ភ្នំពេញ ៖ ក្រុមការងារសាធារណមតិកម្ពុជា (Cambodia PR Team) បានធ្វើការបកស្រាយ ឆ្លើយតប ទាក់ទងនឹងជំហររបស់រាជរដ្ឋាភិបាល ចំពោះការឈ្លានពានរបស់យោធាថៃ មកលើទឹកដីកម្ពុជា ពន្យល់ពីការងារជា អាទិភាពរបស់រាជរដ្ឋាភិបាល នៅក្នុងជម្លោះព្រំដែនជាមួយប្រទេសថៃ រួមមាន គោលការណ៍និងជំហររបស់រាជរដ្ឋាភិបាលកម្ពុ រួមទាំងការអនុវត្តសកម្មភាពការទូត និងវិធានការដើម្បីការពារអធិបតេយ្យជាតិ និងដោះ ស្រាយបញ្ហាព្រំដែន ជាមួយថៃ ដោយសន្តិវិធី។

ការឆ្លើយតបរបស់ក្រុមការងារសាធារណមតិកម្ពុជា (Cambodia PR Team) ទាក់ទងនឹងជំហររបស់រាជរដ្ឋា ភិបាល ចំពោះការឈ្លានពានរបស់យោធាថៃ មកលើទឹកដីកម្ពុជា ចុះថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៦ មានដូចខាងក្រោម ៖
សំណួរទី១ ៖ តើអ្វីជាអាទិភាពរបស់រាជរដ្ឋាភិបាល នៅក្នុងជម្លោះព្រំដែនជាមួយប្រទេសថៃ ?
ចម្លើយ ៖ ចាប់តាំងពីការផ្ទុះអាវុធលើកទី១ មក រាជរដ្ឋាភិបាល បានចាត់ទុកទឹកដី និងប្រជាពលរដ្ឋ ជាអាទិភាពចម្បងបំផុត ដែលត្រូវដោះស្រាយ។ ទោះបីជាការងារមានភាពលំបាក ស្មុគស្មាញយ៉ាងណាក៏ដោយ ក៏កាតព្វ កិច្ចក្នុងការការពារអធិបតេយ្យ បូរណភាពទឹកដី អាយុជីវិត និងសុខទុក្ខរបស់ប្រជាពលរដ្ឋ ត្រូវបានអនុវត្តជាបន្ត បន្ទាប់ ដោយសកម្មភាពជាក់ស្តែង គឺមិនមែនមានតែការប្តេជ្ញាចិត្តតែមាត់ទេ។ ជាក់ស្តែង រាជរដ្ឋាភិបាល បានដោះស្រាយបញ្ហាប្រឈមនានារបស់គ្រួសារយុទ្ធជនពលី ដើម្បីសម្រួលដល់ជីវភាពប្រចាំថ្ងៃរបស់ខ្លួន មើលថែ ទាំយុទ្ធជនដែលរងរបួសនិងដែលសម្រាកព្យាបាលនៅមន្ទីរពេទ្យ ក៏ដូចជាក្រុមគ្រួសាររបស់ពួកគេ។ រាជរដ្ឋាភិបាល បានមើលថែទាំជនភៀសសឹក ជាងកន្លះលាននាក់ តាមរយៈការផ្គត់ផ្គង់ជូនពួកគេគ្រប់បែបយ៉ាង។ ស្របពេលជាមួយគ្នា រាជរដ្ឋាភិបាល ខិតខំប្រឹងប្រែងការពារបូរណភាពទឹកដី ដោយសន្តិវិធី តាមរយៈមធ្យោបាយការទូត យ៉ាងសកម្ម។

