Tuesday, June 2, 2026
Homeសន្ដិសុខសង្គមសន្តិសុខសង្គមករណីអ្នកជិតខាង ប្តឹងគ្រូបង្រៀនកួរ អាជ្ញាធរដោះស្រាយបញ្ចប់រឿង

ករណីអ្នកជិតខាង ប្តឹងគ្រូបង្រៀនកួរ អាជ្ញាធរដោះស្រាយបញ្ចប់រឿង

ភ្នំពេញ ៖ គ្រូបង្រៀនម្នាក់ បានបើកបង្រៀនកួរពិសេស ដល់សិស្ស ប្រមាណ៣០នាក់ នៅផ្ទះរបស់ខ្លួន ស្រាប់តែមានអ្នកជិតខាង  បានដាក់ពាក្យប្តឹងសុំទៅអាជ្ញាធរថា រំខានដល់ការរស់នៅរបស់ពួកគាត់។

ក្រោយកើតមានការប្តឹងផ្តល់ពីអ្នកជិតខាងនេះឡើង ភាគីលោកគ្រូបង្រៀន បានយកលិខិតអញ្ជើញរបស់សាលា ខណ្ឌកំបូល បង្ហោះក្នុងបណ្តាញសង្គម និងត្រូវអ្នកប្រើប្រាស់បណ្តាញសង្គមចែករំលែក និងបញ្ចេញមតិព្រោងព្រាត រហូតផ្ទុះការរិះគន់ប្រមាថដល់ភាគីអ្នកប្តឹងគ្រូបង្រៀននោះ ដូចទឹកបាក់ទំនប់។

គួរបញ្ជាក់ថា ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ នៅលើបណ្តាញសង្គម មានការជជែកវែកញែក ករណីទំនាស់រវាងសាលាបង្រៀនកួរក្រៅម៉ោង និងអ្នកជិតខាង ស្ថិតនៅផ្ទះលេខ H7B ផ្លូវលេខ៧ បុរី DL ភូមិពង្រ សង្កាត់ស្នោ ខណ្ឌកំបូល រាជធានីភ្នំពេញ បន្ទាប់ពីម្ចាស់សាលាបង្រៀនកួរ បានបង្ហោះលិខិតអញ្ជើញ តាមបណ្តឹងរបស់អ្នកជិតខាង។ ជាក់ស្តែង នៅថ្ងៃទី១ មិថុនា  ភាគីម្ចាស់សាលាបង្រៀនកួរ និងអ្នកជិត ខាងដែលដាក់ពាក្យស្នើសុំអន្តរាគមន៍ទៅសាលាខណ្ឌកំបូល បានចូលខ្លួនមកដោះស្រាយបញ្ហា។

លោកគ្រូបង្រៀន មានឈ្មោះ ចាន់ សុភា មានលំនៅផ្ទះលេខ H7B ផ្លូវលេខ៧ បុរី DL ភូមិពង្រ សង្កាត់ស្នោ ខណ្ឌកំបូល រាជធានីភ្នំពេញ។ ចំណែកភាគីអ្នកប្តឹង ២រូប ម្នាក់ឈ្មោះឡេង ដារ៉ា និងម្នាក់ទៀត ឈ្មោះលី សុខជា ពួកគាត់ទាំង២នាក់នេះ គឺជាអ្នករស់នៅជិតខាងលោកគ្រូបង្រៀននោះដែរ។

អាជ្ញាធរ បានប្រាប់ថា ទីតាំងនោះ បានបើកបង្រៀនកួរ ដល់សិស្ស ចាប់ពីថ្នាក់ទី១ ដល់ថ្នាក់ទៅ១២ ដោយចាប់បង្រៀនពីវេលាម៉ោង ៣រសៀល ដល់ម៉ោង៨យប់ ជារៀងរាល់ថ្ងៃ ហើយបង្រៀន ៣វគ្គ ដែលក្នុង ១វគ្គៗ មានសិស្ស ១០នាក់ប៉ុណ្ណោះ។ ដោយឡែកសិស្សដែលទៅរៀននោះ មានការរត់លេង ឬយកបាល់ ទៅលេង និងការនិយាយគ្នាខ្លាំងៗ ព្រមទាំងមានសំឡេងអូសតុ កៅអី ឮៗផង ទើបអ្នកជិតខាងទាំង២នាក់ខាងលើ យល់ថាជាការរំខានដល់ខ្លួន ក៏កើតទៅជារឿងប្តឹងផ្តល់គ្នាតែម្តងទៅ។

