ខេត្តត្បូងឃ្មុំ ៖ កម្លាំងស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ បានចុះបង្ក្រាបក្មេងទំនើងកាប់គ្នា ចំនួន២ករណី នៅស្រុកមេមត់ និងស្រុកអូររាំងឪ ឃាត់ខ្លួនក្មេងទំនើង ១០នាក់។

តាមប្រភពសមត្ថកិច្ចខេត្តត្បូងឃ្មុំ បានឱ្យដឹង នៅថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៦ ថា ដោយអនុវត្តតាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងលោកប៉ែន កុសល្យ អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តត្បូងឃ្មុំ និងការបញ្ជាដឹកនាំផ្ទាល់របស់លោកឧត្តមសេនីយ៍ទោ ចិន នី ស្នងការនគរបាលខេត្តត្បូងឃ្មុំ កម្លាំងសមត្ថកិច្ច បានធ្វើការស៊ើបអង្កេត ស្រាវជ្រាវ ឈានដល់ការបង្ក្រាបករណីហិង្សាដោយចេតនា និងធ្វើឱ្យខូចខាតដោយចេតនា បង្កដោយក្មេងទំនើង ចំនួន២ករណី ផ្សេងគ្នា ដោយឃាត់ខ្លួនក្មេងទំនើង សរុបចំនួន១០នាក់។
ករណីទី១- ហិង្សាដោយចេតនា (វាយគ្នាទៅវិញទៅមក) បង្កដោយក្មេងទំនើង មានគ្នាចំនួន២ក្រុម មានទំនាស់ឈ្លោះប្រកែកគ្នាក្នុងវង់រាំ ហើយបបួលគ្នាវាយគ្នានៅខាងក្រៅ នៅចំណុចផ្លូវកៅស៊ូ ស្ថិតនៅភូមិស្រែតានង ឃុំចាន់មូល ស្រុកមេមត់ ខេត្តត្បូងឃ្មុំ កាលពីថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៦ ដោយឃាត់ខ្លួនបានចំនួន៨នាក់ ចំណែកបក្ខពួកមួយចំនួនទៀត កំពុងរត់គេចខ្លួន។
ករណីទី២- ហិង្សានិងធ្វើឱ្យខូចខាតដោយចេតនា បង្កដោយក្មេងទំនើង មានគ្នាចំនួន៥នាក់ (ធ្វើសកម្មភាពយកដុំថ្មគប់ និងយកខ្សែក្រវាត់វាយទៅលើម៉ូតូជនរងគ្រោះ) នៅចំណុចភូមិដំរិលទី១ ឃុំដំរិល ស្រុកអូររាំងឪ ខេត្ត ត្បូងឃ្មុំ ដោយឃាត់ខ្លួនបានចំនួន២នាក់ ចំណែកបក្ខពួកចំនួន៣នាក់ទៀត កំពុងរត់គេចខ្លួន។
ក្មេងទំនើងទាំង១០នាក់ ខាងលើ ត្រូវបានសមត្ថកិច្ចរៀបចំកសាងសំណុំរឿង បញ្ជូនទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី។ ចំណែកបក្ខពួកដែលបានគេចខ្លួន កម្លាំងជំនាញ កំពុងបន្តតាមស្វែងរកចាប់ខ្លួន ដើម្បីអនុវត្តវិធានការច្បាប់បន្តទៀត៕