ភ្នំពេញ ៖ ស្ត្រីម្នាក់ បានយកម៉ូតូ ទៅបញ្ចាំ យកលុយមកដោះស្រាយបញ្ហាជីវភាព លុះអត់មានលទ្ធភាពលោះម៉ូតូមកវិញ ក៏បែកគំនិតប្រឌិតរឿងថា មានចោរប្លន់ម៉ូតូរបស់ខ្លួន ក្នុងគោលបំណងចង់ឱ្យមហាជន អ្នកប្រើប្រាស់បណ្តាញសង្គម ពិសេស សប្បុរសជន បានឃើញ អាណិត ជួយឧបត្ថម្ភ តែចុងក្រោយ សមត្ថកិច្ចជំនាញស្រាវជ្រាវដឹងការពិត ក៏សារភាពថាបោកមែន។

ស្ត្រីដែលប្រឌិតរឿងចោរប្លន់ម៉ូតូនេះ មានឈ្មោះ ឈឿង ធីដា អាយុ៣៤ឆ្នាំ មុខរបរកម្មការិនីរោងចក្រ ស្នាក់នៅបន្ទប់ជួល ក្នុងភូមិត្រពាំងថ្លឹង១ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ និងមានស្រុកកំ ណើតនៅភូមិពង្រលីង ឃុំក្រវា ស្រុកបារាយណ៍ ខេត្តកំពង់ធំ។
យោងតាមសេចក្តីបំភ្លឺរបស់អធិការដ្ឋាននគរបាលស្រុកបាធាយ បានបញ្ជាក់នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦ ថា កាលពីវេលាម៉ោង ២និង៤០នាទីរសៀល ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៦ មានការផ្សព្វផ្សាយព័ត៌មានតាមបណ្តាញសង្គមថា មានករណីប្លន់ម៉ូតូ ពីស្ត្រីម្នាក់ នៅចំណុចរោងលក់ទឹកត្នោត ភូមិផ្អាវ ឃុំផ្អាវ ស្រុកបាធាយ ខេត្តកំពង់ចាម ដោយមានជនសង្ស័យ ចំនួន២នាក់ មិនស្គាល់អត្តសញ្ញាណ ជិះម៉ូតូ ១គ្រឿង ម៉ាកហុងដា វ៉េវ គ្មានស្លាកលេខ ពណ៌សលាយខ្មៅ បានធ្វើសកម្មភាពមប្លន់ម៉ូតូ ១គ្រឿង ម៉ាកហុងដា ឌ្រីម សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២២ ពាក់ស្លាកលេខ ភ្នំពេញ 1JO-5487 និងកាតាបខោអាវ១ កាតគ្រីម៉ូតូ ១សន្លឹក និងកាបូបលុយ១។
ក្រោយពីទទួលបានព័ត៌មានភ្លាម លោកអធិការ បានដឹកនាំកម្លាំងជំនាញ និងប៉ុស្តិ៍ ចុះធ្វើកាស្រាវជ្រាវជាបន្ទាន់ តែដោយទីតាំងកន្លែងកើតហេតុ ពុំច្បាស់លាស់ លទ្ធផលនៃការស្រាវជ្រាវពុំទទួលបានព័ត៌មានអំពីករណីខាង លើនេះឡើយ។ បន្ទាប់មក សមត្ថកិច្ច បានធ្វើទំនាក់ទំនងទៅសារព័ត៌មាន ដើម្បីរកព័ត៌មានបន្ថែម និងបន្តបានទំនាក់ទំនងទៅជនរងគ្រោះ ឈ្មោះឈឿង ធីដា អាយុ៣៤ឆ្នាំ មុខរបរកម្មការិនីរោងចក្រ ស្នាក់នៅបន្ទប់ជួល ក្នុងភូមិត្រពាំងថ្លឹង១ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ និងមានស្រុកកំណើតនៅភូមិពង្រ លីង ឃុំក្រវា ស្រុកបារាយណ៍ ខេត្តកំពង់ធំ។
