ភ្នំពេញ ៖ ព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម និងមហាសង្ឃទានបច្ច័យបួន ថ្វាយសម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត នន្ទ ង៉ែត សម្តេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា គម្រប់ព្រះជន្ម ១០២ព្រះវស្សា បានប្រារព្ធធ្វើនៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦ ដោយមានវត្តមានចូលរួមពីសម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋនាយករដ្ឋមន្ត្រី នៃព្រះរាជាព្រះរាជាណាចក្រកម្ពុជា និងលោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ដើម្បីជាការឆ្លើយតបចំពោះគុណូបការៈរបស់សម្តេច ជាអម្ចាស់ ក្នុងមួយព្រះជន្ម ទ្រង់បានបូជាអស់ពីកម្លាំងព្រះកាយពល ក្នុងបុព្វហេតុជាតិ សាសនា និងព្រះមហាក្សត្រ។

យោងតាមសេចក្តីជូនដំណឹងរបស់គណៈសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា ព្រះសង្ឃ គណ គណៈកម្មការ អាចារ្យ សិស្ស និស្សិត ដែលជាសិស្សគណ ទាំងបព្វជិត និងគ្រហស្ថ ក្នុងនិងក្រៅប្រទេស បានមូលមតិគ្នាជាឯកច្ឆន្ទ ប្រារព្ធពិធីបុណ្យចម្រើនព្រះជន្មវស្សា ថ្វាយសម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត នន្ទ ង៉ែត សម្តេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា និងជាសម្តេចព្រះចៅអធិការវត្តបទុមវតី រាជវរារាម ក្នុងព្រះជន្ម ១០២ព្រះវស្សា ដោយសទ្ធាជ្រះថ្លាដ៏ឧត្តុង្គឧត្តមរបស់សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋនាយករដ្ឋមន្ត្រី នៃព្រះរាព្រះរាជាណាចក្រកម្ពុជា និងលោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ដើម្បីជាការឆ្លើយតបចំពោះគុណូបការៈរបស់សម្តេច ជាអម្ចាស់ ក្នុងមួយព្រះជន្ម ទ្រង់បានបូជាអស់ពីកម្លាំងព្រះកាយពល ក្នុងបុព្វហេតុជាតិ សាសនា និងព្រះមហាក្សត្រ។
កម្មវិធីបុណ្យ បានរៀបចំថ្ងៃសុក្រ ៨កើត ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦ ហើយអ្នកផ្តើមបុណ្យ គឺគណៈសង្ឃនាយក គណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា សម្តេចព្រះរាជាគណៈ ព្រះមេគណរាជធានី ខេត្ត ព្រះសង្ឃសិស្សគណ សម្តេចហ៊ុន ម៉ាណែត និងលោកស្រី បណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត សប្បុរសប្រុសស្រី និងពុទ្ធបរិស័ទគ្រប់មជ្ឈដ្ឋាន នៅនៅមហាកុដិ វត្តបទុមវតី រាជវរារាម រាជធានីភ្នំពេញ ។

ជាការកត់សម្គាល់ កាលពីព្រឹកថ្ងៃអាទិត្យ ៣កើត ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៦ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ក៏បានចាត់ឱ្យលោកស្រីបណ្ឌិត អ៊ុក ម៉ាលី សមាជិកាព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាអគ្គហេរញ្ញឹកកាកបាទ ក្រហមកម្ពុជា ជាតំណាងដ៏ខ្ពង់ខ្ពស់ អញ្ជើញចូលក្រាបថ្វាយបង្គំ និងនាំយកទេយ្យវត្ថុ រួមទាំងបច្ច័យ ចំនួន ១០ ០០០ដុល្លារ (មួយម៉ឺនដុល្លារអាមេរិក) ថ្វាយប្រគេនសម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត នន្ទ ង៉ែត សម្តេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះចៅអធិការវត្តបទុមវតី រាជវរារាម ក្នុងវរោកាសនៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្មវស្សារបស់សម្តេច ជាអម្ចាស់ គម្រប់ ១០២ យាងចូល ១០៣ ព្រះវស្សា ។
