Saturday, February 28, 2026
Homeព័ត៌មានសិល្បៈក្រសួងវប្បធម៌ ណែនាំពាក់ព័ន្ធសម្លៀកបំពាក់ប្រពៃណីខ្មែរ

ក្រសួងវប្បធម៌ ណែនាំពាក់ព័ន្ធសម្លៀកបំពាក់ប្រពៃណីខ្មែរ

ភ្នំពេញៈ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៦ បានចេញសេចក្តីណែនាំពាក់ព័ន្ធនឹងសម្លៀកបំពាក់ប្រពៃណីខ្មែរ ដោយអំពាវនាវដល់សាធារណជន ជាពិសេសអ្នកច្នៃម៉ូដសម្លៀកបំពាក់ សូមព្យា យាមសិក្សាស្រាវជ្រាវឈ្វេងយល់ឱ្យច្បាស់អំពីប្រវត្តិសម្លៀកបំពាក់ប្រពៃណី ទាំងទម្រង់និងបរិបទដើមនៃការប្រើប្រាស់ មុននឹងប្រើប្រាស់ជាសាធារណៈ។

យោងតាមសេចក្តីណែនាំរបស់ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ពាក់ព័ន្ធនឹងសម្លៀកបំពាក់ប្រពៃណីខ្មែរ បានបញ្ជាក់ថា សម្លៀកបំពាក់ប្រពៃណីខ្មែរ ជាមរតកវប្បធម៌ដ៏មានតម្លៃ បង្ហាញពីអត្តសញ្ញាណ ប្រវត្តិសាស្ត្រ និងទំនៀមទម្លាប់ ប្រពៃណីរបស់ជនជាតិខ្មែរ តាំងពីសម័យ បុរាណមក។ បច្ចុប្បន្ន ប្រជាជនយើងគ្រប់មជ្ឈដ្ឋាន និយមប្រើប្រាស់សម្លៀកបំពាក់ប្រពៃណីទាំងនេះ ក្នុងឱកាសជាច្រើន ដូចជា ពិធីបុណ្យជាតិ ពិធីផ្លូវការតូចធំ ពិធីមង្គលការ និងពិធីផ្សេងៗ ព្រមទាំងការតុបតែងដើម្បីថតរូបទុកជាអនុស្សាវរីយ៍ ជាដើម ដែលសកម្មភាពទាំងនេះ បង្ហាញឱ្យឃើញពីទឹកចិត្តស្រឡាញ់ មោទនភាព និងការលើកតម្លៃចំពោះអត្តសញ្ញាណដ៏ថ្លៃថ្លារបស់ជាតិ។

ជាមួយគ្នានេះ ក្នុងរយៈពេលកន្លងមក ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ក៏សង្កេតឃើញមានការផ្សព្វផ្សាយសម្លៀកបំពាក់ ដោយប្រើអាវផាយ ស្បៃ សំពត់ហូល ឬផាមួង មកច្នៃប្រឌិតថ្មី ដើម្បីស្លៀកពាក់បង្ហាញនៅទីសាធារណៈ ក្នុងគោលបំណងចូលរួមលើកតម្កើងអត្តសញ្ញាណ វប្បធម៌ប្រពៃណី និងជំរុញឱ្យមានការអភិរក្សតាមការយល់ដឹងរៀងៗខ្លួន ដែលសុទ្ធតែជាសកម្មភាពគួរជាទីគោរព និងលើកទឹកចិត្ត។

ដោយឡែកផ្នែកមួយនៃសម្លៀកបំពាក់ប្រពៃណី និងយោងតាមទំនៀមក្នុងវប្បធម៌ខ្មែរ “អាវផាយ” ឬរាជសព្ទ ហៅថា “ព្រះភូសាផាយ” គឺប្រើសម្រាប់ពាក់គ្របពីលើអាវកត្រង់របស់មនុស្សប្រុស នៅក្នុងពិធីប្រពៃណី ឬក្នុងពិធីផ្លូវការផ្សេងៗ តាមកម្រិតបុណ្យស័ក្តិ ឋានៈ កិត្តិយស។ ព្រះភូសាផាយ សម្រាប់ព្រះមហាក្សត្រ ត្បាញពីសូត្រ ប៉ាក់ផ្កា ប៉ាក់ឱន និងរចនាល្អពិចិត្រប្រណីត ពណ៌មាសភ្លឺផ្លេក សម្រាប់ព្រះអង្គទ្រង់គ្រឿងក្នុងព្រះរាជពិធីរាជាភិសេក ឡើងសោយរាជ្យ។

