Wednesday, June 3, 2026
Homeនយោបាយកម្ពុជា ជូនដំណឹងផ្លូវការទៅថៃ ចាប់ផ្តើមយន្តការផ្សះផ្សាដោយបង្ខំ

កម្ពុជា ជូនដំណឹងផ្លូវការទៅថៃ ចាប់ផ្តើមយន្តការផ្សះផ្សាដោយបង្ខំ

ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៦ បានផ្ញើលិខិតជូនដំណឹងជាផ្លូវការ ទៅកាន់ភាគីថៃ និងអគ្គលេខាធិការអង្គការសហប្រជាជាតិ ដើម្បីចាប់ផ្តើមដំណើរការនៃយន្តការផ្សះផ្សាដោយបង្ខំ ក្រោមអនុ សញ្ញាអង្គការសហប្រជាជាតិ ស្តីពីនីតិសមុទ្រ (UNCLOS) ដើម្បីដោះស្រាយពាក់ព័ន្ធនឹងការទាមទារដែនសមុទ្រត្រួតស៊ីគ្នា ជាមួយប្រទេសថៃ។
នៅក្នុងសេចក្ដីថ្លែងការណ៍ពិសេស ផ្ញើជូនជនរួមជាតិកម្ពុជា ស្ដីពី “ ដំណោះស្រាយរបស់រាជរដ្ឋាភិបាល ពាក់ ព័ន្ធនឹងការទាមទារដែនសមុទ្រត្រួតស៊ីគ្នាជាមួយប្រទេសថៃ “នៅថ្ងៃអង្គារ ទី២ ខែមិថុនា ឆ្នាំ២០២៦ សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានចេញមកប្រកាសអំពីការចាប់ផ្តើមដំណើរការនៃយន្ត ការនេះ ដោយអះអាងថា ក្នុងគោលដៅការពារអធិបតេយ្យជាតិ និងសិទ្ធិលើដែនសមុទ្ររបស់កម្ពុជា ដោយអនុ លោមតាមច្បាប់អន្តរជាតិ។ ជាមួយនេះ សម្ដេចនាយករដ្ឋមន្រ្តី បញ្ជាក់ជំហរថា កម្ពុជា តែងតែប្រកាន់ខ្ជាប់នូវគោលការណ៍ដោះស្រាយវិវាទជាមួយប្រទេសជិតខាង ដោយសន្តិវិធី គឺកម្ពុជា នៅតែមានបំណងកសាងទំនាក់ ទំនងជាមួយភាគីថៃ ដោយឈរលើមូលដ្ឋានសន្តិភាព កិច្ចសហប្រតិបត្តិការ និងការគោរពគ្នាទៅវិញទៅមក ប៉ុ ន្តែអធិបតេយ្យជាតិ និងសិទ្ធិលើដែនសមុទ្ររបស់កម្ពុជា ត្រូវតែបានគោរពជាដាច់ខាត។ សម្ដេច រំលឹកថា អស់រយៈពេលជាច្រើនឆ្នាំមកនេះ កម្ពុជា និងថៃ មានក្របខ័ណ្ឌទ្វេភាគី ដើម្បីស្វែងរកដំណោះស្រាយដោយសន្តិវិធី លើការទាមទារដែនសមុទ្រត្រួតស៊ីគ្នា។ ក្របខ័ណ្ឌទ្វេភាគីនេះ គឺជាអនុស្សរណៈនៃការយោគយល់គ្នាឆ្នាំ២០០១ ឬហៅថា MOU ២០០១។ អនុស្សរណៈនៃការយោគយល់គ្នានេះ ឆ្លុះបញ្ចំាងពីការយល់ឃើញជាមួយគ្នាថា ប្រ ទេសទាំងពីរ គួរតែធ្វើការរួមគ្នា ដើម្បីដោះស្រាយព្រំដែនសមុទ្រ និងអភិវឌ្ឍធនធាននៅក្នុងតំបន់ទាមទារដែនសមុទ្រត្រួតស៊ីគ្នា ដោយសន្តិវិធី និងសម្រាប់ផលប្រយោជន៍ទៅវិញទៅមក។

