ភ្នំពេញ ៖ បុរស ២នាក់ ជាជាងភ្លើង ២នាក់ ជិះម៉ូតូដឹកគ្នាទៅមើលកម្មវិធីប្រដាល់ និងខនសឺត ស្រាប់តែម៉ូតូ អស់សាំង តាមផ្លូវ ទើបម្នាក់ ឡើងជិះកង់បី ទៅរកទិញសាំង ចំណែកម្នាក់ទៀតចុះបណ្តើរម៉ូតូ ស្រាប់តែមានរថយន្តទំនើប ១គ្រឿង បើកមកបុកពីក្រោយ បណ្តាលឱ្យប៉ើងខ្ទាតទាំងម៉ូតូនិងមនុស្ស ស្លាប់នៅនឹងកន្លែង។ ចំណែកអ្នកបើកបររថយន្ត បានព្យាយាមបើករត់គេចទាំងបែកកង់ តែត្រូវកម្លាំងសមត្ថកិច្ចតាមឃាត់ខ្លួនបាន។ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះ បានកើតឡើង កាលពីវេលាម៉ោង ១១និង៣០នាទីយប់ ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦ តាមបណ្តោយផ្លូវ១០៤ ភូមិព្រះធាតុ សង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ។

បុរសរងគ្រោះដែលត្រូវរថយន្តបុកស្លាប់ មានឈ្មោះ ណយ វណ្ណា ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរ ជាងភ្លើង ស្នាក់នៅកន្លែងធ្វើការ សង្កាត់រលួស ខណ្ឌដង្កោ មានស្រុកកំណើតនៅភូមិល្បើក ឃុំនគរភាស ឃុំអង្គរជុំ ខេត្តសៀមរាប។ ចំណែកអ្នកបើកបររថយន្ត មិនទាន់ស្គាល់អត្តសញ្ញាណ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះ រួមទាំងមិត្តភ័ក្តិម្នាក់ទៀត បានជិះម៉ូតូ ១គ្រឿង ម៉ាកហុងដា ឌ្រីម សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ បន្ទាយមានជ័យ 1C-6313 ចេញពីកន្លែងស្នាក់នៅ គោលបំណងទៅមើលកម្មវិធីប្រដាល់ នៅជិតកន្លែងកើតហេតុ ដោយបានធ្វើដំណើរតាមបណ្តោយផ្លូវ១០៤ ទិសដៅពីលិច ទៅកើត លុះមកដល់ពាក់កណ្តាលផ្លូវ ស្រាប់តែម៉ូតូអស់សាំង ហើយបុរសរងគ្រោះ បានបណ្តើរម៉ូតូ ចំណែកមិត្តភក្តិម្នាក់ទៀត បានជិះម៉ូតូកង់បី ទៅទិញសាំង។

ប្រភពដដែល បន្តថា ខណៈដែលជនរងគ្រោះកំពុងបណ្តើរដល់កន្លែងកើតហេតុ ជាផ្លូវងងឹត ស្រាប់តែមានបុរសម្នាក់ បើករថយន្តទំនើប ១គ្រឿង ម៉ាក lexus NX-200t ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BI-5334 ក្នុងទិស ដៅស្របគ្នា រួចជ្រុលទៅបុកជនរងគ្រោះដែលកំពុងបណ្តើរម៉ូតូ ពីក្រោយ យ៉ាងពេញទំហឹង បណ្តាលឱ្យប៉ើង ខ្ទាតទាំងមនុស្សនិងម៉ូតូ ជាច្រើនម៉ែត្រ ចូលក្នុងព្រៃស្មៅ បោកក្បាល ហូរឈាមស្លាប់យ៉ាងអាណោចអាធ័ម។ដោយឡែក រថយន្តបង្កហេតុ ខូចខាតផ្នែកខាងមុខ ចំហៀងខាងស្តាំ ហើយអ្នកបើករថយន្តព្យាយាមបើករត់ទាំងបែកកង់ រហូតដល់មុខបុរីពិភពថ្មី កួរស្រូវ៣ ខណ្ឌដង្កោ ទើបសមត្ថកិច្ចតាមឃាត់រថយន្ត និងអ្នកបើកបរ បាន ប្រគល់ឲ្យផ្នែកជំនាញ។

តាមប្រភពសាច់ញាតិជនរងគ្រោះដែលបានមកដល់កន្លែងកើតហេតុ បានបញ្ជាក់ថា ជនរងគ្រោះ បានជិះម៉ូតូ ជាមួយមិត្តភក្តិ ទៅមើលកម្មវិធីប្រដាល់និងខនសឺត ក៏ជួបគ្រោះថ្នាក់បែបនេះតែម្តង។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញ បានចុះធ្វើការវាស់វែង រួចអូសយកម៉ូតូរងគ្រោះ និងរថយន្តបង្កហេតុ ទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំដោះស្រា យតាមនីតិវិធី។ ចំណែកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុ ប្រគល់ឱ្យក្រុមគ្រួសារ យកទៅរៀបចំធ្វើបុណ្យតាមប្រពៃណី៕


