
ភ្នំពេញៈ មេបក្សជំនាន់ថ្មី លោកមាជ សុវណ្ណារ៉ា បានលើកឡើងថា សាងបាប លាងបាប ខុសពីឈ្លើងសង្គមបំផ្លាញជាតិ ។ ការលើកឡើងបែបនេះ អតីតថ្នាក់ដឹកនាំបក្សប្រឆាំង (អតីតគណបក្សសង្រ្គោះជាតិ) រូបនេះ ចង់សំដៅទៅដល់អំពើពុករលួយនៅក្នុងប្រព័ន្ធគយ បន្ទាប់ពីអ្នកឧកញ៉ាគិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា ជំរុញឱ្យមន្ត្រីគយ លាងបាប ខណៈអង្គការតម្លាភាពអន្តរជាតិ បានទម្លាក់ចំណាត់ថ្នាក់កម្ពុជា១លេខទៀត ក្នុងឆ្នាំ២០២៥ គឺជាប្រទេសដែលមានអំពើពុករលួយច្រើន។
លោកមាជ សុវណ្ណារ៉ា បានមានប្រសាសន៍ប្រាប់“នគរធំ” នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៦ថា ថា “ យើងដឹងហើយថា ស្ថាប័នគយ គឺជាកន្លែងដែលគេងាយមើលឃើញជាប្រយោល ជាចំហក្ដី គឺយើងឃើញតាមរបៀបប្រាក់ខែរាជការក្នុងកម្រិតប៉ុន្មានក្នុង១ខែ ទៅតាមឋានន្តរស័ក្ដិ នៃការងាររបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករ ហើយមកដល់ឥឡូវ យើងមើលឃើញថា គយជាច្រើន ស្ទើរតែ៩០% ដែលបានទទួលនូវប្រាក់ យើងមិននិយាយពីប្រាក់ខែទេ គឺប្រាក់ដែលមិនប្រក្រតីហ្នឹង រហូតដល់មានបាន ហើយមានការបែកធ្លាយ ដែលអគ្គនាយករងមួយហ្នឹងមានលុយទៅដល់២ពាន់លានដុល្លារទៅទៀត ។ អ៊ីចឹងវាជាបញ្ហាមួយ ដែលយើងឃើញថា អង្គការតម្លាភាព ដែលបានបង្ហាញចំណាត់ថ្នាក់មកកម្ពុជា គឺគ្រប់គ្នា ខ្ញុំមិននិយាយរបៀបជាហេតុផលនយោបាយទេ ខ្ញុំនិយាយជាលក្ខណៈបច្ចេកទេស ដែលមជ្ឈដ្ឋានជាតិ និងអន្តរជាតិយើងដឹងតាមទិដ្ឋភាពជីវភាពរស់នៅ ការប្រើប្រាស់សម្ភារៈទំនើបហួសពីប្រាក់ខែរបស់ខ្លួន ។ ក្នុងប្រទេសគេ គឺថា ទោះបីគេមានបានយ៉ាងណា ក្នុងរដ្ឋការ រាជការ គឺគេរបស់ដែលបង់បណ្ដាក់ប្រចាំខែ ឬក៏រស់របៀបសេចក្ដីថ្លៃថ្នូរ មិនពុករលួយ គោរពច្បាប់ អនុវត្តមិនល្មើសច្បាប់ទៅនឹងការគាបសង្កត់ ការជិះជាន់ ប្រព្រឹត្តអំពើពុករលួយ បក្ខពួក គ្រួសារនិយមអី អាទាំងអស់ហ្នឹងហើយ ដែលធ្វើឲ្យសង្គមជាតិហ្នឹង វាមិនរីកចម្រើន មិនទៅមុខ ធ្វើឲ្យជួបនូវភាពក្រីក្រ ធ្វើឲ្យជួបនូវអ្វីដែលជាការមិនគប្បីសម្រាប់ការជួយស្ដារ ជួយកសាងប្រទេសជាតិ ឲ្យខឿនសេដ្ឋកិច្ចហ្នឹងរស់រវើក ឲ្យវាមានសណ្ដាប់ធ្នាប់ របៀបរៀបរយនៃការគោរពនីតិរដ្ឋ គោរពច្បាប់ មិនប្រព្រឹត្តអំពើពុករលួយអី…” ។

