Tuesday, April 7, 2026
Homeតារាខ្មែរអូជី ហ្គូលឌិន តួឯក«ជើងកប»

អូជី ហ្គូលឌិន តួឯក«ជើងកប»

ភ្នំពេញ ៖ តារាចម្រៀងរ៉េប លោកមាស ប៊ុនណាលិ ហៅអូជី ហ្គូលឌិន (OG GOLDEN) បានភ្លក្សរសជាតិធ្វើតួឯកភាពយន្ដ ជាលើកដំបូង រឿង «ជើងកប» របស់ផលិតកម្ម FUNAN SITE TWO ដែលបានសម្ពោធកាលពីសៀលថ្ងៃទី៦ ខែមសា ឆ្នាំ២០២៦ នៅ Sabay Cinnema ផ្សារទំនើប Aeon Sen Sok រាជធានីភ្នំពេញ។ អូជី ហ្គូលឌិន ថាលោកត្រូវផ្លាស់ប្ដូរច្រើន ក្នុងរឿងនេះ ដូចជា ទឹកមុខ សំឡេងនិយាយ និងអាកប្បកិរិយា ហើយវាមិនមែនជារឿងងាយស្រួលប៉ុន្មានទេ សម្រាប់រូបលោក ដែលជាតារាចម្រៀង វិវឌ្ឍខ្លួនមកជាតារាភាពយន្ដនេះ។ ប៉ុន្ដែលោកអាចធ្វើបាន ទៅតាមអ្នកដឹកនាំរឿងចង់បាន។

 ឆ្លើយតបសំណួរថា តើឈុតត្រង់ណាដែលអូជី ហ្គូលឌិន គិតថាពិបាកបំផុត ក្នុងរឿង «ជើងកប» ? ម្ចាស់ពាន Rapper Fighter រដូវកាលទី១ រូបនេះ អះអាងថា គឺឈុតយំ លោកថា វាពិបាកសម្រាប់រូបលោក ក្នុងការលេងឈុតបង្ហូរទឹកភ្នែកនេះខ្លាំងណាស់ ហើយទោះជាអ្នកដឹកនាំរឿងថា ឲ្យលោកសម្លឹងមើលទៅឆ្ងាយដាច់កន្ទុយភ្នែក ប្រាកដជាយំចេញក៏ដោយ តែលោកនៅតែមិនហូរទឹកភ្នែក ។ ដោយមិនដឹងជាធ្វើម៉េចឲ្យយំចេញ អូជី ហ្គូលឌិន ថាអ្នកដឹកនាំប្រាប់លោកវិធីមួយទៀតនោះ គឺឲ្យគេក្ដិចដៃលោក នឹងយំចេញហើយ ដែលវិធីនេះ មានប្រសិទ្ធភាពជាងមុន តែលោកនៅតែចាត់ទុកថា ការលេងឈុតយំ នៅតែពិបាកសម្រាប់រូបលោកបំផុត ។

 អូជី ហ្គូលឌិន ថាក្នុងរឿង «ជើងកប» នេះក៏មានបញ្ចូលបទចម្រៀងរបស់លោក «Oh ! My Love» ផងដែរ ហើយលោកតាំងចិត្តថា ទោះជាឈុតយំ ពិបាកជាងលេងឈុតផ្សេងៗទាំងអស់ ប៉ុន្ដែបើមានផលិតករផ្សេងៗទៀត ហៅឲ្យថតរឿង លោកនៅតែទទួលថត ព្រោះចង់បានបទពិសោធន៍បន្ថែមទៀត ដោយសាតែអាជីពសិល្បៈ លោកស្រលាញ់គ្រប់ផ្នែកទាំងអស់តែម្ដង ។

លោករើន គន្ធា និងលោកចាន់ តារា ផលិតករ​ និងអ្នកនិពន្ធរឿង««ជើងកប»

