Saturday, March 7, 2026
Homeសន្ដិសុខសង្គមសន្តិសុខសង្គមអនុព័ន្ធយោធា ១២ប្រទេស ចុះពិនិត្យប្រាសាទ ព្រះវិហារ ខូចខាតដោយយោធាថៃ វាយប្រហារ

អនុព័ន្ធយោធា ១២ប្រទេស ចុះពិនិត្យប្រាសាទ ព្រះវិហារ ខូចខាតដោយយោធាថៃ វាយប្រហារ

ខេត្តព្រះវិហារ ៖ ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានសម្របសម្រួលជូនគណៈប្រតិភូអនុព័ន្ធយោធាបរទេស ប្រចាំព្រះរាជាណាចក្រកម្ពុជា ទាំង១២ប្រទេស អញ្ជើញទៅកាន់តំបន់ប្រាសាទព្រះវិហារ និងតំបន់ជុំវិញ ស្ថិតនៅឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ព្រះរាជាណាចក្រកម្ពុជា ដែលរងការខូចខាតយ៉ាងដំណំ ដោយសារការវាយប្រហារពីសំណាក់យោធាថៃ ឈ្លានពាន។

យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងការពារជាតិ នៅថ្ងៃព្រហស្បតិ៍ ២រោច ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៦ បានបញ្ជាក់ថា  លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធារណជន អ្នកសារ ព័ត៌មានជាតិ និងអន្តរជាតិ មេត្តាជ្រាបថា ៖ នៅថ្ងៃព្រហស្បតិ៍ ទី៥ ខែមីនា ឆ្នាំ២០២៦ វេលាម៉ោង ១១:១០នាទីព្រឹក ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានសម្របសម្រួលជូនគណៈប្រតិភូអនុព័ន្ធយោធា បរទេស ប្រចាំព្រះរាជាណាចក្រកម្ពុជា ទាំង១២ប្រទេស អញ្ជើញទៅកាន់តំបន់ប្រាសាទព្រះវិហារ និងតំបន់ជុំវិញ ស្ថិតនៅឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ព្រះរាជាណាចក្រកម្ពុជា ដែលជាសម្បត្តិបេតិកភណ្ឌពិភពលោក ដ៏មានតម្លៃបំផុតរបស់មនុស្សជាតិ ដែលរងការខូចខាតយ៉ាងដំណំ ដោយសារការវាយប្រហារពីសំណាក់យោធាថៃ ឈ្លានពាន។

សូមគូសបញ្ជាក់ផងដែរថា សកម្មភាពនៃវាយប្រហារទាំងពីរលើក ដោយសព្វាវុធធុនធ្ងន់ យ៉ាងច្រើនសន្ធឹកសន្ធាប់ ជាពិសេស ការទម្លាក់គ្រាប់បែកពីលើអាកាស ចេញពីយន្តហោះគ្មានមនុស្សបើក និងយន្តហោះចម្បាំង ដែលបានបាញ់សំដៅមកលើប្រាសាទព្រះវិហារ ពីសំណាក់យោធាថៃ បានធ្វើឱ្យប៉ះពាល់និងបំផ្លិចបំផ្លាញយ៉ាង ធ្ងន់បំផុត លើរចនាសម្ព័ន្ធផ្ទាល់របស់បេតិកភណ្ឌពិភពលោក ប្រាសាទព្រះវិហារ និងបរិវេណជុំវិញ ដែលទង្វើនេះ បានបង្ហាញពីភាពអសីលធម៌ ការប្រមាថមាក់ងាយដល់វប្បធម៌ អរិយធម៌ និងទីសក្ការៈដែលជាមរតកមនុស្សជាតិ ជាពិសេស ជាមរតកវប្បធម៌ដែលដូនតាខ្មែរ បានកសាង បន្សល់ទុកដ៏មានតម្លៃមិនអាចកាត់ថ្លៃបាន។

បើយោងតាមរយៈការកត់ត្រា ចងក្រងពីការខូចខាត របស់ក្រសួងវប្បធម៌និងវិចិត្រសិល្បៈឃើញថា ការកត់ត្រា ចងក្រងពីការខូចខាត ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ បង្ហាញអំពីការខូចខាតធ្ងន់លើសពីអ្វីដែលបានកត់ត្រាទុកនៅក្នុងខែកក្កដា ឆ្នាំ២០២៥។ យោងតាមភ័ស្តុតាងរូបថតនិងវីដេអូ ដែលប្រមូលបានដោយអាជ្ញា ធរជាតិព្រះវិហារ ក្នុងអំឡុងពេលបេសកកម្មចងក្រងឯកសារ នាថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៥ មាន ៥៦២កន្លែង ដែលប្រាសាទព្រះវិហារ បានទទួលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ។

ក្នុងនាមជារដ្ឋដែលគោរពច្បាប់ និងមានការទទួលខុសត្រូវខ្ពស់ កម្ពុជា ប្រកាន់ខ្ជាប់នូវការដោះស្រាយជម្លោះដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ និងគោលការណ៍ជាមូលដ្ឋានរបស់ធម្មនុញ្ញអង្គការសហប្រជាជាតិ និងធម្មនុញ្ញអាស៊ាន ដោយប្រឆាំងជាដាច់ខាតការគំរាមឬការប្រើប្រាស់កម្លាំង សំដៅសម្រេចឱ្យបាននូវដំណោះ ស្រាយមួយដែលយុត្តិធម៌ មិនលម្អៀង និងយូរអង្វែង ដែលជាមូលដ្ឋានគ្រឹះសម្រាប់ប្រជាជននៃប្រទេសទាំងពីរ អាចរួមរស់ជាមួយគ្នាក្នុងសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ៕

អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិជ្រាបជាព័ត៌មាន៕

RELATED ARTICLES