ភ្ជាប់ជាមួយចំណុចនេះ លោកមាជ សុវណ្ណារ៉ា បានបញ្ជាក់សង្កត់ធ្ងន់ថា សាបាប លាងបាប ខុសពីឈ្លើងសង្គមបំផ្លាញជាតិ មានន័យថា ជាការបឺតឈាមសង្គម បំផ្លាញសង្គម ប្រព្រឹត្តអំពើពុករលួយ ធ្វើឲ្យគេឈឺចាប់ អយុត្តិធម៌ ដើម្បីតែអំណាច និងលាភសក្ការៈ ដែលយកពីការបម្រើជាតិ ប៉ុន្តែយើងអត់បានទៅបម្រើជាតិដោយសេចក្ដីល្អ ដោយអំពើបុណ្យកុសល សម្រាប់សន្តិសុខមនុស្សជាតិ សម្រាប់ផ្នែកមនុស្សធម៌ សប្បុរសធម៌ ដើម្បីជាសេចក្ដីសុខនៃប្រទេសជាតិ នៃប្រជាពលរដ្ឋនៅក្នុងសង្គម ក្នុងនាមយើងជាអ្នកដឹកនាំ ជាអ្នកនយោបាយនោះទេ ។
លោកមាជ សុវណ្ណារ៉ា បានមានប្រសាសន៍ថា “ ខ្ញុំចង់បង្ហាញចំណុចដែលថា សាងបាប លាងបាប វាផ្ទុយ វាខុសពីឈ្លើងសង្គមបំផ្លាញជាតិហ្នឹង ត្រង់ថា ការសាងបាប លាងបាប របស់មនុស្សយើងនៅក្នុងសង្គមមួយ ដែលកាន់សាសនា មិនថាសាសនាព្រះពុទ្ធ អ៊ិស្លាម គ្រិស្ទៀន យេស៊ូគ្រិស្ដ ព្រះហិណ្ឌូ ឬក៏សាសនាផ្សេងៗទេ គឺថា កាលណាយើងសាងល្អ យើងទទួលបាននូវសេចក្ដីល្អ សេចក្ដីត្រឹមត្រូវ មិនមានឧបសគ្គ ឬក៏វិប្បដិសារី ទៅនឹងអ្វីដែលយើងសាងអំពើល្អ ។ បើយើងសាងបាប គឺយើងធ្វើអំពើអាក្រក់ អំពើណាដែលធ្វើឲ្យអន្តរាយដល់ខ្លួនឯង ដល់អ្នកដទៃ ។ អ៊ីចឹងវាប៉ះទៅលើបុគ្គល និងបុគ្គលទេ គឺថាសាងបាប បានបាប សាងបុណ្យបានបុណ្យ នៅផ្លូវធម៌ព្រះពុទ្ធ ឬក៏សាសនាផ្សេងៗ ជាសុភមង្គល ជាអពមង្គលរបស់បុគ្គលម្នាក់ៗ ហើយអ្វីដែលវាផ្ទុយទៅនឹងឈ្លើងសង្គមបំផ្លាញជាតិ គឺយើងចង់ផ្ដោតទៅលើអ្នកដឹកនាំ ទៅលើស្ថាប័នគ្រប់គ្រងរដ្ឋ ឬក៏ផ្នែកផ្សេងៗដែលទាក់ទងទៅនឹងអ្វីដែលជាការរាំងស្ទះ ការមិនបានចូលរួមចំណែកកសាងជាតិ កសាងសង្គម សហគមន៍ដែលខ្លួនរស់នៅឲ្យមានសុខដុមរមនា គឺថា ការបឺតឈាមសង្គមហ្នឹង មានន័យថា យើងបំផ្លាញសង្គម ប្រព្រឹត្តអំពើពុករលួយ ធ្វើឲ្យគេឈឺចាប់ អយុត្តិធម៌ ដើម្បីតែអំណាច និងលាភសក្ការៈ ដែលយកពីការបម្រើជាតិ ប៉ុន្តែយើងអត់បានទៅបម្រើជាតិដោយសេចក្ដីល្អ ដោយអំពើបុណ្យកុសល សម្រាប់សន្តិសុខមនុស្សជាតិ សម្រាប់ផ្នែកមនុស្សធម៌ សប្បុរសធម៌ ជួយកសាងបែបណា ដើម្បីជាសេចក្ដីសុខនៃប្រទេសជាតិ នៃប្រជាពលរដ្ឋនៅក្នុងសង្គម ក្នុងនាមយើងជាអ្នកដឹកនាំ ជាអ្នកនយោបាយ “ ។