សំណួរទី២ ៖ ហេតុអ្វីបានជារាជរដ្ឋាភិបាល ត្រូវការពេលវេលានិងថ្លឹងថ្លែងខ្ពស់ ក្នុងការសម្រេចចិត្ត ពាក់ព័ន្ធបញ្ហាព្រំដែនជាមួយប្រទេសថៃ ?
ចម្លើយ ៖ ប្រជាពលរដ្ឋម្នាក់ៗ អាចបង្ហាញអារម្មណ៍ផ្សេងៗគ្នា និងចង់បានចំណាត់ការលឿនតាមដែលចិត្តចង់ ហើយជួនកាល ពួកគេអាចស្រមៃឃើញចំណាត់ការផ្សេងគ្នា ទៅតាមអារម្មណ៍ផ្ទាល់ខ្លួន ហើយដែលជាទូទៅ ពួកគាត់មើលឃើញតែមួយជ្រុង។ ចំណែករាជរដ្ឋាភិបាលវិញ ត្រូវថ្លឹងថ្លែងគ្រប់ជ្រុង មុននឹងសម្រេចចិត្ត ដោយគិតអំពីដំណោះស្រាយបញ្ហាបូរណភាពទឹកដីផង និងបញ្ចៀសផលប៉ះពាល់ទៅលើប្រជាពលរដ្ឋផង និងត្រូវទទួលបន្ទុក ដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋដែលរងផលប៉ះពាល់។ ដំណោះស្រាយនិងវិធានការទាំងនេះ មានភាពប្រទាក់ក្រឡាគ្នា ដែលមិនអាចកាត់ផ្ដាច់ពីគ្នាបានឡើយ។ ដូច្នេះទាមទារឱ្យរាជរដ្ឋាភិបាល គិតគូរ ថ្លឹងថ្លែង ប្រកបដោយការទទួលខុសត្រូវខ្ពស់បំផុត ចំពោះជាតិនិងប្រជាជន។ ហេតុដូច្នេះហើយ បានជាជួនកាល វិធានការមើលទៅហាក់ដូចជាយឺត និងមិនដូចចិត្តដែលបងប្អូនយើងចង់បាន ប៉ុន្តែវាជាការសម្រេចចិត្តដែលចង់បានលទ្ធផលល្អ និងយូរអង្វែងសម្រាប់កូនចៅជំនាន់ក្រោយ។ ពិតហើយ ជម្លោះនេះ ធ្វើឱ្យយើងឈឺចាប់ ឬអាចរងរបួសផ្លូវកាយ ឬផ្លូវចិត្ត ប៉ុន្តែយើងមិនដួលនោះទេ។ ផ្ទុយទៅវិញ យើងត្រូវប្រែក្លាយការឈឺចាប់នេះ ទៅជាភាពរឹងមាំ ពីព្រោះគ្មាននរណាអាចជួយយើងបានច្រើនជាងយើងជួយខ្លួនយើងនោះទេ។

សំណួរទី៣ ៖ តើអ្វីជាគោលការណ៍និងជំហររបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការការពារទឹកដី អធិបតេយ្យជាតិ និងដោះស្រាយជម្លោះព្រំដែនកម្ពុជា-ថៃ ?
ចម្លើយ ៖ គោលការណ៍និងជំហររបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការការពារទឹកដី អធិបតេយ្យជាតិ និងដោះស្រាយជម្លោះព្រំដែនកម្ពុជា-ថៃ រួមមាន ៖
– ទឹកដី និងប្រជាជន នៅតែជាអាទិភាពខ្ពស់បំផុតរបស់រាជរដ្ឋាភិបាល នាពេលកន្លងមក បច្ចុប្បន្ន និងអនាគត ជាព្រំដែនអន្តរជាតិរវាងរដ្ឋនិងរដ្ឋ ដែលត្រូវបានការពារដោយច្បាប់អន្តរជាតិ។ រាជរដ្ឋាភិបាល ប្តេជ្ញាប្រើប្រាស់គ្រប់មធ្យោបាយសន្តិវិធីដែលមាន ដើម្បីការពារ បូរណភាពទឹកដី និងអធិបតេយ្យជាតិ ស្របតាមច្បាប់អន្តរជាតិ និងមិនទទួលស្គាល់ការកែប្រែខ្សែបន្ទាត់ព្រំដែន ដោយប្រើកម្លាំង ជាដាច់ខាត។
– កម្ពុជា ប្រកាន់ខ្ជាប់នូវជំហរដោះស្រាយជម្លោះព្រំដែនកម្ពុជា-ថៃ ដោយសន្តិវិធី ផ្អែកលើផែនទីនិងឯកសារដែលកំណត់ដោយអនុសញ្ញា និងសន្ធិសញ្ញាបារាំង-សៀម ឆ្នាំ១៩០៤ និង ១៩០៧ និងច្បាប់អន្តរជាតិ ព្រមទាំងកិច្ចព្រមព្រៀងទ្វេភាគីទាំងឡាយ ដែលកម្ពុជា និងថៃ បានចុះហត្ថលេខាជាមួយគ្នា ជាពិសេស ការចុះវាស់វែងតាមយន្តការ JBC ដើម្បីកំណត់ភាពត្រឹមត្រូវនិងយុត្តិធម៌ សម្រាប់ប្រទេសទាំងពីរ ក្នុងការការពារអធិបតេយ្យ បូរណភាពទឹកដីរៀងៗខ្លួន។

