ខេត្តកណ្តាល ៖ ស្ត្រីវ័យចំណាស់ម្នាក់ ពាក់ខ្សែកប្លាទីន ទម្ងន់១តម្លឹង ជាប់នឹងក ឈរលក់ចាប់ហួយ ត្រូវជនសង្ស័យម្នាក់ ប្រទះឃើញ ប្រើល្បិចធ្វើជាមករកទិញអីវ៉ាន់ លុះឃើញឱកាសល្អ ធ្វើសកម្មភាពឆក់ខ្សែ កយាយ បានសម្រេច រួចស្ទុះរត់ឡើងជិះម៉ូតូ គេចខ្លួន តែដោយភ័យញ័រដៃ ក៏ញាត់ខ្សែកស្ត្រីរងគ្រោះ មិនចូលហោប៉ៅ បណ្តាលឱ្យជ្រុះដី ត្រូវលោកយាយរត់ទៅរើសយកមកវិញបាន ចំណែកជនសង្ស័យ បានជិះម៉ូតូគេចបាត់ភ្លាមៗ។

ករណីឆក់ខ្សែកនេះ បានកើតឡើង កាលពីវេលាម៉ោង ៤និង២៤នាទីរសៀល ថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៦ នៅលើផ្លូវបេតុង ស្ថិតក្នុងភូមិកំពង់ព្រីង សង្កាត់សិត្បូ ក្រុងតាខ្មៅ ខេត្តកណ្តាល។
ជនរងគ្រោះ មានឈ្មោះសូ យ៉េត ភេទស្រី អាយុ៧០ឆ្នាំ មុខរបរលក់ដូរ មានលំនៅ ភូមិកំពង់ព្រីង សង្កាត់សិត្បូ ក្រុងតាខ្មៅ ខេត្តកណ្តាល។ ចំណែកជនសង្ស័យ មិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ ក្រោយធ្វើសកម្មភាពរួច បានជិះម៉ូតូគេចខ្លួនបាត់។
យោងតាមកាមេរ៉ាសុវត្ថិភាព បង្ហាញឱ្យឃើញពីសកម្មភាពជនសង្ស័យម្នាក់ មានវ័យប្រមាណជាង២០ឆ្នាំ ស្លៀកខោជើងវែងពណ៌ខ្មៅ ពាក់អាវខ្មៅដៃវែង និងពាក់ម៉ាស់ផង បានជិះម៉ូតូ ១គ្រឿង ម៉ាកស៊ុយស៊ូគី និច ពណ៌សលាយក្រហម មកឈប់ចតនៅពីមុខផ្ទះលក់ចាប់ហួយរបស់ស្ត្រីរងគ្រោះ រួចធ្វើជាចូលមករកទិញអីវ៉ាន់ លុះខណៈដែលលោកយាយរងគ្រោះភ្លេចខ្លួន ជនសង្ស័យបានធ្វើសកម្មភាពឆក់ខ្សែក ទម្ងន់ ១តម្លឹង (ប្លាទីន) ពាក់ ជាប់នឹងកយាយ បានសម្រេច រួចស្ទុះរត់ឡើងជិះម៉ូតូគេចខ្លួន តែដោយភ័យស្លន់ស្លោពេក ទើបជនសង្ស័យញាត់ខ្សែកស្ត្រីរងគ្រោះ មិនចូលហោប៉ៅ បែរជាជ្រុះដី និងត្រូវលោកយាយរងគ្រោះ រើសយកមកវិញបាន ចំ ណែកជនសង្ស័យ ជិះម៉ូតូគេចបាត់ភ្លាមៗ។
ជុំវិញករណីនេះ ក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានចេញសេ ចក្តីបំភ្លឺ បញ្ជាក់ថា ក្រោយពីទទួលបានព័ត៌មានខាងលើភ្លាមៗ កម្លាំងជំនាញក្រោមការដឹកនាំតាមបទបញ្ជារប ស់លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានសហការជាមួយអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ចុះស្រាវជ្រាវដល់ទីតាំងកើតហេតុ។ ជាលទ្ធផល បានបញ្ជាក់ថា ករណីអំពើលួចដោយវិធីឆក់ខ្សែកនេះ ពិតជាបានកើតមានឡើងមែន។

ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង ១៦ៈ២៤នាទី ថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៦ នៅលើផ្លូវបេតុង ស្ថិតក្នុងភូមិកំពង់ព្រីង សង្កាត់សិត្បូ ក្រុងតាខ្មៅ ខេត្តកណ្តាល។ ជនរងគ្រោះមានឈ្មោះសូ យ៉េត ភេទស្រី អាយុ៧០ ឆ្នាំ មុខរបរលក់ដូរ មានលំនៅ តំបន់កើតហេតុខាងលើ។
សមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យ ជាបុរសម្នាក់ អាយុប្រហែល២២ឆ្នាំ មិនទាន់ស្គាល់អត្តសញ្ញាណ បានប្រើ ប្រាស់ម៉ូតូម៉ាក Suzuki Nex ពណ៌សលាយក្រហម ជាមធ្យោបាយក្នុងការធ្វើសកម្មភាព។ ក្នុងហេតុការណ៍នេះ ខ្សែកប្លាទីន មួយខ្សែ ទម្ងន់ ១តម្លឹង ត្រូវបានធ្វើឱ្យដាច់ ប៉ុន្តែជនរងគ្រោះ អាចយកបានមកវិញ។

បច្ចុប្បន្ន កម្លាំងផ្នែកយុត្តិធម៌នៃអធិការដ្ឋាននគរបាលក្រុងតាខ្មៅ សហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលសិត្បូ និងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល ខេត្តកណ្តាល កំពុងបន្តស្រាវជ្រាវយ៉ាងសកម្ម ដើម្បីកំណត់អត្តសញ្ញាណ និងតាមចាប់ខ្លួនជនសង្ស័យ យកមកផ្តន្ទាទោសតាមច្បាប់ ឱ្យបានឆាប់រហ័ស៕