Tuesday, March 3, 2026
Homeសង្គម និងជីវិតកម្ពុជា មានត្រីរាជ លើស៥៨ក្បាល

កម្ពុជា មានត្រីរាជ លើស៥៨ក្បាល

ភ្នំពេញ ៖ តាមកំណត់ត្រានៃកិច្ចខិតខំប្រឹងប្រែងសហការគ្នាអភិរក្សនិងការពារ ចាប់ពីឆ្នាំ២០២២ រហូតដល់ពេលបច្ចុប្បន្ននេះ នៅទន្លេមេគង្គកម្ពុជា អាចមានប្រភេទត្រីយក្ស (ត្រីរាជ) លើសពី ៥៨ក្បាល។

អង្គការ Wonders of the Mekong បានអះអាងថា នេះគឺជាចំនួនត្រីរាជ ដែលត្រូវបានគេចាប់ និងបំពាក់ស្លាក ហើយលែងចូលទៅក្នុងទីជម្រកធម្មជាតិ នៅទន្លេមេគង្គ តាំងពីឆ្នាំ២០២២ ដោយរួមទាំងត្រីនេះ ១០ក្បាល ដែលបំពាក់ស្លាកនិងដោះលែងក្នុងខែមករា និងខែកុម្ភៈ ឆ្នាំ២០២៦ ថ្មីៗនេះ។

ត្រីរាជ មានឈ្មោះថា Pangasianodon gigas ជាកំណប់ដ៏មានតម្លៃ ដែលមានតែនៅក្នុងទន្លេមេគង្គ។ ជាច្រើនទសវត្សមកហើយ ត្រីរាជ បានធ្វើចរាចរណ៍ពីទន្លេមេគង្គ ទៅបឹងទន្លេសាប ដែលជាបេះដូងនៃប្រទេសកម្ពុជា ក្នុងរដូវវាស្សា ដើម្បីរកចំណី និងធំលូតលាស់។ ក្នុងនោះក៏មានត្រីរាជ ខ្លះបានធ្វើចរាចរណ៍ចុះទៅតំបន់វាលទំនាបលិចទឹក នៃតំបន់ដីសណ្តមេគង្គ ក្នុងខេត្តព្រៃវែង ផងដែរ។

ត្រីរាជ គឺជាអំបូរត្រីធំ ហើយអាចលូតលាស់ដល់ប្រវែង ៣ម៉ែត្រ និងទម្ងន់ដល់ទៅ ៣៥០គីឡូក្រាម ប៉ុន្តែតែវាមិនបង្កគ្រោះថ្នាក់ដល់មនុស្ស សត្វ និងត្រីដទៃឯទៀតឡើយ។ ពេលនៅតូច ត្រីរាជ ពុំមានព្រុយពុកមាត់ និងមានធ្មេញតូចៗ។ ប៉ុន្តែពេលវាធំឡើង ព្រុយពុកមាត់ និងឆ្នូត ក៏ចាប់ផ្តើមរលុបបាត់អស់ នៅពេលវាមានប្រវែងដល់ ៣០ទៅ៥០សង់ទីម៉ែត្រ។ ពេលនៅតូច ភ្នែកត្រីរាជ ស្ថិតនៅតាមបណ្តោយរង្វះមាត់។ ពេលធំពេញវ័យ ភ្នែករបស់វា ធ្លាក់មកនៅក្រោមរង្វះមាត់។ កូនត្រីរាជ និងកូនត្រីប្រា មានលក្ខណៈស្រដៀងគ្នា ដែលជាហេតុធ្វើឱ្យមាន ការច្រឡំ និងត្រូវចាប់វាយកទៅលក់ លាយឡំនឹងត្រីប្រា។

ត្រីរាជ រស់នៅក្នុងទន្លេធម្មជាតិ ហើយក៏អាចរស់នៅក្នុងស្រះចិញ្ចឹមត្រី បានផងដែរ ។ មិនដូចជាត្រីប្រមាញ់ឯទៀត ត្រីរាជ ស៊ីពពួកស្លែ ប្លង់តុង វារីជាតិ និងមមោក នៅបាតទន្លេធម្មជាតិ តែបើនៅក្នុងស្រះចិញ្ចឹមត្រី វាស៊ីកាកសំណល់ដែលសល់ពីត្រីផ្សេងៗ។ ត្រីរាជ បានដើរតួនាទី យ៉ាងសំខាន់ ក្នុងការរក្សាតុល្យភាពប្រព័ន្ធអេកូឡូស៊ី នៅក្នុងទន្លេមេគង្គ។

តាមការកត់ត្រារបស់អ្នកស្រាវជ្រាវវិទ្យាសាស្ត្រ បានអះអាងថា កាលពីអតីតកាល ត្រីរាជ ជាប្រភេទត្រី ធ្វើចរាចរណ៍ផ្លូវឆ្ងាយ ដែលអាចលាតសន្ធឹងរហូតដល់ជាង ៤០០០គីឡូម៉ែត្រ ពាសពេញដងទន្លេមេគង្គ ចាប់ពីខេត្តយូណាន ប្រទេសចិន ទៅដល់តំបន់ដីសណ្តមេគង្គ ក្នុងប្រទេសវៀតណាម។

នាពេលបច្ចុប្បន្ននេះ ដោយសារបាត់បង់ទីជម្រក ការនេសាទហួសកម្រិត ដូច្នេះ វាមិនអាចរស់នៅពាសពេញ ឬធ្វើចរាចរណ៍ផ្លាស់ទីដោយសេរី ពាសពេញដែនទឹកទន្លេមេគង្គ ដូចមុនទៀតឡើយ ហើយចំនួនត្រីរាជ បានធ្លាក់ចុះយ៉ាងគំហុក៕

RELATED ARTICLES