លោកមាជ សុវណ្ណារ៉ា បានមានប្រសាសន៍បន្តថា “ អ៊ីចឹងហើយយើងចង់បានតំណែងបុណ្យស័ក្ដិហ្នឹង ទៅបង្កើតនូវអំពើពុករលួយ លាភសក្ការៈ ជាន់គេ ជាន់ឯង ធ្វើឲ្យគេឈឺចាប់ ដោយសារតែផលប្រយោជន៍នៃគ្រួសារ បុគ្គល បក្ខពួកអីហ្នឹងហើយ ដែលជាការអន្តរាយ ធ្វើឲ្យជាតិហ្នឹងមិនរីកចម្រើន មានតែហិនហោច ដូចជាយើងបំផ្លាញនូវទ្រព្យសម្បត្តិធម្មជាតិរបស់ប្រទេសជាតិហ្នឹង គឺដូចជាបញ្ហារ៉ែ បញ្ហាព្រៃឈើ ឬក៏លុយពុករលួយនៅក្នុងក្រសួងស្ថាប័នអីហ្នឹងមិនបានឲ្យមានសុចរិតភាព តម្លាភាព គណនេយ្យភាព ក្រៅតែពីបិទបាំង ក្រៅតែពីបំផ្លាញជាតិ តាមរយៈអំណាចបុណ្យស័ក្ដិ ហើយមិនគិតអំពីផលប្រយោជន៍រួម អាហ្នឹងហើយ ដែលប្រទេសនឹងរលត់រលាយ ជាតិត្រូវបានបំផ្លាញដោយបុគ្គលទុច្ចរិត បុគ្គលដែលមិនគោរពនូវនីតិរដ្ឋ បុគ្គលដែលដើរផ្ទុយពីច្បាប់ប្រទេស យកអំណាចទៅជាន់ឈ្លីការដឹកនាំមួយ ដែលប្រាសចាកអំពីអ្វីដែលជារដ្ឋបាលសាធារណៈ ក្នុងការស្វែងសុភមង្គលឲ្យជាតិ ឲ្យប្រជារាស្រ្ត ។ អាហ្នឹងហើយ ដែលខ្ញុំថា វាផ្ទុយ វាជាឈ្លើងសង្គមមួយ ដែលមិនបានធ្វើឲ្យជាតិរុងរឿង មិនបានធ្វើអ្វីជាសេចក្ដីសុខដល់ប្រជារាស្រ្ត វាទៅជារឿងដែលបង្កើតនូវបក្ខពួក គ្រួសារនិយម ហើយគិតតែពីផលប្រយោជន៍សួនតួ អត្តទត្ថបុគ្គល មិនគិតពីផលប្រយោជន៍រួម វាកើតជាការបែកបាក់ផ្ទៃក្នុងជាតិ ការប្រកាន់ពណ៌សម្បុរ រើសអើងរវាងគម្លាតអ្នកមាន និងអ្នកក្រ ហើយនិងអ្នកមានអំណាច អ្នកធំ អ្នកតូចហ្នឹង ។ អាហ្នឹងហើយជាហេតុផលដែលយើងអត់ចង់ឃើញការសាងបាប ការបង្កើតនូវអ្វីជាឧក្រិដ្ឋកម្មទុច្ចរិត ធ្វើឲ្យសង្គមហ្នឹងពុករលួយ ធ្វើឲ្យប្រទេសជាតិហ្នឹងរងគ្រោះ ដោយសារភាពរាំងស្ទះ មិនមានការរួមគំនិត រួមចំណេះបញ្ញាកសាងប្រទេសជាតិហ្នឹងឲ្យល្អប្រសើរសម្រាប់ជាការបង្ហាញនូវសេចក្ដីថ្លៃថ្នូរ នូវកិត្តិយស កិត្យានុភាពនៅលើពិភពលោក ឲ្យគេឃើញថា