ខេត្តព្រះវិហារ ៖ ក្មេងប្រុសម្នាក់ ដែលត្រូវម្តាយបង្ខំឱ្យឈប់រៀន រហូតដល់សម្រេចចិត្តបោះបង់ចោលការសិក្សាតាមបំណងម្តាយ ដោយសរសេរលិខិត “សុំទោសប៊ិក សៀវភៅ ដែលខ្លួនមិនអាចកាន់បានយូរដូចគេ” នោះ ទីបំផុតត្រូវបានលោកគ្រូ អ្នកគ្រូ ជួយអន្តរាគមន៍ ហៅឪពុកម្តាយសិស្ស មកជួបពិភាក្សា រហូតត្រូវបានម្តាយយល់ ព្រមឱ្យកូនប្រុសនេះ រៀនបន្តវិញហើយ។

ក្មេងប្រុសដែលត្រូវម្តាយបង្ខំឱ្យឈប់រៀន មានឈ្មោះ សុច ណាក់ អាយុ១៤ឆ្នាំ ជាសិស្សរៀនថ្នាក់ទី 7 “C” នៃវិទ្យាល័យហ៊ុនសែន ភ្នំដែក ស្ថិតក្នុងភូមិភ្នំដែក ឃុំរមណីយ ស្រុករវៀង ខេត្តព្រះវិហារ។ ក្មេងប្រុស សុច ណាក់ ជាជនជាតិភាគតិច គួយ មានបងប្អូនចំនួន៥នាក់ (ស្រី១) មានឪពុកឈ្មោះសោម សុច មុខរបរកសិករ ម្តាយឈ្មោះឡុក កេត មុខរបរកសិករ និងមានលំនៅក្នុងភូមិស្វាយដំណាក់ចាស់ ឃុំរមទម ស្រុករវៀង ខេត្តព្រះវិហារ។

យោងតាមប្រភពព័ត៌មាន បានឱ្យដឹងថា យុវសិស្សឈ្មោះ សុច ណាក់ ជាសិស្សរៀនថ្នាក់ទី 7 “C” នៃវិទ្យា ល័យហ៊ុនសែន ភ្នំដែក ក្នុងចំណោមបងប្អូន៥នាក់ មានតែ សុច ណាក់ ម្នាក់ប៉ុណ្ណោះ ដែលបានរៀនសូត្រដល់ថ្នាក់ទី៧ ខណៈបងប្រុសស្រីបង្កើត បានរៀនត្រឹមតែថ្នាក់ទី៣ និងថ្នាក់ទី៤ ប៉ុណ្ណោះ រីឯម្នាក់ទៀត មិនបានរៀនទាល់តែសោះ។ សព្វថ្ងៃយុវសិស្ស សុច ណាក់ ស្នាក់នៅអន្តេវាសិកដ្ឋានសាលា ដោយសារចម្ងាយផ្លូវពីផ្ទះ មកសាលារៀន ប្រមាណជាង ១៥គីឡូម៉ែត្រ សម្រាប់ការចំណាយប្រចាំថ្ងៃ លើការហូបចុកក្នុងមួយសប្តាហ៍ ប្រ មាណ ២៥០០០រៀល។


តាមសម្តីបុរសជាឪពុករបស់សិស្ស សុច ណាក់ បានបញ្ជាក់ប្រាប់ថា ប្រពន្ធរបស់គាត់ ពិតជាបាននិយាយថា ឱ្យកូនឈប់រៀន ប្រាកដមែន ប៉ុន្តែរូបគាត់ជាឪពុក មិនដែលបង្ខំឱ្យកូនឈប់រៀនទេ មានតែជំរុញបន្ថែម។ បុរសជាឪពុក បានបន្ថែមថា ប្រពន្ធគាត់និយាយឱ្យកូនឈប់រៀន ប្រហែល៤-៥ដងមកហើយ នៅរាល់ពេលដែលប្រពន្ធគាត់ផឹកស្រាស្រវឹង។

ចំណែកក្មេងប្រុស សុខ ណាក់ បានបញ្ជាក់ប្រាប់ថា ដោយសារតែម្តាយតែងបង្ខំឱ្យឈប់រៀន នៅពេលដែលគាត់ស្រវឹងស្រា ទើបរូបគេអន់ចិត្ត ឈានដល់ការសរសេរលិខិតនេះឡើង កាលពីថ្ងៃសុក្រ ទី៥ ខែមីនា ឆ្នាំ២០២៦។

ជុំវិញករណីនេះ លោកគ្រូ អេង សុភ័ក្រ និងលោកគ្រូ ឃុត បូរ៉ា បានប្រឹក្សាជាលើកទី១ ជាមួយសិស្ស សុច ណាក់ កាលពីល្ងាចថ្ងៃទីសុក្រ ទី៦ ខែមីនា ឆ្នាំ២០២៦ ដោយសុច ណាក់ បានសន្យាថា នឹងចូលរៀនវិញ ប៉ុន្តែមិនអាចទាក់ទងអាណាព្យាបាលបាន ហើយក៏បានបន្តទាក់ទងទៅមេឃុំ មេភូមិ ដើម្បីជួយអន្តរាគមន៍ ទើបអាចទាក់ទងអាណាព្យាបាលបាន កាលពីព្រឹកថ្ងៃសៅរ៍ ទី៧ ខែមីនា ឆ្នាំ២០២៦ ដោយសារអាណាព្យាបាល នៅចម្ការ ឆ្ងាយ ខ្វះមធ្យាបាយធ្វើដំណើរ ទើបអញ្ជើញមកដោះសាយ្រនៅសាលា នៅព្រឹកថ្ងៃចន្ទ ទី៩ ខែមីនា ឆ្នាំ២០២៦ វិញ។