ប្រភពដដែល បានបន្តថា បន្ទាប់មក រដ្ឋបាលសង្កាត់ស្នោ បានអញ្ជើញភាគីទាំងអស់ ទៅជួបសម្របសម្រួលគ្នា នៅសាលាសង្កាត់ ហើយពេលនោះ អ្នកប្តឹងទាមទារឱ្យបិទទីតាំងខាងលើឈប់ឱ្យបង្រៀន ប៉ុន្តែភាគីលោកគ្រូបង្រៀន មិនសុខចិត្តនោះទេ ដោយអះអាងថា គាត់មិន បានខុស រហូតបិទទីតាំងរបស់គាត់ឡើយ។ ដោយឡែក រដ្ឋបាលសង្កាត់ស្នោ ក៏មិនមានសិទ្ធិបិទថ្នាលបណ្តុះចំណេះវិជ្ជានេះបានដែរ ទើបពេលនោះ ដោះស្រាយអត់ចប់ហើយ រដ្ឋបាលសង្កាត់ បានបញ្ជូនសំណុំរឿងមួយនេះ ទៅកាន់រដ្ឋបាលខណ្ឌកំបូល ដើម្បីដោះស្រាយបន្តទៀត។

ប្រភពខាងលើ បានបញ្ជាក់ប្រាប់បន្តថា ក្រោយមក នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦ កម្លាំងរដ្ឋបាលសាលាខណ្ឌកំបូល បានចុះទីពិនិត្យទីតាំងនោះ និងធ្វើការដោះស្រាយ ១ជំហានរួចហើយ ប៉ុន្តែនៅតែមិនត្រូវគ្នា ទើបចេញលិខិត ១ទៀត អញ្ជើញភាគីទាំងសងខាង ដើម្បីជួប ដោះស្រាយគ្នា នៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៦។ បន្ទាប់មក លោកគ្រូបង្រៀនរូបនោះ បានយកលិខិតអញ្ជើញរបស់រដ្ឋបាលខណ្ឌកំបូល នោះ ទៅបង្ហោះលើបណ្តាញសង្គម ហ្វេសប៊ុក រហូតផ្ទុះការរិះគន់ទៅលើបុគ្គល ២នាក់ ដែលអ្នកប្តឹងគ្រូបង្រៀននោះ យ៉ាងចាស់ដៃតែម្តង។

ក្រោយពេលរឿងនេះផ្ទុះខ្លាំង តាមបព្តាញសង្គមនោះ ទើបនៅវេលាព្រឹកថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៦ លោកឃឹម ស៊ុនសូដា អភិបាលខណ្ឌកំបូល បានដឹកនាំមន្ត្រីរដ្ឋបាលខណ្ឌ របស់ខ្លួន រួមទាំងមន្ត្រីរដ្ឋបាលសង្កាត់ស្នោ និងមេភូមិពង្រ ចុះទៅកាន់ទីតាំងកើតហេតុ អញ្ជើញភាគី ទាំង២ ជួបដោះស្រាយគ្នា នៅមុនថ្ងៃកំណត់តែម្តង។