តើពូជខ្មែរ សង្គមខ្មែរនេះ វារីកចម្រើន ឬក៏វាពុករលួយ ឬការជិះជាន់បែបណា ដើរផ្ទុយទៅនឹងរកអំណាចផ្ដាច់ការ ឬក៏សង្គមប្រជាធិបតេយ្យ សង្គមនៃមនោគមន៍វិជ្ជា ការបែកបាក់នៃការរើសអើងនិន្នាការគណបក្សនយោបាយ ការប្រកាន់ពណ៌សម្បុរទៅតាមអ្វីដែលមិនមែនជាសេចក្ដីសុខនៃខ្មែរយើង ឬវប្បធម៌ចែកគ្នារស់ ក្រៅពីវប្បធម៌ដណ្ដើមគ្នារស់ សក់អ្នកណាក្បាលអ្នកហ្នឹង “ ។

លោកមាជ សុវណ្ណារ៉ា បានមានប្រសាសន៍បន្តទៀតថា “ អ៊ីចឹងមានន័យថា យើងអត់មានសេចក្ដីសុខ សុខនៅក្នុងអ្វីដែលជាពន្លឺនៃសុភមង្គល ហើយនិងការជួយជាគំរូដល់អ្នកជំនាន់ថ្មី អ្នកជំនាន់ក្រោយអីទេ ក្រៅតែពីទុក្ខសោក ក្រៅតែពីរីងរៃនៃប្រទេសជាតិមួយ ដែលមិនមានសេចក្ដីសុខ សេចក្ដីខ្លាំង រឹងមាំ ថ្លៃថ្នូរ ក្រៅតែពីឲ្យបរទេសគេជាន់ឈ្លី គេមើលងាយ មើលថោកប្រទេសជាតិ ខ្ញុំថា នេះជាអ្វីថ្នាក់ដឹកនាំត្រូវតែធ្វើជាគំរូនៃការចាប់ផ្ដើម ដើម្បីឲ្យមានភាពស្អាតស្អំ សេចក្ដីថ្លៃថ្នូរ កិត្យានុភាពនៅលើឆាកអន្តរជាតិ គឺថា យើងមានសីលធម៌ គុណធម៌នៃអ្នកដឹកនាំ សណ្ដាប់ធ្នាប់នយោបាយបែបថ្មី គោរពនីតិរដ្ឋ គោរពច្បាប់ ដឹកហើយនិងនាំជាគំរូសម្រាប់ឲ្យប្រទេសជាតិហ្នឹងមានការរីកចម្រើន ហើយប្រជាពលរដ្ឋមានសេចក្ដីសុខ ចេញអំពីការគំរាមកំហែង គាបសង្កត់ បំភិតបំភ័យ ក្រៅតែពីអ្វីដែលយើងប្រកាន់នូវគោលការណ៍ប្រជាធិបតេយ្យ សេរីពហុបក្ស យកសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ និយាយស្ដី ជាសិទ្ធិដែលត្រូវបានធានា ការពារដោយរដ្ឋធម្មនុញ្ញ យកការគោរពសិទ្ធិមនុស្ស គុណតម្លៃនៃជីវិតមនុស្ស ទៅនឹងសុខុមាលភាពនៃការរស់នៅ ទៅនឹងការចេះដឹងចេញពីការអប់រំ បង្កើតនូវធនធានមនុស្ស ឲ្យគុណតម្លៃនៃធនធានមនុស្ស ចូលរួមចំណែកកសាងនូវប្រទេសជាតិតាមពហុគំនិត តាមចំណេះជំនាញ តាមធនធានដែលពួកគេមាន ។ អាហ្នឹងហើយជាពន្លឺភ្លឺស្វាងសម្រាប់ប្រទេសជាតិទាំងមូល គឺចង់បង្ហាញចេញពីបុគ្គលនៃអ្នកដឹកនាំ គឺថា ត្រូវតែមានភាពស្អាតស្អំ ត្រូវតែមានសីលធម៌ ត្រូវតែគោរពច្បាប់ជាគោល ជាអ្នកគំរូនៃការអនុវត្តន៍ច្បាប់នីតិរដ្ឋ ហើយត្រូវចែកគ្នាឲ្យដាច់រវាងអំណាចនីតិប្រតិបត្តិ នីតិប្បញ្ញត្តិ នីតិតុលាការ ហើយធ្វើជាគំរូនៃសកម្មក្នុងការជួយកសាងជាតិ កសាងនូវសុភមង្គលដល់ប្រជាពលរដ្ឋ ព្រោះប្រជាពលរដ្ឋជាម្ចាស់ប្រទេស ម្ចាស់សន្លឹកឆ្នោត ដើម្បីជ្រើសរើសយកមេដឹកនាំមកបម្រើប្រជាពលរដ្ឋ នៅក្នុងគោលការណ៍ប្រជាធិបតេយ្យ ដែលធានានិងការពារដោយរដ្ឋធម្មនុញ្ញ ជំពូកទី៣ មាត្រា៣០ ដល់មាត្រា៥០ ។ អាហ្នឹងហើយដែលពលរដ្ឋចង់ឃើញអ្នកដឹកនាំក្នុងនាមជាអ្នកបម្រើពលរដ្ឋ ពលរដ្ឋជាម្ចាស់ ជាចៅហ្វាយរបស់អ្នកដឹកនាំ នៅក្នុងគោលការណ៍ប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្ស “ ។

គួរបញ្ជាក់ថា ការលើកឡើងរបស់លោកមាជ សុវណ្ណារ៉ា ប្រធានគណបក្សជំនាន់ថ្មី ខាងលើនេះ បានធ្វើឡើងក្រោយពីអ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានគណៈកម្មាធិការសម្របសម្រួលក្រុមការងារវិស័យឯកជនសម្រាប់យន្តការវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា ថ្លែងនៅក្នុងវេទិកាពន្ធដារកម្ពុជា ឆ្នាំ២០២៦ នៅទីស្នាក់ការកណ្តាលអគ្គនាយកដ្ឋានពន្ធដារ កាលពីពេលថ្មីៗនេះ បានស្នើឲ្យអគ្គនាយកដ្ឋានពន្ធដារ ពិចារណា «លាងបាប» ឬលុបបំណុលចាស់ៗរបស់ក្រុមហ៊ុនឯកជន ដើម្បីសម្រួលឲ្យក្រុមហ៊ុនឯកជនអាចបើកអាជីវកម្មថ្មីៗរបស់ពួកគេបាន។ ជាពិសេសលោកបានអំពាវនាវឱ្យវិស័យឯកជនទាំងមូល អនុវត្តកាតព្វកិច្ចបង់ពន្ធស្របតាមច្បាប់ឱ្យបានត្រឹមត្រូវ ដោយចាត់ទុកថា ពន្ធជាធនធានរួមដ៏សំខាន់ ដែលផ្តល់អំណាចដល់រដ្ឋក្នុងការជំរុញការអភិវឌ្ឍសេដ្ឋកិច្ច និងការរក្សាស្ថិរភាពជាតិ របស់ប្រទេសកម្ពុជា។
ដោយឡែក ក្នុងរបាយការណ៍ដែលចេញផ្សាយដោយអង្គការតម្លាភាពអន្តរជាតិ (Transparency International) នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៦ បង្ហាញថា សន្ទស្សន៍ការយល់ឃើញពីអំពើពុករលួយ (CPI) ឆ្នាំ២០២៥ ប្រទេសកម្ពុជា ទទួលបានពិន្ទុ ២០ លើពិន្ទុអតិបរមា ១០០ ដែលជាការថយចុះ ១ពិន្ទុ ធៀបនឹងឆ្នាំ២០២៤។ ពិន្ទុនេះ ធ្វើឱ្យប្រទេសកម្ពុជាស្ថិតក្នុងចំណាត់ថ្នាក់លេខរៀងទី១៦៣ ក្នុងចំណោម ១៨២ ប្រទេស និងដែនដី ដែលស្ថិតនៅជិតបាតតារាងនៃការវាយតម្លៃ និងជាការបង្ហាញពីនិន្នាការមួយគួរឱ្យព្រួយបារម្ភ ខណៈឆ្នាំ២០២៤ កម្ពុជាស្ថិតក្នុងចំណាត់ថ្នាក់លេខរៀងទី១៥៥ ក្នុងចំណោម ១៨០ប្រទេស និងដែនដី។
