ភ្នំពេញ ៖ លោកសួស សារ៉ែន ហៅខុង ជាកាមេរ៉ាម៉ាន់ ជំនាញជាង ២០ឆ្នាំមកហើយ បានចូលរួមផលិតភាពយន្ត និងចម្រៀង គ្រប់ទម្រង់ រាប់រយរឿង កាលពីថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៦ បានជួបគ្រោះថ្នាក់ចរាចរណ៍ បណ្តាលឲ្យរបួសធ្ងន់ បាក់ជើង និងផុងលលាដ៍ក្បាល ឈាមកកក្នុងខួរក្បាល កំពុងសម្រាកព្យាបាលសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យព្រះកុសុមៈ (ពេទ្យលោកសង្ឃ) ចំណែកកូនស្រីម្នាក់ បានបាត់បង់ជីវិត។




បន្ទាប់ពីទទួលបានដំណឹងនេះ លោកស្រីអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ បានប្រកាសឧបត្ថម្ភថវិកា ចំនួន ១០លានរៀល ដើម្បីជួយសម្រួលដល់ការធ្វើបុណ្យកូនស្រី និងការព្យាបាលលោក សួស សារ៉ែន ហៅខុង (ថវិកាចំនួន ១០លានរៀលនេះ ៣លានរៀល ជាថវិការបស់សមាគមសិល្បករខ្មែរ រីឯ ៧លានរៀលទៀត ជាថវិកាផ្ទាល់ខ្លួនរបស់លោកស្រីអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង។ ដោយឡែកប្រសិនបើការព្យាបាលលោក ខុង ត្រូវការឈាមច្រើននោះ សមាគមសិល្បករខ្មែរ ក៏មានមូលនិធិឈាមរបស់សមាគម អាចជួយដល់លោក ខុង ក្នុងការព្យាបាល។


ជាមួយគ្នានោះ សមាគមសិល្បករខ្មែរ ក៏សូមចូលរួមសោកស្តាយ និងរំលែកទុក្ខយ៉ាងក្រៀមក្រំចំពោះការបាត់ បង់ដ៏ធំធេងរបស់គ្រួសារលោក សួស សារ៉ែន ហៅខុង ផងដែរ៕



