេកអរជាមួយនឹងរដ្ឋាភិបាល ចាប់ផ្ដើមកំណែទម្រង់ស្ថាប័ន វិស័យសមត្ថកិច្ចនគរបាល វិស័យការពារជាតិ វិស័យផ្សេងៗទៀតដែលពាក់ព័ន្ធហ្នឹង ចាប់ផ្ដើមធ្វើទៅ ហើយម្យ៉ាងទៀត ធ្វើយ៉ាងណាក៏ដោយ កាត់បន្ថយជាអតិបរមា នូវអំពើបក្ខពួកនិយម និងអំពើពុករលួយក្នុងស្ថាប័ន ព្រោះរឿងអំពើពុករលួយដុះស្លែ និងអំពើបក្ខពួកនិយមនេះ វាធ្ងន់ធ្ងរខ្លាំងណាស់ នៅក្នុងប្រទេសកម្ពុជា ហើយវានាំឲ្យអន្តរាយដល់រដ្ឋាភិបាលទៅថ្ងៃក្រោយ បើនៅតែរឿងហ្នឹង វាដុះស្នឹមអ៊ីចឹង ថ្ងៃក្រោយនឹងអន្តរាយ។ ការអន្តរាយផ្លាស់ប្ដូរជាវិជ្ជមាន តាមរយៈការបោះឆ្នោតសេរីយុត្តិធម៌ អាហ្នឹងមិនអីទេ ដំណើរការសង្គម វាប្រក្រតី។ ក៏ប៉ុន្តែបើសិនជាអន្តរាយដោយសារការមានចលនាហិង្សាផ្លាស់ប្ដូរ អាហ្នឹងវាជារឿងមួយធ្ងន់ធ្ងរ ពិបាកស្ដារស្ថានការណ៍។ អ៊ីចឹងហើយ រដ្ឋាភិបាលកម្ពុជា គួរគប្បីគិតរឿងហ្នឹងឱ្យមែនទែន ហើយការកំណែទម្រង់ឋានន្តរស័ក្កិពួកមន្ត្រីនេះ វាជារឿងល្អ ហើយកុំជំទើតពួកមន្ត្រីដែលអត់ប្រយោជន៍ ហើយម្យ៉ាងទៀត ត្រូវកាត់បន្ថយចំនួនមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាល និងពួកមន្ត្រីផ្នែកយោធា ផ្នែកនគរបាលអីហ្នឹង ជាអតិបរមា ចំពោះមន្ត្រីណាដែលអត់សមត្ថភាព និងមន្ត្រីណាដែលឡើងតាមបក្ខពួកនិយម យកតែមន្ត្រីដែលមានគុណភាព មានស្នាដៃជាផលប្រយោជន៍ កសាងជាតិ ជួយកិច្ចការជាតិ និងស្ដារស្ថានការណ៍ មុខមាត់ជាតិអីអ៊ីចឹង លើកតម្កើងអាហ្នឹងទៅ មិនខុសទេ តែកុំលើកតម្កើងមន្ត្រីដែលអត់សមត្ថភាព ឡឹមឡឺម” ។

គួរបញ្ជាក់ថា ការលើកឡើងរបស់អ្នកនយោបាយ និងអ្នកឃ្លាំមើល បានធ្វើឡើងក្រោយពីលោកបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ កាលពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦ បានដាក់សំណើសុំគោលការណ៍កំណត់ឋានន្តរស័ក្តិមន្ត្រីនគរបាលជាតិបន្តវេន ស្របតាមមុខតំណែងនីមួយៗ ក្នុងរចនាសម្ព័ន្ធអគ្គស្នងការដ្ឋាននគរបាលជាតិ និងអង្គភាពនគរបាលថ្នាក់ប្រហាក់ប្រហែល ។

ជាការឆ្លើយតប ទីស្តីការគណៈរដ្ឋមន្តី នៅថ្ងៃទី២១ ខែខុសភា ឆ្នាំ២០២៦ លោកឃឿង ណាត រដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្រ្តី បានធ្វើលិខិតជម្រាបជូនលោកបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ពីការយល់ព្រមរបស់រាជរដ្ឋាភិបាល តាមរយៈចំណារដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ចុះថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៦ ។
