ភ្នំពេញ ៖ លោកចាន់ណា ចំណាន អ្នកដឹកនាំសម្ដែងភាពយន្ដ នៅផលិតកម្ម Unifilm Production បានប្រកាសនៅព្រឹកថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៦ ថា បវរកញ្ញាខ្មែរ មកពីកម្ពុជាក្រោម ១រូប ត្រូវបានផលិតកម្មរបស់លោក ជ្រើសជាតួឯក នោះគឺស្រីស្រស់ ឆន ស្រីណេត (Neth Son) ខណៈដែលតួឯកប្រុស ១ដួងទៀត ក៏ជាបុរសឯក មកពីកម្ពុជាក្រោម ដែរ នោះគឺលោក Jim Mi ។ យ៉ាងណា អ្នកធ្វើតេស្ដតារាផ្សេងៗទៀតក្នុងភាពយន្ដនោះ បែរជាលាក់ចំណងជើងរឿងនោះ ។

លោកចាន់ណា ចំណាន Director របស់ផលិតកម្ម Unifilm Production
លោកចាន់ណា ចំណាន ប្រាប់ពីមូលហេតុដែលលោកជ្រើសបវរកញ្ញាខ្មែរកម្ពុជាក្រោមធ្វើជាតួឯកភាពយន្ដរបស់លោកថា ឆន ស្រីណេត នាងនាំសារសំឡេងពីបងប្អូនខ្មែរក្រោម មកកាន់ខ្មែរកណ្ដាល ឈាមជ័រជាខ្មែរតែមួយ ហើយលោកចូលរួមជាមួយស្រីណេត ក្នុងការបង្ហាញថា កូនខ្មែរក្រោម និងខ្មែរកណ្ដាល កំពុងកាន់ដៃគ្នា ។ លោកថា តួស្រីម្នាក់នេះ ញញឹមស្រស់ស្រទន់ក៏បាន កាចក៏បាន ។

អ្នកយកព័ត៌មាន «នគរធំ» បានទូរស័ព្ទទៅកញ្ញា ឆន ស្រីណេត ជាច្រើនលើក តែគ្មានអ្នកទទួលឡើយ កាលពីរសៀលថ្ងៃទី២ ខែមិថុនា ទើបមិនទាន់បានចម្លើយពីនាង ជុំវិញការធ្វើដំណើរពីកម្ពុជាក្រោម មកថតភាពយន្ដ នៅភ្នំពេញ នេះ ។ ទោះជាយ៉ាងណា តាមប្រភពថា ថៅកែ Unifilm មើលឃើញពីរូបសម្រស់និងទេពកោសល្យនាង សមជាមួយភាពយន្ដថ្មីរបស់លោក ទើបផ្ដល់ឱកាសឲ្យនាងលេងជាតួឯក ក្នុងភាពយន្ដទី១ របស់លោក បើកឆាកនេះ។ ប៉ុន្ដែដើម្បីកុំឲ្យទស្សនិកជនមើលឃើញថា រឿងខ្មែរ ហៅតួថតដដែលៗ ទើបលោកជ្រើសតួ ប្រុស ក៏ជាបុរសរូបសង្ហា មកពីខ្មែរកម្ពុជាក្រោមដែរ ។

ឆន ស្រីណេត ជាបវរកញ្ញា Miss Tourism Cambodia 2022 និង 1St Runner Up Miss Universe Cambodia 2021 ហើយនាងក៏ជាតារាម៉ូដែលម្នាក់ ដែលធ្វើការងារទាក់ទងវិស័យបង្ហាញម៉ូដ Freelance ផងដែរ ។ នាងជាបវរកញ្ញាខ្មែរក្រោមម្នាក់ ដែលតែងចេញសារថ្កោលទោសសៀម ឈ្លានពានទឹកដីកម្ពុជា ផ្សព្វ ផ្សាយតំបន់ទេសចរណ៍កម្ពុជា និងផលិតផលខ្មែរ នៅទីផ្សារអឺរ៉ុប ជាដើម ។ ចំណែកការឆក់បានតំណែងតួឯក ជាលើកដំបូង របស់ Unifilm នាពេលនេះ បញ្ជាក់ថា មិនថាបេះដូងប្រជាពលរដ្ឋធម្មតាទេ ប៉ុន្ដែទោះជាតារាក៏ដោយ គឺខ្មែរលើ ខ្មែរក្រោម និងខ្មែរកណ្ដាល គឺខ្មែរតែមួយ ។

គួរបញ្ជាក់ថា ក្រៅពី ឆន ស្រីណេត ក៏មានបវរកញ្ញាខ្មែរក្រោម មួយចំនួនទៀត បានមកប្រកួតប្រជែងការប្រលងបវរកញ្ញា នៅភ្នំពេញ ជារៀងរាល់ឆ្នាំ ដូចជា កម្មវិធី Miss Grand Cambodia និង Miss Universe ជាដើម ។ បវរកញ្ញាខ្មែរក្រោម ក៏មិនខុសពីខ្មែរកណ្ដាលដែររួសរាយរាក់ទាក់ និងបង្ហាញនូវស្នាមញញឹម ជានារីខ្មែរ ព្រមទាំងមានសមត្ថភាពគួរឲ្យទាក់ទាញ ទាំងរូបសម្រស់ និងទេពកោសល្យ រួមទាំងពូកែភាសាអង់គ្លេស ផងដែរ ។ ចំពោះស្រីណេត នឹងធ្វើឲ្យនាងកែប្រែនូវមុខមាត់ថ្មី មានគេស្គាល់ច្រើនថែមទៀតជាមិនខាន ក្រោយសម្ដែងរឿងថ្មី របស់ Director ចាន់ណា ចំណាន ក្រោយលោកបាត់មុខជាច្រើនឆ្នាំ ទើបតែពេលនេះ វិលមករកអាជីពចាស់វិញ ៕