សំណួរទី៤ ៖ តើបន្ទាប់ពីបទឈប់បាញ់ រាជរដ្ឋាភិបាល បានរៀបចំយន្តការ និងការសម្របសម្រួលយ៉ាងដូចម្តេច ដើម្បីវាយតម្លៃការខូចខាត និងគាំទ្រគ្រួសារយុទ្ធជនពលី យុទ្ធជនរងរបួស និងពលរដ្ឋភៀសសឹក ឱ្យបានមានប្រសិទ្ធភាព?
ចម្លើយ ៖ បន្ទាប់ពីកិច្ចខិតខំប្រឹងប្រែងស្វែងរកបទឈប់បាញ់ ដើម្បីបញ្ចប់សោកនាដកម្មមកលើប្រទេសជាតិ និងប្រជាពលរដ្ឋ រាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំ ដែលមានសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានផ្តោតការយកចិត្តទុកដាក់ខ្ពស់បំផុតទៅលើគ្រួសារយុទ្ធជនពលី និងយុទ្ធជនរងរបួស ក៏ដូចជាពលរដ្ឋភៀសសឹក។ ក្នុងន័យនេះ សម្តេចបវរធិបតី នាយករដ្ឋមន្ត្រី បានតែង តាំងសមាសភាពក្រុមការងារចំពោះកិច្ចមួយ ដើម្បីចុះវាយតម្លៃអំពីការខូចខាត និងផលប៉ះពាល់នានា ឱ្យបានជាក់លាក់ដើម្បីរាជរដ្ឋាភិបាល ចាត់វិធានការអន្តរាគមន៍ដោះស្រាយឱ្យមានប្រសិទ្ធភាព។ គោលដៅរបស់រាជរដ្ឋាភិបាល គឺការស្តារឡើងវិញនូវជីវភាពពលរដ្ឋដែលរងផលប៉ះពាល់ និងហេដ្ឋារចនាសម្ព័ន្ធដែលរងការខូចខាតដោយការវាយប្រហារទាំងបំពានរបស់យោធាថៃ ដោយមិនភ្លេចដោះស្រាយសម្រួលជីវភាពរស់នៅរបស់គ្រួសារយុទ្ធជនពលី និងយុទ្ធរងរបួសដើម្បីបុព្វហេតុការពារទឹកដី។ នេះជាការទទួលខុសត្រូវរបស់រាជរដ្ឋាភិបាល។

សំណួរទី៥ ៖ ទន្ទឹមនឹងការជួយប្រជាពលរដ្ឋដែលរងផលប៉ះពាល់ តើរាជរដ្ឋាភិបាល កំពុងអនុវត្តសកម្មភាពការទូត និងវិធានការអ្វីខ្លះ ដើម្បីការពារអធិបតេយ្យជាតិ និងដោះស្រាយបញ្ហាព្រំដែនជាមួយថៃ ដោយសន្តិវិធី ?
ចម្លើយ ៖ ដោយសារកម្ពុជា បានជ្រើសរើសយកជម្រើសសន្តិភាព និងផ្អែកលើច្បាប់ ក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយថៃ រាជរដ្ឋាភិបាល បាននិងកំពុងខិតខំប្រឹងប្រែងយ៉ាងសកម្មលើវិស័យការទូត ពីព្រោះវាជាមធ្យោបាយសន្តិវិធី ដែលមិនបង្ហូរឈាម តាមការប្រើប្រាស់យន្តការ JBC និងអនុលោមតាមអនុសញ្ញា សន្ធិ សញ្ញា និងច្បាប់អន្តរជាតិ ព្រមទាំងគោរពស្មារតីនៃសេចក្តីប្រកាសរួម GBC ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។ ក្នុងរយៈពេលកន្លងមក កម្ពុជា បានតវ៉ាជាបន្តបន្ទាប់ ប្រឆាំងសកម្មភាពរំលោភបំពាននានា ហើយក្រសួងនិងស្ថាប័នពាក់ព័ន្ធ បានចេញសេចក្តីប្រកាសព័ត៌មាន លិខិតតវ៉ា សេចក្តីថ្លែងការណ៍ និងការបំភ្លឺ ជាច្រើនលើក ជាប់ៗគ្នា ព្រមទាំងរៀបចំសន្និសីទសារព័ត៌មាន និងដឹកនាំអង្គទូត អង្គការអន្តរជាតិ និងអ្នកសង្កេតការណ៍ ទៅពិនិត្យស្ថានភាពជាក់ស្តែង នៅតាមព្រំដែន។ សកម្មភាពទាំងនេះ បង្ហាញថា រាជរដ្ឋាភិបាល ពិតជាបានធ្វើ សកម្មភាពជាក់ស្តែងយ៉ាងសកម្ម និងមានទំនួលខុសត្រូវខ្ពស់ ក្នុងការការពារអធិបតេយ្យ បូរណភាពទឹកដី។ តាមរយៈសកម្មភាពទាំងនេះ សហគមន៍អន្តរជាតិ បានដឹងឮយ៉ាងទូលំទូលាយ អំពីភាពជាជនរងគ្រោះរបស់កម្ពុជា ដោយការឈ្លានពានរបស់ថៃ និងបាន យល់ពីការតស៊ូការពារទឹកដី ដោយមធ្យោបាយត្រឹមត្រូវ នោះគឺជាជម្រើសសន្តិភាព…៕ ខៀវទុំ