បន្ទាប់មក គណៈគ្រប់គ្រងសាលា គ្រូប្រឹក្សាតាមសាលារៀន គ្រូបន្ទុកថ្នាក់ និងគ្រូបង្រៀន បានអញ្ជើញអា ណាព្យាបាលរបស់សិស្ស សុច ណាក់ មកដោះស្រាយនៅព្រឹកថ្ងៃចន្ទ ទី៩ មីនា ដោយក្នុងនោះ ស្ត្រីជាម្តាយ បានសន្យាថា គាត់លែងបង្ខំឱ្យកូនឈប់រៀនទៀតហើយ និងជំរុញឱ្យកូនរៀនបន្ត រហូតដល់ចប់ថ្នាក់ទី១២។សម្រាប់ថវិកាដែលសប្បុរសជនឧបត្ថម្ភ សិស្ស សុច ណាក់ មានចំនួន ២២ម៉ឺនរៀល និងសៀវភៅ ប៊ិក មួយ ចំនួនទៀត សាលានឹងបើកឱ្យសុច ណាក់ ក្នុងមួយសប្តាហ៍ ៣០០០០រៀល ដើម្បីជួយសម្រួលជីវភាពមួយរយៈ។

នៅរសៀលថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៦ គណ:គ្រប់គ្រងវិទ្យាល័យហ៊ុនសែន ភ្នំដែក លោកគ្រូអ្នកគ្រូ សិស្សា នុសិស្ស និងសិស្សឈ្មោះ សុច ណាក់ បានថ្លែងអំណរគុណដល់ម្ចាស់ផេកហ្វេសប៊ុក ឈ្មោះ Alice Vann ដែលបានឧបត្ថម្ភកង់ ១គ្រឿង ឯកសណ្ឋានសិស្ស ២ឈុត កាតាប១ ស្បែកជើងប៉ាតា ១គូ ស្បែកជើងធម្មតា ១គូ និងខ្សែក្រវាត់១ សរុបជាថវិកា 435 000រៀល (សែសិបបីម៉ឺន ប្រាំពាន់រៀលគត់) និងឧបត្ថម្ភថវិកាប្រចាំសប្តាហ៍ ក្នុងមួយសប្តាហ៍ 30000រៀល (បីម៉ឺនរៀលគត់ ក្នុងមួយសប្តាហ៍) រហូតដល់ចប់ថ្នាក់ទី12 និងសូមអរគុណដល់លោក លន់ លីហេង លក់កង់និងកង់អាគុយ នៅភ្នំដែក បានឧបត្ថម្ភមួកសុវត្ថិភាព១ និងថវិកា 40 000រៀល (បួនម៉ឺនរៀលគត់) ដល់ក្មេងប្រុស សុច ណាក់ ដើម្បីមានលទ្ធភាពបានរៀនបន្ត តាមបំណង។
គួររំលឹកថា ក្មេងប្រុសម្នាក់ ត្រូវម្តាយបង្ខំឱ្យឈប់រៀន រហូតដល់បោះសម្តីថា “ទោះរៀនចប់ ក៏ឥតប្រយោជន៍ដដែល” ជាហេតុធ្វើឱ្យក្មេងប្រុសរូបនេះ សម្រេចចិត្តបោះបង់ចោលការសិក្សា តាមបំណងម្តាយ ដោយសរសេរលិខិត “សុំទោសប៊ិក សៀវភៅ ដែលខ្លួនមិនអាចកាន់បានយូរដូចគេ” ដែលសំណេរនេះ បានធ្វើឱ្យសេដ្ឋិនីចិត្តធម’ លោកស្រី សុភា បុត្រឈើ (Sophea Böttcher) រំជួលចិត្តយ៉ាងខ្លាំង រហូតប្រកាសរកក្រុមគ្រួសារក្មេងប្រុសខាងលើ ដើម្បីជួយឧបត្ថម្ភការសិក្សារបស់ក្មេងប្រុសរូបនោះ មិនឱ្យឈប់រៀនឡើយ។

ចំពោះលិខិតសរសេរផ្ទាល់ដៃរបស់ក្មេងប្រុស សុច ណាក់ ដែលរៀបរាប់ពីការសម្រេចចិត្តបញ្ឈប់ការសិក្សារបស់ខ្លួន តាមបំណងម្តាយនោះ មានខ្លឹមសារទាំងស្រុងថា “នៅថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៦ ខ្ញុំបានឈប់រៀន រហូតហើយ ពីព្រោះម្តាយរបស់ខ្ញុំ តែងតែងចង់ឱ្យឈប់រៀន ខ្ញុំឈប់ដូចបំណងរបស់គាត់ហើយ ចាប់តាំងពីពេលនេះទៅ ខ្ញុំនឹងធ្វើខ្លួនឱ្យក្លាយជាមនុស្សម្នាក់ទៀត។ សូមទោសប៊ិក សូមទោសសៀវភៅ ដែលខ្ញុំមិនអាចកាន់អ្នកបានយូរដូចគេ ពីព្រោះម្តាយរបស់ខ្ញុំ ចង់ឱ្យខ្ញុំឈប់រៀន ពីព្រោះគាត់ថា រៀនធ្វើអី មនុស្សចឹង ទោះរៀនចប់ ក៏នៅតែឥត ប្រយោជន៍ដដែលហ្នឹង។ ចឹងហើយ ទើបគាត់ថា ឈប់រៀនទៅល្អជាង។ បែបហ្នឹងហើយ ទើបខ្ញុំសម្រេចចិត្តឈប់រៀន តាមបំណងគាត់…”៕