សម្ដេច ហ៊ុន ម៉ាណែត បានមានប្រសាសន៍នៅក្នុងសេចក្ដីថ្លែងការណ៍ពិសេសនោះថា “បងប្អូនជនរួមជាតិ ជាទីគោរពស្រលាញ់! ថ្ងៃនេះ ខ្ញុំសូមជម្រាបជូនបងប្អូនជនរួមជាតិទាំងអស់ អំពីការសម្រេចចិត្តដ៏សំខាន់មួយរបស់រាជរដ្ឋាភិបាល ពាក់ព័ន្ធនឹងការទាមទារដែនសមុទ្រត្រួតស៊ីគ្នាជាមួយប្រទេសថៃ ។ កម្ពុជា បានផ្ញើលិខិតជូនដំ ណឹងជាផ្លូវការ ទៅកាន់ភាគីថៃ និងអគ្គលេខាធិការអង្គការសហប្រជាជាតិ ដើម្បីចាប់ផ្តើមដំណើរការនៃយន្តការផ្សះផ្សាដោយបង្ខំ ក្រោមអនុសញ្ញាអង្គការសហប្រជាជាតិ ស្ដីពីនីតិសមុទ្រ ឬ UNCLOS ។ យើងបានជ្រើស រើ សយកយន្តការនេះ ក្នុងគោលដៅការពារអធិបតេយ្យជាតិ និងសិទ្ធិលើដែនសមុទ្ររបស់កម្ពុជា ដោយអនុ លោ មតាមច្បាប់អន្តរជាតិ កម្ពុជា តែងតែប្រកាន់ខ្ជាប់នូវគោលការណ៍ដោះស្រាយវិវាទជាមួយប្រទេសជិតខាង ដោ យសន្តិវិធី ។ កម្ពុជា នៅតែមានបំណងកសាងទំនាក់ទំនងជាមួយភាគីថៃ ដោយឈរលើមូលដ្ឋានស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការគោរពគ្នាទៅវិញទៅមក ទន្ទឹមនឹងនេះ អធិបតេយ្យជាតិ និងសិទ្ធិដែនសមុទ្ររបស់កម្ពុជា ត្រូវតែគោរពដាច់ខាត ។ អស់រយៈពេលជាច្រើនឆ្នាំមកហើយ កម្ពុជា និងថៃ មានក្របខ័ណ្ឌទ្វេភាគី ដើម្បីស្វែងរកដំណោះស្រាយដោយសន្តិវិធី លើការទាមទារដែនសមុទ្រត្រួតស៊ីគ្នា ។ ក្របខ័ណ្ឌទ្វេភាគីនេះ គឺអនុស្ស រណៈនៃការយោគយល់គ្នា ឆ្នាំ២០០១ ហៅថា MOU 2001។ អនុស្សរណៈនៃការយោគយល់គ្នានេះ ឆ្លុះបញ្ចាំងពីការយល់ឃើញជាមួយគ្នាថា ប្រទេសទាំងពីរ គួរតែធ្វើការរួមគ្នា ដើម្បីដោះស្រាយព្រំដែនសមុទ្រ និងអភិវឌ្ឍធនធាននៅក្នុងតំបន់ទាមទារដែនសមុទ្រត្រួតស៊ីគ្នា ដោយសន្តិវិធី និងសម្រាប់ផលប្រយោជន៍ទៅវិញទៅមក ។ នៅពេលដែលរាជរដ្ឋាភិបាលថៃ បានប្រកាសថា នឹងដកខ្លួនចេញពីក្របខ័ណ្ឌទ្វេភាគីដ៏យូរអង្វែងនេះ កម្ពុជា បានស្នើឲ្យភាគីថៃ ពិចារណាឡើងវិញ ប៉ុន្តែជាការគួរឲ្យសោកស្ដាយ ភាគីថៃ នៅតែសម្រេចចិត្តដើរចេញពីក្រប ខ័ណ្ឌទ្វេភាគីនេះដដែល ។ ការណ៍នេះ មានន័យថា MOU 2001 ដែលជាក្របខ័ណ្ឌទ្វេភាគី ព្រមព្រៀងគ្នាតែ មួយគត់ សម្រាប់ដោះស្រាយតំបន់ទាមទារដែនសមុទ្រត្រួតស៊ីគ្នា ក្នុងរយៈពេលជាងម្ភៃប្រាំឆ្នាំ កន្លងមក មិនអាចបន្តយកមកប្រើប្រាស់ទៀតបានឡើយ ។ ការណ៍នេះ បង្ហាញយ៉ាងច្បាស់ថា ឱកាសចរចាទ្វេភាគី ដើម្បីឈានទៅរកដំណោះស្រាយ ត្រូវបានប្រើប្រាស់អស់លទ្ធភាពហើយ ។ ហេតុដូច្នេះ រាជរដ្ឋាភិបាលកម្ពុជា បានពិចារណាយ៉ាងហ្មត់ចត់បំផុត នូវរាល់ជម្រើសផ្លូវច្បាប់ និងដោយសន្តិវិធី ដែលមាន និងអាចអនុវត្តទៅបាន» ។
សម្តេចនាយករដ្ឋមន្ត្រី បន្តថា « អនុសញ្ញាអង្គការសហប្រជាជាតិ ស្ដីពីនីតិសមុទ្រ ដែលស្គាល់ជាទូទៅថា UNCLOS ជាសន្ធិសញ្ញាអន្តរជាតិ ដែលកំណត់នូវសិទ្ធិនិងការទទួលខុសត្រូវរបស់រដ្ឋភាគីនានា ពាក់ព័ន្ធនឹងដែនសមុទ្រ ដែលក្នុងនោះ ទាំងកម្ពុជា និងថៃ ជារដ្ឋភាគីនៃអនុសញ្ញានេះ ។ ការផ្សះផ្សាដោយបង្ខំ គឺជាយន្តការផ្លូវច្បាប់ដោយសន្តិវិធី និងក្រោមអនុសញ្ញា UNLCOS ។ យន្តការនេះ នឹងអនុញ្ញាតឲ្យប្រទេសទាំងពីរ បង្ហាញជំហររបស់ខ្លួននៅចំពោះមុខគណៈកម្មការឯករាជ្យមួយ ដែលមានសមាជិកជាអ្នកផ្សះផ្សា ចំនួនប្រាំរូប និងសុទ្ធ តែជាអ្នកជំនាញឈានមុខផ្នែកច្បាប់អន្តរជាតិ ។ ការប្រើប្រាស់យន្តការផ្សះផ្សាដោយបង្ខំ លើកដំបូងបង្អស់ ត្រូវបានអនុវត្តដោយជោគជ័យ ក្នុងករណីវិវាទរវាងប្រទេសទីម័រខាងកើត និងអូស្ត្រាលី ។ តាមរយៈដំណើរការនៃយន្តការនេះ ប្រទេសទាំងពីរ បានដោះស្រាយព្រំដែនសមុទ្រ ដោយសន្តិវិធី នៅឆ្នាំ២០១៨ ។ តាមរយៈការប្រើ ប្រាស់យន្តការផ្សះផ្សាដោយបង្ខំ នាពេលនេះ ជាករណីទីពីរ ក្នុងប្រវត្តិសាស្ត្ររបស UNCLOS ។ កម្ពុជា សង្ឃឹមយ៉ាងមុតមាំថា ដំណើរការនេះ នឹងបង្ហាញជាថ្មីម្តងទៀត នូវតម្លៃពិតប្រាកដនៃច្បាប់អន្តរជាតិ និងការដោះ ស្រាយជម្លោះដោយសន្តិវិធី ។ ការប្រើប្រាស់យន្តការផ្សះផ្សាដោយបង្ខំនេះ មិនមែនជាការបង្កើនភាពតានតឹងនោះទេ ប៉ុន្តែផ្ទុយទៅវិញ ជាការខិតខំប្រឹងប្រែងដោះស្រាយជម្លោះតាមរយៈការចរចារវាងប្រទេសទាំងពីរ ក្រោម ការសម្របសម្រួលរបស់អ្នកជំនាញផ្សះផ្សាអន្តរជាតិ ។ នេះក៏មិនមែនជាសកម្មភាពឯកតោភាគីដែរ ប៉ុន្តែជាការខិតខំប្រឹងប្រែងដោះស្រាយជម្លោះដោយសន្តិវិធី តាមរយៈច្បាប់អន្តរជាតិ និងដោយសុច្ឆន្ទៈពិតប្រាកដ» ។

