Thursday, March 5, 2026
Homeសង្គម និងជីវិតរៀបការ២ថ្ងៃ ផ្សំដំណេក២យប់ ប្រពន្ធវេចលុយ រត់ចោលប្តី

រៀបការ២ថ្ងៃ ផ្សំដំណេក២យប់ ប្រពន្ធវេចលុយ រត់ចោលប្តី

ខេត្តកណ្តាល ៖ បុរសម្នាក់ មុខរបរជាសន្តិសុខ ក្រោយពីទាក់ទងស្នេហាជាមួយនារីម្នាក់ អស់រយៈពេល ៤-៥ខែ ក៏សម្រេចចិត្តដឹកដៃគ្នាចូលរោងការ តាមប្រពៃណី លុះរៀបការបាន ២ថ្ងៃ ទើបនឹងផ្សំដំណេក ក្រេបចន្ទទឹកឃ្មុំផ្អែមស្អិត បាន២យប់ ស្រាប់តែប្រពន្ធបានវេចលុយចំណងដៃ លួចយកទាំងចិញ្ចៀន ខ្សែក និងម៉ូតូ ១គ្រឿង រត់ចោលប្តីបាត់ ធ្វើឱ្យបុរសជាប្តី ខំតាមស្វែងរកគ្រប់ច្រកល្ហក នៅតែមិនឃើញ ក៏ប្រកាសតាមសារព័ត៌មាន ឱ្យប្រ ពន្ធចូលខ្លួនមកដោះស្រាយគ្នា ពុំនោះទេ លោកជាប្តី នឹងដាក់ពាក្យបណ្តឹង ចាត់ការតាមច្បាប់។

បុរសអភ័ព្វដែលរៀបការបាន២ថ្ងៃ ត្រូវប្រពន្ធវេចលុយរត់ចោលបាត់នោះ មានឈ្មោះ ហុង បញ្ញា អាយុ២៨ឆ្នាំ មុខរបរសន្តិសុខ។ ចំណែកស្ត្រីជាប្រពន្ធ ដែលបានរត់គេចខ្លួន មានឈ្មោះឈិន សារ៉ាន់ អាយុ២៥ឆ្នាំ។ អ្នកទាំង ពីរ ទើបនឹងរៀបការ កាលពីថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៥ នៅផ្ទះឪពុកម្តាយធម៌ខាងស្រី ស្ថិតក្នុងឃុំព្រែកស្តី ស្រុកកោះធំ ខេត្តកណ្តាល។ លុះមកដល់ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៦ ស្ត្រីជាប្រពន្ធបានវេចចំណងដៃ រត់ចោលប្តីបាត់តែម្តង។

បុរសអភ័ព្វស្នេហ៍ ហុង បញ្ញា បានរៀបរាប់ប្រាប់ថា លោកនិងប្រពន្ធ ឈ្មោះឈិន សារ៉ាន់ បានស្គាល់គ្នា រយៈពេល៤-៥ខែ មុនឹងរៀបការ ដោយស្គាល់តាមរយៈអ្នករាប់អានគ្នាបានណែនាំ ដោយនាងប្រាប់ថា នាងគឺជាកូនកំព្រាឪពុកម្តាយ មានតែឪពុកម្តាយធម៌ប៉ុណ្ណោះ។ លុះក្រោយពីរាប់អានគ្នាមក ឃើញថានាងជាមនុស្សស្លូតបូត សុភាពរាបសា ហើយក៏មានចិត្តស្រលាញ់លោកផងដែរ ទើបលោកបានសម្រេចសុំនាងរៀបការ ហើយនាងក៏យល់ព្រម រហូតឈានដល់ការដឹកដៃគ្នាចូលរោងការ កាលពីថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៦ នៅឯផ្ទះឪពុកម្តាយធម៌របស់នាង ស្ថិតក្នុងឃុំព្រែកស្តី ស្រុកកោះធំ ខេត្តកណ្តាល ដោយពិធីមង្គលការនេះ បានរៀបចំឡើងយ៉ាងអធិក អធម មានភ្ញៀវកិត្តិយស សាច់ញាតិ មិត្តភក្តិចូលរួមដឹងឮគ្រប់គ្នា។

លោក ហុង បញ្ញា បានបន្តថា ពិធីរៀបការរបស់លោក តាមការទូទាត់ថ្លៃចុងភៅ សម្អាងការ ភ្លេងភ្លាត់ គិតជាទឹកប្រាក់ អស់ប្រមាណ ៧ពាន់ដុល្លារ តែមិនទាន់បានទូទាត់ឱ្យគេគ្រប់នៅឡើយ។ ចំណែកលុយចំណងដៃ លោកក៏មិនបានដឹងច្បាស់ដែរ ដោយប្រគល់ឱ្យប្រពន្ធ ជាអ្នកទុកដាក់ទាំងអស់ ដឹងត្រឹមថារៀបការរួច លោកបានផ្សំដំណេកជាមួយប្រពន្ធ បានត្រឹមតែ២យប់ ស្រាប់តែប្រពន្ធ វេចលុយ យកម៉ូតូរបស់លោកជិះរត់បាត់តែ ម្តង។

