ខេត្តកំពង់ឆ្នាំង ៖ ជនសង្ស័យ ១ក្រុម បានធ្វើសកម្មភាពលួចឆក់ត្រី ដោយប្រើឧបករណ៍ឆក់ក្តៅ នៅចំណុចឡូត៍អភិរក្ស ចំណុចបឹងប្រា ត្រូវបានកម្លាំងចម្រុះឆ្មក់ចុះបង្ក្រាប ប៉ុន្តែត្រូវបានជនសង្ស័យរត់គេចខ្លួនបាត់អស់ នៅសល់តែទូក ចំនួន៤គ្រឿង និងឧបករណ៍ឆក់ មួយចំនួន ត្រូវបានដកហូតយកមករក្សាទុក។

ប្រតិបត្តិការបង្ក្រាបបទល្មើសឆក់ក្តៅនេះ បានធ្វើឡើងកាលពីថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៦ នៅត្រង់ចំណុចឡូត៍អភិរក្ស ចំណុចបឹងប្រា ស្ថិតក្នុងឃុំពាមឆ្កោក ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង។
តាមប្រភពព័ត៌មានបានឱ្យដឹងថា ប្រតិបត្តិការនេះ ដឹកនាំដោយលោក ប៊ី រស្មីចន្នី មេបញ្ជាការរង តំបន់សឹករងកំពង់ឆ្នាំង បានដឹកនាំកម្លាំងចុះល្បាត ក៏បានប្រទះឃើញជនល្មើសកំពុងធ្វើសកម្មភាពនៅឡូត៍អភិរក្ស ចំណុចបឹងប្រា ស្ថិតក្នុងឃុំពាមឆ្កោក ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង ក៏ឈានដល់ការបង្ក្រាបតែម្តង។
ប្រភពដដែល បន្តថា ខណៈនោះ នៅពេលដែលជនល្មើសបានឃើញកម្លាំងសមត្ថកិច្ច បាននាំគ្នារត់បាត់អស់ ដោយបន្សល់ទុកសម្ភារដែលជាវត្ថុតាងមួយចំនួន រួមមាន ទូក ចំនួន៤គ្រឿង ក្បាលឆក់ ចំនួន៤គ្រឿង អាគុយ ចំនួន៣គ្រាប់។

បច្ចុប្បន្នវត្ថុតាងបានយកមករក្សាទុក នៅកន្លែងសមត្ថកិច្ច៕