ភ្នំពេញ ៖ បុរសម្នាក់ បើករថយន្តទំនើប ១គ្រឿង ក្នុងល្បឿនលឿន និងមិនប្រយ័ត្ន ជ្រុលទៅបុករបាំងថ្មពុះចែកទ្រូង ពេញទំហឹង បណ្តាលឱ្យបាក់មួយកង់ ចំណែករថយន្ត ខូចខាតមួយកំណាត់មុខ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង១២និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២ ខែមីនា ឆ្នាំ២០២៦ ស្ថិតនៅតាមបណ្តោយផ្លូវព្រះសីហនុ កែងផ្លូវ៣១៣ សង្កាត់បឹងកេងកងទី២ ខណ្ឌបឹងកេងកង។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្តទំនើប ១គ្រឿង ម៉ាក TOYOTA ALPHARD ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2CE-0879 បើកបរដោយបុរសម្នាក់ ធ្វើដំណើរតាមបណ្តោយផ្លូវឧកញ៉ា ម៉ុងឫទ្ធី ក្នុងល្បឿនលឿន លុះពេលបើកមកដល់ចំណុចកើតហេតុ មិនប្រយ័ត្ន ជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវ បាក់១កង់ ចំណែករថយន្ត ខូចខាតមួយកំណាត់មុខយ៉ាងធ្ងន់ សំណាងល្អមិនបង្កឱ្យគ្រោះថ្នាក់ដល់មនុស្ស ហើយភ្លាមនោះ តៃកុងរថយន្ត បានចុះពីរថយន្ត គេចចេញពីកន្លែងកើតហេតុបាត់ស្រមោល។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាន សហការជាមួយមន្ត្រីជំនាញ បានចុះមកវាស់វែង រួចស្ទូចយករថយន្តបង្កហេតុ ទៅរក្សាទុកជាបណ្តោះអាសន្ន រង់ចាំការដោះស្រាយនៅពេលក្រោយ៕