ភ្នំពេញៈ ក្រោមការដឹកនាំដោយលោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងបញ្ជាដឹកនាំកិច្ចប្រត្តិបត្តិការដោយឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៦ កម្លាំងនគរបាលរាជធានីភ្នំពេញ បានបើកប្រតិបត្តិការបង្ក្រាបបទល្មើសឆបោកអនឡាញ (Scam Online) នៅអគារខុនដូ ហ្គោលដិន វ័ន (Golden One) អគារលេខ៤១ ជាន់ទី៣០ បន្ទប់គ្មានលេខ ផ្លូវលេខ៣៦០ ភូមិ៧ សង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌបឹងកេងកង ដោយឃាត់ខ្លួនមនុស្ស ៦៥នាក់ ក្នុងនោះមានជនជាតិចិន ៨នាក់។

ប្រតិបត្តិការនេះ មានកម្លាំងមត្ថកិច្ចជំនាញ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រួមមាន ការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យា ការិយាល័យអន្តរាគមន៍និងតម្រួតបទបញ្ជា ការិយាល័យគ្រប់គ្រងជនបរទេស ការិយាល័យស៊ើបអង្កេតនិងអនុវត្តនីតិវិធី និងអធិការដ្ឋាននគរបាលខណ្ឌបឹងកេង ដឹកនាំដោយឧត្តមសេនីយ៍ទោ ប៊ុន សុសិក្ខា ស្នងការរងផែនការងារសន្តិសុខ ឧត្តមសេនីយ៍ត្រី ស ថេន ស្នងការរង ផែនការងារអន្តោ ប្រវេសន៍ ដោយបានការសម្របសម្រួលនីតិវិធីពីលោកសេង ហៀង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលា ដំបូងរាជធានីភ្នំពេញ បានចុះត្រួតពិនិត្យទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅខុនដូ ហ្គោលឌិន វ័ន (Golden One) អគារលេខ៤១ ជាន់ទី៣០ បន្ទប់គ្មានលេខ ផ្លូវលេខ៣៦០ ភូមិ៧ សង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌបឹងកេងកង។

ជាលទ្ធផល សមត្ថកិច្ចជំនាញ បានឃាត់ខ្លួនមនុស្ស ចំនួន៦៥នាក់ មានជនជាតិចិន ៨នាក់ (ប្រុស) ជនជាតិខ្មែរ ៥៧នាក់ (ស្រី ២៧នាក់)។ ចំពោះវត្ថុតាងចាប់យក រួមមាន កុំព្យូទ័រ ALL in One ចំនួន៨៩គ្រឿង ម៉ូនីទ័រ (Monitor) ១គ្រឿង CPU ចំនួន០១គ្រឿង ទូរស័ព្ទបម្រើឱ្យបទល្មើស ចំនួន៣៨៤គ្រឿង និងស៊ីមកាតអន្តរជាតិ មួយចំនួនធំ។

តាមការធ្វើកោសល្យវិច័យលើកុំព្យូទ័របឋម របស់សមត្ថកិច្ចជំនាញ នៃការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យា អាចសន្និដ្ឋានបានថា ជនសង្ស័យ ប្រើប្រាស់ប្រទេសកម្ពុជា ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ក្រោមរូបភាពអូសទាញ លោមលួងដាក់ប្រាក់ ឱ្យវិនិយោគក្លែងក្លាយ (Investment Scams) ដែលជនរងគ្រោះ ជាគោលដៅទៅខាងទ្វីបអឺរ៉ុប៕