សម្តេច ហ៊ុន ម៉ាណែត បន្តទៀតថា «ខ្ញុំសូមបញ្ជាក់ថា ការប្រើប្រាស់យន្តការផ្សះផ្សាដោយបង្ខំ នៅក្រោមអនុសញ្ញា UNCLOS មិនមានន័យថា កម្ពុជា ងាកចេញពីការសន្ទនានោះទេ ប៉ុន្តែផ្ទុយទៅវិញ កម្ពុជា កំពុងនាំយកការសន្ទនា ចូលទៅក្នុងក្របខ័ណ្ឌអន្តរជាតិ ដែលមានរចនាសម្ព័ន្ធច្បាស់លាស់ និងដែលទទួលស្គាល់ដោយប្រទេសទាំងពីរ ។ កម្ពុជា និងថៃ នឹងទទួលបានផលប្រយោជន៍ពីដំណោះស្រាយយុត្តិធម៌ និងយូរអង្វែង ដែលព្រមព្រៀងគ្នាក្រោមការណែនាំរបស់អ្នកជំនាញផ្សះផ្សាអន្តរជាតិ ដែលអនុលោមតាមច្បាប់អន្តរជាតិ ។ ដំណោះស្រាយដោយសន្តិវិធី ជាផលប្រយោជន៍រួមដល់ប្រទេសទាំងពីរ នឹងរួមចំណែកដល់សន្តិភាព និងស្ថិរ ភាពតំបន់ ។ ដំណោះស្រាយដោយសន្តិវិធីនេះ នឹងការពារអធិបតេយ្យ ពង្រឹងទំនុកចិត្ត បើកឱកាសប្រើប្រាស់ធនធានថាមពល គាំទ្រលើការអភិវឌ្ឍ និងបង្កើតឱកាសការងារថ្មី មិនត្រឹមតែសម្រាប់ពេលបច្ចុប្បន្ននោះប៉ុ ណ្ណោះទេ ប៉ុន្តែថែមទាំងសម្រាប់ប្រជាជនជំនាន់ក្រោយៗនៃប្រទេសទាំងពីរ។ ខ្ញុំសូមបញ្ជាក់ជាថ្មីថា កម្ពុជា មិនដែលរំលោភបំពានអធិបតេយ្យរបស់ប្រទេសដទៃឡើយ ។ ជាមួយគ្នានេះ កម្ពុជា ប្ដេជ្ញាចិត្តយ៉ាងដាច់ខាត ក្នុងការការពារអធិបតេយ្យជាតិរបស់ខ្លួន ។ នាពេលនេះ កម្ពុជា បន្តប្រកាន់គោលជំហរទទួលខុសត្រូវដ៏មុតមាំនេះ ដោយពិតមែនតាមរយៈការប្រើប្រាស់កម្លាំង តែប្រើច្បាប់ ដោយមិនមែនតាមរយៈសកម្មភាពឯកតោភាគី តែតាមរយៈការរួមគ្នាដោះស្រាយដោយសន្តិវិធី ។ ខ្ញុំសូមអំពាវនាវដល់បងប្អូនជនរួមជាតិទាំងអស់ ឲ្យបន្តរក្សាសាមគ្គីភាពជាធ្លុងមួយ ប្រកបដោយទំនុកចិត្តខ្ពស់និងភាពរឹងមាំ ។ ការការពារអធិបតេយ្យជាតិ គឺជាកាតព្វកិច្ចរបស់ជាតិយើងទាំងមូល»។
ក្រោយការចេញសេចក្ដីថ្លែងការណ៍ពិសេស របស់សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដូចខាងលើនេះ នៅរសៀលថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៦ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការ បរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានបើកកិច្ចប្រជុំបន្ទាន់ ជាមួយបណ្ដាអង្គទូត និងអង្គការអន្តរជាតិ ដើម្បីជម្រាបជូនពីការចាប់ផ្តើមដំណើរការនៃយន្តការផ្សះផ្សាដោយបង្ខំ ក្រោមអនុ សញ្ញាអង្គការសហប្រជាជាតិ ស្តីពីនីតិសមុទ្រ (UNCLOS) ជាមួយភាគីថៃ ។
ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ បានបញ្ជាក់ថា ថ្នាក់ដឹកនាំ និងមន្រ្តីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិទាំងមូល រួមទាំងមន្រ្តីដែលកំពុងបំពេញបេសកកម្មតាមស្ថានតំណាងកម្ពុជា ក្រៅប្រទេស គាំទ្រយ៉ាងពេញទំហឹងចំពោះការសម្រេចចិត្តរបស់រាជរដ្ឋាភិបាល ក្នុងការផ្តួចផ្តើមដំណើរការយន្តការផ្សះផ្សាដោយបង្ខំ ក្រោមក្របខ័ណ្ឌអនុសញ្ញានីតិសមុទ្រអង្គការសហប្រជាជាតិ ដែលហៅកាត់ថា UNCLOS ដើម្បីដោះស្រាយដោយសន្តិវិធី លើការទាមទារដែនសមុទ្រត្រួតស៊ីគ្នា ជាមួយប្រទេសថៃ។
ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិជាតិ ដែលជាស្ថាប័នចូលរួមដោយផ្ទាល់ ក្នុងដំណើរការងារនេះ សង្ឃឹមថា ដំណើរការផ្សះផ្សាដោយសន្តិវិធី និងអនុលោមតាមច្បាប់អន្តរជាតិនេះ នឹងនាំទៅរកការសម្រេចបាននូវដំណោះស្រាយប្រកបដោយយុត្តិធម៌ ដែលនឹងរួមចំណែកដល់សន្តិភាពនិងស្ថិរភាពចីរកាលរវាងប្រទេសទាំងពីរ ។
ដោយឡែកស្ថាប័ននីតិប្រតិបត្តិ និងស្ថាប័ននីតិប្បញ្ញត្តិ នៃព្រះរាជាណាចក្រកម្ពុជា រួមទាំង ក្រសួង ស្ថាប័ននានា ក៏បានចេញញត្តិគាំទ្រចំពោះចំណាត់ការរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការដោះស្រាយបញ្ហាការទាមទារដែនសមុទ្រដោយសន្តិវិធី និងស្របតាមច្បាប់អន្តរជាតិ ។
ក្នុងនោះញ្ញត្តិគាំទ្ររបស់ព្រឹទ្ធសភាកម្ពុជា ចុះថ្ងៃអង្គារ ២រោច ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៦ បានបញ្ជាក់ថា «ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា សូមសម្ដែងនូវការគាំទ្រយ៉ាង ពេញទំហឹងចំពោះចំណាត់ការរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការជូនដំណឹងទៅភាគីថៃ និងអគ្គលេខាធិការអង្គការសហប្រជាជាតិ ដើម្បីចាប់ផ្ដើមដំណើរការយន្តការផ្សះផ្សាដោយបង្ខំ ក្រោមអនុសញ្ញាអង្គការសហប្រ ជាជាតិ ស្តីពីនីតិសមុទ្រ (UNCLOS) បន្ទាប់ពីការដកខ្លួនរបស់ភាគីថៃ ពីអនុស្សរណៈនៃការយោគយល់គ្នា ឆ្នាំ២០០១ ដែលជាមូលដ្ឋានគតិយុត្តតែមួយគត់ សម្រាប់ការចរចាទ្វេភាគី ស្វែងរកដំណោះស្រាយដោយសន្តិវិធី លើការទាមទារដែនសមុទ្រត្រួតស៊ីគ្នា រវាងប្រទេសទាំងពីរ អស់រយៈពេលជាង ២៥ឆ្នាំកន្លងមកនេះ។
ព្រឹទ្ធសភា ជឿជាក់ថា ការអនុវត្តយន្តការផ្សះផ្សាដោយបង្ខំនេះ គឺជាជំហានស្របច្បាប់ ប្រកបដោយសុច្ឆន្ទៈ និងការទទួលខុសត្រូវខ្ពស់ ក្នុងការបន្តស្វែងរកដំណោះស្រាយដោយសន្តិវិធី និងយុត្តិធម៌ នៅចំពោះមុខអន្តរជាតិ បន្ទាប់ពីក្របខ័ណ្ឌទ្វេភាគីក្នុងការស្វែងរកដំណោះស្រាយដោយសន្តិវិធី រវាងប្រទេសទាំងពីរ ត្រូវបានប្រើប្រាស់អស់លទ្ធភាព។
ព្រឹទ្ធសភា សង្ឃឹមជឿជាក់ថា យន្តការផ្សះផ្សាដោយបង្ខំនេះ នឹងរួមចំណែកបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ការសម្រេចបាននូវដំណោះស្រាយមួយ ប្រកបដោយយុត្តិធម៌ តម្លាភាព និងចីរភាព សំដៅរក្សាសន្តិ ភាព ស្ថិរភាព និងកិច្ចសហប្រតិបត្តិការក្នុងតំបន់ ដើម្បីជាប្រយោជន៍រួមរបស់ប្រជាជននៃប្រទេសទាំងពីរ។
នៅក្នុងស្មារតីនេះ ព្រឹទ្ធសភា សូមសម្តែងនូវសេចក្ដីសង្ឃឹមយ៉ាងមុតមាំថា ភាគីម្ខាងទៀត នឹងប្រកាន់ខ្ជាប់ឆន្ទៈនៃការចូលរួមយន្តការនេះ ដែលជាការលើកកម្ពស់កិច្ចសន្ទនាដោយសន្តិវិធី និងស្របតាមច្បាប់អន្តរជាតិ នៅ ក្នុងការដោះស្រាយការទាមទារដែនសមុទ្រត្រួតស៊ីគ្នារវាងប្រទេសទាំងពីរ។
ព្រឹទ្ធសភា សូមអំពាវនាវឱ្យប្រជាពលរដ្ឋកម្ពុជា គ្រប់មជ្ឈដ្ឋាន បន្តរក្សាសាមគ្គីភាពជាតិ និងជឿជាក់លើការដឹក នាំនិងចំណាត់ការរបស់រាជរដ្ឋាភិបាល ព្រមទាំងគាំទ្រកិច្ចខិតខំប្រឹងប្រែងនានាក្នុងការការពារអធិបតេយ្យ បូរណភាពទឹកដី និងសិទ្ធិស្របច្បាប់របស់កម្ពុជា ដោយផ្អែកលើគោលការណ៍ច្បាប់អន្តរជាតិ សន្តិវិធី និងកិច្ចសហប្រតិបត្តិការ។
ព្រឹទ្ធសភា សូមបញ្ជាក់សាជាថ្មីថា ការគោរពគោលការណ៍នីតិរដ្ឋ នយោបាយអ្នកជិតខាងល្អ និងការដោះស្រា យវិវាទដោយសន្តិវិធី នៅតែជាមាគ៌ាដ៏គួរឱ្យទុកចិត្តបំផុត ឆ្ពោះទៅរកសន្តិភាព ស្ថិរភាពនិងវិបុលភាពយូរអង្វែងនៅក្នុងតំបន់ ។