រីឯស្បៃ គឺជាផ្នែកសំខាន់នៃការស្លៀកពាក់តុបតែងកាយស្ត្រីខ្មែរ ប្រើសម្រាប់ពានាក្នុងឈុតសម្លៀកបំពាក់ប្រពៃណី និងសម្លៀកបំពាក់អាពាហ៍ពិពាហ៍ ក្នុងកិច្ច “ព្រះថោង តោងស្បៃ” ដោយការគ្រងស្បៃ គឺជាផ្នែកមួយនៃតម្លៃរបស់ស្ត្រីខ្មែរ ក្នុងអាពាហ៍ពិពាហ៍ ឬពិធីសំខាន់នានាក្នុងជីវិត ដែលផ្សារភ្ជាប់ទៅនឹងប្រវត្តិសាស្ត្រនៃការកកើតទឹកដី និងអរិយធម៌ខ្មែរ ដំបូងបង្អស់។ ស្បៃដែលប្រើក្នុងពិធីមង្គលការ ជាស្បៃដែលមានការរចនាប៉ាក់ឌិនយ៉ាងផ្ចិតផ្ចង់បំផុត សម្រាប់កូនក្រមុំ ប្រើជាមួយសំពត់ក្បិន ផាមួង ល្បើក ឬសារបាប់។ ស្បៃប៉ាក់ឌិន ក៏អាចប្រើក្នុងរបាំបុរាណដែរ។ ក្រៅពីនេះ ក៏មានស្បៃម៉្យាងទៀត ជាសាច់ក្រណាត់ធម្មតា ហើយគេនិយមប្រើបានតែជាមួយសំពត់និងក្បិន តាមបែបប្រពៃណីតែប៉ុណ្ណោះ។

តាមការសិក្សាស្រាវជ្រាវ ព្រះមហាក្សត្រខ្មែរ បានព្រះរាជានុញ្ញាតឱ្យប្រជានុរាស្ត្ររបស់ព្រះអង្គ ជាពិសេសអ្នកពុំមានលទ្ធភាព អាចខ្ចីសម្លៀកបំពាក់ប្រពៃណីបែបនេះ ពីព្រះបរមរាជវាំង ដើម្បីស្លៀកពាក់ យ៉ាងហោចណាស់ ម្តង ក្នុងមួយជីវិតខ្លួន នាថ្ងៃអាពាហ៍ពិពាហ៍ ជាមង្គលសិរី។

សេចក្តីពន្យល់សង្ខេបខាងលើ គឺក្នុងគោលបំណងជម្រាបជូនសាធារណជនគ្រប់មជ្ឈដ្ឋាន ពីចរិតលក្ខណៈដើមនៃសម្លៀកបំពាក់ប្រពៃណីមួយចំនួន ដើម្បីជំរុញការចូលរួមអភិរក្ស ក៏ដូចជាតម្រង់ទិសការច្នៃប្រឌិតឱ្យផ្អែកលើមូលដ្ឋានទំនៀមនៃវប្បធម៌ខ្មែរ ជាគោល ព្រមទាំងពញ្ញាក់អារម្មណ៍អ្នកប្រើប្រាស់ ឱ្យផ្តោតការយកចិត្តទុកដាក់ខ្ពស់ ចៀសវាងការប្រើប្រាស់ខុសឆ្គង ឬត្រាប់តាមការកែច្នៃមួយចំនួនដែលកំពុងបង្កផលប៉ះពាល់ដល់អត្ត សញ្ញាណសម្លៀកបំពាក់ប្រពៃណីខ្មែរយើង។

ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ សូមអំពាវនាវដល់សាធារណជន ជាពិសេសអ្នកច្នៃម៉ូដសម្លៀកបំពាក់ សូមព្យាយាមសិក្សាស្រាវជ្រាវ ឈ្វេងយល់ឱ្យច្បាស់ អំពីប្រវត្តិសម្លៀកបំពាក់ប្រពៃណី ទាំងទម្រង់និងបរិបទដើម នៃការប្រើប្រាស់ មុននឹងប្រើប្រាស់ជាសាធារណៈ ព្រោះហេតុថា ការស្រឡាញ់ពេញចិត្តណាមួយ ឬការប្រើប្រាស់អ្វីមួយ ដោយពុំមានការស្វែងយល់ ពីតម្លៃនិងឫសគល់ដើម ឱ្យច្បាស់លាស់នោះ អាចនាំមកនូវលទ្ធផលអវិជ្ជ មាន ធ្វើឱ្យខូចខាតឬបាត់បង់តម្លៃនៃបេតិកភណ្ឌជាតិខ្លួនទៅវិញ។

សូមទំនាក់ទំនងមកអគ្គនាយកដ្ឋានបច្ចេកទេសវប្បធម៌ របស់ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ (លេខទូរស័ព្ទ/តេឡេក្រាម ០១២ ៨៨១ ៤៤៧ និងអ៊ីមែល chankethya@gmail.com) សម្រាប់ព័ត៌មានបន្ថែម ឬការផ្តល់យោបល់បច្ចេកទេស ទៅតាមតម្រូវការនានា ក្នុងទិសដៅរួមគ្នាពង្រឹងនិងថែរក្សាតម្លៃនៃទំនៀមទម្លាប់ប្រពៃណីខ្មែរ ដ៏ផូរផង់របស់យើង…៕

RELATED ARTICLES