Saturday, February 28, 2026
Homeសន្ដិសុខសង្គមសន្តិសុខសង្គមដុតចម្ការស្វាយ គំរាមសម្លាប់ម្ចាស់ ជាប់ខ្នោះ

ដុតចម្ការស្វាយ គំរាមសម្លាប់ម្ចាស់ ជាប់ខ្នោះ

ខេត្តកំពង់ស្ពឺ ៖ ជនសង្ស័យម្នាក់ បានធ្វើសកម្មភាពដុតចម្ការស្វាយ របស់បុរសចំណាស់ម្នាក់ ថែមទាំងគំរាមសម្លាប់ម្ចាស់ចម្ការទៀត ធ្វើឱ្យជនរងគ្រោះទ្រាំលែងបាន ប្តឹងសុំអន្តរាគមន៍ពីកម្លាំងជំនាញអាវុធហត្ថ ចាប់វាយខ្នោះជនសង្ស័យ នាំយកទៅចាត់ការតាមច្បាប់។

ការឃាត់ខ្លួនជនសង្ស័យនេះ បានធ្វើឡើងកាលពីវេលាម៉ោង ១១និង២០នាទីព្រឹក ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៦ នៅចំណុចភូមិត្រពាំងប្រីយ៍ ឃុំក្រាំងដីវ៉ាយ ស្រុកភ្នំស្រួច។

ជនសង្ស័យដែលត្រូវកម្លាំងអាវុធហត្ថចាប់ឃាត់ខ្លួន មានឈ្មោះប៉េន បឿន ភេទប្រុស អាយុ៤១ឆ្នាំ រស់នៅក្នុងភូមិត្រពាំងប្រីយ៍ ឃុំក្រាំងដីវ៉ាយ ស្រុកភ្នំស្រួច។ ចំណែកជនរងគ្រោះ មានឈ្មោះង៉ោ ម៉េង ភេទប្រុស អាយុ៦៩ឆ្នាំ មានលំនៅ ភូមិដីក្រហម ឃុំក្រាំងដីវ៉ាយ ស្រុកភ្នំស្រួច។

តាមប្រភពមន្ត្រីកងរាជអាវុធហត្ថស្រុកភ្នំស្រួច បានឱ្យដឹងថា កាលពីវេលាម៉ោង៥និង៩នាទីល្ងាចថ្ងៃទី២៥ ខែ កុម្ភៈ ឆ្នាំ២០២៦ មានជនរងគ្រោះឈ្មោះង៉ោ ម៉េង បានទូរស័ព្ទរាយការណ៍មកថា មានករណីដុតចម្ការស្វាយ និងគំរាមសម្លាប់រូបគាត់ជាម្ចាស់ចម្ការ ស្ថិតនៅក្នុងភូមិដីក្រហម ឃុំក្រាំងដីវ៉ាយ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។

ប្រភពដដែល បន្តថា ក្រោយទទួលបានសេចក្តីរាយការណ៍ខាងលើ នៅវេលាម៉ោង ១១និង២០នាទីព្រឹក ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៦ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកភ្នំស្រួច បានចុះទៅដល់ទីតាំងកើតហេតុ ធ្វើការស្រាវ ជ្រាវ ឈានដល់ការឃាត់ខ្លួនជនសង្ស័យ ឈ្មោះប៉េន បឿន យកមកធ្វើការសាកសួរ។

ជនសង្ស័យខាងលើ ត្រូវបានបញ្ជូនទៅកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ដើម្បីកសាងសំណុំ រឿង ចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES