ប្រទេសវៀតណាម ៖ តារាចម្រៀងរ៉េប AK-K ដែលមានឈ្មោះដើម សុខ ពេជ្រចាន់ភារៈ ម្ចាស់ពាន Cambo Rapper រដូវកាលទី១ បានជួបគ្រោះថ្នាក់ចរចរណ៍ នៅផ្លូវទំនប់កប់ស្រូវ កាលពីថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៦ បណ្ដាលឲ្យរបួសជើងទាំងសងខាង បង្កឡើងដោយឡានដឹកដី បុកម៉ូតូរបស់លោក។ តាមប្រភពថា ក្រោយកើតហេតុភ្លាមៗ AK-K ត្រូវបានដឹកបញ្ជួនបន្ទាន់ទៅសង្រ្គោះនៅមន្ទីពេទ្យជាតិ តេជោសន្ដិភាព ប៉ុន្ដែនៅយប់ថ្ងៃសៅរ៍ ដោយសារតែស្ថានភាព របួសធ្ងន់ពេក ទើបក្រុមគ្រួសារ បញ្ជួនទៅសង្រ្គោះបន្ទាន់នៅវៀតណាម ។

អ្នកយកព័ត៌មាន «នគរធំ» បានព្យាយាមទាក់ទងទូរស័ព្ទទៅក្រុមគ្រួសារ AK-K កាលពីរសៀលថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៦ តែលេខលោក AK-K មិនអាចទាក់ទងបាន។ យ៉ាងណា តាមប្រភពពីតារារ៉េបម្នាក់ ដែលស្និទ្ធ AK-K បានបង្ហើបថា លោកពេជ្រចាន់ភារៈ បានវះកាត់របួសជើងទាំងសងខាង ដោយជោគជ័យហើយ និងពេលនេះ កំពុងព្យាបាល និងក្រោមការតាមដានដោយយកចិត្តទុកដាក់ពីសំណាក់ពេទ្យវៀតណាម មិនទាន់កំណត់ថាពេលណាទើបលោកអាចវិលត្រឡប់មកសម្រាកព្យាបាលនៅកម្ពុជា វិញឡើយ ។

គួរបញ្ជាក់ថា លោកសុខ ពេជ្រចាន់ភារៈ ហៅAK-K រហស្សនាម «អ្នកលេងដៃទទេ» អាយុ២៣ឆ្នាំ ជាកូនក្រុមរបស់លោកប្រុសឡា (Bross La) មានស្រុកកំណើតនៅភ្នំពេញ មានមុខរបរជាអ្នករត់តុ និងអ្នកដឹកម្ហូបអាហារ (delivery) បានក្លាយជាម្ចាស់ពាន Cambo Rapper រដូវកាលទី១ ក្នុងវគ្គប្រកួតផ្ដាច់ព្រ័ត្រ កាលពីថ្ងៃទី២២ ខែ មីនា ឆ្នាំ២០២៦ ក្លាយជាតារាចម្រៀងរបស់ Galaxy ផងដែរ ។ ប៉ុន្ដែគួរឲ្យស្ដាយ ទើបឈ្នះពានបានជាង២ខែ ជួបគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់ និងលុបចោលការច្រៀងសម្ដែងរបស់ខ្លួនទាំងអស់ នាពេលនេះ។

អ្នកយកព័ត៌មាន «នគរធំ» បានទូរស័ព្ទទៅលោក ប្រុសឡា (Bross La) ដែលជាអតីតគ្រូបង្វឹករបស់ Ak-K តែត្រូវបានជំនួយការលោកលើកទូរស័ព្ទជំនួស និងប្រាប់ថា ពេលនេះ លោកពេជ្រចាន់ភារៈ ពិតជាបានវះកាត់របួសជើងទាំងសងខាង ដោយជោគជ័យមែន និងមានទឹកមុខចាប់ផ្ដើមស្រស់ថ្លាឡើងវិញផងដែរ ។ លោកមិនដឹងថា ពេលណាទើប AK-K ត្រូវបញ្ជួនមកព្យាបាលនៅពេទ្យស្រុកខ្មែរ វិញបានទេ ព្រោះស្ថានភាពបច្ចុប្បន្ន លោកកំពុងតែត្រូវបានក្រុមគ្រូពេទ្យវៀតណាមព្យាបាល និងតាមដានពីស្ថានភាពរបួស ក្រោយវះកាត់យ៉ាងយកចិត្តទុកដាក់។



សូមរំលឹកថា AK-K មានប្រវត្តិកម្សត់ រស់នៅក្នុងជីវភាពខ្វះខាត ហើយមុនលើកពានលោកតែងតែផលិតបទចម្រៀងដាក់នៅលើយូធូប និងធ្វើបទខ្លួនឯង បានដល់១៤បទ ប៉ុន្ដែមិនសូវមានអ្នកស្គាល់លោកឡើយ ។ បទចម្រៀងដែលលោកយកមកច្រៀងរ៉េប នៅវគ្គជម្រុះCambo Rapper ទទួលបានការចាប់អារម្មណ៍ មានដូចជា «សេចក្ដីផ្ដើម», «មានតែមួយ», «សាមគ្គី», «ស្រុកខ្មែរ» និង «នេះគឺ Ah K AKA» ជាដើម។ លោកថា ស្រលាញ់វិស័យរ៉េប តាំងពីអាយុ១៤ឆ្នាំ ប៉ុន្ដែនៅឆ្នាំ២០២០ ទើបលោកចេះច្រៀងរ៉េប និងឈានមកប្រលង Cambo Rapper ។ ប្រភពថា AK-K បានចេញច្រៀង Concerts ច្រើនគួរសម ក្រោយឈ្នះពាន ទើបធ្វើឲ្យជីវភាពប្រសើរជាងមុន ។ ប៉ុន្ដែមិននឹកស្មានថា កំពុងតែរៀបគម្រោងវាយលុកទីផ្សារចម្រៀងរ៉េប មិនទាន់ចេញជារូបរាងផង ឥឡូវលោកបែរជាត្រូវដេកគ្រែពេទ្យ ព្យាបាលរបួសជើងទាំងគូទៅវិញ ។ ចំណែក Fan ហាក់បានធូរស្រាលចិត្តបន្ដិច នៅពេលដឹងថា Ak-K វះកាត់ជើងទាំងពីរដោយជោគជ័យ គេចផុតពីគ្រោះថ្នាក់ពិការជើង ហើយពួកគេសំណូមពរឲ្យសមត្ថលកិច្ច ចាប់ម្ចាស់រថយន្ដបង្កហេតុ មកផ្ដន្ទាទោសតាមផ្លូវច្បាប់៕


