ខេត្តកោះកុង ៖ រដ្ឋបាលជលផល បានប្រកាសឱ្យដឹង កាលពីរសៀលថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៦ថា សំបុកអណ្តើកហ្លួងទី៣ ត្រូវបានរកឃើញនាដើមឆ្នាំ២០២៦ នេះ។

នាថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៦ ក្រុមស្រាវជ្រាវនៃរដ្ឋបាលជលផល និងអង្គការ WCS បានរកឃើញសំបុកអណ្តើកហ្លួង ១ទីតាំង ដែលមានគ្រាប់ពងសរុប ២៥គ្រាប់ នៅឆ្នេរខ្សាច់អន្លង់ត្រាំង នៃព្រែកកំពង់លើ ក្នុងប្រព័ន្ធព្រែក ស្រែអំបិល។ នេះជាសំបុកទី៣ ដែលត្រូវបានរកឃើញក្នុងឆ្នាំ២០២៦ នេះ។
បច្ចុប្បន្ន ក្រុមការងារបានចល័តពងទាំងនោះ ទៅភ្ញាស់នៅទីតាំងដែលមានសុវត្ថិភាព ដើម្បីការពារ និងតាម ដានការញាស់ ដោយធានាបាននូវអត្រាគង់វង្សខ្ពស់ ។

សូមបញ្ជាក់ថា ក្រុមការងារបានរកឃើញសំបុកអណ្តើកហ្លួង ២ទីតាំង ក្នុងឆ្នាំ២០២៤ ពុំមានរកឃើញក្នុងឆ្នាំ២០២៥ និងរកឃើញឡើងវិញ ៣ទីតាំង នាដើមឆ្នាំ២០២៦នេះ។ សកម្មភាពទម្លាក់ពងអណ្តើកហ្លួង ក្នុងជម្រកធម្មជាតិនេះ បានបញ្ជាក់អំពីសុខភាពល្អនៃអណ្តើកហ្លួង ជម្រក និងអេកូឡូស៊ី នៃប្រព័ន្ធព្រែកស្រែអំបិល ខេត្តកោះកុង និងខេត្តព្រះសីហនុ។
អណ្តើកហ្លួង ត្រូវបានចាត់ជាប្រភេទឧរង្គសត្វនិមិត្តរូបនៃព្រះរាជាណាចក្រកម្ពុជា ដោយព្រះរាជក្រឹត្យ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១ ខែមីនា ឆ្នាំ២០០៥ និងត្រូវបានចាត់ជាប្រភេទកំពុងរងគ្រោះថ្នាក់ ដោយអនុក្រឹត្យលេខ១២៣ របស់រាជរដ្ឋាភិបាល ចុះថ្ងៃទី២៣ ខែសីហា ឆ្នាំ២០០៩ ។ ប្រភេទនេះក៏ត្រូវបានចាត់ជាប្រភេទជិតផុតពូជ ក្នុងបញ្ជីក្រហមនៃអង្គការ IUCN និងស្ថិតក្នុងឧបសម្ព័ន្ធ១ នៃអនុញ្ញាសាយតេស ផងដែរ។

ប្រព័ន្ធព្រែកស្រែអំបិល គឺជាកន្លែងការពារនិងអភិរក្សដ៏សំខាន់បំផុតនៅកម្ពុជា ព្រោះជាកន្លែងតែមួយគត់ដែលអណ្តើកហ្លួង រស់នៅនិងពងកូន។
ដូចនេះ រដ្ឋបាលជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ សហការជាមួយអង្គការ WCS រដ្ឋបាលខេត្តកោះកុង និងព្រះសីហនុ អាជ្ញាធរមូលដ្ឋាន និងសហគមន៍នេសាទ បានយកចិត្តទុកដាក់ការពារប្រភេទនេះ ចាប់ពីឆ្នាំ២០០០ តាមរយៈការថែរក្សាប្រព័ន្ធអេកូឡូស៊ី ក្នុង ប្រព័ន្ធព្រែកស្រែអំបិល ការពង្រឹងការអនុវត្តច្បាប់ ការអប់រំផ្សព្វផ្សាយ កាសិក្សាស្រាវជ្រាវ ការបង្កាត់ភ្ញាស់និងលែង ដើម្បីធានានិរន្តរភាពនៃប្រភេទនេះក្នុងដែនទឹក ធម្មជាតិ៕