យោងតាមសេចក្តីបំភ្លឺរបស់រដ្ឋបាលខណ្ឌកំបូល បានឱ្យដឹងថា ឈ្មោះ លី សុខជា និងឈ្មោះ ឡេង ដារ៉ា ជាភាគីម្ចាស់បណ្តឹង ពុំមានចេតនាប្តឹងដើម្បីស្នើសុំបិទទីតាំងបង្រៀនកួរក្រៅម៉ោងនោះទេ គ្រាន់តែសំណូមពរឱ្យកែសម្រួលចំណុចមួយចំនួន ដែលរំខានដល់ការរស់នៅប្រចាំថ្ងៃ ប៉ុណ្ណោះ ដោយមូលហេតុកន្លងមក សិស្សដែលមករៀន ចតកង់ ម៉ូតូ គ្មានសណ្តាប់ធ្នាប់ ហើយសិស្សដែលរៀនគួរម៉ោងបន្ទាប់ (ពុំទាន់ដល់ម៉ោងចូលរៀន) តែងលេងបាល់ និងជិះកង់ ម៉ូតូ ទៅវិញទៅមក ដែលអាចបង្កឱ្យមានគ្រោះថ្នាក់ជាយថាហេតុ។ ជាមួយគ្នានេះ ឈ្មោះឡេង ដារ៉ា មានជំងឺប្រចាំកាយ និងមានម្តាយចាស់ជរា នៅផ្ទះ ហើយការបង្រៀន តែងអូសតុ កៅអី បង្កជាសំឡេងរំខាន ដែលកន្លងមក ឈ្មោះឡេង ដារ៉ា ក៏បានសំណូមពរដល់ឈ្មោះ ចាន់ សុភា ឱ្យធ្វើការណែនាំដល់សិស្សផងដែរ។ ដោយឡែក ឈ្មោះចាន់ សុភា ដែលជាគ្រូ បើកទីតាំងបង្រៀនកួរក្រៅម៉ោង បានលើក ឡើងថា កន្លងមក លោកក៏បានណែនាំដល់សិស្សដែលមករៀនកួរ តាមសំណូមពររបស់ម្ចាស់បណ្តឹងផងដែរ ប៉ុន្តែលោកពុំបានត្រួតពិនិត្យឱ្យបានដិតដល់ដោយជាប់រវល់បង្រៀន ហើយសិស្សមួយចំនួន ក៏ពុំស្តាប់តាមការណែនាំឡើយ។

ផ្អែកតាមការសម្រុះសម្រួលពីលោកឃឹម ស៊ុនសូដា អភិបាលនៃគណៈអភិបាលខណ្ឌកំបូល គូភាគី បានឯកភាពគោរពតាមគោលការណ៍ ចំនួន៥ចំណុច ដូចខាងក្រោម ៖

១-ឈ្មោះចាន់ សុភា (គ្រូបង្រៀន) ធ្វើការកែសម្រួលចំណតទីតាំងកង់ ម៉ូតូ និងណែនាំដល់សិស្ស ដែលមករៀន ឱ្យមានសណ្តាប់ធ្នាប់ល្អ

២-កែសម្រួលសំឡេងរំខានខាងក្នុង កុំឱ្យមានសំឡេងរំខានទៀត (យកក្រណាត់រុំជើងតុ កៅអី)

៣- ណែនាំសិស្ស ក្នុងពេលរៀនចប់ ឱ្យប្រញាប់ត្រឡប់ទៅផ្ទះវិញ

៤-ស្នើសុំឱ្យអ្នកជិត ខាងមានការយោគយល់ អធ្យាស្រ័យគ្នា ក្លាយជាអ្នកជិតខាងល្អ

៥-អាជ្ញាធរសង្កាត់-ភូមិ ត្រូវធ្វើការតាមដានសកម្មភាពរបស់សិស្សដែលមករៀន។

រដ្ឋបាលខណ្ឌកំបូល ក៏សូមបញ្ជាក់ជូនផងដែរថា រដ្ឋបាលខណ្ឌកំបូល តែងយកចិត្តទុកដាក់ក្នុងការសម្រុះសម្រួល ដោះស្រាយពាក្យបណ្តឹង និងសំណើ សំណូមពររបស់ប្រជាពលរដ្ឋដែលស្ថិតក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ដោយពុំមានការរើសអើង ឬប្រកាន់និន្នាការនយោបាយណាមួយឡើយ…៕

RELATED ARTICLES