តាមការសាកសួរ ឈ្មោះឈឿង ធីដា បានឆ្លើយសារភាពនៅចំពោះមុខសមត្ថកិច្ចថា ការដែលខ្លួនបានឲ្យសារព័ត៌មាន ផ្សព្វផ្សាយថា មានចោរប្លន់ម៉ូតូរបស់ខ្លួននេះ គឺជាការប្រឌិតរបស់ខ្លួនក្នុងគោលបំណងចង់បានជំនួយពីសប្បុរសជន តែប៉ុណ្ណោះ ការពិត គឺពុំមានហេតុការណ៍កើតឡើងដូចការផ្សព្វផ្សាយខាងលើទេ។ ចំពោះម៉ូតូរបស់ខ្លួន ខ្លួនបានយកទៅបញ្ចាំឱ្យគេ យកប្រាក់មកដោះស្រាយជីវភាព ដោយសារមានបញ្ហាដោះស្រាយបំ ណុល មិនទាន់ ទើបខ្លួនមានគំនិតប្រឌិតរឿងហេតុខាងលើនេះឡើងតែម្តង។

ស្ត្រីឈ្មោះ ឈឿង ធីតា បានរៀបរាប់ថា “ដំបូងនាង ខ្ញុំខ្វះខាតលុយ ហើយនាងខ្ញុំក៏យកម៉ូតូទៅបញ្ចាំ ដើម្បីដោះទ័លជីវភាពគ្រួសារ ដល់ហើយ អត់មានលទ្ធភាពបង់យកម៉ូតូមកវិញ ក៏បានធ្វើការបំភ្លៃរឿងថា ចោរប្លន់ម៉ូតូ ដោយខ្ញុំបានប្រឌិតឡើង ហេតុការណ៍ដែលបានកើតឡើង គឺខ្ញុំបានជិះឡាន ពីភ្នំពេញ មកដល់ស្រុកផ្អាវ ដើម្បីឈប់នៅផ្លូវកែង រួចក៏ចុះពីឡានតាក់ស៊ី បន្ទាប់មក ក៏ឡើងឡានតាក់ស៊ីមួយទៀត ត្រឡប់ទៅភ្នំពេញ វិញ រួចក៏បានទៅរកសារព័ត៌មាន ដើម្បីផ្សព្វផ្សាយ និងបានបំភ្លៃថា ខ្ញុំបានបាត់ម៉ូតូ ត្រូវចោរប្លន់ម៉ូតូ គោលបំណងដើម្បីឱ្យមហាជន សប្បុរសជន គាត់ជួយ និងឱ្យសារព័ត៌មានជួយផ្សាយ ដើម្បីដឹងឮពីហេតុការណ៍កើតឡើង។ តាមពិតនាងខ្ញុំអត់បានបាត់ម៉ូតូ ឬចោរប្លន់ម៉ូតូអីទេ ដោយសារខ្ញុំបានយកម៉ូតូហ្នឹងទៅបញ្ចាំ នៅផ្សារដើមគ លុះអត់លទ្ធភាពយកមកវិញ និងគ្មានលទ្ធភាពបង់រំលស់បន្ត ណាមួយកូនឈឺទៀត ទើបប្រឌិតរឿងមួយនេះឡើង…”។
ស្ត្រីរូបនេះ បានបញ្ជាក់បន្ថែមថា “រឿងដែលខ្ញុំឡាយតាមសារព័ត៌មាននោះ គឺជារឿងប្រឌិតបំភ្លៃ បង្កើតនូវរឿងនេះឡើង ដើម្បីឱ្យគេជួយ ឱ្យសប្បុរសជនអាណិតអាសូរ តែការពិតគឺនាងខ្ញុំអត់ត្រូវបានចោរប្លន់ម៉ូតូអីទេ គឺនាងខ្ញុំបានយកម៉ូតូហ្នឹង ទៅបញ្ចាំ ដើម្បីដោះទ័លជីវភាពរបស់នាងខ្ញុំ។ អ៊ីចឹងខ្ញុំសូមអធ្យាស្រ័យ អភ័យទោសដល់ថ្នាក់ដឹកនាំ អាជ្ញាធរ សមត្ថកិច្ចពាក់ព័ន្ធ នៅខេត្តកំពង់ចាម ដែលខ្ញុំបានបំភ្លៃរឿងនេះឡើង សូមអភ័យទោសមកដល់នាងខ្ញុំផង ដែលខ្ញុំធ្វើឱ្យមានរឿងមួយនេះកើតឡើង ហើយសូមបងប្អូនកុំយកគំរូតាមខ្ញុំ…”៕