ខេត្តកំពង់ឆ្នាំង ៖ ប្តីប្រពន្ធ ២នាក់ ជាអ្នកប្រកបមុខរបរដឹកចង្ក្រាន ក្អមឆ្នាំង ធ្វើពីដី ដើរលក់តាមស្រុកភូមិឆ្ងាយៗ លុះចុងក្រោយ ស្ត្រីជាប្រពន្ធដែលអង្គុយលើរ៉ឺម៉ក ខ្វះការប្រុងប្រយ័ត្ន ធ្លាក់ពីលើរ៉ឺម៉ក ត្រូវរ៉ឺម៉កកិនពីលើ ចំពាក់កណ្តាលខ្លួន បណ្តាលឱ្យស្លាប់នៅនឹងកន្លែង។

ហេតុការណ៍គ្រោះថ្នាក់ដ៏រន្ធត់នេះ បានកើតឡើង កាលពីវេលាម៉ោង ៨និង១០នាទីព្រឹក ថ្ងៃទី៤ ខែមេសា ឆ្នាំ២០ ២៦ នៅតាមបណ្តោយផ្លូវជាតិលេខ៥ ចន្លោះគីឡូម៉ែត្រលេខ៧៤-៧៥ ស្ថិតក្នុងភូមិអូរតានេស ឃុំរលាប្អៀ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។

ស្ត្រីរងគ្រោះដែលបាត់បង់ជីវិត មានឈ្មោះ ពេជ មាស អាយុ៥១ឆ្នាំ មានប្តីឈ្មោះម៉ៅ ស៊ីម អាយុ៤៧ឆ្នាំ មានលំនៅ ភូមិបាញ់ឆ្គោល ឃុំជ្រៃបាក់ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។ គ្រួសារនេះ មានកូនក្នុងបន្ទុកចំនួន៤នាក់ (ស្រី៣ ប្រុស១) និងមានមុខរបរធ្វើស្រែ និងដឹកក្អមឆ្នាំងចង្ក្រាន ដែលផលិតអំពីដី ដើរលក់តាមបណ្តាខេត្តនានា ក្នុងប្រទេស។
តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា មុនពេលកើតហេតុ ស្ត្រីរងគ្រោះនិងប្តី បានចេញដំណើរដោយរ៉ឺម៉កម៉ូតូ ចេ ញពីភូមិបាញ់ឆ្គោល ឡើងផ្លូវជាតិលេខ៥ រួចបន្តដំណើរទៅត្បូង ក្នុងគោលដៅ ទៅលក់នៅខេត្តកំពង់ស្ពឺ។ ប៉ុន្តែគ្រោះអកុសល មកដល់ចំណុចកើតហេតុ ស្ត្រីរងគ្រោះដែលកំពុងតែអង្គុយលើរ៉ឺម៉ក មិនបានប្រុងប្រយ័ត្ន ព្រោះកំពុងអង្គុយគិតលុយក្នុងបញ្ជី ដោយមិនបានតោងឬកាន់រ៉ឺម៉ក ស្រាប់តែធ្លាក់ពីលើរ៉ឺម៉ក ហើយត្រូវរ៉ឺម៉ក កិនពីលើ ចំពាក់កណ្តាលខ្លួន បណ្តាលឱ្យស្លាប់នៅនឹងកន្លែងតែម្តង។

ក្រោយកើតហេតុ សមត្ថកិច្ចបច្ចេកទេសស្រុករលាប្អៀរ ដោយមានការចូលរួមពិនិត្យពីគ្រូពេទ្យមណ្ឌលសុខភាព រួមទាំងអាជ្ញាធរមូលដ្ឋាន បានចុះពិនិត្យនិងធ្វើកោសល្យវិច័យសព រួចបញ្ជាក់ថា ស្ត្រីរងគ្រោះខាងលើ ពិតជាបានស្លាប់ដោយសាររ៉ឺម៉កកិន បាក់ដៃ បែកក្បាល បាក់ឆ្អឹងជំនី និងមានស្នាមកង់រ៉ឺម៉កកិនពីលើផង។

សពស្ត្រីរងគ្រោះ ត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុ ប្រគល់ឱ្យក្រុមគ្រួសារ យកទៅរៀបចំធ្វើបុណ្យតាមប្រពៃ ណី៕