ក្នុងឱកាសនោះ លោកស្រីបណ្ឌិត អ៊ុក ម៉ាលី ពាំនាំនូវប្រសាសន៍ផ្តាំផ្ញើថ្វាយព្រះពរពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន, សម្តេច ហ៊ុន សែន, សម្តេច ហ៊ុន ម៉ាណែត និងលោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ថ្វាយប្រគេនចំពោះសម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត នន្ទ ង៉ែត សម្តេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា សូមព្រះអង្គមានព្រះរាជសុខភាពល្អបរិបូរណ៍ ព្រះកាយពលមាំមួន ព្រះជន្មាទីឃាយុយឺនយូរ ដើម្បីបន្តគង់ប្រថាប់ជាម្លប់ទ្រទ្រង់វិស័យព្រះពុទ្ធសាសនា អស់កាលជាអង្វែងតរៀងទៅ ។

សូមជម្រាបជូនដែរថា សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត នន្ទ ង៉ែត គឺជាព្រះចៅអធិការវត្តបទុមវតី រាជរារាម សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ សម្តេចព្រះមហាសង្ឃរាជ នន្ទ ង៉ែត ប្រសូតនៅថ្ងៃទី២៥ ខែមេសា ឆ្នាំ១៩២៤ នៅភូមិត្រពាំងវែង ឃុំលំចង់ ស្រុកសំរោង ខេត្តតាកែវ ក្នុងត្រកូលកសិករ។ ទ្រង់ជាបុត្រទី២ របស់ឧបាសក នន្ទ នុត និងឧបាសិកា ម៉ឹង យឹម ។
ក្នុងព្រះជន្ម ១១ឆ្នាំ ទ្រង់បានសិក្សាអក្សរសាស្ត្រខ្មែរ នៅសាលាវត្តពោធិ៍ ឃុំពោធិ៍អង្ក្រង ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។ រៀនបាន ២ឆ្នាំ ទ្រង់ទទួលគ្រោះអកុសល ឧបាសិកា ម៉ឹង យឹម ជាមាតា មានជំងឺធ្ងន់ ហើយក៏ទទួលអនិច្ចកម្មទៅ ជាហេតុនាំឱ្យក្លាយជាក្មេងកំព្រាមាតា តាំងពីអាយុ១៣ឆ្នាំ រស់នៅជាមួយឪពុកនិងប្អូនៗ យ៉ាងកម្សត់ក្រៃលែង។ ព្រះជន្ម ១៧ឆ្នាំ ទ្រង់បានទៅស្នាក់នៅសិក្សារៀនសូត្រធម៌វិន័យ សម្រាប់បួស នៅវត្តពោធិ៍ ឃុំពោធិ៍អង្ក្រង ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។ ព្រះជន្ម ១៩ឆ្នាំ ទ្រង់បានចូលបួសជាសាមណេរ ក្នុងសំណាក់ព្រះតេ ជព្រះគុណ ព្រំ មាស (ឥន្ទត្ថេរ) ព្រះគ្រូសូត្រឆ្វេងវត្តពោធិ៍ ជាព្រះឧបជ្ឈាយ៍។ ព្រះជន្ម២១ឆ្នាំ ទ្រង់បានបំពេញឧបសម្បទា ជាភិក្ខុភាវៈ (លើកទី១) នៅវត្តពោធិ៍ ដដែល ដោយមានព្រះតេជព្រះគុណ ឃ្លោក អ៊ិច ជាព្រះឧប ជ្ឈាយ៍ ព្រះតេជព្រះគុណ អ៊ឹង ជា និងព្រះតេជព្រះគុណ សួស មាស ជាព្រះឧបសម្បទាចារ្យ បានទទួលនាមបញ្ញត្តិថា “នន្ទត្ថេរោ”។

នៅអំឡុងដើមទសវត្សរ៍ឆ្នាំ១៩៥០ ទ្រង់បាននិមន្តចេញពីវត្តពោធិ៍ តាមបម្រើព្រះតេជព្រះគុណ ព្រំ មាស (ឥន្ទត្ថេរ) ជាព្រះឧបជ្ឈាយ៍ដើម ដែលមានអាពាធធ្ងន់ ត្រូវនិមន្តមកសម្រាកព្យាបាលជំងឺនៅសាលាបុណ្យ ១កន្លែង ស្ថិតក្នុងឃុំពពេល ស្រុកត្រាំកក់ ខេត្តតាកែវ។ ពុទ្ធបរិស័ទនៅទីនោះ កើតសេចក្ដីជ្រះថ្លា បានរួបរួមគ្នាស្ថាបនាវត្តថ្មីមួយ ឱ្យឈ្មោះថា វត្តអម្ពវ័ន ហៅវត្តព្រៃជួរ សម្រាប់ប្រគេនព្រះសង្ឃ គង់នៅ។ ទ្រង់ក៏បានគង់នៅវត្តអម្ពវ័ន (ព្រៃជួរ) នោះ ដើម្បីបានបម្រើអាពាធព្រះឧបជ្ឈាយ៍ និងជួយស្ថាបនាវត្តថ្មីនេះផង។ ទ្រង់បានសិក្សាព្រះបរិយត្តិធម៌ និងភាសាបាលី ក្នុងសំណាក់លោកគ្រូអាចារ្យ ជាច្រើនរូបនៅវត្តអម្ពវ័ន (ព្រៃជួរ) ដរាបមានចំណេះដឹងប្រសើរខ្ពង់ខ្ពស់ បានប្រឡងជាប់សញ្ញាបត្រធម្មវិន័យថ្នាក់ត្រី-ទោ-ឯក និងបានធ្វើជាព្រះអាចារ្យ បង្រៀនធម្មវិន័យ ទាំង៣ថ្នាក់ ដល់ភិក្ខុ សាមណេរ ក្នុងវត្តអម្ពវ័ន អស់រយៈកាលជាច្រើនឆ្នាំទៀតផង។ នៅឆ្នាំ១៩៦៣-១៩៦៤ ទ្រង់បាននិមន្តទៅបន្តការសិក្សា ថ្នាក់បំពេញវិជ្ជាខាងអក្សរសាស្ត្រខ្មែរ សម្រាប់ធ្វើគ្រូបង្រៀនសាលាវត្ត នៅវត្តព្រះវិហារអណ្ដែត ហៅវត្តឈើទាលជ្រុំ ឃុំក្រាំងលាវ ស្រុកបាទី ខេត្តតាកែវ។ លុះបញ្ចប់ការសិក្សា និងបានប្រឡងជាប់ សញ្ញាបត្រគ្រូបង្រៀនសាលាវត្ត ហើយទ្រង់បាននិមន្តត្រឡប់មកគង់នៅវត្តអម្ពវ័នវិញ និងបានបង្ហាត់បង្រៀនអក្សរសាស្ត្រខ្មែរ និងភាសាបាលី ដល់ភិក្ខុ សាមណេរ និងកុមារតូចៗ ជាកូនចៅអ្នកស្រុកចំណុះជើងវត្ត រហូត ដល់ឆ្នាំ១៩៧៥ ក៏ត្រូវខ្មែរក្រហម បង្ខំឱ្យលាចាកសិក្ខាបទ ទៅជាឃរាវាសវិញ។
ក្នុងសម័យកម្ពុជាប្រជាធិបតេយ្យ ៣ឆ្នាំ ៨ខែ ២០ថ្ងៃ សម្តេច នន្ទ ង៉ែត ត្រូវបានខ្មែរក្រហម បង្ខំឱ្យធ្វើការងារ គ្មានថ្ងៃឈប់សម្រាក គ្មានអាហារទទួលទានគ្រប់គ្រាន់ គ្មានថ្នាំព្យាបាលជំងឺ ទទួលរងសេចក្ដីទុក្ខវេទនាយ៉ាង ក្រៃលែង។ ក្រោយរបបកម្ពុជាប្រជាធិបតេយ្យ ដួលរលំនៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ ព្រះពុទ្ធសាសនា ក៏រស់រានមានជីវិតសាជាថ្មីម្ដងទៀត។ នៅថ្ងៃពុធ ១៣រោច ខែភទ្របទ ឆ្នាំមមែ ឯកស័ក ព.ស.២៥២៣ ត្រូវនឹងថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ១៩៧៩ ទ្រង់ត្រូវបានក្រុមប្រឹក្សាជាតិរណសិរ្យសាមគ្គីសង្គ្រោះជាតិកម្ពុជា ជ្រើសរើសជាឧបសម្បទាបេក្ខៈ ១រូប ក្នុងចំណោម ៧រូប ឱ្យចូលសាងបំពេញឧបសម្ប័ទជាភិក្ខុភាវៈ (លើកទី២) ជាផ្លូវការដំបូងគេបំផុត នៅវត្តឧណ្ណាលោម ក្រុងភ្នំពេញ ដោយបាននិមន្តគណៈសង្ឃថេរវាទ ពីប្រទេសវៀតណាម ចំនួន៧អង្គ ធ្វើជាព្រះឧបជ្ឈាយ៍ ព្រះឧបសម្បទាចារ្យ និងជាគណៈបូរកៈ (គង់ហត្ថបាស) ទ្រង់បានទទួលនាមបញ្ញត្តិថា “បស្សទ្ធិសម្ពោជ្ឈង្គិកោ”។

ក្រោយទទួលឧបសម្ប័ទជាភិក្ខុភាវៈរួច ទ្រង់បានគង់អាស្រ័យនៅវត្តឧណ្ណាលោម សង្កាត់ជ័យជម្នះ ខណ្ឌដូនពេញ រដ្ឋធានីភ្នំពេញ អស់រយៈកាល ៧ខែគត់ និងបានទទួលការតែងតាំងជាសមាជិកការកសង្ឃ នៃគណៈ កម្មាធិការសង្ឃមជ្ឈិម ព្រមទាំងជាព្រះឧបសម្បទាចារ្យ និមន្តចូលរួមរៀបចំពិធីបំបួសកុលបុត្រក្នុងប្រទេសកម្ពុជា។ នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ១៩៨០ ទ្រង់បានទទួលការតែងតាំងជាព្រះចៅអធិការវត្តលង្កា សង្កាត់បឹងកេងកង ខណ្ឌចម្ការមន រដ្ឋធានីភ្នំពេញ។ នៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ១៩៨៩ ទ្រង់បានទទួលការតែងតាំងជាព្រះចៅអធិការវត្តបទុមវតី រាជវរារាម សង្កាត់ចតុមុខ ខណ្ឌដូនពេញ រដ្ឋធានីភ្នំពេញ។ នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ១៩៩៣ ទ្រង់បានទទួលការតែងតាំងជាព្រះមេគណក្រុង (រាជធានី) ភ្នំពេញ។ នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ១៩៩៥ ទ្រង់បានទទួលការតែងតាំងជាប្រធានសមាគមពុទ្ធសាសនាខ្មែរ។ នៅថ្ងៃទី២ ខែមករា ឆ្នាំ២០០១ ទ្រង់បានទទួលការតែងតាំងជាអធិការនៃអធិការដ្ឋានពុទ្ធិកសិក្សាជាតិ។ នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០០៦ ទ្រង់បានទទួលការតែងតាំងជាព្រះសាកលវិទ្យាធិការ នៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ។ នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០០៦ ទ្រង់បានទទួលការតែងតាំងជាព្រះអគ្គាធិការ នៃអគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិ។ នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០០៧ ទ្រង់បានទទួលការតែងតាំងជាព្រះមេគណក្រុងភ្នំពេញ ដដែល។ នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០០៧ ទ្រង់បានយាងជាព្រះអធិបតីក្នុងពិធីប្រជុំពិភាក្សាអំពីគោរមងារ ជូនថ្នាក់កំពូលរបស់ជាតិ ទាំង៣ ដោយព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ទ្រង់សព្វព្រះ រាជហឫទ័យប្រោសព្រះរាជទាន គោរមងារសម្ដេច ហេង សំរិន ជាសម្ដេចអគ្គមហាពញាចក្រី ហេង សំរិន។ សម្ដេច ជា ស៊ីម ជា សម្ដេចអគ្គធម្មពោធិសាល ជា ស៊ីម។ សម្ដេច ហ៊ុន សែន ជាសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ។ នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១២ ទ្រង់បានចូលរួមកិច្ចប្រជុំថ្វាយព្រះបរមបច្ឆាមរណនាមព្រះបរមរតនកោដ្ឋ ថ្វាយព្រះបរមសពព្រះករុណាព្រះបាទសម្ដេចព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រខ្មែរ។ នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤ ទ្រង់ទទួលបានការតែងតាំងជាព្រះអធិបតីកិត្តិយស នៃអគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិ ។

សមណស័ក្តិដែលទ្រង់បានទទួល រួមមាន នៅថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ១៩៩១ ទ្រង់បានទទួលការតែងតាំងជាការ កសង្ឃគណៈសង្ឃនាយក នៃរដ្ឋកម្ពុជា មានឋានៈជាព្រះសង្ឃនាយករងទី១ និងសមណស័ក្តិជាព្រះពោធិវ័ង្ស។ នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ១៩៩២ ទ្រង់បានទទួលការដំឡើងព្រះឋានៈជាសម្ដេចព្រះពោធិវ័ង្ស នៃកម្ពុជា។ នៅថ្ងៃទី៤ ខែឧសភា ឆ្នាំ២០០៦ ទ្រង់បានទទួលការតែងតាំងសមណស័ក្តិជាសម្ដេចព្រះមហាសុមេធាធិបតី ព្រះសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា។ នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០០៧ ទ្រង់បានទទួលការតែងតាំង សមណស័ក្តិជាសម្ដេចព្រះសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា និងមានព្រះរាជបុព្វសិទ្ធិក្នុងការប្រើព្រះរាជស័ព្ទ និងផ្លិតយសពិសេស។ នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១២ ទ្រង់បានទទួលការតែងតាំងជាសម្ដេចព្រះមហាសង្ឃរាជ ស្ដីទី នៃព្រះរាជាណាចក្រកម្ពុជា ។ នៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៤ ទ្រង់បានទទួលការតែងតាំងសមណស័ក្តិជាសម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតី សម្តេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា នៃគណៈមហានិកាយ ជំនួសសម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតី ទេព វង្ស ដែលបានយាងចូលព្រះទិវង្គត។
