ខេត្តបាត់ដំបង ៖ បារីគេចពន្ធ ចំនួន៦០ប៊ិច រួមវត្ថុតាងផ្សេងទៀត បម្រុងឆ្លងដែនទៅថៃ ត្រូវកម្លាំងចម្រុះស្រុកកំរៀង បង្ក្រាបបានកាលពីយប់ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦ នៅចំណុចស្ពានឈើ (ផ្ទះតាយួន) ស្ថិតក្នុងភូមិអូរក្រូច ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង។

តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា វត្ថុតាងដែលសមត្ថកិច្ចដកហូតបាន រួមមាន បារីគេចពន្ធចំនួន ៦០ប៊ិច រទេះរុញ ៥គ្រឿង កូនត្រាក់ទ័រ ១គ្រឿង និងម៉ូតូ ៦គ្រឿង។ វត្ថុតាងទាំងអស់ ត្រូវបានបញ្ជូនទៅអធិការដ្ឋាននគរបាលស្រុកកំរៀង ដើម្បីចាត់ការបន្ត។

ប្រតិបត្តិការបង្ក្រាបនេះ ដឹកនាំដោយលោកវរសេនីយ៍ឯក អ៊ិន កុល មេបញ្ជាការវរសេនីយ៍ការពារព្រំដែនគោកលេខ ៨១៩ សហការជាមួយកម្លាំងកងពលលេខ៥៣ និងវរៈ៥០៤។

ជុំវិញការបង្ក្រាបបារីរត់ពន្ធ ខាងលើនេះ មានការរិះគន់ពីមហាជនជាច្រើន ដោយលើកជាសំណួរថា ហេតុអ្វីបង្ក្រាបបានតែវត្ថុតាង? ចុះមេឈ្មួញ ហេតុអ្វីឃាត់ខ្លួនមកចាត់ការតាមផ្លូវច្បាប់ មិនដែលបាន បណ្តោយឱ្យគេចខ្លួនរហូត?

តាមការកត់សម្គាល់របស់មហាជន ឃើញថា ស្រុកកំរៀង មួយរយៈនេះ ហាក់ដូចជាមានរឿងអាស្រូវច្រើនករណី ពាក់ពន្ធ័ការលួចនាំទំនិញឆ្លងដែន រួមទាំងមេខ្យល់ នាំជនបរទេស និងពលរដ្ឋខ្មែរ ឆ្លងដែនដោយខុស ច្បាប់៕