Tuesday, February 10, 2026
Homeសន្ដិសុខសង្គមសន្តិសុខសង្គមបំបែកសម្បុកចោរលួចម៉ូតូ វ៉ៃខ្នោះ៩នាក់

បំបែកសម្បុកចោរលួចម៉ូតូ វ៉ៃខ្នោះ៩នាក់

ខេត្តបន្ទាយមានជ័យៈ ជនសង្ស័យ ១ក្រុម ជាមុខសញ្ញាលួច សមគំនិតអំពើលួច ទទួលផលចោរកម្ម និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញស្រាវជ្រាវបង្ក្រាបបានជាបន្តបន្ទាប់ សរុបចំនួន៩នាក់ នាំយកមកចាត់ការតាមច្បាប់។

យោងតាមប្រភពមន្ត្រីជំនាញអាវុធហត្ថ បានឱ្យដឹងថា កាលពីថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៦ មូលដ្ឋានកងរាជអា វុធហត្ថក្រុងប៉ោយប៉ែត បានទទួលបណ្តឹងពីជនរងគ្រោះឈ្មោះយ៉ាន សុផាន់នី ភេទស្រី អាយុ២០ឆ្នាំ ស្តីពីករណីបាត់ម៉ូតូម៉ាកហុងដា ឌ្រីម ពណ៌ខ្មៅ ផលិតឆ្នាំ២០២៦ ពាក់ស្លាកលេខ បន្ទាយមានជ័យ 1AE-1844 នៅចំណុចមណ្ឌល៦ ស្ថិតក្នុងភូមិប្រជាធម្មលិច សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត។

ក្រោយពីបានទទួលពាក្យបណ្តឹង កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង ដឹកនាំដោយលោកអនុសេនីយ៍ឯក តិល តៃលីវ មេបញ្ជាការស្តីទី មូលដ្ឋានកងរាជអាវុធហត្ថក្រុង បានធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ បានជាបន្តបន្ទាប់ ចំនួន២នាក់ រួមមាន ១-ឈ្មោះទុយ ទិត្យ ហៅឡូយ ភេទប្រុស អាយុ២១ឆ្នាំ។ ២-ឈ្មោះអ៊ី ថាត់ ហៅវីត ភេទប្រុស អាយុ២១ឆ្នាំ រួមទាំងដកហូតវត្ថុតាង ហើយនាំមកកាន់មូលដ្ឋានកងរាជអាវុធហត្ថក្រុង ដើម្បីសាកសួរតាមនីតិវិធី។

បន្ទាប់ពីធ្វើការស្តាប់ចម្លើយសារភាព កម្លាំងជំនាញក្រុងប៉ោយប៉ែត បានសហការជាមួយកម្លាំងមូលដ្ឋានកង រាជអាវុធហត្ថក្រុងសិរីសោភ័ណ ដឹកនាំដោយលោកវរសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មើស បានបន្តស្រាវជ្រាវរកបក្ខពួកដែលទទួលទិញ លក់ម៉ូតូ នៅថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៦ នៅចំណុចសង្កាត់ទឹកថ្លា និងសង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ហើយឃាត់ខ្លួនបក្ខពួកជនសង្ស័យ ជាបន្តបន្ទាប់ បានចំនួន២នាក់ បន្ថែមទៀត ១-ឈ្មោះសុខ វិសាល ភេទប្រុស អាយុ២១ឆ្នាំ (មុខសញ្ញាចាស់) ២-ឈ្មោះយឿត សំណាង ភេទប្រុស អាយុ២១ឆ្នាំ ជាបក្ខពួកយ៉ាងសកម្ម យកម៉ូតូលក់បន្ត ឱ្យក្រុមជនសង្ស័យមួយក្រុមទៀតនៅខេត្តប៉ៃលិន។

ជាមួយគ្នានោះកម្លាំងជំនាញ បានបន្តវិធានការស្រាវជ្រាវ បន្តឃាត់ខ្លួនជនសង្ស័យបក្ខពួកចំនួន២នាក់ទៀត ឈ្មោះទឹម តុលា ភេទប្រុស អាយុ២៥ឆ្នាំ និងឈ្មោះកែវ ថាវី ហៅគួក ភេទប្រុស អាយុ២៥ឆ្នាំ នៅចំណុចផ្លូវមាត់ស្ទឹង ស្ថិតនៅភូមិនាងកេត ឃុំឫស្សីក្រោក ស្រុកមង្គលបុរី។

បន្ទាប់មកកម្លាំងជំនាញសហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដឹកនាំដោយលោក វរសេនីយ៍ត្រី គង់ រិទ្ធា បានបន្តស្រាវជ្រាវរកបក្ខពួកដែលទទួលទិញ-លក់ម៉ូតូ នៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៦ នៅចំណុចភូមិថ្នល់កែង ឃុំអូរអណ្តូង និងភូមិផ្សារព្រំជើង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន បានឃាត់ខ្លួនអ្នកដែលទទួលទិញម៉ូតូ ពីឈ្មោះកែវ ថាវី ជាបន្តបន្ទាប់ បានសរុបចំនួន ៣នាក់ទៀត ១-ឈ្មោះចម ចិន ភេទប្រុស អាយុ២៧ឆ្នាំ ២-ឈ្មោះជុន ពិសី ភេទប្រុស អាយុ២៩ឆ្នាំ និង៣-ឈ្មោះហេង ម៉ៅ ភេទប្រុស អាយុ៣៣ឆ្នាំ រួមទាំងវត្ថុតាង ហើយនាំមកកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ដើម្បីធ្វើការសាកសួរ និងចាត់ការតាមនីតិវិធី។

ចំណែកវត្ថុតាងចាប់យក ម៉ូតូម៉ាកហុងដា ឌ្រីម ពណ៌ខ្មៅ ផលិតឆ្នាំ២០២៦ ពាក់ស្លាកលេខ បន្ទាយមានជ័យ 1AE-1844 ចំនួន ១គ្រឿង (ប្រគល់ជូនជនរងគ្រោះវិញ)។ ដោយឡែកម៉ូតូ ៤គ្រឿងទៀត និងស្លាកលេខម៉ូតូ ភ្នំពេញ 1JN-6647 ចំនួន១សន្លឹក ត្រូវបានរក្សាទុកនៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត។

លោកវរសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មើស បានឱ្យដឹងថា ជនសង្ស័យខាងលើ ត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌកងរាជអាវុធហត្ថខេត្ត បញ្ជូនទៅកាន់ សាលាដំបូងខេត្ត ដើម្បីអនុវត្តតាមនីតិវិធី៕

RELATED ARTICLES