លោករើន គន្ធា ជាផលិតករ និងចាប់ដៃគ្នាជាមួយលោក Jimmy Henderson និពន្ធរឿង «ជើងកប» នេះឡើង បានឲ្យដឹងថា លក្ខណៈពិសេសរបស់អូជី ហ្គូលឌិន នៅក្នុងរឿងនេះ គឺ គាត់មិនញញឹមទេ គឺមុខស្មើទាំងអស់ ហើយត្រូវនឹងតួអង្គបែបនេះ ហេតុនេះបានជាលោកសម្រេចចិត្តជ្រើសរើសយក ។ ចំណែកលោក ចាន់ តារា ជាផលិតកររឿង «ជើងកប» ដែរ បានឲ្យដឹងដែរថា រឿងនេះ ជាភាពយន្ដរន្ធត់ លាយឡំស្នេហាផ្អែមល្ហែម ពោរពេញទៅដោយអាថ៌កំបាំង  ហើយលោករំពឹងថា ទស្សនិកជន នឹងចូលចិត្តទស្សនា។ លោកថា តួ សម្ដែង ធ្វើបានល្អ ទោះជាអូជី ហ្គូលឌិន សម្ដែងលើកដំបូងក្ដី តែបញ្ចូលអារម្មណ៍សម្ដែងត្រូវ ព្រោះបានធ្វើតេ ស្ដសមត្ថភាព មុនជ្រើសរើសជាតួឯក ។ រឿងនេះ មានចំណុចសំខាន់របស់តួអង្គ គឺភ័យរន្ធត់ សេចក្ដីស្រលាញ់ គឺបង្ហាញតាមរយៈទឹកមុខ។ ប៉ុន្ដែទាំងលោករើន គន្ធា និងលោកចាន់ តារា មិនប្រាប់ថា ការចំណាយទុនផលិតភាពយន្ដនេះ អស់លុយប៉ុន្មានទេ គ្រាន់តែបង្ហើបថា ចាយលុយជាមធ្យម មិនច្រើនឬតិចពេកទេ ហើយលោកទាំងពីរ សង្ឃឹមថា ទស្សនិកជននឹងគាំទ្រភាពយន្ដខ្មែរ ទាំងអស់គ្នា ។

លោក រិនដូ ហាន់ដឺសុន អ្នកដឹកនាំរឿង «ជើងកប»

លោក រិនដូ ហាន់ដឺសុន អ្នកដឹកនាំរឿង «ជើងកប» បានឲ្យដឹងថា រឿងនេះ មានភាពភ័យរន្ធត់ច្រើន ប្លង់ថតស្អាតៗ ហេតុនេះសង្ឃឹមថា ទស្សនិកជន នឹងចូលចិត្ត ដែលនឹងដាក់បញ្ចាំងជាផ្លូវការ ចាប់ពីថ្ងៃទី៩ ខែមសា ឆ្នាំ២០២៦ តទៅ នៅគ្រប់រោងភាពយន្ដទាំងអស់ ។

គួរបញ្ជាក់ថា ការដែលអូជី ហ្គូលឌិន ងាកមកថតភាពយន្ដ នាពេលនេះ បន្ទាប់ពីលោកធ្លាប់បានប្រកាសកាលពីចុងខែមករា ឆ្នាំ២០២៦  ថាចង់បញ្ចប់អាជីពចម្រៀងរ៉េប ដោយលោកយល់ថាវិ ស័យនេះ រើសអើងគ្នាសាហាវ ណាស់ ទើបអ្នកខ្លះសង្ស័យថា លោកប៊ុនណាលិ លែងចង់ច្រៀងរ៉េប ព្រោះចង់ចាប់អាជីពជាតារាសម្ដែងភាពយន្ដវិញម្ដង ។ ប៉ុន្ដែទាក់ទងបញ្ហានេះ អូជី ហ្គូលឌិន បានបដិសេធ ដោយអះអាងថា កាលនោះ លោក Prank ប៉ុណ្ណោះ ព្រោះនៅផ្ទះ អផ្សុកពេក ។ លោកនៅតែអះអាងថា ឲ្យតែការងារសិល្បៈ លោកស្រលាញ់គ្រប់ផ្នែក ហើយនៅក្រោយពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ លោកនឹងចេញបទថ្មី ប្លែកៗជាងមុនទៅទៀត ៕

RELATED ARTICLES