ទីស្តីការគណៈរដ្ឋមន្ត្រី បានជម្រាបជូនលោកបណ្ឌិត ស សុខា ឲ្យបានជ្រាបថា រាជរដ្ឋាភិបាល យល់ព្រមជាគោលការណ៍កំណត់ឋានន្តរស័ក្ដិមន្រ្តីនគរបាលជាតិ បន្តវេន ស្របតាមមុខតំណែងនីមួយៗក្នុងរចនាសម្ព័ន្ធអគ្គស្នងការដ្ឋាននគរបាលជាតិ និងអង្គភាពនគរបាលថ្នាក់ប្រហាក់ប្រហែល ដូចខាងក្រោម ៖
– អគ្គស្នងការ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ មានឋានន្តរស័ក្តិ នាយឧត្ដមសេនីយ៍
– អគ្គនាយក នៃអគ្គនាយកដ្ឋាននានា និងថ្នាក់ប្រហាក់ប្រហែល មានឋានន្តរស័ក្តិ ឧត្តមសេនីយ៍ឯក
– អគ្គស្នងការរង នៃអគ្គស្នងការដ្ឋាននគរបាលជាតិ មានឋានន្តរស័ក្តិ ឧត្តមសេនីយ៍ឯក
– អគ្គនាយករង និងថ្នាក់ប្រហាក់ប្រហែល មានឋានន្តរស័ក្ដិ ឧត្តមសេនីយ៍ទោ
– ប្រធានសេនាធិការដ្ឋាន និងប្រធាននាយកដ្ឋានកណ្តាល មានឋានន្តរស័ក្តិ ឧត្តមសេនីយ៍ទោ
– អនុប្រធានសេនាធិការដ្ឋាន និងអនុប្រធាននាយកដ្ឋានកណ្តាល មានឋានន្តរស័ក្តិ ឧត្តមសេនីយ៍ត្រី
– ប្រធាននាយកដ្ឋាន ស្នងការនៃស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត និងថ្នាក់ប្រហាក់ប្រហែល មានឋានន្តរស័ក្តិ ឧត្តមសេនីយ៍ត្រី
– អនុប្រធាននាយកដ្ឋាន ស្នងការរងនៃស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត និងថ្នាក់ប្រហាក់ប្រហែល មានឋានន្តរស័ក្តិ វរសេនីយ៍ឯក
– នាយការិយាល័យ អធិការនៃអធិការដ្ឋាននគរបាលក្រុង ស្រុក ខណ្ឌ និងថ្នាក់ប្រហាក់ប្រហែល មានឋានន្តរស័ក្តិ វរសេនីយ៍ទោ
– នាយរងការិយាល័យ អធិការរងនៃអធិការដ្ឋាននគរបាលក្រុង ស្រុក ខណ្ឌ និងថ្នាក់ប្រហាក់ប្រហែល មានឋានន្តរស័ក្តិ វរសេនីយ៍ត្រី
– នាយផ្នែក នាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ និងថ្នាក់ប្រហាក់ប្រហែល មានឋានន្តរស័ក្តិអនុសេនីយ៍ឯក
– នាយរងផ្នែក នាយរងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ និងថ្នាក់ប្រហាក់ប្រហែល មានឋានន្តរសក្តិអនុសេនីយ៍ទោ ។
គួរបញ្ជាក់ថា ឋានានុក្រមរបស់មន្ត្រីនគរបាលជាតិកម្ពុជា មាន៤ប្រភេទ គឺ ៖ នាយនគរបាលថ្នាក់ឧត្តមសេនីយ៍ នាយនគរបាលជាន់ខ្ពស់ នាយនគរបាល និងនាយនគរបាលរង។ បើតាមលក្ខន្តិកៈដោយឡែកនៃក្របខ័ណ្ឌមន្ត្រីនគរបាលជាតិកម្ពុជា ឆ្នាំ២០០១ លំដាប់ថ្នាក់ឋានន្តរស័ក្តិនគរបាលជាតិកម្ពុជា រួមមាន ៖
១- ឋានន្តរស័ក្តិនាយនគរបាលថ្នាក់ឧត្តមសេនីយ៍ ៖ គឺមានថ្នាក់នាយឧត្តមសេនីយ៍ (ផ្កាយបួន) ឧត្តមសេនីយ៍ឯក (ផ្កាយបី) ឧត្តមសេនីយ៍ទោ (ផ្កាយពីរ) និងឧត្តមសេនីយ៍ត្រី (ផ្កាយមួយ)។
២- ឋានន្តរស័ក្តិនាយនគរបាលជាន់ខ្ពស់ គឺ ថ្នាក់វរសេនីយ៍ឯក (ស័ក្តិប្រាំ) វរសេនីយ៍ទោ (ស័ក្តិបួនកន្លះ) និងវរសេនីយ៍ត្រី (ស័ក្តិបួន)។