សន្ទស្សន៍ CPI ចាត់ថ្នាក់ប្រទេស និងដែនដីចំនួន ១៨២ តាមកម្រិតនៃការយល់ឃើញពីអំពើពុករលួយនៅក្នុងវិស័យសាធារណៈ ដោយប្រើប្រាស់មាត្រដ្ឋានពីពិន្ទុ ០ ដែលមានន័យថា «ពុករលួយខ្លាំង» ដល់ពិន្ទុ ១០០ ដែលមានន័យថា «ស្អាតស្អំខ្លាំង»។
យ៉ាងណា តារាងវាយតម្លៃពិន្ទុរបស់អង្គការតម្លាភាពអន្តរជាតិ ក៏បានលើកឡើងអំពីការធ្លាក់ចុះគួរឲ្យព្រួយបារម្ភ នូវការកើនឡើងនូវអំពើពុករលួយ នៃបណ្តាប្រទេសប្រជាធិបតេយ្យ ក្នុងពិភពលោកផងដែរ ដោយសារសន្ទស្សន៍ CPI សរុបទាំង១៨២ប្រទេស និងដែនដី គឺមានដល់ទៅ ១២០ប្រទេស ដែលបានពិន្ទុក្រោម ៥០ ដែលនេះជាសញ្ញាបង្ហាញថា រដ្ឋាភិបាលភាគច្រើន កំពុងបរាជ័យក្នុងការទប់ស្កាត់ការរំលោភអំណាច ការសូកប៉ាន់ និងការកេងប្រវ័ញ្ចថវិកាសាធារណៈ។
បើតាមរបាយការណ៍ សូម្បីប្រទេសប្រជាធិបតេយ្យធំៗ ដូចជា សហរដ្ឋអាមេរិក ក៏បានធ្លាក់ពិន្ទុ ពី៦៥ នៅឆ្នាំ២០២៤ មកនៅត្រឹម ៦៤ ក្នុងចំណោម១០០ពិន្ទុ នៅឆ្នាំ២០២៥ ផងដែរ ខណៈប្រទេសដែលត្រូវបានវាយតម្លៃថាមានភាពស្អាតស្អំ និងមានអំពើពុករលួយតិចជាងគេ គឺប្រទេសដាណឺម៉ាក ដែលបានជាប់ចំណាត់ថ្នាក់លេខ១ ជាមួយពិន្ទុ៨៩។
ក្នុងសេចក្តីប្រកាសព័ត៌មាន ដែលភ្ជាប់ជាមួយរបាយការណ៍នោះ អង្គការតម្លាភាពអន្តរជាតិ បានអំពាវនាវដល់បណ្តារដ្ឋទាំងអស់ ត្រូវបន្តការដឹកនាំនយោបាយលើការប្រឆាំងអំពើពុករលួយ រួមទាំងការអនុវត្តច្បាប់ពេញលេញ ការអនុវត្តការប្តេជ្ញាចិត្តជាអន្តរជាតិ និងកំណែទម្រង់ដែលពង្រឹងតម្លាភាព ការត្រួតពិនិត្យ និងគណនេយ្យភាព។
អង្គការនោះ ក៏អំពាវនាវឱ្យការពារលំហពលរដ្ឋ ដោយបញ្ចប់ការវាយប្រហារលើអ្នកសារព័ត៌មាន អង្គការក្រៅរដ្ឋាភិបាល និងអ្នកផ្តល់ព័ត៌មាន និងបញ្ឈប់កិច្ចខិតខំប្រឹងប្រែងក្នុងការរឹតបន្តឹងការងារសង្គមស៊ីវិលឯករាជ្យ ព្រមទាំងបិទចន្លោះប្រហោងសម្ងាត់ដែលអនុញ្ញាតឱ្យអំពើពុករលួយផ្លាស់ទី ឆ្លងដែន ជាដើម ៕