Saturday, March 14, 2026
Homeសេដ្ឋកិច្ចជាតិប្រាក់ខែមន្ត្រីរាជការស៊ីវិល ខែមេសា បើកសរុបតែ១លើក

ប្រាក់ខែមន្ត្រីរាជការស៊ីវិល ខែមេសា បើកសរុបតែ១លើក

ភ្នំពេញ ៖ រាជរដ្ឋាភិបាលបានសម្រេចបើកប្រាក់ខែ ជូនមន្ត្រីរាជការស៊ីវិល នៅក្នុងខែមេសា ខាងមុខនេះ សរុបតែម្តង បូកបន្ថែមនឹងប្រាក់ឧបត្ថម្ភ ចំនួន៥ម៉ឺនរៀល នៅថ្ងៃបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ។

យោងតាមសេចក្តីជូនដំណឹងស្តីពីការបើកផ្តល់ប្រាក់បៀវត្ស ជូនមន្ត្រីរាជការស៊ីវិលសម្រាប់ខែមេសា និងខែ ឧសភា ឆ្នាំ២០២៦ របស់ក្រសួងមុខងារសាធារណៈ បានបញ្ជាក់ថា «យោងអនុក្រឹត្យលេខ ៣១ អនក្រ.បក ចុះថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៦ ស្តីពីការផ្តល់ប្រាក់ឧបត្ថម្ភក្នុងឱកាស ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៦៩ និងពិធីបុណ្យភ្ជុំបិណ្ឌ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ក្រសួងមុខងារសាធារណៈមានកិត្តិយស សូមជម្រាបជូន សម្តេច ឯកឧត្តម លោកជំទាវ ឧបនាយករដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី គ្រប់ក្រសួង ស្ថាប័ន ឯកឧត្តម លោកជំទាវ អភិបាលនៃគណៈអភិបាលរាជធានី ខេត្ត លោកលោកស្រី អភិបាលនៃគណៈអភិបាលក្រុង ស្រុក ខណ្ឌ ប្រធានមន្ទីរ និងអង្គភាពពាក់ព័ន្ធ មេត្តាជ្រាបថា នៅក្នុងខែមេសា ឆ្នាំ២០២៦នេះ រាជ រដ្ឋាភិបាល បានសម្រេចផ្តល់ប្រាក់ឧបត្ថម្ភ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៦៩ ចំនួន ៥០ ០០០ (ប្រាំម៉ឺន) រៀល ក្នុងម្នាក់ជូនដល់មន្ត្រីរាជការ។

សូមគ្រប់ក្រសួង ស្ថាប័នថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ រៀបចំការបើកផ្តល់ប្រាក់ឧបត្ថម្ភក្នុងឱកាសពិធីបុណ្យ ចូលឆ្នាំថ្មីប្រពៃណីជាតិ ដំណាលគ្នាជាមួយនឹងការបើកផ្តល់ប្រាក់បៀវត្សសរុប ប្រចាំខែមេសា តែមួយលើក ឱ្យបានដល់សាមីជនម្នាក់ៗ យ៉ាងយូរបំផុតត្រឹមថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៦ និងត្រូវរៀបចំបើកផ្តល់ប្រាក់បៀវត្ស លើកទី១ សម្រាប់ខែឧសភា ឆ្នាំ២០២៦ ឱ្យបានក្នុងសប្តាហ៍ទី១ នៃខែឧសភា និងលើកទី២ ឱ្យបានក្នុងសប្តាហ៍ទី៣ នៃខែឧសភា ជូនមន្ត្រីរាជការរបស់ខ្លួន។ ដោយឡែកការបើកផ្តល់បៀវត្ស សម្រាប់ខែមិថុនា ឆ្នាំ២០២៦ សូមអនុវត្តតាមនីតិវិធីដែលបានកំណត់ជាធរមាន។

ក្រសួងមុខងារសាធារណៈសង្ឃឹមថា សម្តេច ឯកឧត្តម លោកជំទាវ ឧបនាយករដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី គ្រប់ក្រសួង ស្ថាប័ន ឯកឧត្តម លោកជំទាវ អភិបាលនៃគណៈអភិបាលរាជធានី ខេត្ត លោក លោកស្រី អភិ បាលនៃគណៈ អភិបាលក្រុង ស្រុក ខណ្ឌ ប្រធានមន្ទីរ និងអង្គភាពពាក់ព័ន្ធ ចូលរួមសហការអនុវត្តតាមខ្លឹម សារនៃសេចក្តីជូនដំណឹងនេះ ឱ្យមានប្រសិទ្ធភាពខ្ពស់»៕

RELATED ARTICLES