Tuesday, April 7, 2026
Homeសន្ដិសុខសង្គមសន្តិសុខសង្គមជួញថ្នាំញៀន២០០គីឡូ ជាប់ខ្នោះ២២នាក់

ជួញថ្នាំញៀន២០០គីឡូ ជាប់ខ្នោះ២២នាក់

ខេត្តព្រះសីហនុ ៖ ជនសង្ស័យប្រុសស្រី ជាជនជាតិចិន វៀតណាម និងខ្មែរ សរុបចំនួន ២២នាក់ ជាក្រុមឧក្រិដ្ឋជនជួញដូរគ្រឿងញៀន ត្រូវបានកម្លាំងជំនាញអាវុធហត្ថខេត្តព្រះសីហនុ សហការជាមួយកម្លាំងជំនាញអាវុធ ហត្ថលើផ្ទៃប្រទេស បើកប្រតិបត្តិការបង្ក្រាបក្នុងទ្រង់ ទ្រាយធំ ដោយដកហូតវត្ថុតាង គ្រឿងញៀន សរុបទម្ងន់ប្រមាណ ២០០គីឡូក្រាម។

ប្រតិបត្តិការបំបែកបទល្មើសគ្រឿងញៀន ដ៏ធំនេះ បានធ្វើឡើងក្រោមការបញ្ជាផ្ទាល់ពីនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការអាវុធហត្ថលើផ្ទៃប្រទេស លោក ម៉ាង ស៊ី ណេត អភិបាលខេត្តព្រះសីហនុ និងលោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការអាវុធហត្ថខេត្តព្រះសីហនុ ក្រោមការសម្របសម្រួលពីតំណាងអយ្យការអមសាលាដំបូងខេត្ត។

យោងតាមរបាយការណ៍របស់បញ្ជាការដ្ឋានអាវុធហត្ថខេត្តព្រះសីហនុ ឱ្យដឹងថា កាលពីវេលាម៉ោង ៥និង៣០ នាទីល្ងាចថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦ កម្លាំងអាវុធហត្ថខេត្តព្រះសីហនុ ដឹកនាំ ដោយលោកវរសេនីយ៍ទោ សួ ស៊ន ប្រធានមន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មើស ខេត្តព្រះសីហនុ ដោយមានការសម្របសម្រួលនីតិវិធីដោយលោកវុធ សាវី ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តព្រះសីហនុ បានចុះបង្ក្រាបករណីគ្រឿងញៀន នៅចំណុចសណ្ឋាគារស៊ីជី ស្ថិតក្នុងភូមិ៥ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

ប្រភពដដែល បន្តថា កម្លាំងអាវុធហត្ថខេត្តព្រះសីហនុ បានបើកប្រតិបត្តិការស្រាវជ្រាវ ហើយឈានដល់ការបង្ក្រាបបទល្មើសជួញដូរគ្រឿងញៀន ទ្រង់ទ្រាយធំមួយ នៅសណ្ឋាគារស៊ីជី សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ដោយចាប់ខ្លួនជនល្មើសជាជនជាតិចិន ជនជាតិវៀតណាម និងខ្មែរ សរុប២២នាក់ ដកហូតថ្នាំញៀន សារធាតុផ្សំ ជាង២០០គីឡូក្រាម ព្រមទាំងវត្ថុតាង និងសម្ភារជាច្រើនទៀត។

កម្លាំងអាវុធហត្ថ បានធ្វើការឃាត់ខ្លួនជនសង្ស័យ ចំនួន២២នាក់ (ស្រី៣) ជនជាតិចិន ចំនួន១៨នាក់ ជនជាតិវៀតណាម ចំនួន១នាក់ (ស្រី) និងជនជាតិខ្មែរ ចំនួន៣នាក់ (ស្រី១នាក់)។

របាយការណ៍ បានបន្តទៀតថា ក្រោយចាប់ជនល្មើស ទាំង២២នាក់ កម្លាំងអាវុធហត្ថ បានដកហូតថ្នាំញៀន សារធាតុផ្សំ និងវត្ថុតាងជាច្រើនទៀត រួមមាន ៖ ១-ហេរ៉ូអ៊ីន (HEROINE) ចំនួន១គីឡូ ទម្ងន់សុទ្ធ ៨៦០,២៩ក្រាម។ ២-កូកាអ៊ីន (COCAINE) ចំនួន១គីឡូ ទម្ងន់សុទ្ធ ៤២៧,៣០ក្រាម។ ៣-កេតាមីន (KETAMINE) ចំនួន៤គីឡូ ទម្ងន់សុទ្ធ ៥២៤,២៤ក្រាម។ ៤-មេតំហ្វេតាមីន (METAMPHETAMINE) ចំនួន១៦គីឡូ ទម្ងន់សុទ្ធ ៤៩៤ក្រាម។ ៥-អ៊ិចស្តាស៊ី (MDMA) ចំនួន៦៣គីឡូ ទម្ងន់សុទ្ធ ៦៥៧,៥២ក្រាម ៦-កញ្ញាក្រៀម ចំនួន១គីឡូ ទម្ងន់សុទ្ធ ៧៧៨,៥៨ក្រាម ៧-សារធាតុផ្សំ ចំនួន៥៧គីឡូ ទម្ងន់៨២៤,៩១ក្រាម។ ៨-សារធាតុគីមីផ្សំ ចំនួន ៩០គីឡូក្រាម ទម្ងន់សារធាតុញៀនសុទ្ធ សរុប ៨៩គីឡូ ៧៤១,៩៣ក្រាម ទម្ងន់សារធាតុផ្សំសុទ្ធ សរុប ៥៧គីឡូ ៨២៤,៩១ក្រាម ទម្ងន់សារធាតុគីមីផ្សំសរុប ៩០គីឡូក្រាម។ រថយន្ត ចំនួន៦គ្រឿង។ អាវុធខ្លី ចំនួន ១ដើម ម៉ាក K59 លេខ 5944 1990 បង់១ គ្រាប់៣គ្រាប់។ គ្រាប់បែកដៃ (ផ្លែទៀប) ចំនួន១គ្រាប់។ ម៉ូតូ ចំនួន៤គ្រឿង។ ទូរស័ព្ទ ចំនួន ៣៣គ្រឿង។ លិខិតឆ្លងដែន ចំនួន៩ (ចិន៨ វៀតណាម១) ប័ណ្ណការងារ ចំនួន១៤ប័ណ្ណ (ចិន)។ ប័ណ្ណបើកបរ ចំនួន៣។ គ្រាប់អាវុធវែង AK ចំនួន១៦គ្រាប់។ ជញ្ជីង ចំនួន៣៨គ្រឿង។ ឧបករណ៍ផលិតសម្ភារៈកែច្នៃ និងសំ បក វេចខ្ចប់ ជាច្រើន។

ក្រុមជនល្មើស ទាំង២២នាក់ រួមនិងវត្ថុតាង ទាំងអស់ ត្រូវបានកម្លាំងអាវុធហត្ថ កសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមនីតិវិធី៕

RELATED ARTICLES