លោក ហុង បញ្ញា បានបញ្ជាក់ថា ក្រោយពីរៀបការ ផ្សំដំណេកបាន ២ថ្ងៃរួចមក នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៦ ប្រពន្ធរបស់លោក បានសុំសោម៉ូតូ ពីលោក ដោយប្រាប់ថា នាងទៅយកខោអាវនៅកន្លែងធ្វើការរបស់នាង មួយភ្លែត ចំណែកលោកក៏មិនបានចាប់អារម្មណ៍អ្វីដែរ ដោយបានប្រគល់សោម៉ូតូ ឱ្យប្រពន្ធជិះចេញទៅបាត់។ ស្រាប់តែក្រោយមក ក៏បាត់ប្រពន្ធ មិនឃើញត្រឡប់មកវិញ លុះពេលលោកទាក់ទងទូរស័ព្ទទៅសួរនាំ ប្រពន្ធមិនលើកទូរស័ព្ទ រហូតដល់ ៤-៥ម៉ោងក្រោយមក ទូរស័ព្ទក៏លែងចូល គឺនាងបិទទូរស័ព្ទចោលតែម្តង ។ លោកបានតាមស្វែងរកប្រពន្ធ នឹកស្មានថាប្រពន្ធមានបញ្ហាអ្វី ឬគ្រោះថ្នាក់តាមផ្លូវ តែតាមរកយ៉ាងណាក៏មិនឃើញ សូម្បីតែសួរនាំឪពុកម្តាយធម៌របស់នាង ក៏ពួកគាត់ឆ្លើយថា អត់ដឹងដែរ ហើយក៏ទូរស័ព្ទមិនចូលដូចគ្នា។

បុរសប្រពន្ធរត់ចោល បានបន្តទៀតថា បន្ទាប់មក ទើបលោកដឹងថា ប្រពន្ធពិតជាបានរត់ចោលលោកតែម្តង ព្រោះក្រៅពីម៉ូតូរបស់លោក ប្រពន្ធបានវេចលុយចំណងដៃ ខ្សែក និងចិញ្ចៀន ទៅជាមួយផងដែរ ដោយមិនដឹងថា ប្រពន្ធមានបញ្ហាអ្វីទេ ទើបបានជាបោកប្រាស់ទំនុកចិត្តរបស់លោក ធ្វើបាបទាំងផ្លូវចិត្ត ផ្លូវកាយលោកបែប នេះ។

ជាចុងក្រោយ លោកហុង បញ្ញា បានផ្តាំទៅស្ត្រីជាប្រពន្ធថា “បើអូនមានទាស់ចិត្តរឿងអី ប្រាប់បងតាមត្រង់មក មិនគួររៀបការជាមួយបងហើយ បែរជាបោកប្រាស់ រត់ចោលបងបែបនេះសោះ ដឹងហើយថា បងក្រលំបាកណាស់ នៅមកធ្វើបាបផ្លូវកាយ ផ្លូវចិត្តបងបែបនេះទៀត ម៉េចអូនធ្វើដល់ថ្នាក់ហ្នឹង? តើអូនមានចិត្តជាមនុស្សទេ? បើមិនស្រលាញ់បង ម៉េចព្រមរៀបការជាមួយបង? ហើយមកយកទ្រព្យសម្បត្តិបង ទៅអស់អ៊ីចឹង យកទាំងម៉ូតូ ចិញ្ចៀន ខ្សែក លុយចំណងដៃ អូនប្រមូលទៅអស់ហើយ ពេលនេះបងនៅសល់តែខោទេ…”។

តាមសម្តីស្ត្រីជាបងស្រីបង្កើតរបស់លោក ហុង បញ្ញា បានរៀបរាប់ប្រាប់ថា ប្អូនថ្លៃរបស់គាត់ (ឈិន សារ៉ាន់) តាំងពីស្គាល់គ្នាជាមួយប្អូនប្រុសរបស់គាត់ដំបូង គាត់សង្កេតឃើញថា នាងជាមនុស្សស្រីល្អម្នាក់ ទន់ភ្លន់ សុ ភាពរាបសា និងយកចិត្តទុកដាក់ស្រលាញ់ប្តីណាស់ តែមិននឹកស្មានថា រៀបការរួច បែរជាធ្វើទង្វើបែបនេះ បោកប្រាក់ទំនុកចិត្តប្អូនប្រុសរបស់គាត់ ធ្វើឱ្យរូបគាត់ជាបងស្រី មានអារម្មណ៍ឈឺចិត្តជំនួសប្អូនប្រុស មិនគួរត្រូវប្រពន្ធ ធ្វើបាបដល់ថ្នាក់នេះសោះ។

យ៉ាងណា លោកហុង បញ្ញា បានផ្តាំផ្ញើទៅកាន់ប្រពន្ធ២ថ្ងៃ របស់ខ្លួនថា សូមឱ្យនាងចូលខ្លួនមកដោះស្រាយគ្នា ឱ្យបានច្បាស់លាស់និងដាច់ស្រេច ហើយក្នុងករណីដែលនាងមិនព្រមត្រឡប់មកដោះស្រាយគ្នាដោយសន្តិវិធីទេ នោះលោកមានតែសម្រេចចិត្តដាក់ពាក្យបណ្តឹង ឱ្យសមត្ថកិច្ចនិងអាជ្ញាធរ ជួយដោះស្រាយរកយុត្តិធម៌ហើយ។

ជុំវិញការអះអាងរបស់បុរសជាប្តីខាងលើនេះ “នគរធំ” មិនអាចទាក់ទងសុំការបំភ្លឺពីសាមីខ្លួនស្ត្រីឈ្មោះ ឈិន សារ៉ាន់ ជាប្រពន្ធនោះបានទេ កាលពីម្សិលមិញ។ យ៉ាងណា យើងរង់ចាំទទួលការបកស្រាយបំភ្លឺពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់៕

RELATED ARTICLES