ចំណែកសញ្ញាបត្រនិងគ្រឿងឥស្សរិយយស ដែលទ្រង់បានទទួល រួមមាន នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ១៩៩៦ ទ្រង់បានទទួលសញ្ញាបត្រស្ថាបនាជាតិ។ នៅថ្ងៃទី៤ ខែមករា ឆ្នាំ២០១០ ទ្រង់បានទទួលគោរមងារ អគ្គមហាសទ្ធម្មជោតិកធជ ពីសហភាពមីយ៉ាន់ម៉ា។ នៅថ្ងៃទី៥ ខែសីហា ឆ្នាំ១៩៩៨ ទ្រង់បានទទួលគ្រឿងឥស្សរិយយស មេដាយប្រាក់ការងារ។ នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០០១ ទ្រង់បានទទួលគ្រឿងឥស្សរិយយស មេដាយមុនីសារា ភ័ណ្ឌ ថ្នាក់ធិបឌិន្ទ។ នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០០១ ទ្រង់បានទទួលគ្រឿងឥស្សរិយយស ព្រះរាជាណាចក្រកម្ពុជា ថ្នាក់មហាសេនា។ នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០០៤ ទ្រង់បានទទួលគ្រឿងឥស្សរិយយស មេដាយមុនីសារាភ័ណ្ឌ ថ្នាក់ធិបឌិន្ទ។ នៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០០៥ ទ្រង់បានទទួលគ្រឿងឥស្សរិយយស មេដាយមាសស្ថាបនាជាតិ។ នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០០៦ ទ្រង់បានទទួលគ្រឿងឥស្សរិយយស មុនីសារាភ័ណ្ឌ ថ្នាក់មហា សេរីវឌ្ឍន៍។ នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០០៧ ទ្រង់បានទទួលគ្រឿងឥស្សរិយយស ព្រះរាជាណាចក្រកម្ពុជា ថ្នាក់មហាសេរីវឌ្ឍន៍។ នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០០៨ ទ្រង់បានទទួលគ្រឿងឥស្សរិយយស ជាតូបការ។ នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៤ ទ្រង់បានទទួល ពានធម្មចក្រ។ នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២២ ទ្រង់បានទទួលគ្រឿងឥស្សរិយយស សៅសេមាធម្មចក្រ។

ចំពោះព្រះរាជបេសកកម្ម ដែលទ្រង់បំពេញនៅក្រៅប្រទេស មានដូចជា នៅថ្ងៃទី១០ ខែសីហា ឆ្នាំ១៩៩៥ ទ្រង់បានយាងទៅបំពេញព្រះរាជបេសកកម្មនៅព្រះរាជាណាចក្រជប៉ុន។ នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ១៩៩៦ ទ្រង់បានយាងទៅបំពេញព្រះរាជបេសកកម្មនៅសហរដ្ឋអាមេរិក។ នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០០៥ ទ្រង់បានយាងទៅបំពេញព្រះរាជបេសកកម្មនៅប្រទេសសិង្ហបុរី។ នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០០៥ ទ្រង់បានយាងទៅបំពេញព្រះរាជបេសកកម្មនៅប្រទេសអូស្ត្រាលី។ នៅឆ្នាំ២០០៥ ដដែល ទ្រង់បានយាងទៅបំពេញព្រះរាជបេសកកម្មនៅព្រះរា ជាណាចក្រថៃ។ នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០០៦ ទ្រង់បានយាងទៅបំពេញព្រះរាជបេសកកម្មនៅព្រះរាជាណា ចក្រថៃ ម្ដងទៀត។ នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០០៧ ទ្រង់បានយាងទៅបំពេញព្រះរាជបេសកកម្មនៅសាធារ ណរដ្ឋកូរ៉េ។ នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ០០៧ ទ្រង់បានយាងទៅបំពេញព្រះរាជបេសកកម្មនៅប្រទេសមីយ៉ាន់ម៉ា…៕