ចំណែកនៅក្នុងញត្តិគាំទរបស់រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ចុះថ្ងៃអង្គារ ២រោច ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៦ រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា «ការផ្សះ ផ្សាដោយបង្ខំ គឺជាយន្តការផ្លូវច្បាប់ដោយសន្តិវិធី នៅក្រោមអនុសញ្ញា UNCLOS ដែលអនុញ្ញាតឱ្យប្រទេសទាំងពីរបង្ហាញជំហររបស់ខ្លួននៅចំពោះមុខគណៈកម្មការឯករាជ្យ។ តាមបទពិសោធន៍ដ៏ល្អនៃការដោះស្រាយដោយជោគជ័យនៃជម្លោះដ៏រ៉ាំរ៉ៃរវាងប្រទេសទីម័រឡេស្តេ និងអូស្ត្រាលី នាឆ្នាំ២០១៨ ដែលជាករណីទី១ នៅតំបន់អាស៊ីប៉ាស៊ីហ្វិក កម្ពុជា សង្ឃឹមយ៉ាងមុតមាំថា ករណីវិវាទរវាងកម្ពុជា-ថៃ នឹងក្លាយជាករណីប្រវត្តិសាស្ត្រលើកទី២ ដែលបង្ហាញពីតម្លៃនិងអំណាចពិតប្រាកដនៃច្បាប់អន្តរជាតិ ក្នុងការដោះស្រាយជម្លោះដោយសន្តិវិធី យុត្តិធម៌ និងនិរន្តរភាពយូរអង្វែង ។
រដ្ឋសភាកម្ពុជា សូមប្រកាសគាំទ្រយ៉ាងឱឡារិកសាជាថ្មីម្តងទៀត នូវជំហរគាំទ្រឥតងាករេចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលប្រកាន់យកនូវគោលជំហរម៉ឺងម៉ាត់ ច្បាស់លាស់ដោយសុច្ឆន្ទៈពិតប្រាកដ ក្នុងការដោះស្រាយជម្លោះដោយសន្តិវិធី តាមរយៈច្បាប់អន្តរជាតិ និងការសន្ទនាក្រោមក្របខ័ណ្ឌអន្តរជាតិ មានរចនាសម្ព័ន្ធច្បាស់ លាស់ ដោយមានការទទួលស្គាល់ពីភាគីទាំងពីរ ដើម្បីការពារបូរណភាពទឹកដី អធិបតេយ្យជាតិ និងរក្សាបាននូវសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍជាតិមាតុភូមិ ប្រកបដោយចីរភាពនិងបរិយាបន្ន។
រដ្ឋសភាកម្ពុជា សូមអំពាវនាវដល់មិត្តភក្តិអន្តរជាតិ សហគមន៍អន្តរជាតិ និងដៃគូអភិវឌ្ឍន៍នានា សូមយកចិត្តទុកដាក់ជួយតាមដានលើវឌ្ឍនភាពនៃដំណើរការអនុវត្តយន្តការនេះ ដើម្បីឈានទៅរកដំណោះស្រាយដោយសន្តិវិធី យុត្តិធម៌ និងយូរអង្វែង រួមចំណែកលើកកម្ពស់ច្បាប់អន្តរជាតិ ដែលមានស្ថាប័នអង្គការសហប្រជាជាតិ ជាស្នូល។
រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា សូមអំពាវនាវដល់បងប្អូនជនរួមជាតិទាំងអស់ ទាំងក្នុងនិងក្រៅប្រទេស បន្តរក្សាសាមគ្គីភាពជាធ្លុងមួយ ប្រកបដោយទំនុកចិត្តខ្ពស់ គាំទ្រដល់រាជរដ្ឋាភិបាល ក្នុងការដោះស្រាយជម្លោះជាមួយភាគីថៃ សំដៅថែរក្សា ការពារបូរណភាពទឹកដី និងអធិបតេយ្យជាតិ ឱ្យបានគង់វង្សជានិច្ចនិរន្តរ៍»៕

RELATED ARTICLES