៣- ឋានន្តរស័ក្តិនាយនគរបាល មានអនុសេនីយ៍ឯក (ស័ក្តិបី) អនុសេនីយ៍ទោ (ស័ក្តិពីរ) អនុសេនីយ៍ត្រី (ស័ក្តិមួយ) និងនាយចំណង់។
៤- ឋានន្តរស័ក្តិនាយនគបាលរង រួមមាន ថ្នាក់ព្រិន្ទបាលឯក ព្រិន្ទបាលទោ ពលបាលឯក ពលបាលទោ និងពលបាលត្រី។

លក្ខន្តិកៈដោយឡែកនៃក្របខ័ណ្ឌមន្ត្រីនគរបាលជាតិកម្ពុជា បានបញ្ញត្តថា ការតែងតាំង ដំឡើងថ្នាក់ ដំឡើងឋានន្តរស័ក្តិ ការផ្លាស់ប្ដូរ រួមទាំងការដកមុខតំណែង បន្ថយឋានន្តរស័ក្តិ និងលុបឈ្មោះចេញពីក្របខ័ណ្ឌមន្ត្រីនគរបាលជាតិកម្ពុជា គឺត្រូវសម្រេចដោយព្រះរាជក្រឹត្យ អនុក្រឹត្យ និងប្រកាស។ បទប្បញ្ញត្តិដដែលនេះ បានកំណត់យ៉ាងច្បាស់ថា ការតែងតាំង ដំឡើង ដកឬបន្ថយឋានន្តរស័ក្តិ ត្រូវសម្រេចដោយព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រ សម្រាប់ថ្នាក់ឧត្តមសេនីយ៍ ហើយអនុក្រឹត្យរបស់នាយករដ្ឋមន្ត្រី សម្រាប់តែថ្នាក់វរសេនីយ៍ឯកប៉ុណ្ណោះ និងដោយឡែក នគរបាលជាតិ ថ្នាក់វរសេនីយ៍ទោ ចុះ គឺត្រូវសម្រេចដោយប្រកាសរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។
ពាក់ព័ន្ធនឹងការដំឡើងឋានន្តរស័ក្តិរបស់មន្ត្រីនគរបាលជាតិកម្ពុជា គឺត្រូវគិតទៅលើលក្ខណសម្បត្តិ និងអតីតភាពការងារកន្លងមក របស់មន្ត្រីនគរបាលជាតិ។ លក្ខណសម្បត្តិសម្រាប់ពិនិត្យក្នុងការស្នើសុំដំឡើងឋានន្តរស័ក្តិ ត្រូវផ្អែកលើព្រឹត្តិបត្រពិន្ទុរបស់មន្ត្រីនគរបាលជាតិ ដែលមានចំណុចសំខាន់ៗ ជាអាទិ៍ ៖ ការគោរពវិន័យ ការចាត់តាំង កិរិយាមារយាទ សីលធម៌ សមត្ថភាពបំពេញភារកិច្ច ទំនាក់ទំនងការងារ សុខភាព និងភាសាបរទេស ជាដើម។ ចំណែកមាត្រា៣៤ នៃលក្ខន្តិកៈដោយឡែកនៃក្របខ័ណ្ឌមន្ត្រីនគរបាលជាតិកម្ពុជា មន្ត្រីនគរបាលជាតិកម្ពុជា ទាំងពីរភេទ ដែលត្រូវបានដាក់ឱ្យចូលនិវត្តន៍ លុះត្រាតែដល់អាយុ៥៥ឆ្នាំ ចំពោះមន្ត្រីនគរបាលជាតិ មានឋានន្តរស័ក្តិថ្នាក់វរសេនីយ៍ទោ ចុះ។ រីឯមន្ត្រីនគរបាលជាតិ មានឋានន្តរស័ក្តិថ្នាក់វរសេនីយ៍ឯក ឡើង អនុញ្ញាតដល់អាយុ៦០ឆ្នាំ ទើបដាក់ឱ្យចូលនិវត្តន៍ ។
ក្នុងករណីមានកំហុស មន្ត្រីនគរបាលជាតិ ត្រូវទទួលរងទណ្ឌកម្មតាមបទវិន័យរបស់កម្លាំងនគរបាលជាតិ ហើយទណ្ឌកម្មដែលត្រូវបានអនុវត្តចំពោះមន្ត្រីនគរបាលជាតិកម្ពុជា រួមមាន ៖ ការលុបចេញពីតារាងដំឡើងឋានន្តរស័ក្តិ ការដកមុខតំណែង ដាក់ឱ្យទំនេរ មិនមានបៀវត្សរ៍ (មិនឱ្យលើសពីមួយឆ្នាំ) បន្ថយឋានន្តរស័ក្តិ ឬថ្នាក់មួយថ្នាក់ ឬច្រើនថ្នាក់ ដាក់ឱ្យចូលនិវត្តន៍មុនកំណត់ និងលុបឈ្មោះចេញពីក្របខ័ណ្ឌនគរបាលជាតិ ជាដើម ៕ កុលបុត្រ